ទង្វើខុសឆ្គង១០យ៉ាង ដែលនារីភាគច្រើនបង្កឡើង ពេលទើបតែមានស្នេហាថ្មីៗ

//s9.kh1.co/c0/c0da93252e0e28df35b43c1263ff9de9f0b80e14.jpg
យល់ដឹង

 ១៧-វិច្ឆិកា-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

មនុស្សស្រីពេលទើបមានស្នេហាដំបួងអាចនឹងសាងកំហុស១០យ៉ាងដែលអាចធ្វើឱ្យស្នេហាងាយបែកបាក់

ទម្រាំតែអាចស្គាល់គ្នា ស្រលាញ់គ្នា និងបង្កើតទំនាក់ទំនងស្នេហាជាមួយគ្នាជាផ្លូវការអ្នកទាំងពីរប្រហែលជាឆ្លងកាត់រឿងជាច្រើន រួមទាំងការមើលចិត្តគ្នាខ្លះៗ។ តែការសម្រេចចិត្តស្រលាញ់គ្នាថ្មីៗ វាគ្រាន់តែជាជំហានបន្ទាប់មួយ ដែលអ្នកត្រូវប្រើវេលាមើលចិត្តគ្នាទៅវិញជាបន្តបន្ទាប់ថាតើអ្នកអាចមានភាពស្និទ្ធស្នាលជាងមុនឬអត់​​  ចរិតចុះសម្រុងគ្នាឬអត់ ឬស្នេហានេះអាចនឹងឈានទៅជំហានបន្ទាប់ស្វែងរកអនាគតជាមួយគ្នាក៏អត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែយ៉ាងណាមិញនៅក្នុងពេលមានស្នេហាថ្មីៗមនុស្សស្រីភាគច្រើន បានសាងកំហុសឆ្គងមួយចំនួនដែលធ្វើឱ្យស្នេហាទើបតែបង្កើតឡើងបែរជាមានបញ្ហា ឬបង្កើតការមិនពេញចិត្តទៅវិញ ដែលទាំងនេះហើយជាមូលហេតុដែលធ្វើឱ្យគូស្នេហ៍ជាច្រើនគូទើបតែស្រលាញ់គ្នាថ្មីៗសោះ ស្រាប់តែ ឆាប់បែកបាក់ទៅវិញ។

ដូច្នេះមកដឹងពីកំហុសឆ្គង១០យ៉ាង ដែលមនុស្សស្រីច្រើនសាងឡើងពេលទើបមានទំនាក់ទំនងស្នេហាដំបូងថ្មីៗ ៖

១. បើកចិត្តខ្លាំងពេក

ទោះបីជាអ្នកស្រលាញ់គ្នាហើយហើយក៏ដោយ ក្នុងជំហានដំបូងដែលទើបតែស្រលាញ់គ្នាថ្មីៗ អ្នកមិនគួរបើកចិត្ត និងប្រាប់រឿងរ៉ាវរបស់អ្នកទាំងអស់ប្រាប់គាត់ទាំងអស់ឡើយ គួរតែលាក់ៗខ្លះទៅ។ នៅពេលដែលអ្នកមានរឿងរ៉ាវចាប់អារម្មណ៍ជាច្រើនទៀតដែលគាត់មិនទាន់បានដឹង គាត់នឹងឆ្ងល់ ហើយមានការចាប់អារម្មណ៍ចំពោះអ្នកកាន់តែខ្លាំងឡើង។

២. លេងចរិតខ្លាំងពេក

ចំណុចនេះមិនមែនបានន័យថាឱ្យអ្នកឱ្យដៃបុរស ឬជាមនុស្សចិត្តងាយទេ តែអ្នកក៏មិនគួររឹងរូស ឬលេងចរិតរឹកពាពេកដែរ។ រឿងងាយពេកបុរសមិនចូលចិត្ត តែបុរសក៏មិនពេញចិត្តនឹងមនុស្សស្រីលេងចរិតហួសហេតុ មិនងាយសម្របតាម និងធ្វើជាមិនចាប់អារម្មណ៍នឹងគាត់ពេកដែរ។ អ្នកអាចសម្របតាមស្ថានការណ៍ និងចេះបត់បែនតាមកាលៈទេសៈខ្លះ មិនងាយពេកមិនពិបាកពេក។

៣. ចេះតែផ្ញើសារញឹកញាប់

នៅពេលមានស្នេហាថ្មីៗមនុស្សស្រីខ្លះពិតជារំភើបញាប់ញ័រ និងសប្បាយចិត្តខ្លាំងនៅពេលមានគូនឹងគេ ហើយការផ្ញើសារទៅលេងជាជំនាញរបស់មនុស្សស្រីតែម្តង។ តែនៅក្នុងដំណាក់កាលទើបតែចាប់ផ្តើមរាប់អានគ្នា មិនគួរផ្ញើសារទៅញឹកពេកទេ វាអាចក្លាយជារឿងរំខាន​ ឬគេគិតថាអ្នកទំនេរគ្មានការងារធ្វើក៏ថាបាន​​។ ដូច្នេះអ្នកគួរតែរកនឹកប្រធានបទណាមួយល្អៗ មានប្រយោជន៍ទុកផ្ញើសារទៅគាត់ប្រសើរជាងចេះតែផ្ញើសារឱ្យតែបានបាន។

ចេះតែផ្ញើសារញឹកញាប់
ចេះតែផ្ញើសារញឹកញាប់

៤. ចង់គ្រប់គ្រងគ្រប់បែបយ៉ាង

ទើបតែមានទំនាក់ទំនងនឹងគ្នា អ្នកមានអ្វីជាច្រើនដែលត្រូវតែសិក្សាស្វែងយល់ពីគ្នាបន្ថែមទៀត ហើយគេក៏មានពិភពផ្ទាល់ខ្លួនរបស់គេដែលអ្នកមិនអាចបំពានបានដែរ។ ​ដូច្នេះអ្នកត្រូវចេះរក្សាព្រំដែន កុំចេះតែបំពាន ចង់ចេះចង់ដឹង និងចង់គ្រប់គ្រងជីវិតគេគ្រប់បែបយ៉ាងអី ព្រោះការប្រញាប់ប្រញាល់បញ្ចេញចរិតចង់គ្រប់គ្រងគេឆាប់បែបនេះ អាចនឹងធ្វើឱ្យបុរសខ្លាចរអារ និងរត់ចេញពីអ្នកក៏ថាបាន។

៥. មិនចេះបែងចែកពេលវេលាសម្រាប់គេ

អ្នកមិនអាចចេះតែរង់ចាំឱ្យបុរសណាត់អ្នកចេញក្រៅ ឬស្វែងរកពេលវេលាមកកំដរអ្នក និងនៅជាមួយអ្នកគ្រប់ពេលនោះទេ។​ អ្នកត្រូវតែចេះបែងចែកពេលវេលាខ្លះដើម្បីគាត់ ចេះណាត់គាត់មុនខ្លះ និងចេះកែសម្រួលពេលវេលាដើម្បីគ្នាខ្លះក៏ល្អដែរ។

៦. ខ្មាសអៀនខ្លាំងពេក

នៅពេលដែលសម្រេចថាបង្កើតទំនាក់ទំនងស្នេហាមួយនេះហើយ បានន័យថាអ្នកទាំងពីរបានបើកចិត្តឱ្យគ្នាហើយ ហើយក៏ជាឱកាសសាងអនុស្សាវរីយ៍ និងភាពស្និទ្ធស្នាលដែរ។ ដូច្នេះអ្នកមិនត្រូវប្រកាន់ចរិតខ្មាសអៀនពេកនោះទេ ត្រូវហ៊ានបង្កើតភាពស្និទ្ធស្នាលតាមរយៈការសន្ទនាគ្នាឱ្យបានច្រើន និងជួបមុខគ្នាឱ្យបានច្រើនដើម្បីស្គាល់គ្នាកាន់តែច្បាស់ រួមទាំងពង្រឹងទំនាក់ទំនងស្នេហាមួយនេះឱ្យកាន់តែប្រសើរឡើងផង។

 ខ្មាសអៀនខ្លាំងពេក
 ខ្មាសអៀនខ្លាំងពេក

៧. មិនកំណត់ព្រំដែនមួយច្បាស់លាស់

ទោះមានទំនាក់ទំនងស្នេហាក៏ពិតមែន ក៏អ្នកទាំង២ត្រូវតែចេះគោរពសិទ្ធគ្នា និងរក្សាព្រំដែនមួយច្បាស់លាស់ អ្នកមិនអាចបំពានរឿងបុគ្គលគេ ឬកកូរកកាយរឿងគេហួសហេតុពេកដែរ នេះជាចំណុចដែលមនុស្សប្រុសខ្លាចរអារខ្លាំង ប្រៀបបីដូចជាបិទសិទ្ធ​ខ្លាំងពេក។

៨. ឱ្យអ្នកដទៃលូកដៃក្នុងរឿងរបស់អ្នក

ពេលមានស្នេហាអ្នកប្រាកដជាចង់ចែករំលែកជាមួយមិត្តភក្តិ និងអ្នកស្និទ្ធស្នាលជាមិនខាន តែក្នុងដំណាក់កាលទើបតែរាប់អានគ្នាដំបូងអ្នកមិនគួរយករឿងអ្នកទៅប្រាប់គេទាំងអស់នោះឡើយ នាំតែអ្នកដទៃវិនិច្ឆ័យ និយាយបែបនេះនិយាយបែបនោះ ប៉ះពាល់នឹងទំនាក់ទំនងស្នេហារបស់អ្នកនោះទេ។ តែអ្នកអាចបង្ហើបបន្តិចម្តងៗទៅកាន់មនុស្សជិតស្និទ្ធអ្នក ទម្រាំស្នេហារបស់អ្នកមើលទៅអាចទៅមុខរួច​ និងមានភាពរឹងមាំខ្លាំង។

៩. កុំយកចិត្ត ឬលើកតម្កើងគេខ្លាំងពេក

អ្នកប្រហែលជាមានអារម្មណ៍ថាសប្បាយរីករាយនៅពេលដែលមានស្នេហា តែមិនថាទើបតែរាប់អានគ្នាថ្មីៗ​​ ឬស្រលាញ់គ្នាយូរហើយក៏ដោយ​អ្នកមិនត្រូវចេះតែតាមយកចិត្ត សម្របតាមចិត្តគេគ្រប់ពេល​ ហើយអ្វីដែលគេធ្វើសុទ្ធតែត្រឹមត្រូវនោះទេ។ អ្នកប្រាកដជាចង់ឱ្យដៃគូម្ខាងទៀតគិតគូរពីអ្នក គោរពអ្នក និងឱ្យតម្លៃអ្នកហើយ ដូច្នេះអ្នកមិនអាចធ្វើរឿងទាំងនោះតែម្ខាងទេ អ្នកត្រូវតែចេះសម្រប និងចេះផ្តល់តម្លៃឱ្យគ្នាទៅវិញទៅមក។

១០. កុំប្រញាប់ឈានទៅជំហានបន្ទាប់

នៅក្នុងដំណាក់កាលស្រលាញ់គ្នាដំបូង វាប្រាកដជាមិនទាន់មានភាពល្អរលូនឥតខ្ចោះដូចដែលអ្នកចង់បានទេ​ អ្នកត្រូវការប្រើពេលវេលាច្រើនទៅមុខទៀត ទាំងការមើលចិត្តគ្នា និងការពិចារណាច្រើនទៀត។ កុំទាន់អាលបង្ខំទំនាក់ទំនងមួយនេះឱ្យឈានទៅរកដំណាក់កាលបន្ទាប់លឿនពេកអី អ្វីៗត្រូវតែគិតឱ្យបានច្បាស់ជាមុនសិន៕

កុំប្រញាប់ឈានទៅជំហានបន្ទាប់
កុំប្រញាប់ឈានទៅជំហានបន្ទាប់
Kos Leakkana
កោះ លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T