រឿងពិត១០យ៉ាង ភ្ញាក់ផ្អើលស្ទើរតែមិនគួរឱ្យជឿ ទាក់ទងនឹងផ្ទះសំណាក់ ឬសណ្ឋាគារដែលអ្នកស្នាក់នៅ

//s9.kh1.co/4b/4b56c4e5679e449d6d338238cfa3e437bd5b15d9.jpg
យល់ដឹង

 ១៧-វិច្ឆិកា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

រឿងពិតទាំង១០ដ៏ភ្ញាក់ផ្អើលនៅក្នុងបន្ទប់សណ្ឋាគារ

ឱ្យតែធ្វើដំណើរកម្សាន្ត ឬទៅណាមកណាផ្លូវឆ្ងាយ ផ្ទះសំណាក់ និងសណ្ឋាគារ នឹងក្លាយជាកន្លែងស្នាក់នៅបណ្តោះអាសន្ន ១យប់ ២យប់សម្រាប់អ្នក ដោយចៀសមិនផុត។ យ៉ាងណាមិញ នៅក្នុងការស្នាក់នៅទីកន្លែងដែលអ្នកមិនធ្លាប់រស់នៅ និងប្លែកកន្លែងបែបនេះ វាមិនស្រួលចិត្តដូចការស្នាក់នៅផ្ទះយើងផ្ទាល់ឡើយ ជួនកាលពីការរៀបចំមិនបានដូចចិត្ត ពេលខ្លះមានបញ្ហាប្លែកកន្លែងគេងមិនលក់ រួមទាំងបញ្ហាជាច្រើនទៀតតាមបទពិសោធន៍រៀងៗខ្លួន

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែអ្នកប្រហែលជាមិនដឹងទេ ការពិតបន្ទប់ស្នាក់នៅទាំងអស់មានបង្កប់អាថ៌កំបាំង១០យ៉ាងដែលអ្នកមិនធ្លាប់ដឹងដូចជា ៖

១. កែវទឹកនៅសណ្ឋាគារពិតជាស្អាតឬ?

អ្នកប្រហែលជាយល់ថាការគេងនៅផ្ទះសំណាក់ ឬសណ្ឋាគារ របស់របរប្រើប្រាស់សុទ្ធតែស្អាតៗ និងមានអនាម័យនោះទេ ជាពិសេសកែវទឹក។ តែការពិតមិនមែនទេ​គ្មានអ្នកណានឹងឧស្សាហ៍មកសម្អាតឱ្យយើងដូចនៅផ្ទះយើងឡើយ ​ជាពិសេសកែវទឹកជាវត្ថុដែលងាយជាប់ដី និងធូលីល្អិតៗបំផុត សូម្បីតែទុកចោលក៏ងាយនឹងជាប់មេរោគដែរ។ យកល្អអ្នកអាចទទួលទានទឹកពីដបទឹកសុទ្ធតែម្តងល្អជាងការយកកែវទឹកនៅក្នុងបន្ទប់ស្នាក់នៅប្រើប្រាស់។

កែវទឹកនៅសណ្ឋាគារពិតជាស្អាតឬ?
កែវទឹកនៅសណ្ឋាគារពិតជាស្អាតឬ?

២. កុំយល់ថាបន្ទប់ទាំងអស់សុទ្ធតែដូចគ្នា

ក្នុងការស្នាក់នៅ ទោះបីជាបន្ទប់ខ្លះមានតម្លៃដូចគ្នា ​តែទំហំ និងរូបរាងបន្ទប់មិនដូចគ្នាទាំងអស់នោះទេ បន្ទប់ខ្លះមានភាពធំទូលាយជាង បន្ទប់ខ្លះមានយ៉ខាងមុខធំ បន្ទប់ក៏តូចទៅតាមហ្នឹងទៅ ដូច្នេះកុំគិតថាតម្លៃបន្ទប់ដូចគ្នាយកបន្ទប់មួយណាក៏ដូចគ្នានោះ។ ប្រសិនជាមិនធ្វើការកក់ទុកមុនទេ បន្ទប់ល្អៗអាចនឹងត្រូវបានគេជ្រើសរើសមុនអស់។

កុំយល់ថាបន្ទប់ទាំងអស់សុទ្ធតែដូចគ្នា
កុំយល់ថាបន្ទប់ទាំងអស់សុទ្ធតែដូចគ្នា

៣.​​ អាហារពេលព្រឹកមិនមែនមិនអស់លុយ

អ្នកប្រហែលជាយល់ថា ការទៅគេងផ្ទះសំណាក់ ឬសណ្ឋាគារ​ដែលមានបូកបញ្ចូលអាហារពេលព្រឹកដោយឥតគិតថ្លៃ​ ធ្វើឱ្យអ្នកកាត់បន្ថយការចំណាយ ឬអាចញ៉ាំអាហារដោយមិនអស់ប្រាក់ តែការពិតតម្លៃនៃអាហារគឺត្រូវបានបូកបញ្ចូលនឹងថ្លៃបន្ទប់រួចអស់ទៅហើយ។ អាចនិយាយបានថាវាអាចកាត់បន្ថយចំណាយតិចតួចដែរ តែប្រសិនជាទៅញ៉ាំអាហារខាងក្រៅតម្លៃអាចនឹងធូរជាងនេះក៏ថាបាន ។

អាហារពេលព្រឹកមិនមែនមិនអស់លុយ
អាហារពេលព្រឹកមិនមែនមិនអស់លុយ

៤. ការបញ្ចុះតម្លៃខុសពីការរំពឹងទុក

អ្នកណាដែលថាមិនចូលចិត្តរបស់បញ្ចុះតម្លៃនោះ តែការដែលកក់ ឬជ្រើសរើសបន្ទប់ស្នាក់នៅដែលមានការបញ្ចុះតម្លៃ វាប្រហែលជាមិនល្អពិសេសដូចការរំពឹងទុក ព្រោះការបញ្ចុះតម្លៃភាគច្រើនដោយសារតែការសល់បន្ទប់ច្រើនពេក ពោលគឺជាបន្ទប់សល់ដែលមិនមានលក្ខណៈពិសេសស។ តែយ៉ាងណាការស្នាក់នៅបន្ទប់បញ្ចុះតម្លៃក៏ប្រសើរជាងការស្នាក់នៅបន្ទប់ដែលបង់ពេញថ្លៃ ដែលជាការសន្សំលុយកាក់ខ្លះដែរ។

ការបញ្ចុះតម្លៃខុសពីការរំពឹងទុក
ការបញ្ចុះតម្លៃខុសពីការរំពឹងទុក

៥. កក់ក៏ដោយក៏អាចនឹងគ្មានកន្លែងស្នាក់នៅ

អ្នកប្រហែលជាគិតថាមិនបារម្ភនឹងគ្មានកន្លែងស្នាក់នៅនោះទេ នៅពេលដែលអ្នកធ្វើការកក់បន្ទប់ទុកជាមុន តែកុំអាលអរឱ្យសោះ ពេលខ្លះអ្នកមកដល់កន្លែងគ្មានបន្ទប់ស្នាក់នៅក៏មាន ព្រោះតែអ្នកមកយឺត ​ឬខាងអ្នកគ្រប់គ្រងអាចនឹងផ្ទេរបន្ទប់នៅសល់ជាក់ស្តែងទៅអ្នកដែលមកដល់ទីតាំងមុនអ្នក។ តែមិនបាច់បារម្ភទេ ក្នុងករណីជួបហេតុការណ៍នេះ អ្នកគ្រប់គ្រងសណ្ឋាគារដែលអ្នកស្នាក់នៅនឹងជួយសម្រួលឱ្យអ្នកស្នាក់នៅសណ្ឋាគារជាដៃគូដែលមានតម្លៃដូចគ្នា។  

កក់ក៏ដោយក៏អាចនឹងគ្មានកន្លែងស្នាក់នៅ
កក់ក៏ដោយក៏អាចនឹងគ្មានកន្លែងស្នាក់នៅ

៦. មិនមែនគ្មានបន្ទប់ទំនេរសោះ

អ្នកប្រហែលជាធ្លាប់មានប្រវត្តិទៅរកបន្ទប់ស្នាក់នៅតែអ្នកគ្រប់គ្រងថាគ្មានសល់បន្ទប់ តែការពិតកន្លែងដែលថាមិនមានសល់បន្ទប់តែងតែមានបន្ទប់ ២​ទៅ៣បន្ទប់ទំនេរ ​តែគេមិនមែនទុកសម្រាប់ឱ្យភ្ញៀវស្នាក់នៅឡើយ ដោយបន្ទប់ខ្លះគេបង្ការទុកសម្រាប់ផ្លាស់ប្តូរឱ្យភ្ញៀវដែលមានបញ្ហា ឬក៏អាចទុកសម្រាប់ភ្ញៀវពិសេសស្នាក់នៅជាដើម។ ដូច្នេះប្រសិនជាអស់បន្ទប់ កុំទាមទារ​ ឬអង្វរឱ្យចាត់ចែងសម្រួលឱ្យមានបន្ទប់ស្នាក់នៅឱ្យសោះ អ្នកអាចនឹងប្រទះនឹងបន្ទប់ពិសេសណាមួយដែលមានសភាពមិនគួរឱ្យចង់ស្នាក់នៅក៏ថាបាន។

 មិនមែនគ្មានបន្ទប់ទំនេរសោះ
 មិនមែនគ្មានបន្ទប់ទំនេរសោះ

៧. កន្លែងស្នាក់នៅខុសទីតាំង Check-in

ទីកន្លែងស្នាក់នៅខ្លះអាចនឹងខុសពីផែនទី ​ឬទីតាំង Check-In ធ្វើឱ្យអ្នកពិបាកស្វែងរកទីតាំង តែអ្នកអាចនឹងប្រាប់ទៅដល់បុគ្គលិកឱ្យធ្វើការផ្លាស់ប្តូរបាន។

កន្លែងស្នាក់នៅខុសទីតាំង Check-in
កន្លែងស្នាក់នៅខុសទីតាំង Check-in

៨. វិធីចៀសវាងការគិតថ្លៃសេវា Cancel ការកក់បន្ទប់

ដើម្បីចៀសវាងអ្នកគ្រប់គ្រងបន្ទប់គិតថ្លៃសេវា Cancel ការកក់បន្ទប់ អ្នកអាចទូរស័ព្ទទៅសុំពន្យារពេលនៃការមកដល់របស់អ្នកសិន រួចប៉ុន្មាននាទីក្រោយ ចាំខលទៅម្តងទៀតសុំ cancel បន្ទប់តែម្តង។

វិធីចៀសវាងការគិតថ្លៃសេវា Cancel ការកក់បន្ទប់
វិធីចៀសវាងការគិតថ្លៃសេវា Cancel ការកក់បន្ទប់

៩. បន្ទប់គ្មានអនាម័យ

បន្ទប់ស្នាក់នៅភាគច្រើនមិនសូវមានគេសម្អាតញឹកញាប់ និងមានអនាម័យស្អាតដូចជាបន្ទប់គេងយើងនៅផ្ទះយើងទេ ដោយសារតែកត្តាមានភ្ញៀវចេញចូលច្រើន​ ភាគច្រើនបើសំភារៈមិនប្រឡាក់អ្វីទេ គេនឹងយកមករៀបចំសារជាថ្មីដូចជាកម្រាលពូក ស្រោមខ្នើយ និងភួយជាដើមដែលអាចនឹងជាប់មេរោគដែលអ្នកមើលមិនឃើញ។ តែក្នុងករណីអ្នកស្នាក់នៅបន្ទប់ប្រណីត ឬលំដាប់ផ្កាយកត្តាអនាម័យ និងការសម្អាតវាក៏ល្អជាងហ្នឹងដែរ។

បន្ទប់គ្មានអនាម័យ
បន្ទប់គ្មានអនាម័យ

១០. បន្ទប់ទាំងអស់សុទ្ធតែមានអ្នកស្លាប់

មិនថាផ្ទះសំណាក់ ឬបន្ទប់សណ្ឋាគារណាទេ គឺតែងតែមានប្រវត្តិមានអ្នកស្លាប់ជានិច្ច គ្រាន់តែព៏ត៌មានមិនត្រូវបានគេចែកចាយជាសាធារណៈ ឬមានបុគ្គលិកណាមួយហ៊ានប្រាប់អ្នកនាំតែដាច់ភ្ញៀវឡើយ។ ពេលខ្លះអ្នកអាចនឹងកំពុងតែស្នាក់នៅបន្ទប់ដែលមានមនុស្សស្លាប់ បើជាសំណាងល្អអ្នកប្រហែលជាគ្មានបញ្ហានៅក្នុងការស្នាក់នៅទេ តែក៏មានអ្នកខ្លះជួបប្រទះនឹងរឿងរ៉ាវប្លែកៗហួសស្មានទាក់ទងនឹងព្រលឹងខ្មោចក៏មាន៕

បន្ទប់ទាំងអស់សុទ្ធតែមានអ្នកស្លាប់
បន្ទប់ទាំងអស់សុទ្ធតែមានអ្នកស្លាប់
Kos Leakkana
កោះ លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T