សាកល្បងចូលទៅក្នុងសង្គម និងជួបមនុស្សថ្មីៗ ត្រូវតែប្រយ័ត្នខ្លួនជានិច្ចចំពោះចំណុចទាំង១០នេះ

//s9.kh1.co/8c/8cd4b4496e131f45833d8aaa8c9fb8c1a482789f.jpg
យល់ដឹង

 ១៤-វិច្ឆិកា-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

រៀនចូលទៅក្នុងសង្គមជារឿងល្អ តែត្រូវតែប្រុងប្រយ័ត្នជានិច្ច និងមិនត្រូវទុកចិត្តនរណាផ្តេសផ្តាសនោះទេ

ការចូលរួមក្នុងសង្គម ​ធ្វើកិច្ចការសង្គម និងប្រឡូកក្នុងសង្គមឱ្យបានច្រើន អាចធ្វើឱ្យអ្នកមានទំនាក់ទំនងកាន់តែល្អជាមួយមនុស្សទូទៅ ស្គាល់គេឯងច្រើន ​ទទួលបានបទពិសោធន៍ជីវិតដែលមិនធ្លាប់ជួបប្រទះ និងមេរៀនសំខាន់ផ្សេងៗដើម្បីអភរិវឌ្ឍន៍ខ្លួនឯង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែទោះបីជាការប្រឡូកក្នុងសង្គមមនុស្ស គឺជារឿងល្អក៏ពិតមែន តែក្នុងសង្គមមានមនុស្សច្រើនប្រភេទណាស់ដែលអ្នកមិនអាចមើលចិត្តគេធ្លុះនោះឡើយ អ្នកអាចនឹងត្រូវរងគ្រោះ និងត្រូវគេចាក់ពីក្រោយយ៉ាងសាហាវ ប្រសិនណាជាអ្នកមិនចេះប្រយ័ត្នប្រយែងខ្លួនឱ្យបានច្រើនទេ។

ដូច្នេះមកសិក្សាពី១០ចំណុច ដែលអ្នកត្រូវប្រុងប្រយ័ត្នជានិច្ចពេលចូលទៅក្នុងសង្គមមនុស្ស ៖

១.កុំឱ្យគេដឹងអាថ៌កំបាំងរបស់អ្នក

វាជារឿងដែលអ្នកមិនគួរឱ្យកើតមានទាល់តែសោះ ក្នុងពេលដែលអ្នកទើបតែស្គាល់នរណាម្នាក់ ឬត្រឹមតែជាមនុស្សដែលស្គាល់គ្នារាប់អានគ្នាធម្មតា តែអ្នកបែរជាយករឿងអតីតកាល ភាពឈឺចាប់ ចំណុចខ្សោយរបស់ខ្លួន​​​ ឬអាថ៌កំបាំងរបស់ខ្លួនប្រាប់ដល់គេនោះ។ មនុស្សនៅក្នុងសង្គមមានច្រើនប្រភេទណាស់ ដែលអ្នកមិនគួរទុកចិត្តប្រាប់គ្រប់យ៉ាងទាំងអស់នោះទេ ថាមិនបានពួកគេអាចយកអាថ៌កំបាំងរបស់អ្នកទៅនិយាយដើម យកមកធ្វើជាចំណុចខ្សោយមកជាន់ ឬចាក់អ្នកពីក្រោយក៏ថាបាន។

២. មនុស្សខ្លះមិនចង់រាប់យើងជាមិត្ត

នៅក្នុងពេលដែលទើបតែប្រឡូកនៅក្នុងសង្គម ​អ្នកអាចនឹងជួបមនុស្សច្រើន ដោយអ្នកខ្លះអាចនឹងចង់រាប់អានអ្នកដោយស្មោះ អ្នកខ្លះមិនចង់រាប់អានអ្នកនោះទេ តែអ្នកខ្លះទៀតល្អតែពីមុខអ្នកតែសម្តែងការមិនពេញចិត្តនៅពីក្រោយខ្នង ។ ដូច្នេះអ្នកមិនអាចទៅឆាប់ស្និទ្ធស្នាល ឬទុកចិត្តអ្នកណាម្នាក់ខ្លាំងពេកនោះទេ ទោះអ្នកខ្លះមើលទៅអាចរាប់ជាមិត្តក៏ដោយ ព្រោះពេលខ្លះគេអាចនឹងកំពុងតែចង់តាមដាន ចង់ដឹងកកូរកកាយរឿងរបស់អ្នកដើម្បីជាប្រយោជន៍ណាមួយក៏ថាបាន។

៣. ចង់បានប្រយោជន៍ពីអ្នក

នៅក្នុងសង្គមមិនមែនគ្រប់គ្នាមានមិត្តភាពពិតប្រាកដនោះទេ ក្នុងករណីអ្នកមានអារម្មណ៍ថាអ្នកស្គាល់គេច្រើន ឬមានអ្នកមករាប់អានច្រើន កុំទាន់អាលអរឱ្យសោះ ព្រោះអ្នកខ្លះចង់រាប់អានអ្នកព្រោះតែចង់ទាញផលប្រយោជន៍ពីអ្នកតែប៉ុណ្ណោះ ដោយអាចសម្លឹងមើលអ្នកមានទ្រព្យទ្រព្យ​​ អ្នកមានប្រយោជន៍ដែលអាចពឹងពាក់បាន ​ឬចង់បោកអ្នកប្រើជាដើម។ ដូច្នេះកុំទាន់ទុកចិត្តមនុស្សដែលរួសរាយរាប់អានអ្នក ឬអ្នកដែលមានសម្តីផ្អែមល្អែមជាមិត្តពេកអី ជួនកាលផ្អែមពេកក៏បង្កប់នូវភាពពិសពុលដែរ។

ប្រយ័ត្នមនុស្សល្អតែពីមុខអាក្រក់ក្រោយខ្នង
ប្រយ័ត្នមនុស្សល្អតែពីមុខអាក្រក់ក្រោយខ្នង

៤. អ្នកជាមនុស្សងាយរងគ្រោះ ឬទន់ជ្រាយ

កុំបង្ហាញចំណុចអវិជ្ជមានរបស់អ្នកទៅកាន់អ្នកដទៃ ហើយក៏កុំធ្វើចរិតទន់ខ្សោយឱ្យអ្នកដទៃឃើញ ព្រោះគ្មានអ្នកណាម្នាក់ចូលចិត្តមនុស្សទន់ខ្សោយ ឬទន់ជ្រាយពេកនោះទេ។ ទោះបីជាអ្នកចាប់ផ្តើមចំណងមិត្តភាពជាមួយមនុស្សក្នុងសង្គមជាមួយនឹងចរិតនឹងន ស្រគត់ស្រគំ តែត្រូវតែបង្ហាញពីភាពរឹងប៉ឺងរបស់ខ្លួន កុំធ្វើចរិតជ្រាយឱ្យគេឃើញថាអ្នកជាមនុស្សអន់ខ្សោយងាយធ្វើបាបអី ព្រោះមនុស្សទន់ខ្សោយនឹងត្រូវបានគេជន់ឈ្លីបានយ៉ាងងាយ។

៥. មិត្តអាក្រក់អាចបំផ្លាញអ្នកបាន

ចូលនៅក្នុងសង្គមមួយនេះ អ្នកគួរតែស្គាល់មនុស្ស និងរាប់អានគេឯងឱ្យបានច្រើន តែអ្នកមិនអាចរាប់អានអ្នកណាជាមិត្តដោយងាយៗនោះទេ។ មិត្តល្អៗកម្រនឹងរកបានណាស់ តែក្នុងសង្គមនេះសម្បូរទៅដោយមិត្តភាពក្លែងក្លាយស្ទើរតែមើលមិនដឹង ដោយមិត្តទាំងនោះអាចនឹងធ្វើល្អដាក់អ្នកគ្រប់យ៉ាងរហូតអ្នកមិនអាចមើលធ្លុះ តែពីក្រោយនោះគេគឺជាមនុស្សដែលយកទំនុកចិត្ត ភាពជឿជាក់ និងរឿងអាថ៌កំបាំងរបស់អ្នក បកមកខាំ និងបំផ្លាញអ្នកវិញក៏មាន។

៦. បង្ហាញរឿងផ្ទាល់ខ្លួនពេកធ្វើឱ្យគ្រប់គ្នាឃ្លាតឆ្ងាយ

គ្មានអ្នកណាកើតមកល្អឥតខ្ចោះទេ ​អ្នកណាក៏ធ្លាប់មានកំហុស និងអតីតកាលមិនល្អកើតឡើងដែរ ​ហើយទោះបីជាវាជារឿងកន្លងផុត ឬបានដោះស្រាយរួចរាល់អស់ តែមិនប្រាកដថាអ្នកត្រូវតែនិយាយរឿងខ្លួនឯងប្រាប់គេឯងគ្រប់គ្នានោះទេ។ ដឹងទេអតីតកាលរបស់អ្នក ពេលខ្លះអ្នកនឹងបំភ័យឱ្យគេគ្រប់គ្នាខ្លាច រអារ ឬចាកចាញឆ្ងាយមិនហ៊ានរាប់អានអ្នកបានផងដែរ ដូច្នេះទោះការចូលក្នុងសង្គមជាការបើកចិត្ត និងអាចរកគ្នាពិភាក្សាគ្នាបានក៏ពិតមែន តែក៏មិនត្រូវទុកចិត្តអ្នកណាលឿនពេកនោះទេ ពិសេសរឿងណាគួរតែនិយាយបានក៏និយាយ បើរឿងណាដែលអាចបំភ្លេចចោលកប់ទុកបាន ក៏កុំនិយាយប្រាប់អ្នកណាឱ្យសោះ។

៧. អ្វីៗក៏ដោយត្រូវការពេលវេលាដើម្បីបង្កើតទំនុកចិត្ត

គេថាមិត្តភាពទាំងអស់ត្រូវការពេលវេលាច្រើនណាស់ដើម្បីកសាងទំនុកចិត្ត ដូច្នេះមិនថាមានអ្នកមកល្អ បង្ហាញភាពស្មោះត្រង់ ឬមើលទៅទំនងអាចរាប់អានទុកចិត្តក៏ដោយ អ្នកមិនត្រូវជឿជាក់ ឬទុកចិត្តនរណាម្នាក់ដោយងាយនោះទេនៅក្នុងសង្គមមួយនេះ។ អ្នកអាចនឹងរាប់អានមនុស្សបានច្រើននៅក្នុងសង្គម តែក៏កុំចេះតែទុកចិត្តអ្នកណាពេកអី ត្រូវចេះមានផ្លូវក្រោយ និងត្រូវតែចេះប្រយ័ត្នប្រយែងខ្លួនឯងឱ្យមែនទែន។

ត្រូវ្ការពេលវេលាបង្កើនទំនុកចិត្ត
ត្រូវ្ការពេលវេលាបង្កើនទំនុកចិត្ត

៨. កាន់តែធ្លាប់ឈឺចាប់​ ឬត្រូវគេធ្វើបាប កាន់តែកុំទុកចិត្តនរណា

ជឿថាមនុស្សម្នាក់ៗសុទ្ធតែមានរឿងខកបំណង ជួបរឿងឈឺចាប់ និងត្រូវគេធ្វើបាបចៀសមិនផុត មិនថាស្នេហា ឬមិត្តភាព។ ដូច្នេះនៅពេលដែលអ្នកធ្លាប់រងរបួសផ្លូវចិត្តមួយនេះហើយ អ្នកត្រូវតែមើលមនុស្សក្នុងសង្គមឱ្យកាន់តែច្បាស់បន្ថែមទៀត ហើយរឹតតែត្រូវការពារខ្លួនឯងកុំឱ្យលិចលង់ជឿជាក់អ្នកដទៃឆាប់រហ័សពេក។ កាន់តែឈឺគឺកាន់តែប្រយ័ត្ន ហើយក៏កាន់តែកុំឆាប់ទុកចិត្តមនុស្សពេក។

៩. កុំបង្ហាញព័ត៌មានផ្ទាល់ខ្លួនខ្លាំងពេក

ពេលប្រឡូកក្នុងសង្គម និងជួបនឹងមនុស្សថ្មីៗ​អ្នកប្រហែលជាអាចនឹងមានពេលត្រូវនិយាយគេលេង ​ជជែកគ្នាលេង ឬសួរសំណួរទាក់ទងនឹងរឿងផ្ទាល់ខ្លួនមួយចំនួន តែក្នុងករណីនេះប្រសិនជាអាចគេចវេសមិនឆ្លើយបានក៏គួរតែធ្វើ។ ព័ត៌មានផ្ទាល់ខ្លួន ទាំងទាក់ទងនឹងគ្រួសារ ម្តាយឪពុក បងប្អូន ទ្រព្យសម្បត្តិ បទពិសោធន៍នៃជីវិត គោលដៅ និងចំណាប់អារម្មណ៍ផ្ទាល់ខ្លួន គឺជារឿងដែលមិនត្រួវនិយាយប្រាប់អ្នកណាផ្តេសផ្តាសទេ ព្រោះយើងមិនដឹងថាគេមានបំណងល្អ​ឬយ៉ាងណាឡើយ តែអ្នកអាចនឹងបង្ហាញរឿងទាំងនេះសន្សឹមៗបន្តិចៗម្តងនៅក្នុងពេលវេលាណាមួយដែលអ្នកយល់ថាសមស្របនឹងនិយាយ។

១០. រឿងខ្លះគួរតែរក្សាភាពឯកជន

អ្នកគួរតែដឹងហើយថារឿងខ្លះមិនគួរបង្ហើប ឬប្រាប់អ្នកឯទៀតទាល់តែសោះ ព្រោះវាជារឿងឯកជន។ បើទោះបីជាមានអ្នកសួរអ្នក យ៉ាងណាក៏ដោយអ្នកក៏កុំឆ្លើយ ឬប្រសិនជាអ្នកចង់និយាយរឿងទាក់ទងនឹងរឿងផ្ទាល់ខ្លួនគួរតែពិចារណាឱ្យបានល្អិតល្អន់។ មិនថារឿងទាក់ទងនឹងមុខរបរ ការរកស៊ី គំនិតថ្មីៗនៅក្នុងការងារ រឿងស្នេហា ឬរឿងរ៉ាវផ្ទាល់ខ្លួន អ្នកមិនអាចនិយាយប្រាប់អ្នកដទៃទេ ព្រោះវាអាចនាំហានិភ័យដល់អ្នកខ្លួនឯងបាន៕

រឿងខ្លះគួររក្សាភាពឯកជន
រឿងខ្លះគួររក្សាភាពឯកជន
Kos Leakkana
កោះ លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T