ការ​សិក្សា​ថ្មី​មួយ​បាន​ណែ​នាំ​ថា ការ​ទទួល​ទាន​បន្លែ​ដូច​ជា ផ្កា​ខាត់​ណា​ខៀវ និង​ស្ពៃ​ក្ដោប អាច​ការ​ពារ​យើង​​ពី​ជំងឺ​សរសៃ​ឈាម​ធ្ងន់​ធ្ងរ​បាន។

ភាគ​ច្រើន​មិន​ថា​ក្មេង​ៗ​ចាស់​ទេ រឿង​បន្លែ​នេះ​មួយ គឺ​​មិន​សូវ​ចូល​ចិត្ដ​នោះ​ទេ ប៉ុន្តែ​បើ​យើង​​គិត​ដល់​សារៈ​ប្រយោជន៍​របស់​វាគឺ​អាច​ជួយ​ការ​ពារ​យើង​​ពី​ជំងឺ​សរសៃ​ឈាម ហើយ​យើង​​គួរ​តែ​ព្យាយាម​ញ៉ាំ​បន្លែ​នេះ​ឲ្យ​បាន​ច្រើន។

អត្ថ​បទ​សា្រវ​ជ្រាវ​មួយ​បោះ​ពុម្ភ​ផ្សាយ​ក្នុង British Journal of Nutrition បាន​រក​ឃើញ​ថា មនុស្ស​ស្រី​មាន​វ័យ​ចំណាស់ ដែល​ញ៉ាំ​បន្លែ​ក្ដោប​ៗ​បាន​ច្រើន ដូច​ជា​ផ្កា​ខាត់​ណា​ខៀវ និង​ស្ពៃ​ក្ដោប គឺ​មិន​ងាយ​កើត​ជំងឺ​សរសៃ​ឈាម ដូច​អ្នក​មិន​សូវ​ទទួល​ទាន​បន្លែ​បែប​នេះ​ទេ។

​ការ​សិក្សាមួយ​ទៀត​​បាន​រក​ឃើញ​ថា​ អ្នក​ដែល​ទទួល​ទាន​បន្លែ​ក្ដោប​ច្រើន គឺ​មិន​មាន​ជាតិ​កាល់​ស្យូម​កក​នៅ​តាម​សរសៃ​ឈាម​អាអក​នោះ​​ទេ។ ​កំណក​កាល់​ស្យូម​នោះ គឺ​ជា​សញ្ញា​បញ្ជាក់​​អំពី​ជំងឺ​សរសៃ​ឈាម​បាន។

តើអ្វីជាជំងឺសរសៃឈាម?

ជំងឺ​សរសៃឈាម ​គឺ​ជា​ជំងឺ​កើត​លើ​សរសៃ​ឈាម​វ៉ែន និង​សរសៃ​ឈាម​អាកទែ។ ពេល​យើង​កើត​ជំងឺ​នេះ ​នឹង​ធ្វើ​ឲ្យ​ចលនា​ឈាម​រត់​ក្នុង​ខ្លួនយើង​មិន​បាន​គ្រប់​គ្រាន់។ ពេល​ខ្លះ​វា​អាច​កើត​ឡើង​ដោយ​សារ​តែ មាន​ជាតិ​ខ្លាញ់​ច្រើន មាន​ជាតិ​កាល់ស្យូម​ច្រើន នៅ​ក្នុង​ជញ្ជាំង​ខាង​ក្នុង​របស់​សរសៃ​ឈាម ដូច​ជា​សរសៃ​ឈាម​អាអក​ជា​ដើម។ ​បញ្ហា​នេះ​ អាច​នឹង​បណ្ដាល​ឲ្យ​យើង​មាន​​ជំងឺ​គាំង​បេះ​ដូង ឬ​ស្ទះ​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល​ជា​ដើម។

ខាង​ក្រោម​នេះ គឺ​ជា​ការ​រក​ឃើញ​របស់​អ្នក​ស្រាវ​ជ្រាវ អំពី​ទំនាក់ទំនង​រវាង​​បន្លែ​ក្ដោប និង​​ជំងឺ​សរសៃ​ឈាម

លោក​ស្រី​​វេជ្ជ​បណ្ឌិត Lauren Blekkenhorst ដែល​ជា​អ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​មួយ​នេះ បាន​លើក​ឡើង​ថា ក្នុង​ការ​សិក្សា​លើក​មុន​លោក​ស្រី​​បាន​រក​ឃើញ​ថា អ្នក​ដែល​ទទួល​ទាន​បន្លែ​ដូចជា​ខាត់ណាខៀវ និង​ស្ពៃក្ដោប នឹង​កាត់​បន្ថយ​អត្រា​ប្រឈម​ជាមួយ​ជំងឺ​សរសៃ​ឈាម​បេះ​ដូង ដូច​ជា​ជំងឺ​គាំង​បេះដូង ឬ​ស្ទះ​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល​ជា​ដើម តែ​ពេល​នោះ​លោក​ស្រី​ពុំ​​បានដឹង​​អំពី​មូលហេតុ​របស់​វា​ឡើយ។ យ៉ាងណា​ ​ក្នុង​ការ​សិក្សា​ថ្មី​​នេះ លោក​ស្រី​បាន​បក​ស្រាយ​ចម្ងល់​នេះ​ហើយ។

លោក​ស្រី​​​បាន​រក​ឃើញ​ថា មនុស្ស​ស្រី​វ័យ​ចំណាស់ ដែល​ទទួល​ទាន​បន្លែ​ក្ដោប​​ជា​រៀង​រាល់​ថ្ងៃ គឺ​មិន​សូវ​មាន​កំណក​កាល់​ស្យូម​នៅ​ក្នុង​សរសៃ​ឈាម​អាអក​របស់​គាត់​ឡើយ ដោយ​ថា​​សារធាតុ​សំខាន់​មួយ​ ក្នុង​បន្លែ​ក្ដោប​ នោះ​គឺ វីតាមីន K ដែល​វីតាមីន​នេះ វា​ចូល​រួម​ជួយ​កុំ​ឲ្យ​ជាតិ​កាល់​ស្យូម​ទៅ​តោង​ក្នុង​សរសៃ​ឈាម​បាន។

លោក​ស្រី​វេជ្ជបណ្ឌិត Blekkenhorst ក៏​បាន​លើក​ឡើង​ដែរ​ថា​ ក្នុង​ការ​សិក្សា​មួយ​នេះ មនុស្ស​ស្រី​ដែល​ទទួល​ទាន​បន្លែ​ក្ដោប ៤៥ក្រាម​ក្នុង​មួយ​ថ្ងៃ នឹង​មិន​ងាយ​មាន​បញ្ហា​លើស​ជាតិ​កាល់​ស្យូម​ក្នុង​សរសៃ​ឈាម​បាន​រហូត​ដល់ ៤៦ភាគ​រយ បើ​ប្រៀប​ជាមួយ​អ្នក​ដែល​មិន​ទទួល​ទាន​បន្លែ​ក្ដោប​ជា​ប្រចាំ។

លោក​ស្រី​​ក៏​បាន​បន្ថែម​ទៀត​ដែរ​ថា ការ​រក​ឃើញនេះ​ គឺ​មិន​មែន​មាន​ន័យ​ថា យើង​គ្រប់​គ្នា​ត្រូវ​តែ​ញ៉ាំ​បន្លែ​តែ​ប៉ុន្មាន​មុខនេះ​ ​នោះ​ទេ គឺ​យើង​ត្រូវ​ញ៉ាំ​បន្លែ​​គ្រប់​ប្រភេទ ដើម្បី​ទ្រទ្រង់​សុខភាព​របស់​​យើង​ទាំង​អស់​គ្នា។

លោក Beth Meertens ជា​អ្នក​គ្រប់​គ្រង​នៅ Heart Foundation Manager, Food and Nutrition បាន​លើក​ឡើង​ថា ការ​សិក្សា​មួយ​នេះ ជួយ​ឲ្យ​យើង​បាន​ដឹង​អំពី​គុណ​សម្បតិ្ដ​របស់​បន្លែ​ប្រភេទ​នេះ​ទាក់​ទង​ជាមួយ​នឹង​ជំងឺ​​សរសៃ​ឈាមបេះ​ដូង ដែល​ជំងឺ​បេះ​ដូង​គឺ​ជា​ជំងឺ​​បណ្ដាល​ឲ្យ​មាន​អ្នក​ស្លាប់​ច្រើន​ក្នុង​ប្រទេស អូស្ត្រាលី។ ការ​ទទួល​ទាន​អាហារ​មិន​ត្រឹម​ត្រូវ គឺ​មាន​ទាក់​ទង​ជាមួយ​ការ​កើត​ជំងឺ​បេះ​ដូង​នេះ រហូត​ដល់ ៦៥,៥​ភាគ​រយ​ឯណោះ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សម្រស់ & សុខភាព និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]