វិធី១០យ៉ាង ចាត់ការជាមួយនឹងសាច់ថ្លៃខាងប្តី ឬប្រពន្ធដែលមិនពេញចិត្តអ្នក

//s9.kh1.co/bd/bdfc1112873e9f7769d564687c210944c460c13a.jpg
យល់ដឹង

 ១៦-វិច្ឆិកា-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

បញ្ហាក្រុមគ្រួសារ​ជម្លោះជាមួយសាច់ថ្លៃ គឺជារឿងដែលចៀសមិនផុត

ទោះបីជាជីវិតរៀបការគឺជារឿងរបស់មនុស្សពីរនាក់ តែវាពាក់ព័ន្ធទៅនឹងពីរគ្រួសារដែលត្រូវរស់នៅ និងមានទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយ តែមានជីវិតប្តីប្រពន្ធមិនតិចគូទេ ដែលតែងតែមានបញ្ហាដោយសារតែសាច់ថ្លៃអុចអាលចាក់រុក និងបង្កបញ្ហាដល់ជីវិតប្តីប្រពន្ធអ្នក ព្រោះតែពួកគេអាចនឹងមិនចូលចិត្ត និងស្អប់ ប្តី​ ឬប្រពន្ធរបស់អ្នក ដែលរឿងនេះរមែងតែងតែកើតឡើងស្ទើរតែគ្រប់ក្រុមគ្រួសារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះប្រសិនជាសាច់ថ្លៃ​ខាងប្តី ឬប្រពន្ធរបស់អ្នកតែងតែរករឿង និងមិនចូលចិត្តអ្នក អ្នកត្រូវដឹងពីវិធីដោះស្រាយជាបន្ទាន់​ព្រោះការប្រកាន់ចិត្តស្អប់ និងប្រកាន់បែបនេះ មិនត្រឹមតែធ្វើឱ្យអ្នក និងសាច់ញាតិខាងប្តី ឬប្រពន្ធមិនត្រូវគ្នាទេ តែវានឹងធ្វើឱ្យជីវិតប្តីប្រពន្ធអ្នកមានបញ្ហាមិនលោះពេល ថែមទាំងប្រឈមមុខនឹងការបែកបាក់គ្នា ដោយសារតែការប្រកាន់សាច់ញាតិខ្ញុំ សាច់ញាតិអ្នករៀងៗខ្លួន។

ហេតុនេះហើយ ថ្ងៃនេះយើងខ្ញុំនឹងលើកឡើងពីវិធីដោះស្រាយបញ្ហាពេលដែលសាច់ថ្លៃមានការមិនពេញចិត្តអ្នក​ទាំង១០ចំណុច ខាងក្រោម ៖

១. កុំឱ្យប្តី​​ ឬប្រពន្ធអ្នកជ្រើសរើសរវាងអ្នក និងក្រុមគ្រួសារគេ

ត្បិតតែអ្នកជាប្តីប្រពន្ធដែលរួមចិត្តរួមកាយតែមួយ ​តែមិនមែនបានន័យថាអ្នកមានសិទ្ធបង្ខំឱ្យគេជ្រើសរើសអ្នកតែម្នាក់ជាម្ចាស់ជីវិតដែរ។ ដូច្នេះទោះអ្នកមានជម្លោះជាមួយសាច់ថ្លៃ ឬមានរឿងមិនពេញចិត្តក្តី ពួកគេនៅតែជាសាច់ញាតិនឹងគ្នា ដូចពាក្យចាស់ថាកាត់ទឹកមិនដាច់កាត់សាច់វាឈឺ ដែលអ្នកមិនអាចបង្ខំឱ្យប្តី​ ឬប្រពន្ធអ្នកជ្រើសរើសរវាងអ្នក និងក្រុមគ្រួសារដែរ ព្រោះវានឹងធ្វើឱ្យប្តី ឬប្រពន្ធអ្នកស្ថិតនៅក្នុងស្ថានភាពពិបាក ម្ខាងជាប្តីប្រពន្ធ ម្ខាងជាសាច់ញាតិ ថែមទាំងធ្វើឱ្យដៃគូអ្នកបាត់បង់ទំនុកចិត្តលើអ្នកទៀត។ បើធ្វើបែបនេះបាន ប្តី​ ឬប្រពន្ធអ្នក នឹងមើលមកអ្នកថាជាមនុស្សល្អ និងមានអារម្មណ៍ថាខ្លាចចិត្តអ្នកជាមិនខាន។

២. កុំយករឿងគ្រួសារប្រាប់ម្តាយឪពុកអ្នកបង្កើត

មិនថាមានបញ្ហា ឬជម្លោះជាមួយខាងសាច់ថ្លៃបែបណា ក៏និយាយ ពិភាក្សា និងស្វែងរកដំណោះស្រាយតែជាមួយប្តី ឬប្រពន្ធអ្នកជារឿងល្អបំផុត។ ការពាំនាំរឿងរ៉ាវក្នុងផ្ទះ ទៅប្រាប់ម្តាយឪពុករបស់អ្នក នឹងធ្វើឱ្យរឿងកាន់តែវែងឆ្ងាយ ហើយម្តាយឪពុក និងក្រុមគ្រួសាររបស់អ្នក មិនថាអ្នកល្អ​​ ឬអាក្រក់ ក៏អ្នកជាក្រុមគ្រួសារអ្នកតែងតែមានចិត្តលំអៀង និងកាន់ជើងអ្នកដែរ ដែលនឹងនាំឱ្យមានចិត្តប្រកាន់ចិត្តស្អប់ គុំគូន ដល់គ្រួសារសាច់ថ្លៃជាមិនខាន ហើយវាក៏ជាជាមូលហេតុធ្វើឱ្យចាស់ៗមើលមុខគ្នាមិនចំ ពិសេសអ្នកនឹងក្លាយជាបុគ្គលដែលមាត់ច្រើននាំរឿងឱ្យកាន់តែក្តៅ និងមានបញ្ហាកាន់តែធំ។ ការខាំមាត់សង្កត់ចិត្តលាក់ទុកតែម្នាក់ឯង​ ឬ២នាក់ប្តីប្រពន្ធអ្នក នឹងធ្វើឱ្យប្តី ឬប្រពន្ធអ្នកមានចិត្តអាណិតអ្នកវិញជាមិនខាន។

៣. បើកចិត្តស្គាល់ពួកគេឱ្យកាន់តែច្រើន

មានគូស្នេហ៍ប្តីប្រពន្ធមិនតិចនាក់នោះទេ នៅពេលដែលដឹងថាម្តាយឪពុកក្មេង ឬសាច់ថ្លៃមិនពេញចិត្តនឹងខ្លួន តែបែរជាព្យាយាមឃ្លាតឆ្ងាយ ដើរចេញ ហើយចៀសមិននិយាយជាមួយ ដែលនាំឱ្យទំនាក់ទំនងរវាងសាច់ថ្លៃកាន់តែមានបញ្ហា និងឃ្លាតឆ្ងាយ។ តែបើគិតត្រលប់មកវិញ ក៏មានបញ្ហារវាងសាច់ថ្លៃ អាចបណ្តាលមកពីអ្នកមិនទាន់យល់ចិត្តគ្នា មិនទាន់ស្គាល់គ្នាច្បាស់ ឬមានបញ្ហាដែលយល់ច្រលំជាមិនខាន ដូច្នេះការបើកចិត្តនិយាយជាមួយ និងព្យាយាមស្គាល់ពួកគេកាន់តែច្បាស់ អាចឱ្យអ្នកស្វែងយល់ពីកំហុសឆ្គង និងចំណុចខ្វះខាតរវាងគ្នានឹងគ្នា ហើយកែប្រែទំនាក់ទំនងសាច់ថ្លៃកាន់តែប្រសើរជាមុន ឬចាប់ផ្តើមចូលចិត្តគ្នាវិញក៏ថាបាន។

កុំយករឿងគ្រួសារប្រាប់ម្តាយឪពុកអ្នកបង្កើត
កុំយករឿងគ្រួសារប្រាប់ម្តាយឪពុកអ្នកបង្កើត

៤. កំណត់ព្រំដែនច្បាស់មួយ

ទោះអ្នក និងសាច់ថ្លៃខាងប្តី ឬប្រពន្ធរបស់អ្នកមិនសូវត្រូវគ្នា និងមិនចូលចិត្តគ្នា តែក៏មិនត្រូវកាត់ផ្តាច់ទំនាក់ទំនងមួយនេះឡើយ អ្នកត្រូវតែកំណត់ព្រំដែនច្បាស់មួយរវាងអ្នក និងសាច់ថ្លៃ។ អ្នកអាចឆ្លៀតរកពេលនិយាយជាមួយគ្រួសារខាងសាច់ថ្លៃ ឱ្យពួកគេយល់ពីគំនិតអ្នក ហើយក្នុងករណីដែលពួកគេចង់ដឹងចង់ជ្រៀតជ្រែករឿងប្តីប្រពន្ធរបស់អ្នក​​ អ្នកអាចពិភាក្សាតទល់គ្នា កំណត់ព្រំដែនថារឿងណាដែលពួកគេគួរលូកដៃចូល រឿងណាខ្លះដែលពួកគេគួរគោរពសិទ្ធបុគ្គលរបស់ប្តីប្រពន្ធរបស់អ្នក។

ការកំណត់ និងនិយាយឱ្យច្បាស់បែបនេះ​ ទោះអ្នក និងសាច់ថ្លៃមិនចូលចិត្តគ្នា ឬមិនស្និទ្ធស្នាលគ្នាយ៉ាងណាក៏ដោយ តែអ្នកអាចចៀងវាងជម្លោះ និងការមើលមុខគ្នាមិនចំបាន។

៥. ចំណាយពេលវេលាណាមួយរួមគ្នា

ដ្បិតតែអ្នក និងសាច់ថ្លៃ មិនចូលចិត្តគ្នាយ៉ាងណាក៏ដោយ នៅក្នុងនាមជាសាច់ញាតិរបស់ប្តី​ ឬប្រពន្ធអ្នក ពិតជាមិនអាចចៀសផុតថាមិនជួបមុខគ្នា ឬមិននិយាយគ្នាសោះដែរ។ អ្នកត្រូវកំណត់ និងមានពេលវេលាដែលអាចចូលរួមជាមួយគ្នា ទោះមិនចូលចិត្តគ្នា មិនត្រូវគ្នាក៏ដោយ ដូចជាពេលវេលាជាក់លាក់ដែលអាចរួមតុអាហារជាមួយគ្នាបានរាល់ពេល ឬពេលជួបមុខគ្នាក៏មិនចាំបាច់ស៊ីសាច់ហុតឈាមគ្នាគ្រប់ពេលដែរ អាចនិយាយបានថាទុកមុខរាប់គ្នាដែរ។

ដូច្នេះទោះមិនចូលចិត្តគ្នា អ្នកត្រូវផ្តល់ការគោរពដោយការចូលរួមជាមួយគ្នាចុះ ព្រោះការដែលមិនចូលចិត្តហើយបែរជាគេចមុខ មិនចូលរួមជាមួយពួកគេ ពួកគេនឹងយល់ថាអ្នកឈ្លើយ ឬមិនគោរព និងឱ្យតម្លៃសាច់ថ្លៃ។

៦. ដឹងពីតួនាទីខ្លួនឯង

ជាប្តីប្រពន្ធនឹងគ្នា មិនប្រាកដថាត្រូវតែកាន់ជើងគ្នាគ្រប់រឿងនោះទេ។ ដូចក្នុងករណី ប្តី​ ឬប្រពន្ធអ្នកកំពុងតែមានបញ្ហា ឬជម្លោះជាមួយគ្រួសារ និងសាច់ញាតិរបស់គេ អ្នកត្រូវដឹងពីតួនាទីរបស់អ្នក បើរឿងណាអាចជួយបានក៏ជួយ បើរឿងណាមិនសមអ្នកមិនគួរលូកដៃក្នុងជម្លោះគ្រួសារគេនោះទេ។​ ជាពិសេសប្រសិនជាប្តី ឬប្រពន្ធអ្នកមានជម្លោះជាមួយសាច់ញាតិ ដែលមិនពេញចិត្តអ្នកនោះ អ្នកត្រូវប្រកាន់ចិត្ត កណ្តាល រកខុសរកត្រូវ មិនអាចយកគំនុំ ឬរឿងផ្ទាល់ខ្លួន មកអុចអាលប្តី ឬប្រពន្ធអ្នកបន្ថែមឱ្យកាន់តែមានជម្លោះ ឬស្អប់សាច់ញាតិគេនោះទេ។ បន្ថែមពីនោះ រឿងគ្រួសារខ្លះឱ្យពួកគេដោះស្រាយដោយគេផ្ទាល់ចុះ អ្នកមិនលូកដៃ ឬវិភាគបាននោះទេ ត្រូវគោរពការសម្រេចចិត្តរបស់ប្តី​ ឬប្រពន្ធអ្នក។

ដឹងពីតួនាទីខ្លួនឯង
ដឹងពីតួនាទីខ្លួនឯង

៧. ធ្វើតាមទម្លាប់គ្រួសាររបស់គេ

គ្រួសារនីមួយៗ តែងតែមានទម្លាប់ និងច្បាប់គ្រួសារខុសៗគ្នា ដែលអ្នកតែងតែដឹងហើយមុន ហើយព្រមទទួលយកហើយនឹងរៀបការជាមួយប្តី ឬប្រពន្ធរបស់អ្នក ។ ដូច្នេះចូលស្ទឹងតាមបទ ចូលស្រុកតាមទេស អ្នកត្រូវតែគោរព និងធ្វើតាមច្បាប់ទម្លាប់គ្រួសាររបស់គេ ដែលតែងតែធ្វើជាប្រចាំ ដោយមិនត្រូវបង្ហាញអារម្មណ៍​ ឬទង្វើប្រឆាំងនោះទេ។

ការបង្ហាញនូវការគោរព និងធ្វើទៅតាមច្បាប់ទម្លាប់ របស់គ្រួសារខាងសាច់ថ្លៃរបស់អ្នកនោះ នឹងធ្វើឱ្យពួកគេពិចារណាទៅលើអ្នក និងមើលអ្នកទៅផ្លូវវិជ្ជមានវិញ រហូតអាចនឹងបន្ទន់ចិត្ត និងចូលចិត្តអ្នកវិញក៏ថាបាន។

៨. ធ្វើកុំខ្វល់ខ្លះក៏ល្អ

ការមិនពេញចិត្តចំពោះសាច់ថ្លៃ វាមិនមែនជារឿងថ្មីនោះទេ វាកើតឡើងសឹងតែគ្រប់គ្រួសារ ដូច្នេះមិនថាពូកគេនិយាយអ្វី​ឬធ្វើអ្វីនោះទេ ការធ្វើចិត្តត្រជាក់មិនខឹង មិនតបតខ្លះពិតជារឿងល្អមែនទែន។ ពួកគេគ្រាន់តែជាសាច់ថ្លៃ មិនមែនជាម្តាយឪពុកអ្នក មិនមែនប្តី​ ឬប្រពន្ធអ្នកឡើយ រឿងខ្លះមិនគួរខ្វល់​​​ ឬយកមកដាក់ក្នុងចិត្តនាំកង្វល់ទេ ការធ្វើហីៗគឺជាវិធីចៀសវាងជម្លោះល្អបំផុត។

៩. បើកចិត្តនិយាយជាមួយប្តី​ ឬប្រពន្ធអ្នក

ប្រសិនជាអ្នកតែងតែមានរឿងមិនពេញចិត្ត ឬមានបញ្ហាជាមួយសាច់ថ្លៃ អ្នកមិនអាចលាក់ទុកក្នុងចិត្តច្រើនពេកនាំតែហ្មងសៅ ហើយសន្សំចិត្តគុំគួននោះឡើយ អ្នកត្រូវរកពេលនិយាយ និងពិភាក្សាជាមួយប្តី​ ឬប្រពន្ធអ្នកឱ្យយល់ពីចិត្ត និងការលំបាករបស់អ្នក។ ការបើកចិត្តនិយាយគ្នាបែបនេះធ្វើឱ្យប្តី ឬប្រពន្ធរបស់អ្នកយល់ពីទុក្ខលំបាករបស់អ្នក និងមានចិត្តអាណិតអ្នកកាន់តែខ្លាំង ពិសេសថែមទាំងអាចការពារការយល់ច្រលំណាមួយដែលសាច់ថ្លៃចាក់រុកអុចអាលប្តី ឬប្រពន្ធអ្នកផងដែរ។

ថាមិនត្រូវ ដោយសារតែការចេះគិត និងភាពឆ្លាតវៃ របស់ប្តី ឬប្រពន្ធរបស់អ្នកនោះ ពួកគេអាចជាផ្លូវនាំមកនូវការផ្សះផ្សារសម្រុះសម្រួលគ្នាផងដែរ ដោយការនិយាយប្រាប់ម្តាយឪពុក និងសាច់ញាតិរបស់ពួកគេឱ្យយល់ពីផលវិបាករបស់អ្នករហូតស្វែងរកដំណោះស្រាយ ដល់ត្រូវរ៉ូវគ្នាក៏ថាបាន។

ធ្វើកុំខ្វល់ខ្លះក៏ល្អ
ធ្វើកុំខ្វល់ខ្លះក៏ល្អ

១០.​ រក្សាភាពល្អមិនប្រែប្រួល

គេថាល្អមិនឈ្នះអាក្រក់ទេ ហើយការធ្វើតែអំពើល្អយូរៗទៅគង់អីនឹងអាចឈ្នះចិត្តមនុស្សបាន។ ដូច្នេះមិនថាសាច់ថ្លៃរបស់អ្នកស្អប់អ្នក មិនចូលចិត្តអ្នក ឬអាចនឹកចេះតែរករឿងអ្នក​ អ្នកត្រូវតែប្រកាន់ចិត្តមិនប្រកាន់ ញញឹមតបត មិនបង្កជម្លោះវិញ ហើយបង្ហាញការគោរពដល់ពួកគេដូចមិនមានរឿងអ្វីកើតឡើង។ ការធ្វើចិត្តល្អ និងស្ងប់ដូចទឹកបែបនេះ នឹងធ្វើឱ្យប្តី ឬប្រពន្ធរបស់អ្នកមានចិត្តអាណិតស្រលាញ់អ្នកកាន់តែច្រើន ជាពិសេសសាច់ថ្លៃរបស់អ្នកអាចនឹងភ្ញាក់ដឹងខ្លួន និងមើលឃើញអំពើល្អរបស់អ្នកជាមិនខាន៕

រក្សាភាពល្អកុំតបត
រក្សាភាពល្អកុំតបត
Kos Leakkana
កោះ លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T