មិនបាច់ឆ្ងល់ថា ម៉េចបានកើតមុនពេញមុខទេ បើមានទម្លាប់អាក្រក់តូចតាចអស់នេះ!

//s9.kh1.co/f8/f8fb642b9eecf9708f1ee7eb7ed51f94ef3440e1.jpg
នារី

 ១៥-តុលា-២០២០ ២ល្ងាច · ៥ ឆ្នាំមុន

ត្បិត​តែ​រូប​រាង​ខាង​ក្រៅ​មិន​អាច​យក​ឈ្នះ​សម្រស់​ពី​ខាង​ក្នុង​របស់​យើង​បាន តែ​វា​ក៏​សំ​ខាន់​ដែរ បើ​យើង​មាន​ភាព​ជឿ​ជាក់​លើ​សម្រស់​ខាង​ក្រៅ។

ត្បិត​តែ​រូប​រាង​ខាង​ក្រៅ​មិន​អាច​យក​ឈ្នះ​សម្រស់​ពី​ខាង​ក្នុង​របស់​យើង​បាន តែ​វា​ក៏​សំ​ខាន់​ដែរ បើ​យើង​មាន​ភាព​ជឿ​ជាក់​លើ​សម្រស់​ខាង​ក្រៅ ហើយ​មុន​មិន​មែន​ជា​អ្វី​ដែល​យើង​ចង់​មាន​លើ​ខ្លួន​ទេ ជា​ពិសេស​លើ​មុខ។ គ្នា​យើង​ខ្លះ មុខ​ឡើង​មុន​ខ្លាំង​ប្រើ​ផលិត​ផល​ណា​ក៏​មិន​បាត់ ធុញ​ទ្រាន់​នឹង​ការ​មិន​ឃើញ​លទ្ធផល​ផង ហើយ​ស្ដាយ​លុយ​ទៀត។ ប៉ុន្តែយើង​ត្រូវ​ដឹង​ថា ទម្លាប់​អាក្រក់​តូច​តាច​ដែល​យើង​ធ្វើ​រាល់​ថ្ងៃ ក៏​អាច​ឲ្យ​មុន​កើត​ម្ដង​បន្តិចៗ​លើ​មុខ​ដោយ​មិន​ដឹង​ខ្លួន​ដែរ​ដូច៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ស្ត្រេស

កាល​ណា​យើង​ស្ត្រេស រាង​កាយ​របស់​យើង​នឹង​បញ្ចេញ​អ័រម៉ូន​ធ្វើ​ឲ្យ​មាន​ការ​ផលិត​ប្រេង​ច្រើន​លើ​ស្បែក ដែល​ជា​កត្តា​បណ្ដាល​ឲ្យ​កើត​មុន។

២. ជក់​បារី

ការ​ជក់​បារី​ប៉ះពាល់​ទៅ​ដល់​ Collagen និង Elastin ជា​ហេតុ​ធ្វើ​ឲ្យ​ស្បែក​ងាយ​កើត​មុន ឬ​​ពិបាក​បំបាត់​ស្នាម​មុន​ជាដើម។ មួយ​វិញ​ទៀត ការ​ជក់​បារី​ក៏​ឆាប់​ឲ្យ​យើង​មាន​ស្នាម​ជ្រីវជ្រួញ​លើ​ស្បែក បណ្ដាល​ឲ្យ​មើល​ទៅ​ចាស់​ជាង​អាយុ​មិន​ខាន។

៣. គេង​ទាំង​មិន​លុប​មុខ

បើ​យើង​មិន​លុប​មុខ ហើយ​ចូល​គេង​ទាំង​មុខ​សុទ្ធ​តែ​ដី ឬ​ make up ធូលី ឬ​គ្រឿង​សម្អាង​ដែល​នៅ​ជាប់​មុខ​យើង​មួយ​ថ្ងៃ​​ហើយ​នោះ នឹង​កក​ក្នុង​រន្ធ​ញើស ហើយ​កកើត​ជា​បាក់តេរី បណ្ដាល​ឲ្យ​មុខ​ឡើង​មុន។

៤. លាង​​មុខ​ញឹក​ញាប់​ពេក

មួយ​ថ្ងៃៗ​លាង​មុខ ៣-៤ដង ក៏​មិន​ល្អ​ដល់​ស្បែក​មុខ​ដែរ។ ការ​លាង​មុខ​ច្រើន​ដង​ពេក​កម្ចាត់​ប្រេង​ល្អៗ​លើ​មុខ​យើង ធ្វើ​ឲ្យ​ស្បែក​ស្ងួត ហើយ​មុខ​កាន់​តែ​ផលិត​ប្រេង​ច្រើន​លើស​ដើម មក​បំពេញ​ប្រេង​ដែល​បាត់​បង់​ទៅ។ ការ​ដែល​យើង​ដុស​មុខ​ខ្លាំង​ៗ ក៏​បង្ក​ជា​ផល​រំខាន​ដល់​ស្បែក​មុខ​ដែរ។

៥. អត់​បោក​ស្រោម​ខ្នើយ

យើង​មិន​សូវ​ចាប់​អារម្មណ៍​ទេ អា​រឿង​ស្រោម​ខ្នើយ​នេះ តែ​ស្រោម​ខ្នើយ​នឹង​អាច​ផ្ទុក​បាក់តេរី​កខ្វក់ ហើយ​ពេល​យើង​គេង​លើ បាក់តេរី​ទាំង​នោះ អាច​តោង​ជាប់​នឹង​ស្បែក​មុខ​យើង​បង្ក​ជា​មុន​បាន។ ស្រោម​ខ្នើយ​មិន​គួរ​ប្រើ​ទាល់​តែ​រាប់​ខែ​បាន​ប្ដូរ​ទេ គួរ​ប្ដូរ​២ដង/សប្ដាហ៍។

៦. គេង​មិន​គ្រប់​គ្រាន់

ការ​គេង​មិន​គ្រប់​គ្រាន់ បង្កើន​កម្រិត​ស្ត្រេស​ដែល​ធ្វើ​ឲ្យ​យើង ងាយ​នឹង​កើត​មុន​លើ​មុខ។ មិន​តែ​ប៉ុណ្ណោះ បើ​យើង​គេង​មិន ​៧-៨ម៉ោង/យប់​ទេ ភ្នែក​នឹង​ឡើង​ដក់ ឬ​អាច​ឡើង​ខ្មៅ​ក្រោម​ភ្នែក ធ្វើ​ឲ្យ​បាក់​សម្រស់​មួយ​កម្រិត​ថែម​ទៀត។

៧. របប​អាហារ​ប្រចាំ​ថ្ងៃ

ចំពោះ​ចំណី​អាហារ​ដែល​យើង​ញ៉ាំ​រាល់​ថ្ងៃ ក៏​មាន​ចំណែក​ក្នុង​ការ​បង្ក​ឲ្យ​កើត​មុន​បាន​ដែរ ជា​ពិសេស​អាហារ​ដែល​ធ្វើ​ឲ្យ​ក្ដៅ​ក្នុង​ខ្លួន។ យក​ល្អ ក្នុង​មួយ​ថ្ងៃៗ យើង​ត្រូវ​ញ៉ាំ​អាហារ​ដែល​មាន​ជីវជាតិ​ល្អ​ៗ​ស្មើ​គ្នា ហើយ​ញ៉ាំ​បន្លែ​បៃ​តង​ឲ្យ​បាន​ច្រើន ព្រោះ​វា​ជួយ​ការពារ​មិន​ឲ្យ​មាន​ការ​រលាក​ផ្សេងៗ​កើត​ឡើង ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​កើត​មុន​ផ្ដេសផ្ដាស។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T