មូលហេតុក្មេងចាក់វ៉ាក់សាំងរួចទៅជាអាប់សែ និងវិធីថែកន្លែងចាក់កុំឲ្យដំបៅខ្ទុះ!

//s9.kh1.co/d5/d52c6940145fe22b8674ea22b34f15d9c29b3b65.jpg
នារី

 ១៧-វិច្ឆិកា-២០២០ ៨ព្រឹក · ៣ ឆ្នាំមុន

ក្រោយ​ចាក់​វ៉ាក់សាំង​រួច​មាន​ផល​រំខាន​ពី​តិច​ទៅ​ច្រើន ដែល​ផល​រំខាន​នោះ​មាន ឈឺ​នៅ​កន្លែង​ចាក់​ថ្នាំ ហើម ឈឺ ធ្វើ​ឲ្យ​ក្មេង​យំ​រក​រឿង​ខុស​ធម្មតា។

ក្រោយ​ចាក់​វ៉ាក់សាំង​រួច​មាន​ផល​រំខាន​ពី​តិច​ទៅ​ច្រើន ដែល​ផល​រំខាន​នោះ​មាន ឈឺ​នៅ​កន្លែង​ចាក់​ថ្នាំ ហើម ឈឺ ធ្វើ​ឲ្យ​ក្មេង​យំ​រក​រឿង​ខុស​ធម្មតា ឬ​ក៏​អាច​ក្តៅ​ខ្លួន ឯ​ផល​រំខាន​ធ្ងន់ធ្ងរ ធ្វើ​ឲ្យ​ហើម​បំពង់​ខ្យល់ ពិបាក​ដង្ហើម ប្រកាច់​ជា​ដើម។ នេះ​ជា​ការ​លើក​ឡើង​របស់​លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន ឯកទេស​រោគ​កុមារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំពោះ​ករណី​កន្លែង​ចាក់​វ៉ាក់សាំង​បង្ក​ទៅ​ជា​អាប់សែ​នោះ លោកស្រី​វេជ្ជបណ្ឌិត​ថា អាប់សែ ជា​ការ​បង្ក​រោគ រលាក​ស្បែក ដែល​បញ្ហា​នេះ​អាច​បណ្តាល​មក​ពី​ការ​ចាក់​មិន​បាន​ត្រឹមត្រូវ ចាក់​ដោយ​មិន​បាន​ជូត​សម្អាត​ស្បែក​ក្មេង ចាក់​រួច​យក​របស់​មិន​ស្អាត​មក​បិទ​នៅ​មុខ​របួស ឬ​ក៏​ក្មេង​អាលែកហ៊្សី​ទៅ​នឹង​សារធាតុ​ក្នុង​វ៉ាក់​សាំង។

“កាល​ណា​កន្លែង​ចាក់​វ៉ាក់សាំង​ហើម ឱកាស​មេរោគ​វា​បង្ក ព្រោះ​អី​នៅ​នឹង​ស្បែក​យើង​សុទ្ធ​តែ​មេរោគ​ទាំង​អស់ អ៊ីចឹង​ស្បែក​បិទ​ជិត​ចឹង​ការពារ​ខ្លួន​យើង តែ​បើ​របស់​ហ្នឹង​ហើប របស់​ហ្នឹង​ហើម មេរោគ​នៅ​ជិត​ហ្នឹង​មាន​ឱកាស​បង្ក​ទៅ​រលាក មាន​ន័យថា កង្វះ​អនាម័យ​ហើយ ដែល​ធ្វើ​ឲ្យ​មាន​អាប់សែ”។

ចំពោះ​វិធី​ថែ​កន្លែង​ចាក់​វ៉ាក់សាំង​កុំ​ឲ្យ​ក្លាយ​ជា​ដំបៅ​ខ្ទុះ ឬ​អាប់​សែ អ្នកគ្រូ​ពេទ្យ​ ពុំ ចន្ទ័ អនុ​ប្រធាន​មណ្ឌល​សុខភាព​ ទទួល​បន្ទុក​ចាក់​វ៉ាក់សាំង នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ខ្សាច់​កណ្ដាល​បាន​ណែនាំ​នូវ​ប៉ុន្មាន​វិធី​ខាង​ក្រោម​នេះ។

១- កុំ​ឆាប់​បក​បង់​បិទ​កន្លែង​ចាក់​ថ្នាំ​ ព្រោះ​អាច​បណ្ដាល​ឲ្យ​ហូរ​ឈាម​បាន ហើយ​ក៏​មិន​គួរ​ទុក​យូរ​ពេក​ដែរ យ៉ាង​យូរ​កន្លះ​ម៉ោង​ក្រោយ​ចាក់​។
២- កុំ​យក​ដៃ​ទៅ​ស្ទាប​អង្អែល​កន្លែង​ចាក់​ថ្នាំ ព្រោះ​ធ្វើឲ្យ​មុខ​របួស​កាន់តែ​ហើម និង​បង្ក​ទៅ​ជា​ឆ្លង​មេរោគ​ដោយសារ​ដៃ​មិន​ស្អាត។
៣- ហាម​យក​ប្រេង​កូឡា​ទៅ​លាប​កន្លែង​ចាក់​ថ្នាំ ព្រោះ​វា​មាន​សារធាតុ​ក្ដៅ​នាំ​ឲ្យ​មុខ​របួស​ទៅ​ជា​ហើម។
៤- ថ្ម បាយ ឬ​ពងទា​ក្ដៅ ហាម​យក​ទៅ​ស្អំ​កន្លែង​ចាក់​ថ្នាំ។
៥- អាច​យក​កៅអៀក​បញ្ចុះ​កម្ដៅ​បិទ​កន្លែង​ចាក់​ថ្នាំ​បាន ដើម្បី​កុំឲ្យ​មុខ​របួស​ឡើង​ហើម ឬ​ក្មេង​យក​ដៃ​ទៅ​ប៉ះ​ចុះ​ឡើង។
៦- បើ​កន្លែង​ចាក់​ថ្នាំ​មាន​លេច​ចេញ​ដូច​ពង​បែក កុំ​ច្របាច់ កុំ​ជោះ ឬ​ធ្វើ​អ្វី​ឲ្យ​បែក​ពង​នោះ​ឲ្យ​សោះ ព្រោះ​អាច​​ឆ្លង​មេរោគ។
៧- ប្រសិនបើ​មាន​ឆ្លង​មេរោគ​ក្លាយ​ជា​ដំបៅ​ហើយ ត្រូវ​ប្រញាប់​នាំ​កូន​តូច​ទៅ​ជួប​លោកគ្រូ​ពេទ្យ​ភ្លាម ដើម្បី​ព្យាបាល​ជា​បន្ទាន់។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T