អេស្ប៉ាញ៖ ក្លិបកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍មកថា មានចំណាប់អារម្មណ៍ផ្ទេរយក ខ្សែការពារតម្លៃខ្លួន៣៥លានផោន របស់ក្រុម Villarreal កីឡាករ Pau Torres នៅទីផ្សារដោះដូរខែមករាខាងមុខ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោកគ្រូបង្វឹក Miekel Arteta បានពង្រឹងតំបន់ការពារក្នុងក្រុមរបស់ខ្លួន តាមរយៈការផ្ទេរយកកីឡាករ Gabriel Magalhaes ពីក្លិប Lille ក្នុងតម្លៃ២៧លានផោន កាលពីរដូវក្ដៅកន្លងទៅ។ យ៉ាងណាមិញ វត្តមានរបស់ Magalhaes នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ ដោយនាយកបច្ចេកទេសរបស់ក្លិប Arsenal លោក Edu នៅតែមានបំណងចង់នាំចូលខ្សែការពារ មកកាន់ក្រុមលោក Arteta បន្ថែមទៀត។

ជាមួយគ្នានេះ បើយោងតាមរបាយការណ៍របស់កាសែត TodoFichajes រនាំងការពារកណ្ដាលក្រុម Villarreal កីឡាករ Torres ជាគោលដៅនាំចូលរបស់លោក Edu នៅខែមករាខាងមុខ ខណៈជម្រើសជាតិអេស្ប៉ាញរូបនេះ ក៏ស្ថិតលើរ៉ាដារបស់ក្លិបបិសាចក្រហម Manchester United ផងដែរ។

គួរឲ្យដឹងដែរថា Torres ត្រូវបានគេចាត់ទុកជាខ្សែការពារដ៏លេចធ្លោមួយរូប នៅលីគអេស្ប៉ាញកាលពីរដូវកាលមុខ តួយ៉ាងនៅរដូវកាល២០១៩/២០ កន្លងទៅគេងបង្ហាញខ្លួន បានដល់ទៅ៣៦ប្រកួតឯណោះ គិតរាល់ព្រឹត្តិការណ៍ទាំងអស់។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងចំណោម៤ប្រកួតចុងក្រោយក្នុងជម្រើសជាតិអេស្ប៉ាញ ខ្សែការពារវ័យ ២៣ឆ្នាំរូបនេះ តែងត្រូវបានគ្រូងបង្វឹកដាក់ឲ្យចូលលេងពេញ៩០នាទីតែម្ដង៕

ប្រភព៖ dailymail