បើសម្រេចចិត្តរៀបការ ស្រីៗហាមរំពឹងទុកចង់បានរឿងទាំងនេះពីស្វាមីឱ្យសោះ ប្រាកដជាខកបំណងហើយ

//s9.kh1.co/49/49ebc2e1e2fcdcc926f02346799d783be328a51f.jpg
យល់ដឹង

 ១៤-វិច្ឆិកា-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

កុំឱ្យជីវិតរៀបការមានបញ្ហា មុនរៀបការត្រូវធ្វើចិត្តមុន និងហាមរំពឹងទុកចំពោះរឿងទាំង៩យ៉ាងនេះឱ្យសោះ

មុនរៀបការ បានន័យថាភាគីទាំង២ មានចំណុចរួមគ្នា ត្រូវគ្នា ដែលអាចរួមរស់ និងសាងគ្រួសារដ៏មានសុភមង្គលហើយ។ ការរំពឹងទុកមុន និងពិភាក្សាគ្នាពីការចង់បានរៀងៗខ្លួន មុនរៀបការវាមិនមែនជារឿងមិនល្អឡើយ ដោយការរំពឹងទុកចង់បានដ៏ល្អដែលគូស្នេហ៍ទាំងអស់ចង់បានគឺ ស្នេហាពិត ភាពស្មោះត្រង់ ការគោរពឱ្យតម្លៃគ្នា ការអត់ធ្មត់ និងការអត់ឱនឱ្យគ្នាជាដើម។ តែនៅក្នុងនោះ ការរំពឹងទុក និងចង់បានខ្លះ វាហាក់បីដូចជាមិនសមហេតុផល និងមិនអាចទៅរួចនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=612,h=408,q=100/98/986348d2008d13be34a69746088bbd17d0802174.jpg

ដូច្នេះកុំឱ្យជីវិតរៀបការមានបញ្ហា មុនរៀបការត្រូវធ្វើចិត្តមុន និងហាមរំពឹងទុកចំពោះរឿងទាំង៩យ៉ាងនេះឱ្យសោះ ៖

១. កុំរំពឹងទុកឱ្យស្វាមីអ្នកជ្រើសរើសរវាងអ្នក និងម្តាយរបស់គាត់

ម្តាយរបស់គាត់ជាអ្នកបង្កើតគាត់ មើលថែគាត់ និងចិញ្ចឹមបីបាច់គាត់ ហើយម្តាយជាមនុស្សស្រីដែលមនុស្សប្រុសស្រលាញ់ខ្លាំងបំផុតនៅលើលោក។ ដូច្នេះមិនថាម្តាយរបស់ស្វាមីអ្នកមិនពេញចិត្តអ្នក ​ឬអ្នកមិនពេញចិត្តម្តាយគាត់យ៉ាងណាក៏ដោយ​​ អ្នកមិនអាចបង្ខំឱ្យគាត់ជ្រើសរើសរវាងអ្នក និងគាត់ឡើយ ហើយអ្នកក៏មិនត្រូវឱ្យស្វាមីអ្នកស្ថិតនៅក្នុងស្ថានភាពបែបនេះទេ។ យកល្អបើមិនត្រូវគ្នា ឬមិនពេញចិត្តគ្នាក៏ដោយ កុំតែបង្ករឿងតបត ក៏អាចដោះស្រាយបានទៅហើយ។

២. កុំរំពឹងទុកឱ្យស្វាមីអ្នកដូចជាមិត្តជិតស្និទ្ធស្រីរបស់អ្នក

ជាមិត្តភក្តិស្រីនឹងគ្នាតែងតែមានរឿងទាក់ទងនឹងរឿងស្រីៗនិយាយគ្នា ដូចជាវិភាគរឿងគេ និយាយដើមគេ ឬរឿងផ្សេងៗជាដើមដែលគេនិយមហៅថាស៊ីត្រាវ។ ប្រសិនជាអ្នកចង់ឱ្យស្វាមីរបស់អ្នកធ្វើខ្លួនដូចជាមិត្តរបស់អ្នក និងនិយាយជាមួយអ្នកក្នុងរឿងស្រីៗបែបនេះ ប្រហែលជាខកបំណងហើយ មនុស្សប្រុសមិនចូលចិត្តរឿងស្រីៗដែលអត់បានការបែបនេះឡើយ។

៣. កុំរំពឹងទុក ដោយហាមស្វាមីមិនឱ្យមើលស្រីផ្សេង

វាជាធម្មជាតិមនុស្សប្រុសទៅហើយ មនុស្សប្រុសណាដែលថាមិនចូលចិត្តមើលស្រីស្អាត និងចាប់អារម្មណ៍ទៅលើរូបរាងស្រីនោះ តែចូលចិត្តមិនប្រាកដថាចង់បាននោះទេ។ ដូច្នេះវាហាក់ដូចជារឿងល្ងង់ខ្លៅណាស់ ដែលអ្នកបែរជារំពឹងទុកឱ្យស្វាមីអ្នកមើលតែអ្នកម្នាក់ និងហាមមើលស្រីផ្សេងនោះ វាមិនអាចទៅរួចនោះឡើយ។

កុំរំពឹងទុក ដោយហាមស្វាមីមិនឱ្យមើលស្រីផ្សេង
កុំរំពឹងទុក ដោយហាមស្វាមីមិនឱ្យមើលស្រីផ្សេង

៤. កុំរំពឹងទុកឱ្យស្វាមីអ្នកបោះបង់ក្តីស្រមៃរបស់គាត់

ដ្បិតតែអ្នកជាស្វាមីភរិយា ក៏មិនមែនបានន័យថាអ្នកជាម្ចាស់ជីវិតរបស់គាត់នោះឡើយ ដូច្នេះអ្នកមិនអាចហាមគាត់ឱ្យឈប់ធ្វើរឿងដែលគាត់ចង់ធ្វើ ​និងក្តីស្រមៃដែលគាត់ប្រឹងប្រែងសម្រេចវាឱ្យបាននោះទេ ។ ទោះអ្នកមិនពេញចិត្តនូវអ្វីដែលគាត់ធ្វើ​ ឬមិនចូលចិត្តអ្វីដែលគាត់កំពុងតែធ្វើ តែអ្នកមិនអាចហាមឃាត់គាត់ឱ្យបញ្ឈប់ក្តីស្រមៃមួយនេះទេ​ ព្រោះវាជាបំណងរបស់គាត់ ហើយការហាមឃាត់បែបនេះ វាមិនខុសអីពីបង្ខំឱ្យគាត់បោះបង់ខ្លួនឯងចោលនោះឡើយ។

៥. កុំរំពឹងទុកឱ្យស្វាមីអ្នកផ្លាស់ប្តូរទៅជាអ្នកផ្សេង

អ្នករៀបការជាមួយបុរសម្នាក់នេះ ហើយបានន័យថាអ្នកពេញចិត្តគ្រប់យ៉ាងរបស់បុរសម្នាក់នេះ វាហាក់បីដូចជាចម្លែកពេកហើយដែលអ្នកចង់ឱ្យគាត់ធ្វើដូចអ្នកនេះ ធ្វើដូចអ្នកនោះ។ គាត់គឺជាគាត់​ជាមនុស្សដែលអ្នកបានជ្រើសរើស អ្នកមិនអាចបង្ខំគាត់ឱ្យផ្លាស់ប្តូរចរិតពិតរបស់គាត់ទេ ហើយរឹតតែមិនត្រូវយកស្វាមីអ្នកទៅប្រៀបធៀបនឹងអ្នកដទៃ និងធ្វើដូចអ្នកដទៃនោះដែរ។

៦. កុំរំពឹងទុកថាឱ្យស្វាមីអ្នកឈប់ទាក់ទងមិត្តភក្តិ

មនុស្សប្រុសអាចនិយាយបានថាជាមនុស្សដែលស្រលាញ់មិត្តភាព ហើយគេក៏មានមិត្តភក្តិរាប់អានច្រើនដែរ តែមិនប្រាកដថាមិត្តរបស់ស្វាមីអ្នកទាំងអស់សុទ្ធតែល្អ និងធ្វើឱ្យអ្នកចូលចិត្តនោះទេ។ អាចថាមានមិត្តខ្លះអ្នកក៏ចូលចិត្ត មិត្តខ្លះក៏មិនចូលចិត្ត តែទោះជាចូលចិត្ត ឬមិនចូលចិត្ត​ អ្នកគ្មានសិទ្ធហាមស្វាមីអ្នកឱ្យឈប់ទាក់ទងជាមួយមិត្តភក្តិគេឡើយ វាជារឿងមិនសមហេតុផល។

កុំរំពឹងទុកថាឱ្យស្វាមីអ្នកឈប់ទាក់ទងមិត្តភក្តិ
កុំរំពឹងទុកថាឱ្យស្វាមីអ្នកឈប់ទាក់ទងមិត្តភក្តិ

៧. កុំរំពឹងទុកឱ្យស្វាមីអ្នកចងចាំគ្រប់រឿង

ជីវិតស្វាមីភរិយា មិនមែនចេះតែមានពេលលួងលោម ផ្អែមល្អែម និងយកចិត្តគ្នាគ្រប់តែពេលទេ គឺម្នាក់ៗសុទ្ធតែមានការរវល់នៅក្នុងការកសាងគ្រួសារ និងប្រឹងប្រែងរកលុយដើម្បីអនាគតរៀងៗខ្លួន។ ដូច្នេះអ្នកមិនអាចឱ្យស្វាមីអ្នកចេះតែខ្វល់ពីអ្នកគ្រប់ពេល ឬចងចាំរឿងតូចៗដែលអ្នកធ្លាប់បានសាងរួមគ្នាទេ រឿងដែលគួរអត់ឱនបានខ្លះគួរតែអត់ឱនទៅ។

៨. កុំរំពឹងទុកឱ្យស្វាមីរបស់អ្នកមានចំណង់ចំណូលចិត្តដូចអ្នក

ទោះជារៀបការជាប្តីប្រពន្ធ តែអ្នកទាំង២​គឺជាមនុស្ស២នាក់ខុសគ្នា ការគិតក៏ខុសគ្នា ចំណង់ចំណូលចិត្តក៏ផ្សេងគ្នា។ ទោះអ្នកមានចំណង់ចំណូលចិត្ត​លើអ្វីមួយ ឬចូលចិត្តធ្វើអ្វីមួយ អ្នកមិនអាចបង្ខំឱ្យស្វាមីអ្នកចូលចិត្តដូចអ្នកឡើយ អ្នកទាំង២មានសិទ្ធស្រលាញ់ ចូលចិត្ត និងធ្វើអ្វីដែលជាចំណូលចិត្តផ្សេងគ្នាបាន។

៩. កុំរំពឹងទុកឱ្យស្វាមីរបស់អ្នកកែតម្រូវអ្នក

ស្ថិតនៅក្នុងដំណាក់កាលរៀបការជាប្តីប្រពន្ធទៅហើយ បានន័យថាអ្នកទាំង២មានចំណុចល្អគ្រប់គ្រាន់ដែលអាចរួមរស់ជាមួយគ្នាបានហើយ ដូច្នេះគ្មានអ្វីដែលអ្នកត្រូវរង់ចាំឱ្យគាត់ជួយណែនាំ​ ឬកែលម្អបន្ថែមនោះទេ។​​​ អ្នកត្រូវបង្ហាញថាអ្នកជាមនុស្សស្រីល្អ ឆ្លាតវៃ និងមានសមត្ថភាពជ្រោមជ្រែងស្វាមីខ្លួនឯងឱ្យមានភាពជោគជ័យ និងរួមដៃគ្នាកសាងគ្រួសារដ៏មានសុភមង្គលជាមួយគ្នា៕

កុំរំពឹងទុកឱ្យស្វាមីរបស់អ្នកកែតម្រូវអ្នក
កុំរំពឹងទុកឱ្យស្វាមីរបស់អ្នកកែតម្រូវអ្នក
Kos Leakkana
កោះ លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T