ធ្លាប់តែឃើញក្នុងពិធីផ្សេងៗ តើដឹងទេថាពិធីក្រុងពាលីធ្វើឡើងដើម្បីអ្វី?

//s9.kh1.co/74/7470259f7989b1dd9be592ee0fe4d4aa410cf1c6.jpg
យល់ដឹង

 ២៥-មិថុនា-២០២៣ ១១ព្រឹក · ១០ ខែមុន

ធ្លាប់​តែ​រៀប​ចំ​ ធ្វើ​នៅពេល​ដែល​មានកម្ម​វិធី ឡើ​ផ្ទះ មង្គលការ​មិន​ដែល​ខាន តែ​ធ្លាប់​ដឹង​ទេថា​ពិធី​សែនក្រុងពាលី​ គេ​ធ្វើ​ឡើង​ក្នុង​គោលបំណង​អ្វី?

យល់​ដឹង៖ ជា​ដំណាល​​តតាំង​ពី ​បុរា​ណរហូត​មក ​យើង​​តែង​សង្កេត​ឃើញ គេ​រៀប​ចំ​ពិធី​សែន​ក្រុងពាលី នៅតាម​ពិធីបុណ្យ​ ប្រពៃណីផ្សេងៗ ដូចជា ក្នុង​ពិធីបុណ្យបច្ច័យ​បួន  ពីធី​រៀប​មង្គល​ការ​ ពិធី​បុណ្យ ​ឡើង​ផ្ទះ​ជា​ដើម​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពីធីសែនក្រុងពាលី
ពីធីសែនក្រុងពាលី

តើ​ធ្លាប់​ឆ្ងល់​ទេ​ថា ​តើ​ពិធី​បុណ្យ​ក្រុង​ពាលី​ គេ​ធ្វើ​ឡើង​ដើម្បី​អ្វី​? ពិធីនេះ​ គេ​ធ្វើ​ឡើង​ ដើម្បី​សុំ ​ម្ចាស់​ទឹក​ម្ចាស់​ដី​ ប្រារព្ធកម្ម​វិធី​ របស់​គេ​ឲ្យ​ប្រព្រឹត្ត ទៅ​ដោយ​សុខសប្បាយ មិន​មាន​ឧបសគ្គ អន្តរាយណាមួយ មក​រារាំង​ ឬម​ករំខាន​ជាដើម។ ពិធីនេះទៀត​សោត មាន​លំនាំ​ជា​ ព្រហ្មញ្ញសាសនា ច្រើន​ជាង ព្រះពុទ្ធសាសនា បើ​ទោះ​​ណា​ជាមាន ​អ្នក​ខ្លះ​ ព្យាយាម​ពន្យល់​ បែប​ព្រះពុទ្ធសាសនា ​ក៏ដោយ។ នេះ​ក៏ព្រោះ​តែ ​បើ​តាម​ជំនឿ ​ក្នុង​ព្រះពុទ្ធសាសនា សុខ ទុក្ខ​ ឬថ្ងៃមង្គល​ និង​អពមង្គល ​មិនមែន​សំខាន់​ ទៅលើ​ពេលវេលា ឬ​ម្ចាស់​ទឹក​ ម្ចាស់​ដី ទេវតាឥន្ទព្រហ្មណា​ ជា​អ្នក​ផ្តល់​ឲ្យ​នោះទេ តែ​គឺ​បាន​មកពី ​ការ​ប្រព្រឹត្តប្រត្តិបត្តិ ​ដោយ​ខ្លួន​ឯង ហើយ​នេះក៏​ជា កត្តាសំខាន់​កំណត់​ សុខទុក្ខ​ មង្គល ឬអពមង្គល ដែល​យើងតែង​តែ ​បាន​ឬជា​ទូទៅ​ថា​ជា​ កម្មផល​នេះ​ផងដែរ​។

ពីធីសែនក្រុងពាលី
ពីធីសែនក្រុងពាលី

ពិធី​សែន​ក្រុង​ពាលី​នេះ មាន​ទាក់​ទង​ទៅ​នឹង ​រឿង​រាវ​ខ្លះៗ ដែល​មា​ន​ក្នុង ​ព្រាហ្ម​សាសនា​ផង​ និង​ពុទ្ធសាសនា​ផង។ ក្នុង​ព្រាហ្ម​សាសនា​ មាន​រឿង​តំណាល​ថា មាន​យក្ស​មួយ​ ឈ្មោះពាលី គ្រប់​គ្រង​លើ​ទឹក​ដី​ ទាំង​មូល ហើយ​តែង​តែ ​ធ្វើ​បាប​យាយី ​ដល់​មនុស្ស​លោក។ ឃើញ​សភាព​បែបនេះ ព្រះវិស្ណុបាន​ក្រឡា​ខ្លួន​ជា ​មនុស្ស​តឿ​ឈ្មោះ វាមរៈ មក​ស្នើ​សុំ​ដី​ពាលី ​បី​ជំហ៊ាន​សំ​រាប់​ជា​ជំ​រក ​ដល់​មនុស្ស​លោក។ យក្ស​ពាលី​យល់​ព្រម​តាម​ សំ​ណើរ​មនុស្ស​តឿ។ ព្រះវិស្ណុក្រលា​ខ្លូន ​យ៉ាង​ធំ​ឈាន​មួយ ​ជំហ៊ាន​បាន​ផែនដី មួយ​ជំ​ហ៊ាន​បាន​ឋានសួគ៌ និង​មួយ​ជំ​ហ៊ាន​ទៀត ​បាន​ដល់​ស្ថាន​បាតាល។ ចាប់​ពី​ពេល​នោះ​មក ​មនុស្ស​លោក​ក៏បាន​សុខ ​រហូតតរៀងមក។

ពីធីសែនក្រុងពាលី
ពីធីសែនក្រុងពាលី

ក្នុង​រឿង​ពុទ្ធ​សាសនា​ ក៏មាន​ដំ​ណាល​ថា ពេល​ដែល​ព្រះ​សមណគោត្តម ​អន្ទោល​យក​កំ​ណើត​ជា ​ស្តេច​ស្វា​ខ្មៅ​មួយ ​ឯក្រុង​ពាលី​ជា ​ស្តេច​ស្វាស នៅ​មាត់​ច្រក​សមុទ្រ (បាង​សមុទ្រ) ម្ខាង​ម្នាក់។ ក្រុម​ស្វា​ទាំង​ពីរ ​មិន​ត្រូវ​គ្នា​ទេ តែង​ប្រ​ខាំ​គ្នា​យក​ស្លាប់​រស់។ ឃើញសភាព ​បែបនេះ ព្រះ​ពោធិ​សត្វ​ជា ​ស្តេច​របស់ក្រុម​ស្វា​ខ្មៅ ក៏​អធិដ្ឋាន ​បារមី​សុំ​អោយ​ហោះរួច ហើយ​ហោះ​ទៅ​ចុះ​ចំ កណ្តាល​ហ្វូង​ស្វាស។ ដំណឹង​នេះ​លឺ​ដល់ ​ស្តេច​ស្វាស ហើយក៏កើត​ជា​ចិត្ត​ ​ខឹង​ក្រេវ​ក្រោធជា​ខ្លាំង​ថា កន្លែង​នេះ​មាន​តែ​អញ​ជាធំ ហើយ​ក៏​ជួប​និង​ ស្វា​ពោធីសត្វ។ ស្វា​ពោធិសត្វ​បាន​និយាយ ​អួត​សរសើរ​ថា ​ស្តេច​ស្វា​សមាន​​ចិត្ត​សប្បុរស ​មិន​បង្កជំ​លោះ​ មិន​ចង​ពៀរ ហើយ​បាន​សុំ​ចង​មិត្ត ​មេត្រី​និងគ្នា ​ចាប់​ពី​ពេល​នោះ​មក ​ស្វា​ទាំង​ពីរ​ក្រុម​បាន ​សុខ​សប្បាយ​និង​គ្នា លែង​រំលោភ​ព្រៃ​រក​ស៊ី ​ដូច​មុន​ទៀត​ហើយ។ ស្តេ​ច​ស្វា​ខ្មៅ និង​ស្តេច​ស្វាស ស្រលាញ់គ្នាណាស់។ ស្តេច​ស្វាស ​គោរព​ស្វា​ពោធិសត្វ​ជា​គ្រូ ហើយ​បាន​បួង​សួង ​កើត​ជាតិណា ​កុំ​អោយ​ផុត​ពី​ ការ​ទំនុកបំ​រុង​គ្នា​ទៅ​វិញ​ទៅ​មក។

លុះ​កន្លង​ជាតិមក ស្តេច​ស្វាខ្មៅ បាន​ត្រាស​ដឹង​ជា ​ព្រះសាម្មា​សាម្ពុទ្ធ ជា​ស្តេច​ស្វា​ស​កើត​ជា ​ស្តេច​ក្រុង​ពាលីសោយ​រាជ្យ ​នៅ​កណ្តាល​ចក្រវាឡ មាន​រូប​រាង​ជា ​មនុស្ស​ពាក់​កណ្តាល ជា​សត្វ​ពាក់​កណ្តាល គឺ​មាន​មុខ​មាត់ ​សំ​លៀក​បំ​ពាក់​ជា​មនុស្ស​ មាន​ម្រាម​ដៃ ម្រាម​ជើង និង​កន្ទុយ​ជាស្វាស ហើយ​អួត​អាង​អំ​ណាច ប្ញទ្ធា​នុ​ភាព ​​វាត​ទី​យក​ទឹក​ដី ទ្វី​ទាំង​បួន ​កាន់​កាប់​ទៀត។ ក្រុង​ពាលី​មាន ​កូន៧​នាក់​ប្រុស​៦នាក់​ ស្រី​ម្នាក់ជា​កូន​ពៅ ព្រះ​អង្គ ​បាន​ចែក​ទឹក​ដី អោយ​កូន​ទាំង​៧ ​នាក់គ្រប់​គ្រង។ ឯនាង​នាថ​វត្តី ជាកូន​ស្រី​ត្រូវ​បាន​គ្រប់​គ្រង ​ជម្ពូទ្វីប ដែល​ចែក​ជា​១៦នគរ ហើយ​បាន​រៀប​ចំ ​អភិសេកជា​មួយ​ស្តេច​នាគរាជ ​ឈ្មោះជម្ពូបាបកាស។

ពីធីសែនក្រុងពាលី
ពីធីសែនក្រុងពាលី

ព្រះ​សាម្មា​សាម្ពុទ្ធ បាន​យាង​ទៅ​ប្រោស​សត្វ នៅ​នគរ​ទាំង​១៦​ ជា​ហេតុ​ធ្វើ​អោយ​ជម្ពូបាបកាស ខឹង​ក្រេវ​ក្រោធ ខ្លាំង​ដោយ​យល់​ថា ទឹក​ដី​ជម្ពូ​ទ្វីបនេះ ជា​កេរ្តិ៍​ឪពុក​ក្មេក​ហេតុ​អ្វី​ក៏ ​ព្រះ​សមណគោត្តម​ មក​បណ្តុះ​បណ្តាល ​ប្រ​ជា​ជន​យក​ទឹក​ដី​របស់​អញ។ ជម្ពូ​បាប​កាស ​យក​ទ័ព​ទៅ​ច្បាំង តែ​នាង​ នាថវត្តី ឃាត់​ចាំ​ទៅ​ទូល​ ព្រះ​បិតាសិន។ ពេល​ដឹង​ដំ​ណឹង ​ក្រុង​ពាលី​ខឹង​ក្រេវ​ក្រោធ មាន​តែ​អញជា ​អ្នក​ត្រួត​ត្រា​លើ ​កណ្តាប់​ដៃ​ចក្រ​វាឡនេះ ម៉េច​ក៏មាន​សមណគោត្តម ​មក​ពីណា ដើរ​បណ្តុះ​បណ្តាល ​ប្រ​ជា​ជន ត្រូវ​ចាប់​ខ្លួន​យក​ទៅ​ធ្វើ​ ទោស​កុំ​អោយ ​អ្នក​ពួង​យក​តម្រាប់​តាម។

ពីធីសែនក្រុងពាលី
ពីធីសែនក្រុងពាលី

ព្រះ​សាម្មាសាម្ពុទ្ធ ​ដឹង​ញាណថា ក្រុង​ពាលី​ខឹង ក៏​បង្រួម​ផែន​ដី ​អោយ​ពាលី​មក​ដល់​ឆាប់ ព្រោះ​ស្តេច​ក្រុង​ពាលី បាន​សន្យា​ជួយ​សង្គ្រោះ​គ្នា ​តាំង​ពី​មាន​កំណើត ​ជា​ស្តេច​ស្វាស​មក​ម្លេះ។ ពេល​ក្រុង​ពាលី ​ជួប​ព្រះភ័ក្រ​ព្រះ​សាម្មា​សាម្ពុទ្ធ ក៏​ធ្លាក់​ទឹកចិត្ត រលាយ​រលត់ ​ទោសៈ​អស់​រលីង ព្រោះ​ព្រះ​អង្គ​បាន​និយាយ ព្រះ​អង្គ​ជា​កូន​មហា​ចក្រពត្រាធិរាជ្យ បើ​ថា​គាត់​លោភ​លន់ ​ចង់​បាន​ទឹក​ដីរាជ​សម្បត្តិ មិន​ចេញ​មក​បួស​ទេ ការ​មក​នេះ​គឺ ​គ្រាន់​តែ​ប្រោស​សត្វ ​អោយ​រួច​ផុត​ពី​ទុក្ខ ព្រះ​អង្គ​ក៏​សំដែង​ប្រាប់ ​ស្តេច​ក្រុង​ពាលី រឿង​អតីតជាតិ ក្រុង​ពាលីដឹង​ខ្លួន​ក៏​ គោរព​ព្រះ​ពុទ្ធ ហើយ​សុំ​បួស ​ជាមួយ​ព្រះពុទ្ធ។ ព្រះ​ពុទ្ធ​ប្រាប់​ថា ​មិន​អាច​បួស​បាន​ទេ ព្រោះ​ស្តេច​ក្រុង​ពាលី​ជា ​មនុស្ស​ពាក់​កណ្តាល ជា​សត្វ​ពាក់​កណ្តាល ព្រះ​អង្គ​អាច​ជួយ​បាន​តែ ​អោយ​សីល​៥ កម្ម​បទ​១០ ធ្វើ​ជា​ពូជ​ ទៅ​អនាគត​ប៉ុណ្ណោះ។ ស្តេច​ពាលី​ក៏បាន​ ទទួល​សីល៥ ផ្ទាល់​ពី​ព្រះ​អង្គ ហើយ​ក្រាប​ទូល​សុំ​ពរ​ អោយ​ឆាប់​រួច​ពី​ជាតិ​ដែល ​អាក្រក់​ថោក​ទាប​នេះ។ ព្រះ​អង្គ​សន្យា​និង ​ប្រ​កាសដល់ ​ពួក​បរិស័ទ​ទាំង​អស់ ​ឲ្យ​មាន​សទ្ធា​ជ្រះ​ថ្លា ថ្វាយ​មហាទាន ឧទ្ទិស​ចំណែក​កុសល ​ទៅ​ជួយ​រំ​ដោះ​ទុក្ខ ស្តេច​ក្រុង​ពាលី។

ពីធីសែនក្រុងពាលី
ពីធីសែនក្រុងពាលី

ក្រោយ​មក​ពុទ្ធបរិស័ទ​ កាល​ណា​ត្រូវ​ ធ្វើ​បុណ្យ​ទាន គេ​តែ​ង​តែ​ឧទ្ធិស ​ចំ​ណែក​ផល ជូន​ទៅ​ក្រុង​ពាលីគ្រប់​ៗគ្នា ជា​រៀង​ដរាប​មក តាម​បង្គាប់ ​ព្រះសាម្មាសាម្ពុទ្ធ​ដែល​ទ្រង់ ​បញ្ញតិទុក​អោយ​នោះ​ឯង ក្រោយ​ព្រះ​ពុទ្ធ​ទ្រង់ បរិនិព្វាន​ពិធីនេះ ធ្វើ​ច្រ​បូក​ច្រ​បល់ ហើយ​មាន ​រៀប​សែន​ក្រុង​ពាលី​រៀង​មក ក្នុង​ពិធី​ផ្សេង​ៗ​ ព្រោះ​យល់​ថា ស្តេច​ក្រុង​ពាលី​ជា ​អ្នក​ត្រួត​ត្រា​លើ​ទឹក​ដី​ទាំងមូល៕

ប្រភព៖ ក្បូនអាពាហ៍ពិពាហ៍ខ្មែរ, Tourist Guide 2003

រូបភាព៖ Internet

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T