ប្រេស៊ីល៖ ជារឿងនឹកស្មានមិនដល់មួយ ដែលសុនខដ៏ស្មោះត្រង់មួយក្បាល បានតោងរថយន្ដសង្គ្រោះបន្ទាន់ ដើម្បីតាមម្ចាស់របស់វាទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីគាត់ធ្លាក់ខ្លួនឈឺពេលកំពុងបណ្ដើរសត្វចិញ្ចឹមរបស់គាត់នៅប្រទេសប្រេស៊ីល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សុនខគួរឲ្យស្រលាញ់នោះ បានលោតទៅតោងគូទរថយន្ដ ហាក់ដូចជាចង់ឲ្យគ្រូពេទ្យនាំវាទៅកាន់មន្ទីរពេទ្យ ជាមួយនឹងម្ចាស់របស់វាអីចឹងដែរ។ យ៉ាងណាមិញ មុនពេលចេញដំណើរ គ្រូពេទ្យក៏បានបើកទ្វាររថយន្ដ ដើម្បីឲ្យសុនខអាចទៅមន្ទីរពេទ្យជាមួយផងដែរ។

ខ្សែវីដេអូ ត្រូវបានថតដោយលោក Anderson Bahi បន្ទាប់ពីលោកបានកត់សម្គាល់ឃើញថា សុនខហាក់កំពុងតែព្រួយបារម្ភអំពីសុខទុក្ខម្ចាស់របស់វាយ៉ាងខ្លាំង កំឡុងពេលឈរក្បែររថយន្ដសង្គ្រោះបន្ទាន់ លើចិញ្ចើមផ្លូវមួយក្នុងប្រទេសប្រេស៊ីល។ ស្របពេលជាមួយគ្នានោះលោក Anderson បានប្រាប់គេហទំព័រ The Dodo ថា៖
ខ្ញុំកំពុងដើរកាត់រថយន្ដរបស់ខ្ញុំ ហើយពេលនោះខ្ញុំបានឃើញរថយន្ដសង្គ្រោះបន្ទាន់កំពុងឈប់នៅផ្លូវម្ខាងទៀត។ ខណៈពេលដែលគ្រូពេទ្យកំពុងលើកម្ចាស់របស់វាដាក់ក្នុងរថយន្ដ ហើយវាក៏បានលោតទៅតោងលើកាងខាងក្រោយនៃរថយន្ដ ដោយសង្ឃឹមថានឹងបានទៅមន្ទីរពេទ្យជាមួយម្ចាស់របស់វាដែរ។ ហើយក្ដីស្រលាញ់របស់សុនខចំពោះម្ចាស់វា ពិតជាពិសេសណាស់ និងជាក្ដីស្រលាញ់ដ៏ស្មោះស្ម័គ្របំផុត។

យ៉ាងណាមិញ នៅពេលទៅដល់មន្ទីរពេទ្យ គេឃើញសុនខនោះបានអង្គុយនៅខាងក្រៅ ក្បែរនឹងទ្វារធំ ដើម្បីរង់ចាំម្ចាស់ ចេញមកវិញទៀតផង។ ហើយគ្រានោះដែរ វាត្រូវបានអ្នកស្រុកម្នាក់ឈ្មោះ Maria Lúcia Muniz ដែលរស់នៅក្បែរមន្ទីរពេទ្យ មានចិត្ដអាណិតអាសូរជាពន់ពេក ក៏នាំវាទៅផ្ទះរបស់នាងតែម្ដង។
តែទោះជាយ៉ាងណា សុនខកម្សត់នេះ មិនបានរង់ចាំម្ចាស់របស់វាយូរពេកទេ ពោលត្រឹមរយៈពេល៤៥នាទីប៉ុណ្ណោះ។ ក្រោយមក សមាជិកគ្រួសាររបស់ម្ចាស់វា ក៏បានមកដល់ផ្ទះអ្នកស្រី Maria ហើយនាំទៅផ្ទះរបស់ពួកគេវិញ៕

សូមទស្សនាវីដេអូខាងក្រោម៖