ស្ថានទូត​ស៊ុយ​អែត​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ធ្វើ​គម្រោង​​ដាំ​ដើម​​ឈើ​​លក្ខណៈ​ទ្រង់​ទ្រាយ​ធំ​នៅ​ពោធិ៍​សាត់​ និង​សៀម​រា​ប​

//s9.kh1.co/2a/2ac19d990212c7ae3e842541d71444c586341fb1.jpg
សង្គម

 ២០-តុលា-២០២០ ៦ល្ងាច · ៥ ឆ្នាំមុន

ថ្ងៃ ២០តុលានេះ ស្ថានទូតស៊ុយអែតបានប្រកាសចាប់ផ្ដើមអនុវត្តកម្មវិធីឆ្លើយតបចំពោះ​ជំងឺកូវីដ-១៩ ដើម្បីផ្ដល់ការគាំទ្រផ្នែក​ហិរញ្ញវត្ថុដល់សហគមន៍ជនបទតាមរយៈសកម្មភាពដាំដើមឈើ

ថ្ងៃ ២០តុលានេះ ស្ថានទូតស៊ុយអែតបានប្រកាសចាប់ផ្ដើមអនុវត្តកម្មវិធីឆ្លើយតបចំពោះ​ជំងឺកូវីដ-១៩ ដើម្បីផ្ដល់​ការគាំទ្រ​ផ្នែកហិរញ្ញវត្ថុដល់សហគមន៍ជនបទតាមរយៈសកម្មភាពដាំដើមឈើ។ កម្មវិធីនេះមានគោលបំណងជម្រុញឱ្យមាន​ការចូលរួមពីប្រជាពលរដ្ឋដែលរស់នៅជនបទចំនួន១៦០០គ្រួសារ ក្នុងខេត្តពោធិ៍សាត់ និងសៀមរាប ដើម្បីដាំដើមឈើនៅក្នុងមូលដ្ឋានរបស់ពួកគេ បង្កើតជាស្ថានីយ៍បណ្ដុះកូនឈើ និងចូលរួមក្នុងសកម្មភាពអភិរក្សដទៃទៀតទូទាំងប្រទេស។ កម្មវិធីនេះនឹងត្រូវអនុវត្តក្រោមការដឹកនាំ​របស់​ក្រសួង​បរិស្ថាន​​ដោយមានការគាំទ្រផ្នែកបច្ចេកទេសពី UNDP តាមរយៈគម្រោងកសាងបរិយាកាសអំណោយផល​សម្រាប់​ការអភិវឌ្ឍប្រកបដោយចីរភាព (BESD)។ នេះបើតាម​ការបញ្ជាក់ពីស្ថានទូតស៊ុយអែតប្រចាំកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើតាមស្ថានទូត ព្រៃឈើ និងជីវចម្រុះ នៅបន្តរងសម្ពាធក្នុងកម្រិតខ្ពស់ ហើយវាកំពុងមានការកើនឡើង​ដោយសារ​តែការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩។ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា មនុស្សរាប់ម៉ឺន​នាក់​បាត់បង់ការងារធ្វើ ហើយពលករចំណាកស្រុកជាង ១០ម៉ឺននាក់បានវិលត្រឡប់ពីប្រទេសជិតខាងទៅកាន់ស្រុកកំណើតនៅ​តំបន់ជន​បទវិញ។ ការស្វែងរកប្រាក់ចំណូល និងស្បៀងអាហារ កាន់តែលំបាកទៅៗសម្រាប់ប្រជាជនមួយចំនួន។ ដើម្បីជីវភាពរស់នៅជាពិសេសក្នុងអំឡុងពេលនៃជម្ងឺរាតត្បាតនេះ ប្រជាជនកាន់តែច្រើនចាប់ផ្ដើមចូលព្រៃដើម្បីកាប់​ឈើ បរបាញ់សត្វព្រៃ និងនេសាទជាដើម ដែលជាការដាក់សម្ពាធបន្ថែមទៀតមកលើប្រព័ន្ធអេកូឡូស៊ីដែលកំពុង​មានភាពផុយស្រួយរួចទៅហើយនោះ។

ឯកឧត្តម ប៊្យន ហេកម៉ាក ឯកអគ្គរាជទូតស៊ុយអែតប្រចាំកម្ពុជាមានប្រសាសន៍ថា៖ «ការកាត់បន្ថយផលវិបាក​ដែល​បង្កឡើងដោយសារជំងឺរាតត្បាតជាសកលជារឿងចាំបាច់។ ការគាំទ្ររបស់ប្រទេសស៊ុយអែត ចំពោះកញ្ចប់ថវិកា សង្គ្រោះបន្ទាន់ក្នុងទំហំទឹកប្រាក់ ៤ ៣០០ ០០០SEK ឬប្រមាណ ជិតកន្លះលានដុល្លារអាមេរិកនេះ នឹងរួមចំណែក​ដោះស្រាយបញ្ហានេះ។ កញ្ចប់ថវិកានេះ នឹងផ្ដល់ឱ្យសហគមន៍ដែលងាយរងគ្រោះនូវឱកាសរកប្រាក់​ចំណូល​បានភ្លាមៗ តាមរយៈការដាំដើមឈើដើម្បីជួយឱ្យពួកគេអាចទប់ទល់នឹងវិបត្តិសេដ្ឋកិច្ចដែលកំពុងកើតមាន។ សកម្មភាពនេះក៏នឹងរួមចំណែក ដល់ការស្ដារប្រព័ន្ធអេកូឡូស៊ីដ៏មានសារៈសំខាន់ផងដែរ»។

លោកឯកអគ្គរាជទូត បន្ថែមទៀតថា៖ កម្មវិធី នេះនឹងបន្តអនុវត្តរហូតដល់ខែមិថុនា ឆ្នាំ២០២១ ដែលនឹងផ្ដល់ ឱកាសការងារភ្លាមៗដល់សហគមន៍ដែលមាន តម្រូវការចាំបាច់ជាងគេតាមរយៈសកម្មភាពដាំដើមឈើ។ កម្មវិធីនេះនឹងបណ្តុះកូនឈើនៅរដូវប្រាំង និងគាំទ្រដល់ សកម្មភាពដាំដើមឈើមួយជុំទៀត ចន្លោះពីខែឧសភា ដល់ខែ មិថុនា ឆ្នាំ២០២១។

ចំណែកឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថានមានប្រសាសន៍ថា «កម្មវិធីសាច់ប្រាក់ពលកម្មគឺជា​អន្តរាគមន៍ ទាន់ពេលវេលាដែលគេត្រូវការជាចាំបាច់ ដើម្បីឆ្លើយតបភ្លាមៗចំពោះតម្រូវការបន្ទាន់របស់​សហគមន៍​ជនបទ ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ និងភាពចាំបាច់ក្នុងការ ស្ដារប្រព័ន្ធអេកូឡូស៊ីសំខាន់ៗ​ដែលកំពុងទទួលរងសម្ពាធ។» 

ឯកឧត្តមបន្ថែមថា៖ «ការងារនេះនឹងជួយ បង្កើនគម្របព្រៃក្នុងតំបន់គោលដៅ ដែលជាប្រភពស្រូបយកកាបូន រួមចំណែកដល់ការបន្តប្រយុទ្ធប្រឆាំងទៅនឹង ការប្រែប្រួលអាកាសធាតុរបស់យើង។»

លោក Nick Beresford តំណាងនិវាសនដ្ឋាននៃ UNDP ប្រចាំនៅកម្ពុជាមានប្រសាសន៍ថា៖ «រដ្ឋាភិបាលប្រទេស​ស៊ុយអែត និង UNDP​ ប្ដេជ្ញាផ្ដល់ការគាំទ្រពេញទំហឹងដល់កម្ពុជាក្នុងអំឡុងពេល​នៃការរាតត្បាតជាសកលនេះ។ កម្មវិធីដាំដើមឈើនេះ ជួយផ្ដល់ជាសាច់ប្រាក់ជាផ្នូរនឹងកម្លាំងពលកម្មនៅពេលដែលគេត្រូវការប្រាក់បំផុត។ ហើយតាមរយៈការវិនិយោគលើគម្របព្រៃឈើ យើងអាចរួមចំណែកដល់ការកសាងអនាគតកាន់តែបៃតង និងកាន់តែស្អាត​សម្រាប់គ្រប់គ្នា»៕

រូបភាពពីស្ថានទូតស៊ុយអែត
រូបភាពពីស្ថានទូតស៊ុយអែត
រូបភាពពីស្ថានទូតស៊ុយអែត
រូបភាពពីស្ថានទូតស៊ុយអែត
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T