រាល់សរីរាង្គទាំងអស់សុទ្ធតែចាំបាច់នៅក្នុងកិច្ចដំណើរការរាងកាយមនុស្សយើង ខ្វះមួយណាក៏ពិបាកដែរ។ ក្នុងនោះ បេះដូងជាផ្នែកសំខាន់មួយជួយបំពេញមុខងាយរបស់រាងកាយ តែវាក៏អាចកើតជំងឺកាចសាហាវអាចផ្ដាច់យកជីវិតយើងពេលណាក៏បានដូចគ្នា បើយើងថែមិនបានល្អ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមនុស្សមួយចំនួនបានជួបបញ្ហាស្ទះសរសៃឈាមបេះដូង ដែលជំងឺនេះជាការខូច ឬស្លោកសាច់ដុំបេះដូងស្រួចស្រាវ។ ជំងឺស្ទះសរសៃឈាមបេះដូង ភាគច្រើនបណ្ដាលមកពីការកកជាតិខ្លាញ់តាមសរសៃឈាមបេះដូង។ នេះបើតាមការចុះផ្សាយរបស់មន្ទីរពេទ្យ កាល់ម៉ែត ។
ទោះបីបញ្ហាស្ទះសរសៃឈាមបេះដូង ជាជំងឺដែលមានគ្រោះថ្នាក់ធ្ងន់ដល់អាយុជីវិត ត្រូវការព្យាបាលជាបន្ទាន់ក៏ពិតមែន ប៉ុន្តែគ្នាយើងអាចបង្ការខ្លួន ចៀសផុតពីបញ្ហានេះជាមួយតិចនិកខាងក្រោមនេះ៖
១. ហាត់ប្រាណឲ្យបានទៀងទាត់ (៣០នាទី/ថ្ងៃ, ៥ថ្ងៃ/សប្ដាហ៍)
២. ឈប់ជក់បារី
៣. កាត់បន្ថយសេពគ្រឿងស្រវឹងឲ្យបានច្រើនបំផុត
៤. ចៀសវាងអាហារប្រៃខ្លាំង
៥. កាត់បន្ថយអាហារខ្លាញ់ច្រើន និងសាច់
៦. កាត់បន្ថយអារម្មណ៍តានតឹង ឬស្ត្រេស
៧. គ្រប់គ្រងសម្ពាធឈាមឲ្យបានល្អ (បើយើងលើសឈាម)
៨. រក្សាទម្ងន់ឲ្យបានល្អ (កុំឲ្យលើសទម្ងន់)
៩. គ្រប់គ្រងជាតិស្ករបានត្រឹមត្រូវតាមការណែនាំគ្រូពេទ្យ (បើយើងលើសជាតិស្ករ)
១០. ពិគ្រោះ ឬពិនិត្យសុខភាពឲ្យបានទៀងទាត់។ល។
បើយើងជាមនុស្សមានសុខភាពល្អធម្មតា មិនងាយនឹងកើតបញ្ហាស្ទះសរសៃឈាមបេះដូងនេះទេ។ ផ្ទុយទៅវិញ បើគ្នាយើងជាមនុស្សដូចក្នុងការរៀបរាប់ខាងក្រោម ច្បាស់ណាស់នឹងងាយរងគ្រោះដោយសារបញ្ហានេះ៖
– លើសទម្ងន់
– វ័យចំណាស់
– លើសសម្ពាធឈាម
– លើសជាតិខ្លាញ់
– ជក់បារី និងផឹកស្រាច្រើន
– គ្រួសារមានជំងឺស្ទះសរសៃឈាមបេះដូង។ល។
មិនតែប៉ុណ្ណោះ ដូចនឹងជំងឺសាហាវដទៃទៀតដែរ ជំងឺស្ទះសរសៃឈាមបេះដូង ក៏មានផលវិបាកយាយីអ្នកជំងឺដែរដូច ខ្សោយបេះដូង ចុះសម្ពាធធ្ងន់ធ្ងរ មានវិបត្តិចង្វាក់បេះដូងធ្ងន់ធ្ងរ គាំងបេះដូង ឬអាចបណ្ដាលឲ្យអ្នកជំងឺស្លាប់តែម្ដង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet