ប្រជុំផ្ទាំងថ្ម ដែលកកើតចេញពីមាតាធម្មជាតិដោយឯកឯង តែបង្កប់ភាពស្រស់ស្អាតប្លែកអស្ចារ្យ ទាំង២៣ទីតាំង

//s9.kh1.co/62/628c1a9c2d687e12b03da6e7929a1092a1927b7f.jpg
យល់ដឹង

 ១៤-វិច្ឆិកា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

មាតាធម្មជាតិ បង្កើតបានទិដ្ឋភាពដ៏ស្រស់ស្អាតនៃផ្ទាំងថ្ម ២៣ទីតាំង

ធម្មជាតិ​ បានបង្កើតនូវទស្សនីយភាព និងភាពអស្ចារ្យជាច្រើនសុទ្ធតែមានភាពប្លែកៗ ដែលអ្នកវិទ្យាសាស្ត្រជាច្រើនភ្ញាក់ផ្អើលមិនអាចប្រកែកបាននូវកម្លាំងធម្មជាតិដ៏វិសេសវិសាលនេះ។ ទេសភាព និងទីតាំងជាច្រើនដែលមានភាពចម្លែកៗជាច្រើន ក៏ត្រូវបានគេដឹងថាកកើតចេញពីធម្មជាតិដោយឯកឯងដែរ ​ដោយខ្លះកើតចេញពីសំណឹករវាង ខ្យល់ ដី ថ្ម ភ្នំ ទឹក សមុទ្រ កម្អែលភ្នំភ្លើង តាំងពីរាប់រយ រាប់ពាន់ និងរាប់លានឆ្នាំមុនឯណោះ ដែលមិនអាចសរសើរបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះថ្ងៃនេះយើងខ្ញុំសូមលើកឡើងពីផ្ទាំងថ្ម និងថ្មដុះ ២៣ទីតាំង ដែលល្បីថាមានភាពស្រស់ស្អាតចម្លែកអស្ចារ្យ ៖

២៣. Arbol de Piedra

Árbol de Piedra គឺជាថ្មដុះ ដែលស្ថិតនៅទីដាច់ស្រយាលមួយនៅក្នុងដែនជម្រកសត្វព្រៃអេក្វូដូអាវ៉ាវ៉ាអាន់ឌឿនហ្វាណា (Eduardo Avaroa Andean Fauna) នៅភាគខាងត្បូងប្រទេសបូលីវី។ វាត្រូវបានគេឱ្យឈ្មោះថាជា « ដើមឈើថ្ម » ព្រោះវាមានរូបរាងដូចដើមឈើ និងមានកម្ពស់ ៧ ម៉ែត្រ (២៣ ហ្វីត) ដែលរូបរាងរបស់វានេះកើតឡើង ដោយសារតែបណ្តាលមកពីកម្លាំងខ្យល់បក់ដីខ្សាច់ជាយូរឆ្នាំបណ្តុំគ្នាជាដុំថ្មមួយផ្ទាំងនេះ។

Arbol de Piedra
Arbol de Piedra

២២. ​Externsteine

Externsteine ស្ថិតនៅភាគខាងជើងប្រទេសអាឡឺម៉ង់ ដែលជាទីកន្លែងសក្ការបូជាមួយ ធ្លាប់ត្រូវយកមកប្រើប្រាស់ជាទីជម្រកតាំងពីសម័យបុរេប្រវត្តិ ក្រោយមកទៀតត្រូវបានប្រើដោយគ្រីស្ទសាសនា ដោយកាលពីនៅចុងសតវត្សរ៍ទី ៨ ព្រះសង្ឃបានមកតាំងលំនៅដ្ឋាននៅក្នុងរូងភ្នំមួយនេះ ដោយឆ្លាក់ថ្មភ្នំជាជណ្តើរ និងធ្វើកិច្ចការទាក់ទងនឹងសាសនានៅក្នុងរូងភ្នំនេះ។

សព្វថ្ងៃនេះ​ដោយសារតែ​ Externsteine ស្ថិតនៅក្នុងតំបន់ដែលមានទេសភាពស្រស់បំព្រងអមដោយធម្មជាតិខៀវស្រងាត់ វាមួយបានក្លាយទៅជាទីកន្លែងដែលទាក់ទាញភ្ញៀវទេសចរណ៍មកកម្សាន្តស្ទើរតែរៀងរាល់ថ្ងៃ ។

Externsteine
Externsteine

២១. Twyfelfontein Organ Pipes

Organ Pipes គឺជាដុំផ្ទាំងថ្មដែលមានរាងខុសពីធម្មតា ដូចជារាងត្រីកោណ និងឆកោន ដែលកកើតឡើងចេញពីសកម្មភាពភ្នំភ្លើងដ៏សកម្ម មានអាយុកាលប្រមាណជា ១២០ លានឆ្នាំមុន ហើយមានទីតាំងស្ថិតនៅជិតតំបន់ Twyfelfontein ប្រទេស Namibia។

តំបន់នេះជាគឺតំបន់ទេសចរណ៍ដ៏សំខាន់មួយដែលទាក់ទាញភ្ញៀវមកកម្សាន្ត ពិសេសគឺអ្នកសិក្សាផ្នែកភូមិសាស្ដ្រមកធ្វើការស្រាវជ្រាវបន្ថែម ដោយ តំបន់ Twyfelfontein នេះផងដែល សម្បូរទៅដោយចម្លាក់ថ្មធម្មជាតិ និងភ្នំដែលបន្សល់ពីការឆេះ ដែលគេស្គាល់ថាបានក្លាយជាតំបន់ដែលមានគំនរថ្មកំបោរពណ៌ខ្មៅ។

Twyfelfontein Organ Pipes
Twyfelfontein Organ Pipes

២០. Man Pupu Nyor

Man Pupu Nyor មានន័យថា « ភ្នំតូចៗរបស់ព្រះ » ដែលជាថ្មីភ្នំកើតឡើងបែបធម្មជាតិដ៏គឺអស្ចារ្យ មានទីតាំងស្ថិតនៅជ្រោះដ៏ជ្រៅនៃភ្នំអ៊ុយរ៉ាល់ ប្រទេសរុស្ស៊ី។ ថ្មភ្នំដ៏ធំសម្បើមនេះមានចំនួន ៧ដើម ដែលថ្មខ្លះមានកម្ពស់ខ្ពស់ខ្លាំងរហូតដល់ ៤២ ម៉ែត្រ (១៣៧ ហ្វីត) ប្រៀបបីដូចជាអ្នកដែលការពារនៅទីតំបន់នេះយ៉ាងអ៊ីចឹង។ ដោយតាមរឿងព្រេងបានតំណាលថា កាលពីសម័យមុន មានយក្សកំណាចទាំង៧ បានចូលមកអុកឡុក ពេលនោះព្រះជាម្ចាស់បានជប់ពួកកំណាចនោះឱ្យក្លាយជាដុំថ្មយក្សទាំងប្រាំពីរនេះតែម្តងទៅ។

គួរឱ្យដឹងផងដែរថា នៅតំបន់នេះមានតែអ្នកទេសចរដែលចាប់អារម្មណ៍ចង់មកទស្សនា និងស្រាវជ្រាវពិតប្រាកដតែប៉ុណ្ណោះដែលបានមកដល់ ព្រោះទីតាំងមិនសូវជាអំណោយផលក្នុងការធ្វើដំណើរឡើយ ប្រសិនជាចង់មកទីនេះត្រូវជិះ  មានតែអ្នកទេសចរដែលមានការចាប់អារម្មណ៍បំផុតប៉ុណ្ណោះដែលមកទស្សនាទីនេះព្រោះពួកគេអាចចូលទៅបានយ៉ាងសំខាន់ដោយជិះលើម៉ូតូស្គីទឹកកក (snowmobiles) ឬឧទ្ធម្ភាគចក្រទើបបាន។

Man Pupu Nyor
Man Pupu Nyor

១៩. Wave Rock

Wave Rock មានទីតាំងស្ថិតនៅភាគខាងលិចអូស្ត្រាលី ហើយឈ្មោះដែលត្រូវបានគេដាក់យ៉ាងសាមញ្ញបែបនេះ ដោយសារតែរូបរាងវាគឺដូចជាទឹករលក។ ផ្ទាំងថ្ម Wave Rock នេះក៏ជាផ្នែកមួយនៃថ្មដែលមានឈ្មោះថា Hyden Rock ដែរ ដោយថ្មធម្មជាតិក្រានីត​ទាំង២នេះ មានអាយុកាលប្រមាណជា ២,៦៣ ពាន់លានឆ្នាំមកហើយ។ គួរឱ្យដឹងផងដែរថាផ្ទាំងថ្ម Wave Rock និង Hyden Rock ទាំង២ សុទ្ធតែស្ថិតនៅក្នុងឧទ្យានសត្វព្រៃហាយដ្រេន ដែលជាតំបន់អភិរក្សធម្មជាតិ។

Wave Rock
Wave Rock

១៨. Devil's Town

Devil's Town គឺជាថ្មដុះ ដែលស្ថិតនៅភាគខាងត្បូងប្រទេសស៊ែប៊ី ដែលជាទម្រង់ថ្មធម្មជាតិកើតឡើងដោយឯកឯង មានរូបរាងជាសសរឈរខ្ពស់តែមានសភាពរដិបរលុបជើងសរសេរាងធំ តែរាងស្រួចតូចឡើងទៅលើ។ ទ្រង់ទ្រាយថ្មទាំង ២០២ ដើមដ៏ស្រស់ស្អាត និងមានភាពអាថ៌កំបាំងមួយនេះ បង្កើតឡើងដោយសំណឹកដី និងសកម្មភាពអណ្តាតភ្នំភ្លើងកាលពីរាប់លានឆ្នាំមុន ដោយសរសេរថ្មខ្លះមានកំពស់ចាប់ពី ២ ទៅ ១៥ ម៉ែត្រ (៦ ហ្វីតដល់ ៤៩ ហ្វីត) ខ្ពស់។

ប្រជាជននៅក្នុងតំបន់នេះមិនបានគិតថាវាគឺជាសរសេរថ្មដុះពីធម្មជាតិឡើយ ដោយអ្នកស្រុកបានដំណាលរឿងព្រេងតៗគ្នាថា សរសេរថ្មដែលកើតឡើងគឺដោយសារតែមានអារក្សកំណាច (Devi) មកបំផ្លាញវិហារសាសនាខ្ទេចគ្មានសល់ បន្យល់តែជើងសរសេរតែប៉ុន្មានដើមនេះ។

Devil's Town
Devil's Town

១៧. Domes de Fabedougou

Domes de Fabedougou គឺជាដុំថ្មអច្ឆរិយៈមានទ្រង់ទ្រាយខុសៗគ្នាមានតូចមានធំ មានវែងមានខ្លី មានទាបមានខ្ពស់ ដែលកើតចេញពីធម្មជាតិ ស្ថិតនៅប៉ែកនិរតី ប្រទេសបួគីណាហ្វាសូ (Burkina Faso) ។ ផ្ទាំងថ្មកំបោរដុះនេះ មានអាយុកាលប្រមាណជា ១,៨ ពាន់លានឆ្នាំមកហើយ  ដែលជាទីទាំងសម្រាប់អ្នកដែលចូលចិត្តធ្វើដំណើរផ្សងព្រេង ដោយការឡើងភ្នំមកកម្សាន្តនឹងបរិយកាសបែបធម្មជាតិមួយនេះ។

Domes de Fabedougou
Domes de Fabedougou

១៦. Basaltic Prisms of Santa Maria Regla

ផ្ទាំងថ្មធំ Basaltic Prisms  គឺជាអច្ឆរិយៈធម្មជាតិដ៏ចម្លែក និងអស្ចារ្យមួយ ដែលមានទីតាំងស្ថិតនៅតំបន់ Santa Santa Maria Regla ក្នុងរដ្ឋ Hidalgo ប្រទេសម៉ិចស៊ីកូ។

ផ្ទាំងថ្មដែលមានសភាពចម្លែកអស្ចារ្យនេះ មានកំពស់រហូតដល់ ៣០ ម៉ែត្រ (៩៨ ហ្វីត) ដែលកើតឡើងពីកម្អែលភ្នំភ្លើងត្រជាក់ ដែលមានទឹកធ្លាក់កាត់ផ្ទាំងថ្មនេះ កាន់តែបង្កើនសម្រស់ផ្ទាំងថ្មនេះឱ្យកាន់តែស្រស់ស្អាតអស្ចារ្យមួយកម្រិតទៀត។

Basaltic Prisms of Santa Maria Regla
Basaltic Prisms of Santa Maria Regla

១៥. Yehliu Geopark

Yehliu Geopark គឺជាថ្មដុះដ៏ល្បីល្បាញមួយជាប់នឹងមហាសមុទ្រ និងជាទិសដៅទេសចរណ៍ដ៏ពេញនិយមបំផុតស្ថិតនៅភាគខាងជើងកោះតៃវ៉ាន់។ ដុំថ្មដុះជាច្រើនដុំ ដែលស្ថិតនៅជាប់មាត់សមុទ្រនេះ មានខ្លះមានរូបរាងដូចសត្វអូដ្ឋ ផ្សិត និងរូបរាងធំតូចខុសៗគ្នា ដែលជាកន្លែងបណ្តុំទៅដោយអ្នកទេសចរមកកម្សាន្តអារម្មណ៍ជាមួយទស្សនីយភាពចម្លែកអស្ចារ្យមួយនេះ។

Yehliu Geopark
Yehliu Geopark

១៤. Ennedi Desert

ដុំថ្មដុះវាលខ្សាច់អេនឌីឌី (Ennedi Desert ) មានទីតាំងស្ថិតនៅភាគខាងជើងឆៀងខាងកើត ប្រទេសឆាត (Chad) ដែលជាតំបន់ដែលពិបាកនឹងធ្វើដំណើរមួយ នៃវាលខ្សាច់សាហារ៉ា។ ដុំថ្មភក់ដុះ ដ៏គួរឱ្យចាប់អារម្មណ៍មានរូបរាងផ្សេងៗគ្នានេះ មានកម្ពស់ប្រមាណជា ១២០ ម៉ែត្រ (៤០០ ហ្វីត) គឺជាដុំថ្មដ៏អស្ចារ្យបំផុតមួយនៅលើពិភពលោក។

ក្រៅពីភាពទាក់ទាញនៃរូបរាងដ៏អស្ចារ្យនៃផ្ទាំងថ្ម​ Ennedi Desert សម្រាប់អ្នកស្រាវជ្រាវខាងភូមិសាស្ត្រ នៅទីនោះក៏សម្បូរទៅដោយ ថ្មដុះ (petroglyphs ) និងផ្ទាំងថ្មបង្កើតជាគំនូរធម្មជាតិដ៨ស្រស់ស្អាតផងដែរ។

Ennedi Desert
Ennedi Desert

១៣. Svartifoss

ទឹកជ្រោះ Svartifoss គឺជាកន្លែងទេសចរណ៍មួយដែលមានអ្នកទស្សនាកម្សាន្តច្រើនបំផុតនៅក្នុងឧទ្យានជាតិ Vatnajökull ស្ថិតនៅភាគខាងត្បូង ប្រទេសអ៊ីស្លង់។ ទឹកជ្រោះនេះធ្លាក់ពីលើផ្ទាំងថ្មដ៏ស្រស់ស្អាត មានរូបរាងចម្លែក ដូចដើមសរសរ ៤ជ្រុង បន្តុបបន្តៗគ្នា បង្កើតជាស្រទាប់ផ្ទាំងថ្មដ៏អស្ចារ្យ។

ចំពោះផ្ទាំងថ្មនេះ មានទឹកធ្លាក់ពីលើកំពូលទឹកជ្រោះកម្ពស់ ២០ ម៉ែត្រ (៦៥ ហ្វីត) ដោយក្រៅពីចាប់អារម្មណ៍នឹងទឹក Skaftafell អ្នកទេសចរភាគច្រើនរីករាយនឹងដំណើរកម្សាន្តឡើងទៅកាន់កំពូលផ្ទាំងថ្មភ្នំនេះផងដែរ។

 Svartifoss
 Svartifoss

១២. The Wave

The Wave ឬ រលក គឺជាផ្ទាំងថ្មដ៏អស្ចារ្យមួយមានរាងដូចក្រឡាទឹករលកដ៏ស្រស់ស្អាត ស្ថិតនៅភាគខាងជើងរដ្ឋអារីហ្សូណា សហរដ្ឋអាមេរិច។ តែយ៉ាងណា ការិយាល័យរៀបចំដែនដីសហរដ្ឋអាមេរិកអនុញ្ញាតិឱ្យភ្ញៀវទេសចរណ៍ត្រឹមតែ ២០ នាក់តែប៉ុណ្ណោះ ក្នុងមួយថ្ងៃដើម្បីចូលមកកាន់តំបន់នេះ ហើយប្រសិនជាអ្នកចាប់ឆ្នោតមានសំណាងបានចូលរួម អ្នកនឹងទទួលបានភ្លឺភ្នែកនឹងតំបន់ដ៏ប្លែកអារម្មណ៍នេះ ពិសេសគឺអាចផ្តិតរូបភាពដ៏ស្រស់ស្អាតបំផុតទៀតផង។

The Wave
The Wave

១១. Acacus Mountains

ភ្នំ Acacus ឬ Tadrart Acacus គឺជាភ្នំថ្មដុះមួយ ស្ថិតនៅវាលខ្សាច់សាហារ៉ា ភាគខាងលិចប្រទេសលីប៊ី។ ភ្នំថ្មដុះនេះ មានសភាព និងរូបរាងខុសគ្នាៗ បង្កើតជាទេសភាពដ៏ស្រស់ស្អាត ថែមទាំងត្រូវបានគេដឹងថាជាតំបន់ថ្មដុះដែលបានប្រើប្រាស់តាំងពីសម័យថ្មរលីងនៃបុរេប្រវត្តិទៀតផង។

Acacus Mountains
Acacus Mountains

១០. Tsingy de Bemaraha

Tsingy de Bemaraha គឺជាជ្រលងថ្មភ្នំកំបោររាងចម្លែកស្រួចៗ មានទីតាំងស្ថិតនៅជិតឆ្នេរខាងលិចនៃប្រទេសម៉ាដាហ្គាស្ការ ។ ជ្រលងភ្នំដ៏អស្ចារ្យមួយនេះ កើតឡើងពីនៃទន្លេម៉ាមម៉ាឡូ ដែលហូតកាត់ភ្នំមួយបង្កើតបានជាទេសភាពដ៏ស្រស់ស្អាតគួរជាទីទស្សនាមួយនេះ ។ Tsingy de Bemaraha  ក៏ជាតំបន់ព្រៃស្រោង បឹង និងវាលភក់ល្បប់កោងកាង នៃឧទ្យានជាតិ ដែលជាជម្រកសម្រាប់សត្វស្លាបនិងសត្វស្លាបកម្រដែលជិតផុតពូជផងដែរ។

Tsingy de Bemaraha
Tsingy de Bemaraha

៩. Shilin Stone Forest

ស៊ីលីន​ ជាភាសាចិនមានន័យថា « ព្រៃថ្ម » ដែលជាបណ្តុំថ្មតម្រៀបគ្នាដូចជាព្រៃថ្មមួយ ស្ថិតនៅភាគនិរតី នៃប្រទេសចិន។ ដុំថ្មនេះត្រូវបានគេប៉ាន់ស្មានថាមានអាយុកាលប្រមាណជា ២៧០ លានឆ្នាំមកហើយ កើតឡើងដោយសារតែលំហូរច្រោះកាត់នៃមហាសមុទ្រ ទើបបង្កើតបានជាផែ្នកដ៏អស្ចារ្យមួយនេះឡើង។

ទស្សនីយភាព ព្រៃថ្ម មួយនេះ ទទួលបានភ្ញៀវទេសចរមកកម្សាន្តជាច្រើន ជាង ២ លាននាក់ក្នុងមួយឆ្នាំទៀតផង។

Shilin Stone Forest
Shilin Stone Forest

៨. White Desert

White Desert គឺជាថ្មដុះពីខ្សាច់ពណ៌ស ដ៏ស្រស់ស្អាតចម្លែកអស្ចារ្យ ស្ថិតនៅចម្ងាយប្រហែល ៤៥ គីឡូម៉ែត្រ នៃតំបន់ភាគខាងជើងនៃខ្សាច់ហ្វារ៉ាហ្វា (Farafra )​ ក្នុងវាលខ្សាច់ Western Desert នៃប្រទេសអេហ្ស៊ីប ។

ថ្មដុះនេះ មានរូបរាងស្រស់ស្អាតអស្ចារ្យកណ្តាលវាលខ្សាច់ពណ៌ស ដែលមានរូបរាងតូចក្រោម រីកឡើងទៅលើដូចជាផ្សិត តែនេះជាទិដ្ឋភាពដ៏ត្រកាលមួយនៅកណ្តាលវាលខ្សាច់ដ៏ដាច់ស្រយាលមួយនេះ។

White Desert
White Desert

៧. Bryce Canyon National Park

Bryce Canyon National Park គឺជាតំបន់ថ្មបែបធម្មជាតិចម្រុះពណ៌ដ៏អស្ចារ្យមួយ និងធំមហិមា ដែលកកើតចេញពីសំណឹកខ្យល់ និងសំណឹកទឹក នៅលើថ្មកំបោរ។ ថ្មដ៏ធំនេះ មានកំពស់រហូតដល់ទៅ ៦១ ម៉ែត្រ (២០០ ហ្វីត) ដោយការឡើងមកទស្សនាទិដ្ឋភាពតំបន់ថ្មធម្មជាតិដ៏ស្រស់ស្អាតនេះ ក៏ទទួលបាននូវបរិយាកាសខ្យល់ដ៏បរិសុទ្ធស្រស់ថ្លាផងដែរ។  

Bryce Canyon National Park
Bryce Canyon National Park

៦. Bungle Bungle Range

Bungle Bungle Range គឺជាតំបន់ថ្មភក់ដុះពណ៌ទឹកក្រូច និងប្រផេះឆ្លាស់គ្នា ស្ថិតនៅក្នុងឧទ្យានជាតិ Purnululu ភាគខាងលិច ប្រទេសអូស្ត្រាលី ដែលមានកម្ពស់ ៥៧៨ ម៉ែត្រពីនីវ៉ូទឹកសមុទ្រ ។ ដោយផ្ទាំងថ្មរាងកោងខ្លះ រាងទឹករលក់ខ្លះ ដ៏ចម្លែកនៅទីនេះ បង្កើតជាទេសភាពប្លែកអារម្មណ៍មួយដ៏អស្ចារ្យ ។

Bungle Bungle Range
Bungle Bungle Range

៥. Giant's Causeway

Giant's Causeway គឺជាថ្មដុះបប្រះទឹកជាប់មាត់សមុទ្រ មានទីតាំងស្ថិតនៅលើឆ្នេរភាគខាងជើង នៃប្រទេសអៀរឡង់។  The Giant's Causeway គឺជាថ្មដុះមានរាងដូចសរសរជ្រុងតម្រៀបគ្នា បង្កើតជាថ្មដ៏អស្ចារ្យ កកើតឡើងតាំងពី ៥០ ទៅ ៦០ លានឆ្នាំមុនដោយសារតែសកម្មភាពហូរច្រោះកាត់នៃបន្ទុះភ្នំភ្លើង។

ជួរថ្មកំបោរនេះមានកម្ពស់ដល់ទៅ ១២ ម៉ែត្រ (៣៦ ហ្វីត) ដែលជាទីតាំងធម្មជាតិប្លែកអស្ចារ្យសម្រាប់ការទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាតផងដែរ។

Giant's Causeway
Giant's Causeway

៤. Arches National Park

Arches National Park គឺជាស្នាដៃសិល្បៈធម្មជាតិមួយទៀតដែលត្រូវបានរកឃើញនៅរដ្ឋយូថាហ៍ (Utah ) សហរដ្ឋអាមេរិច ។ ជាតិអំបិលដែលបានមកពីមហាសមុទ្រកាលពី ៣០០ លានឆ្នាំមុននេះ លាយឡំជាមួយនឹងទឹកភ្លៀង និងទឹកកក បានធ្វើឱ្យមានកកើតតំបន់ដ៏ស្រស់ស្អាតអស្ចារ្យមួយនេះឡើង។

Arches National Park
Arches National Park

៣. Chocolate Hills

Chocolate Hills គឺជាតំបន់ដែលមានពំនូកដី ដុះយ៉ាងច្រើន យ៉ាងហោចក៏មានចំនួន ១.២៦៨ ពំនូក រាយប៉ាយពាសពេញផ្ទៃខាងក្នុងនៃកោះបូហុល ប្រទេសហ្វីលីពីន។ ពំនូកនេះមានទំហំ ស្ទើរតែប៉ុនគ្នា ដែលមានកម្ពស់ប្រមាណជា ៣០ ទៅ ៥០ ម៉ែត្រ (៩៨ ទៅ ១៦៤ ហ្វីត) ថែមទាំងគ្របដណ្ដប់ដោយស្មៅបៃតងដូចជាជួរភ្នំបង្កើតជាធម្មជាតិស្រស់បំព្រង។

Chocolate Hills
Chocolate Hills

២. Monument Valley

Monument Valley  គឺជាដីខ្សាច់ និងថ្មភក់មានកំពស់រហូតដល់ ៣០០ ម៉ែត (១០០០ ហ្វីត) បង្កើតជាទិដ្ឋភាពដ៏ស្រស់ស្អាតអស្ចារ្យ ស្ថិតនៅតាមព្រំដែនរដ្ឋយូថាហ៍ និងអារីហ្សូណា សហរដ្ឋអាមេរិច។

ដោយសារតែទីនេះ គឺជាទីតាំងដែលល្បីថាមានទិដ្ឋភាពដ៏ស្រស់ស្អាតប្លែកអស្ចារ្យ Monument Valley ក៏ជាទីតាំងដ៏ពេញនិយមសម្រាប់ការថតខ្សែភាពយន្តហូលីត និងបរទេសល្បីៗទៀតផង។

Monument Valley
Monument Valley

១. Goreme Fairy Chimneys

Cappadocia ជាតំបន់មួយដែលល្បីល្បាញ ដោយសារតែវាជាទីតាំងដែលសម្បូរទៅដោយ ថ្មធម្មជាតិប្លែក និងអស្ចារ្យ ដែលទាក់ទាញភ្ញៀវទេសចរមកកម្សាន្តបំផុតនៅក្នុងប្រទេសទួរគី ជាពិសេសគឺទីតាំងថ្មដុះ Goreme Fairy Chimneys ។

ទ្រង់ទ្រាយដ៏ចម្លែក និងស្រស់ស្អាតនៃ Goreme Fairy Chimneys ត្រូវនានគេដឹងថាកើតឡើងដោយសារតែ សំណឹកខ្យល់ និងការលំហូរទឹកទៅលើស្រទាប់ភ្នំភ្លើងពីរផ្សេងគ្នា៕

Goreme Fairy Chimneys
Goreme Fairy Chimneys
Kos Leakkana
កោះ លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T