ពេលយើង​​គេង ស្បែក​ច្បាប់​ផ្ដើម​ជួសជុលកោសិកា​​ និង​ធ្វើ​ឲ្យ​ស្បែក​មើល​ទៅ​នៅ​​ក្មេង​។ ដូចនេះ​ការ​​បង្កើត​ទម្លាប់​ថែ​ទាំ​ស្បែក​នៅ​ពេល​យប់​គឺ​ជា​រឿង​សំខាន់​បំផុត​។ ស្បែក​យើង​​រង​ការ​ប៉ះពាល់​នឹង​ស្រ្តេស​ធ្ងន់ធ្ងរ។​ ស្រ្តេស​ផ្លូវ​កាយ ដែល​យើង​​តែងតែ​ជួប​ប្រទះ​ជាប្រចាំ​ថ្ងៃ គឺ​បណ្ដាល​មក​ពី​ជាតិ​ពុល​ ធូលី​ដី​ ការ​ចំណាយ​ពេល​យូរ​លើ​អេក្រង់​ទូរសព្ទ ​កុំព្យូទ័រ ក៏​ដូចជា​ការ​ពាក់​ម៉ាស​ជា​ដើម​ ហើយ​​ប្រសិន​បើ​យើង​​ប្រឈម​នឹង​ស្រ្តេស​ផ្លូវ​ចិត្ត​ទៀត​នោះ ស្បែក​​ច្បាស់​ជា​មិន​ស្រស់​ថ្លា​ឡើយ។

យ៉ាង​ណា​មិញ​ ដើម្បី​ឲ្យ​ស្បែក​មាន​សុខភាព​ល្អ ការ​បង្កើត​ទម្លាប់​ថែ​ទាំ​ស្បែក​ពេល​យប់​ គឺ​ជា​រឿង​ចាំបាច់​ខ្លាំង​ណាស់ ក្នុង​ការ​ជួយ​ផ្ដល់​ជាតិ​ទឹក​ និង​បំពេញ​នូវ​អាហារូបត្ថម្ភ​ដល់​​ស្បែក ដោយ​ធ្វើការ​ជួស​ជុល និង​ធ្វើ​ឲ្យ​ស្បែក​ត្រលប់​មក​រក​ភាព​វ័យ​ក្មេង​ម្ដង​ទៀត។

ប្រសិន​បើ​យើង​​ចង់​បាន​ស្បែក​ដ៏​ល្អ​ឥត​ខ្ចោះ​ បន្ទាប់​ពី​ភ្ញាក់​ពី​គេង​​​ យើង​​មិន​គួរ​មើល​រំលង​ចំណុច​ទាំង​៥​នេះ​ឡើយ​។

១. លាង​សម្អាត​មុខ​ឲ្យ​បាន​ត្រឹម​ត្រូវ

​​​​​​​​​​ជំហាន​ដំបូង​ និង​សំខាន់​បំផុត​ គឺ​លាង​សម្អាត និង​ជម្រះ​ធូលី​ដី ជាតិ​ពុល ភាព​កខ្វក់ និង​គ្រឿង​តុប​តែ​មុខ​ចេញ​ពី​ផ្ទៃ​មុខ​ឲ្យ​បាន​ល្អ​ ដោយ​ប្រើ​ទឹក​Micellar សំឡី​ជូត​សម្អាត​គ្រឿង Makeup ឬ​គ្រឿងផ្សំ​នៅ​ក្នុង​ផ្ទះ​បាយ​ ដូច​ជា ប្រេង​ដូង ឬ​ក្រែម​ទឹក​ដោះ​គោ​ជា​ដើម​។

យើង​​ក៏​អាច​ប្រើ​ហ្វូម​លាង​មុខ​ដែល​មាន​​ជាតិ​ទឹក មាន​លក់​​នៅ​លើ​ទី​ផ្សារ​ស្រាប់ ដើម្បី​លាង​សម្អាត​ទ្វេ​ដង​ ព្រោះ​ថា​វា​អាច​ជួយ​សម្អាត​ជាតិ​ខ្លាញ់​ និង​ធូលី​ដី​បាន​ល្អ​ ហើយ​មិន​​ធ្វើ​ឲ្យ​បាត់​បង់​​ជាតិ​សំណើម​ធម្ម​ជាតិ​ពី​ស្បែក​ឡើយ។​

២. ជម្រុះ​កោសិកា​ចាស់

ដើម្បី​ទទួល​បាន​ស្បែក​ភ្លឺ​ថ្លា​ក្នុង​រយៈពេល​ត្រឹម​តែ​មួយ​យប់ តិចនិក​ដ៏​សាមញ្ញ​បំផុត​ គឺ​​ជា​ការ​ជម្រុះ​កោសិកា​ចាស់ៗ​ដែល​ងាប់​ចេញ​ពី​ស្បែក​​។​ យើង​​អាច​ប្រើ​ក្រែម​ជម្រុះ​កោសិកា​ចាស់​ៗ​ ដោយ​ធ្វើការ​ត្រ​ដុស​ស្រាល​ៗ​ និង​ម៉ាស្សា​ថ្នមៗ​នៅ​លើ​ផ្ទៃ​មុខ​ រួច​លាង​ជម្រះ​ចេញ​។​ នៅ​ពេល​ភ្ញាក់​ពី​គេង​ យើង​​នឹង​មើល​ឃើញ​ពី​ភា​ព​ខុសប្លែក​ជាក់​ជា​មិន​ខាន។

៣. ផ្ដល់​សំណើម​ដើម្បី​បំពេញ​ជាតិ​ទឹក

​បន្ទាប់​ពី​លាង​សម្អាត​ផ្ទៃ​មុខ​រួច​ ជួន​កាល​ ​ផ្ទៃ​មុខ​​យើង​អាច​ក្លាយ​ទៅ​ជា​ស្ងួត។​ ដើម្បី​ចៀស​វាង​​កុំ​ឲ្យ​មុខ​កាន់​តែ​ស្ងួត​ថែម​ទៀត​ ដោយ​​កត្តា​អាកាស​ធាតុ ឬ​គ្រឿង ​Makeup ​ចាំ​បាច់យើង​​ត្រូវ​លាប​ក្រែម​ផ្តល់​សំណើម​នៅ​ក្នុង​បរិមាណ​តិច​ល្មម។​ ធ្វើ​ដូចនេះ​ ស្បែក​មុខ​​យើង​នឹង​​ភ្លឺ​ស្រស់​ថ្លា ព្រម​ទាំង​​​មាន​ជាតិ​ទឹក​គ្រប់​គ្រាន់​នៅ​ពេល​ព្រឹក​ព្រលឹម​។

៤. ប្រើ​ក្រែម​ជួស​ជុល​​ស្បែក​ពេល​យប់​ និង​ក្រែម​លាប​មុខ​មុន​ចូល​គេង

យើង​​គួរ​ជ្រើស​រើស​ក្រែម​ជួស​ជុល​ស្បែក​ពេល​យប់​ ដែល​មាន​ធាតុ​ផ្សំ​សកម្ម​ ដូច​ជា​Peptides​ វីតាមីន ឬ​Retinol ​ ប្រសិនបើ​យើង​​មាន​អាយុ​លើស​ពី​៣៥​ឆ្នាំ ដើម្បី​បញ្ចូល​នូវ​ជាតិ​ខូ​ឡាជែន​ទៅ​ក្នុង​ស្បែក​។​ យើង​អាច​​ប្រើ​ក្រែម​ផ្តល់​សំណើម​ រួម​ជាមួយ​នឹង​ក្រែម​លាប​មុខ​មុន​គេង​ ដើម្បី​ទទួល​បាន​ស្បែក​មុខ​ដ៏​ល្អ​ផូរផង់​នៅ​ពេល​ព្រឹក​ព្រលឹម។ សាកល្បង​ប្រើ​ក្រែម​ផ្តល់​សំណើម​ដែល​ផ្ទុក​វីតាមីន​E ព្រោះ​វា​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ជួសជុល​ស្បែក​​នៅ​ពេល​យើង​​គេង​លក់។​

​​​​​​​​​​​​​៥. ផ្តល់​សំណើម​ដល់​បបូរ​មាត់

​ក្រែម​ព្យាបាល​បបូរ​មាត់​ ឬ​ក៏​ក្រែម​លាប​មាត់​មុន​គេង គឺ​ជា​ជម្រើស​ដ៏​ល្អ​ក្នុង​ការ​ធ្វើ​ឲ្យ​បបូរ​មាត់​ពេញ​ស្អាត​ និង​មាន​ជាតិ​ទឹក។ យើង​ក៏​អាច​ធ្វើ​ក្រែម​ព្យាបាល​បបូរ​មាត់​នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង​ ដោយ​គ្រាន់​តែ​យក​ផ្លែ​ស្ត្រប៊ឺរី​មក​​​កិន​ឲ្យ​ម៉ត់​ រួច​បន្ថែម​ទឹក​ឃ្មុំ ឬ​ប្រេង​អូលីវ​ ដោយ​ច្របល់​បញ្ចូល​គ្នា​ឲ្យ​សព្វ​ល្អ​ជា​ការ​ស្រេច។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សម្រស់ & សុខភាព និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]