Pep ជោគជ័យយ៉ាងណាខ្លះក្នុងអាជីពជាគ្រូបង្វឹកមកដល់សព្វថ្ងៃនេះ!

//s9.kh1.co/de/de9e707c74ad2938fe8f19fab87f651f7bc030a8.jpg
កីទ្បា

 ១៩-តុលា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Pep ជោគជ័យយ៉ាងណាខ្លះក្នុងអាជីពជាគ្រូបង្វឹកមកដល់សព្វថ្ងៃនេះ!

លោក Josep Guardiola i Sala ត្រូវបានគេស្គាល់ថា Pep Guardiola កើតនៅថ្ងៃទី១៨ ខែមករា ឆ្នាំ១៩៧១ (វ័យ ៤៩ឆ្នាំ) ក្នុងតំបន់កាតាឡាន់ ប្រទេសអេស្ប៉ាញ។ លោកបានរៀបការជាមួយភរិយាឈ្មោះ Cristina Serra នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៤ រហូតមកដល់បច្ចុប្បន្ន និងមានកូនចំនួន ៣នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Pep Guardiola  លោកស្រី Cristina Serra និងកូនទាំង៣
លោក Pep Guardiola  លោកស្រី Cristina Serra និងកូនទាំង៣

Pep Guardiola  បានចាប់ផ្តើមហ្វឹកហាត់ជាកីឡាករយុវជនដំបូងបំផុតនៅក្លឹប CE Manresa Youth ក្នងឆ្នាំ១៩៨៤ បន្ទាប់មកលោកបានផ្លាស់ទៅក្លឹប Barcelona (១៩៨៤-២០០១) និងបន្តផ្លាស់ប្តូរក្លឹបជាបន្តបន្ទាប់រហូតបញ្ចប់អាជីពជាកីឡាករនៅក្លឹប Dorados de Sinaloa ក្នុងលីគលំដាប់ទី២ របស់ប្រទេសម៉ិកស៊ិក នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០០៧ ក្នុងនោះលោក បានបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិអេស្ប៉ាញបានចំនួន ៤៧ប្រកួត ​និងទាត់បញ្ជូលទីបានចំនួន ៥គ្រាប់ផងដែរក្នុងតួនាទីជាខ្សែបម្រើការពារ។

លោក Pep Guardiola កាលនៅជាកីឡាកររបស់ក្លឹប Barcelona
លោក Pep Guardiola កាលនៅជាកីឡាកររបស់ក្លឹប Barcelona

នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០០៧ លោកបានចូលដឹកនាំក្លឹប Barcelona B បន្ទាប់ពីចូលនិវត្តន៍មិនបានមួយខែផង។ ដឹកនាំក្លឹប Barcelona B បានត្រឹមមួយរដូវកាល (២០០៧-២០០៨) លោក Pep Guardiola ត្រូវបានលោក Joan Laporta Estruch ដែលជាប្រធានក្លឹប Barcelona តែងតាំងជាអ្នកចាត់ការទូទៅរបស់ក្រុមធំតែម្តងជំនួសលោក Frank Rijkaard សម្រាប់រដូវកាលបន្ទាប់ (២០០៨-២០០៩)។

  លោក Joan Laporta Estruch និងលោក  Pep Guardiola
  លោក Joan Laporta Estruch និងលោក  Pep Guardiola

ជីវិតជោគជ័យក្នុងវិថីជាអ្នកចាត់ការទូទៅរបស់លោក Pep Guardiola បានចាប់ផ្តើមនាពេលនោះមក ដោយក្នុងរយៈពេល ៤រដូវកាលនៅទឹកដី Camp Nou (ដឹកនាំបាន ២៤៧ប្រកួត ក្នុងនោះឈ្នះ ១៧៩, ស្មើ ៤៧ និងចាញ់ត្រឹម ២១ប្រកួត) លោកបានឈ្នះពានសរុបចំនួន ១៤ពាន រួមមាន៖ La Liga ចំនួន ៣ដង, Copa del Rey ចំនួន ២ដង, Supercopa de España ចំនួន ៣ដង, UEFA Champions League ចំនួន ២ដង, UEFA Super Cup ចំនួន ២ដង និង FIFA Club World Cup ចំនួន ២ដង។ យ៉ាងណា លោកបានចាកចេញពីក្លឹបទឹកដីកំណើតនេះ នៅពេលកិច្ចសន្យាជាមួយក្លឹបបានបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១២។

លោក  Pep Guardiola កាលនៅដឹកនាំក្លឹប Barcelona
លោក Pep Guardiola កាលនៅដឹកនាំក្លឹប Barcelona

បន្ទាប់ពីជោគជ័យក្នុងទឹកដីអេស្ប៉ាញ លោក Pep Guardiola ក៏បានបន្តអាជីពនេះជាមួយក្លឹបយក្សអាល្លឺម៉ង់ Bayern Munich បន្ទាប់ពីយល់ព្រមចុះកិច្ចសន្យាជាមួយក្លឹបកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៣ និងបានចាប់ផ្តើមដឹកនាំក្លឹបក្នុងរដូវកាល ២០១៣-២០១៤។ រយៈពេល ៣រដូវកាលនៅកីឡដ្ឋាន Allianz Arena (ដឹកនាំបាន ១៦១ប្រកួត ក្នុងនោះឈ្នះ ១២៤, ស្មើ ១៦ និងចាញ់ ២១ប្រកួត) លោកបានឈ្នះពានសរុបចំនួន ៧ពាន រួមមាន៖ Bundesliga ចំនួន ៣ដង, DFB-Pokal ចំនួន ២ដង, UEFA Super Cup ចំនួន ១ដង និង FIFA Club World Cup ចំនួន ១ដង។

លោក Pep Guardiola កាលនៅដឹកនាំក្លឹប Bayern Munich
លោក Pep Guardiola កាលនៅដឹកនាំក្លឹប Bayern Munich

ទឹកដីនៃលីគកំពូលអង់គ្លេស គឺជាសមរភូមិដ៏ខ្លាំងក្លាបំផុតក្នុងវិស័យបាល់ទាត់ ខណៈលោក Pep Guardiola ក៏បានមកដល់កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦ រហូតមកដល់ពេលបច្ចុប្បន្ននេះផងដែរ។ គិតត្រឹមរយៈពេល ៤រដូវកាលនៅលីគកំពូលអង់គ្លេស លោក Pep ក៏ទទួលបានផ្លែផ្កាគួរជាទីមោទនៈក្នុងនាមជាអ្នកចាត់ការទូទៅនៅក្លឹប Manchester City ក្នុងនោះ (ដឹកនាំបាន ២៣៩ប្រកួត, ឈ្នះ ១៧៧, ស្មើ ២៦ និងចាញ់ ៣៦ប្រកួត) លោកបានឈ្នះពានសរុបចំនួន ៨ពាន រួមមាន៖ Premier League ចំនួន ២ដង, FA Cup ចំនួន ១ដង, EFL Cup ចំនួន ៣ដង និង FA Community Shield ចំនួន ២ដង។

លោក Pep Guardiola ពេលកំពុងដឹកនាំក្លឹប Manchester City
លោក Pep Guardiola ពេលកំពុងដឹកនាំក្លឹប Manchester City

យ៉ាងណាមិញ រដូវកាលនេះ គឺជារដូវកាលទី៥ (ចុងក្រោយក្នុងកុងត្រាចាស់) របស់លោកក្នុងទឹកដី Etihad Stadium និងលីគកំពូលអង់គ្លេស ខណៈលោកក៏មិនទាន់ទទួលបានកុងត្រាថ្មីនៅឡើយ ស្របពេលលោកក៏នៅមានលទ្ធភាពដឹកនាំក្លឹបឈ្នះពានបន្ថែមទៀតក្នុងរដូវកាលនេះផងដែរ។ ចំណែកពានរង្វាន់ជាលក្ខណៈឯកត្តជនវិញ គឺលោក Pep Guardiola ឈ្នះបានចំនួន ១៨ពានរង្វាន់ផ្សេងៗគ្នាឯណោះក្នុងអាជីពជាអ្នកចាត់ការទូទៅ៕

លោក Pep Guardiola ឈ្នះពានអ្នកចាត់ការទូទៅល្អប្រចាំរដូវកាលនៅ Premier League 
លោក Pep Guardiola ឈ្នះពានអ្នកចាត់ការទូទៅល្អប្រចាំរដូវកាលនៅ Premier League 

ប្រភពtransfermarkt

Try Soklin
Soklin (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T