ស៊ុត​ជា​អា​ហារ​មួយ​ប្រភេទ​ដែល​មាន​សារធាតុ​ចិញ្ចឹម​ច្រើន រួម​មាន​ទាំង​កូលេស្តេរ៉ូល​ផង​ដែរ ដែល​កូលេស្តេរ៉ូល​ មាន​ទំនាក់​ទំនង​នឹង​ជំងឺ​បេះ​ដូង។ ​​អ៊ីចឹង​ បើ​យើង​ញ៉ាំ​ស៊ុត​ច្រើន​អាច​ប្រ​ឈម​នឹង​ជំងឺ​បេះដូង ឬ​ជំងឺ​គ្រោះថ្នាក់សរសៃឈាម​ខួរ​ក្បាល​ដែរ​ឬទេ?

ចម្លើយ​ខ្លី​ គឺ​ថាការ​ញ៉ាំ​ស៊ុត​​មិន​មាន​​បញ្ហា​ដល់​សុខ​ភាព​បេះ​ដូង​នោះ​ទេ។ ការសិក្សា​មួយ​ធ្វើ​ឡើង​ក្នុង​រយៈពេល​៣០​ឆ្នាំ បាន​រក​ឃើញ​ថា​ញ៉ាំ​ស៊ុត​មួយ​គ្រាប់​ក្នុង​មួយ​ថ្ងៃ​មិន​បង្ក​ជា​ហានីភ័យ​​ដល់​ជំងឺ​បេះ​ដូង ឬ​ជំងឺ​គ្រោះថ្នាក់សរសៃឈាម​ខួរ​ក្បាល​នោះ​ទេ​។​

ការសិក្សា​នេះ​បាន​ប្រើ​ប្រាស់​ព័ត៌មាន​ទាក់ទង​នឹង​របប​អាហារ​របស់​មនុស្ស​ជាង​២១​ម៉ឺន​នាក់​នៅ​សហរដ្ឋ​អាមេរិក គិត​តាំង​ពី​ឆ្នាំ​១៩៨០​មក។ ការ​សិក្សា​មិន​បាន​រក​ឃើញ​ថា​អ្នក​ញ៉ាំ​ស៊ុត​មាន​ផល​មិន​ល្អ​ចំពោះ​សុខ​ភាព ដូច​ជា​ជំងឺ​គាំង​បេះដូង ឬ​ជំងឺ​គ្រោះថ្នាក់សរសៃឈាម​ខួរ​ក្បាល​ច្រើនជាង​អ្នក​មិន​ញ៉ាំ​ស៊ុត​នោះ​ទេ។

ការ​សិក្សា​នេះ រួម​បញ្ចូល​ទាំង​របប​អាហារ​ត្រឹម​ត្រូវ​ និង​របៀប​របប​រស់​នៅ​​ផង​ដែរ​​។ យ៉ាង​ណា​ ការ​សិក្សា​នេះ​បាន​ណែនាំ​ឲ្យ​ចម្អិន​ស៊ុត​ដោយ​មិន​បន្ថែម​អំបិល ឬ​​ខ្លាញ់ និង​ចៀសវាង​ចៀន ដោយ​ថា​ការ​ចៀន​ស៊ុត​ដោយ​ប្រើ​ប្រេង​អាច​នឹង​បង្កើន​បរិមាណ​ជាតិ​ខ្លាញ់​បន្ថែម​ប្រហែល​៥០​ភាគ​រយ​។​​​​​

យ៉ាងណា បើ​តាម​ការ​សិក្សា​របស់​សាកល​វិទ្យាល័យ Harvard អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម ឬ​មាន​ជំងឺ​បេះដូង​ស្រាប់ មិន​គួរ​ញ៉ាំ​ស៊ុត​លើស​ពី​បី​គ្រាប់​ក្នុង​មួយ​អាទិត្យ​នោះ​ទេ​។

គួរ​បញ្ជាក់​ថា​ស៊ុត​មាន​ផ្ទុក​សារ​ធាតុ​ចិញ្ចឹម​ល្អ​ចំពោះ​សុខ​ភាព​ជាច្រើន ស៊ុត​មាន​ប្រ​យោជន៍​ចំពោះ​ភ្នែក ខួរ​ក្បាល និង​ប្រ​ព័ន្ធ​ប្រ​សាទ រួម​ទាំង​មាន​វីតាមីន A វីតាមីនB និង​វីតាមីន​D។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សម្រស់ & សុខភាព និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]