សញ្ញាដាស់តឿនទាំង២៨ ដែលបញ្ជាក់ថាដៃគូស្នេហារបស់អ្នកកំពុងតែមានចិត្តក្បត់ហើយ

//s9.kh1.co/2d/2d17b37bf559e184bda6197d5924789a7f16b374.jpg
យល់ដឹង

 ១៧-វិច្ឆិកា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

ភាពប្រែប្រួលទាំង​២៨ចំណុចនេះ អាចបញ្ជាក់ពីការលួចក្បត់ចិត្ត

នៅក្នុងទំនាក់ទំនងស្នេហាមិនថាជាគូសង្សារ ឬប្តីប្រពន្ធនោះទេ វាតែងតែមិនផ្អែមដូចស្ករកាលពីស្រលាញ់គ្នាដំបូងទេ វាតែងតែមានការប្រែប្រួលខ្លះតាមកាលៈទេសៈ និងការរស់នៅប្រចាំថ្ងៃ។ តែការប្រែប្រួលខ្លះ វាក៏អាចបញ្ជាក់បានថាទំនាក់ទំនងស្នេហារបស់អ្នកទំនងជាកំពុងតែប្រេះឆាហើយដោយអំពើលួចលាក់ និងក្បត់ចិត្តក្រោយខ្នង ដោយរឿងខ្លះអ្នកដែលជាដៃគូអាចនឹងមានអារម្មណ៍ដឹងច្បាស់ពីការប្រែប្រួលទាំងនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះមកតាមដានសញ្ញាដាស់តឿនទាំង ២៨ ដែលបញ្ជាក់ថាដៃគូស្នេហារបស់កំពុងតែមានចិត្តប្រែប្រួល លួចលាក់មានថ្មីក្បត់ចិត្តអ្នក ខាងក្រោមនេះ ៖

ភាពប្រែប្រួលពេលខ្លះបញ្ជាក់ពីការក្បត់ចិត្ត
ភាពប្រែប្រួលពេលខ្លះបញ្ជាក់ពីការក្បត់ចិត្ត

១. គេបានចាប់ផ្តើមប្រែប្រួលចេះតុបតែងខ្លួន និងប្រែប្រួលស្ទាយ៍តុបតែងខ្លួនថ្មីស្អាតប្លែក ជាពិសេសគឺម៉ូតសំលៀកបំពាក់ ម៉ូតសក់ ចេះបាញ់ទឹកអប់ និងតែងខ្លួនខ្ញង់ៗរាល់ពេលចេញទៅខាងក្រៅ។

២. គេចេះផ្តើមចេះតែកាន់ទូរស័ព្ទជាប់ដៃ និងបារម្ភហួងហែងទូរស័ព្ទដៃ ដូចមានរឿងលាក់បាំងនៅក្នុងទូរស័ព្ទ ពិសេសចេះដាក់មុខងារការពារ (Password, Face ID) ការចុចមើលទូរស័ព្ទ ឬកម្មវិធីឆាតផ្សេងៗ។

៣. ជាធម្មតាជាដៃគូស្នេហា ឬគូសង្សារតែងតែដឹងពីទម្លាប់រាល់ថ្ងៃរបស់គ្នា តែគេបែរជាចាប់ផ្តើមប្តូរកាលវិភាគ ឬមានសកម្មភាពខុសប្រក្រតី ដូចជា ពេលទៅណាមកណាលែងប្រាប់ដូចមុន ពេលខ្លះអ្នកបែរជាមិនអាចខល ឆាត​ ឬទាក់ទងគេបាន ទាំងដែលរាល់ដងពេលវេលាណាមួយនោះជាពេលទំនេររបស់គេ ដែលអ្នកចំណាំដឹងថាជាពេលទំនេរមិនរវល់​ ឬទៅណាមកណាឡើយ។

៤. នៅពេលដែលគេលែងចាត់ទុកអ្នកសំខាន់ មានក៏បានអត់ក៏បាន ជួបក៏បានអត់ក៏បាន និយាយរួមលែងចង់ស្និទ្ធស្នាល លែងចង់និយាយ ឬជួបគ្នាញឹកញាប់ដូចមុន ព្រោះគេកំពុងតែចាប់អារម្មណ៍អ្នកថ្មី និងផ្តល់ពេលវេលាទៅឱ្យអ្នកថ្មី។

៥. នៅពេលដែលគេលែងមានអារម្មណ៍ស្និទ្ធស្នាល យូរៗជួបខែទើបជួបអ្នកម្តង ពិសេសមានអារម្មណ៍ថាកាន់តែឃ្លាតឆ្ងាយពីគ្នាដោយគ្មានហេតុផលសមរម្យនោះ វាក៏ជាសញ្ញានៃការក្បត់ចិត្តដែរ។

៦. គេបែរជាប្រែប្រួលអត្តចរិត តែងតែខឹង និងមានអារម្មណ៍មួរម៉ៅត្រគោះបោះបោកដាក់អ្នករាល់ពេល​ ពិសេសតែងតែបង្ករឿងឈ្លោះប្រកែក ទាំងដែលកាលពីមុនគេថ្នមចិត្តអ្នក និងតែងតែមានចិត្តអំណត់ជាមួយអ្នក។

៧. នៅសុខៗស្រាប់តែកាលវិភាគការងារ កាលវិភាគប្រចាំថ្ងៃគេប្រែប្រួលខុសពីធម្មតា ហើយតែងតែយកលេសរវល់នេះរវល់នោះខុសពីមុនខ្លាំង ក៏ជាសញ្ញាកំពុងតែក្បត់ដែរ។

តែងតែយកលេសរវល់នេះរវល់នោះខុសពីមុនខ្លាំង
តែងតែយកលេសរវល់នេះរវល់នោះខុសពីមុនខ្លាំង

៨. ទាំងដែលកាលពីមុនអ្នកធ្លាប់តែមានភាពជិតស្និទ្ធជាមួយមិត្តភក្តិរបស់គេ ហើយមានកម្មវិធីជួបជុំគ្នាជាប្រចាំ ស្រាប់តែពួកគេហាក់ដូចជាចម្លែក ចាប់ផ្តើមចេះប្រែទឹកមុខ​ ឬមានសកម្មភាពមិនសូវជារួសរាយ និងជិតស្និទ្ធជាមួយអ្នកដូចមុន វាក៏ជាសញ្ញាមិនប្រក្រតីនៃការក្បត់ចិត្តដែរ។

៩. ទាំងដែលមួយរយៈមុនគេហីៗ ព្រងើយកន្តើយ និងមិនរវល់នឹងអ្នកសោះ ស្រាប់តែសុខៗគេចេះយកចិត្ត ដោយការ​ទិញនេះទិញនោះជូនអ្នក នាំអ្នកទៅញ៉ាំអីឆ្ងាញ់ៗ ឬដើរកម្សាន្តកន្លែងណាមួយ ដើម្បីឱ្យអ្នករីករាយ វាក៏ជាសញ្ញានៃការក្បត់ចិត្ត ព្រោះតែរអៀសចិត្តជាមួយអ្នកដែរ។

១០. ស្រាប់តែមួយរយៈនេះគេប្រែប្រួលខ្លាំង អារម្មណ៍ផ្លាស់ប្តូរឡើងចុះមិនឈប់ ពេលមានកំហុសមិនចេះសុំទោសដូចមុន ហើយរកលេសចាប់កំហុសអ្នក និងរករឿងអ្នកមិនឈប់ ជាពិសេសនៅពេលអ្នកសួរនាំតិចតួចទាំងដែលគ្មានរឿងធំដុំអីផង មើលទៅគេបែរហាក់ដូចជាមានអាថ៌កំបាំង លាក់លៀម និងមានអារម្មណ៍រអៀសខ្លាំង រហូតប្រែទឹកមុខ ខឹងសម្បារ និងបង្កជម្លោះជាញឹកញយ។

១១. គេចាប់ផ្តើមផ្លាស់ប្តូរចំណង់ចំណូលចិត្ត ចាប់ផ្តើមចូលចិត្តអ្វីថ្មីផ្សេងប្លែកៗទៅវិញ ជាពិសេសរឿងដែលធ្លាប់បានធ្វើរួមគ្នា ហើយគេក៏ចូលចិត្តគេបែរជាមានអារម្មណ៍មិនសប្បាយចិត្ត និងមិនពេញចិត្តដូចមុន។

១២. គេលែងខ្វល់​ ឬចាប់អារម្មណ៍លើអ្នកដូចមុន មិនថាអ្នកធ្វើល្អប៉ុនណា មិនថាអ្នកធ្លាប់មានទម្លាប់អាក្រក់បែបម៉េច​ គេមិននិយាយ​ គេមិនរអ៊ូ គេមិនចង់កែប្រែអ្នកដូចមុននោះឡើយ ចង់អ្នកក្លាយជាអ្វីក៏គេលែងខ្វល់ដែរ។

១៣. គេលែងចង់ស្និទ្ធស្នាល លែងចង់កាន់ដៃ លែងចង់ថើប និងប៉ះពាល់អ្នកដូចមុន ប្រសិននេះជាអ្វីដែលគេធ្លាប់ធ្វើ និងចូលចិត្តធ្វើ។ ហើយសម្រាប់ទំនាក់ទំនងមួយទៀតដែលអ្នកទាំង២ជ្រុលជ្រួស ខាងទំនាក់ទំនងផ្លូវភេទជាមួយគ្នាជាធម្មតា តែគេបែរជាមិនសូវមានអារម្មណ៍ជាមួយអ្នក និងមានពេលវេលាច្រើនរួមភេទដូចមុន នេះក៏ជាសញ្ញានៃការក្បត់ចិត្តដែរ។

១៤. មិនសូវមានទំនាក់ទំនងជិតស្និទ្ធដូចមុន ទាំងកាលពីមុនគេចូលចិត្តទៅណាមកណាជាមួយអ្នក កាន់ដៃអ្នក និងនៅក្បែរអ្នកជានិច្ច តែគេបែរជាព្យាយាមចៀសវាងមិននៅជិតអ្នកដូចមុនទៀតឡើយ ជាពិសេសការទំនាក់ទំនងតាមការនិយាយគ្នា ឆាត​ ឬផ្ញើសា កាន់តែតិចទៅៗ​ឬលែងមានតែម្តង។

១៥​​. ទិញរបស់ប្រើប្រាស់ សំលៀកបំពាក់ថ្មីៗ និងគ្រឿងតុបតែងថ្មីៗជានិច្ច ដើម្បីតុបតែងខ្លួនឱ្យបានស្អាត​ខុសកាលពីមុនទាំងស្រុង ហាក់ដូចជាកំពុងតែផ្គាប់ផ្គន់ភ្នែកអ្នកដទៃ។

ទិញរបស់ប្រើប្រាស់ សំលៀកបំពាក់ថ្មីៗ និងគ្រឿងតុបតែងថ្មីៗជានិច្ច ដើម្បីតុបតែងខ្លួនឱ្យបានស្អាត​ខុសកាលពីមុន
ទិញរបស់ប្រើប្រាស់ សំលៀកបំពាក់ថ្មីៗ និងគ្រឿងតុបតែងថ្មីៗជានិច្ច ដើម្បីតុបតែងខ្លួនឱ្យបានស្អាត​ខុសកាលពីមុន

១៦. ធ្លាប់តែទៅណាមកណាជាមួយគ្នា ឬបើគ្មានវត្តមានអ្នកទេ គេតែងតែខលប្រាប់​ ឬថតរូបផ្ញើ តែគេបែរជាផ្លាស់ប្តូរទៅណាមកដោយមិនខ្វល់ពីចិត្តរបស់អ្នក ពិសេសសកម្មភាពប្រចាំថ្ងៃដែលគេធ្លាប់ធ្វើជាមួយអ្នក បែរជាផ្លាស់ប្តូរបន្តិចម្តងៗ។

១៧. កាលពីមុនគេជាមនុស្សដែលធ្លាប់ជឿជាក់លើអ្នក និងមានចិត្តធ្ងន់ ស្រាប់តែគេចេះរករឿងដោយគ្មានមូលហេតុ និងចោទប្រកាន់អ្នកគ្រប់រឿង។

១៨.​​អ្នកចាប់មានអារម្មណ៍ថាមានភាពស្រងោះស្រងោច ឯកា ខ្លួនឯងលែងសំខាន់ ព្រោះតែគេតែងតែតោះតើយ លែងខ្វល់ លែងចាប់អារម្មណ៍នឹងអ្នក ហើយតែងតែទុកអ្នកចោលជាញឹកញយ និយាយរួមអ្វីៗបែរជាប្រែប្រួលខុសពីគ្រាមុនដែលធ្វើឱ្យអ្នកមានអារម្មណ៍ថាឈឺចាប់ខ្លាំង។

១៩. គេស្រាប់តែប្រាប់អ្នកថាគេមានការរវល់ខ្លាំង គេត្រូវទៅណាឆ្ងាយមួយរយៈ ឬត្រូវមានរឿងចាំបាច់ដែលត្រូវបំពេញជាចាំបាច់ ដែលមិនអាចទាក់ទងអ្នកបាន ហើយសុំឱ្យឃ្លាតឆ្ងាយពីគ្នាមួយរយៈសិន។

២០. គេចាប់ផ្តើមខ្វែងគំនិតអ្នក ​ធ្វើអ្វីលែងត្រូវគ្នា អ្នកគិតផ្សេងគេគិតផ្សេងខុសកាលពីមុនទាំងស្រុង រហូតបង្កជាជម្លោះនឹងគ្នាជារឿយៗដូចគូសត្រូវ។

២១. គេចាប់ផ្តើមចាយច្រើន ខ្ទង់ចំណាយកាន់តែកើនឡើង និងតែងតែមានការចាំបាច់ប្រើប្រាស់លុយជានិច្ច ហាក់កំពុងតែយកធ្វើអី ឬទិញអ្វីផ្គាប់ផ្គន់នរណាម្នាក់។

២២. ស្រលាញ់គ្នាយូរៗវាមិនផ្អែមល្ហែមដូចជាកាលដំបូងក៏ពិតមែន តែគេបែរជាប្លែកខ្លាំងឡើងៗ លែងចេះនិយាយសម្តីល្អៗពីរោះៗ តែងតែនិយាយពាក្យត្រគោះបោះបោក រករឿង ហើយភាពស្និទ្ធស្នាលរសាត់ទៅបន្តិចៗម្តងរហូតក្លាយជាគម្លាតមួយ។

គេចាប់ផ្តើមខ្វែងគំនិតអ្នក ​ធ្វើអ្វីលែងត្រូវគ្នា
គេចាប់ផ្តើមខ្វែងគំនិតអ្នក ​ធ្វើអ្វីលែងត្រូវគ្នា

២៣. សុខៗគេបែរជាសួរសំណួរប្លែកៗខុសពីមុន ដូចជាកំពុងតែស្ទាបស្ទង់ចិត្តអ្នកដូចជា តើស្រលាញ់គ្នាបានយូរប៉ុនណាទៀត? ធ្វើយ៉ាងណាបើបែកគ្នា? តើគិតបែបណាបើគេក្បត់ចិត្ត?

២៤. ធ្លាប់តែជាមនុស្សហីៗមិនខ្វល់ គេបែរជាមានចិត្តប្រយ័ត្នប្រយែង និងការពារខ្លួនជានិច្ចមិនឱ្យអ្នកចាប់ថ្នាក់បាន ​ពិសេសបើសួរគេរឿងការប្រែប្រួលរបស់គេដែលទំនងជាបង្ករឿងក្បត់ចិត្ត គេបែរជាប្រកែកយ៉ាងខ្លាំងចង់យកឈ្នះ ឬអាចខឹងឈ្លោះ ហើយចោទថាអ្នកមិនទុកចិត្តគេទៀតផង។

២៥. សុខៗគេស្រាប់តែសួរនាំអ្នកច្រើនខុសពីធម្មតាដូចជាអ្នកកំពុងតែធ្វើអី នៅឯណា ដែលស្តាប់ទៅដូចជាកំពុងតែនឹក ឬ Care ខ្លាំង តែការពិតសកម្មភាពខុសប្រក្រតីនេះ គេគ្រាន់តែចង់ដឹងសកម្មភាពអ្នក ថាអ្នកនៅទីណាដើម្បីកុំឱ្យជួបអ្នកដោយចៃដន្យបែកការណ៍អំពើក្បត់ចិត្តប៉ុណ្ណោះ។

២៦. ធម្មតាជាគូស្នេហ៍នឹងគ្នា យើងប្រាកដជាមិនចង់ក្លាយជាចំណាប់អារម្មណ៍អ្នកដទៃ ឬខ្វល់ពីអ្នកដទៃឡើយ តែគេបែរជាប្រឹងធ្វើអ្វីឱ្យខ្លួនឯងជាទីចាប់អារម្មណ៍របស់មនុស្សជុំវិញ ដូចជាតុបតែងខ្លួនស្អាតជាងអ្នក ធ្វើមុខធ្វើមាត់​ធ្វើកាយវិកាឱ្យភ្នែកឱ្យដៃអ្នកដទៃ គេប្រហែលជាកំពុងតែមានគំនិតគិតក្បត់ចិត្តហើយ។

២៧. ធ្លាប់តែនៅជាមួយអ្នក ឬទៅណាមកណាជាមួយអ្នកគេសប្បាយចិត្ត គេបែរជានិយាយថាមិនសប្បាយចិត្ត​ ធុញទ្រាន់ និងមានអារម្មណ៍ថាលែងរីករាយនឹងសកម្មភាពគ្រប់យ៉ាងដែលនៅជាមួយអ្នកទៅវិញ។

២៨. គេចាប់ផ្តើមយកចិត្តទុកដាក់នឹងអ្នកកាន់តែខ្លាំង និងហាក់បីដូចជាស្រលាញ់អ្នកខ្លាំងខុសពីធម្មតា ដោយសារតែជាល្បិចកុំឱ្យអ្នកចាប់កំហុសគេបាន ហើយក៏ជាចំណុចដែលគេហាក់ដឹងកំហុសដែលសាងលើអ្នក។

មានអារម្មណ៍ឈឺចាប់ និងឯកា
មានអារម្មណ៍ឈឺចាប់ និងឯកា

សរុបសេចក្តីមក ប្រសិនជាអ្នកសង្កេតឃើញសកម្មភាពខុសប្រប្រតីទាំង២៨ចំណុចខាងលើ វាភាគច្រើនបំផុតដែលគេកំពុងតែមានអំពើក្បត់ចិត្តអ្នកក្រោយខ្នងហើយ។ អ្នកអាចសម្រេចចិត្តថាគួរតែធ្វើបែបណាបន្តចំពោះទំនាក់ទំនងរបស់អ្នកទាំង២ ដោយខ្លួនឯងថា​គួរតែនិយាយគ្នាឱ្យដឹងរឿងសិន គួរតែអត់ទោស គួរតែបន្ត ឬបញ្ចប់ សូមធ្វើការពិចារណាឱ្យបានច្បាស់៕

Kos Leakkana
កោះ លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T