ក្រោយ​​​កម្មករ​​​ស៊ិន​​​ទ្រី​​​ធ្វើ​​កូដ​​កម្ម​​ឈប់​​ប្រ​មូល​​សំរាម​​ ស្ថាប័ន​ពាក់​​ព័ន្ធ​​​បញ្ចេញ​​មន្រ្តី​​​​ ដើម្បី​​ប្រ​មូល​​​សំរាម​​​បណ្ដោះ​អាសន្ន​​​

//s9.kh1.co/59/5988dc602b682985d75ac9a71c06f98b9292495c.jpg
សង្គម

 ០៦-តុលា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

តាំងពីល្ងាចថ្ងៃទី ០២ តុលា រហូតមកដល់ពេលនេះ កម្មករប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ិនទ្រី បានធ្វើកូដកម្ម ដោយមិនចេញ​ប្រមូលសំរាម ដែលធ្វើឲ្យមានសំរាមកកស្ទះនៅតាមដងផ្លូវនានា​ក្នុង​រាជធានីភ្នំពេញ។

កម្មករក្រុមហ៊ុន ស៊ិនទ្រី បានធ្វើកូដកម្ម ឈប់ប្រមូលសំរាមក្នុងរាជធានីភ្នំពេញ ដើម្បីទាមទារឲ្យក្រុមហ៊ុន​បំពេញតាម​លក្ខខណ្ឌរបស់ខ្លួនដែលបានតវ៉ា។ បន្ទាប់ពីកម្មករឈប់ប្រមូលសំរាម ស្ថាប័នពាក់ព័ន្ធបានបញ្ចេញកម្លាំងមន្រ្តី និង​ប្រជា​ការពារតាមមូលដ្ឋាន ឲ្យដើរប្រមូលសំរាមជាបណ្ដោះអាសន្ន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងស្ថានភាពនេះ សកម្មភាពប្រមូលសំរាមមិនទាន់ជាមួយនឹងការបញ្ចេញសំរាមរបស់​ពលរដ្ឋរស់នៅក្នុង​រាជធានី​ភ្នំពេញនោះទេ ដូច្នេះធ្វើឲ្យសំរាមនៅបន្ដមានច្រើនតាមដងផ្លូវមួយចំនួន។

ប្រាប់សារព័ត៌មានក្នុងស្រុក លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ នៅថ្ងៃទី០៦ តុលានេះ បានអះអាងថា រដ្ឋបាលរាជធានីភ្នំពេញ បានព្យាយាមសម្របសម្រួល ពន្យល់ណែនាំគ្រប់ទិដ្ឋភាព រួមទាំង​ទិដ្ឋភាពច្បាប់ការងារ ដល់បងប្អូនកម្មករប្រមូលសម្រាមដែលកំពុងទាមទារលក្ខខណ្ឌមិនសមស្របមួយចំនួន។

លោក មាសភក្ដី អំពាវនាវថា៖ «សូមអំពាវនាវដល់បងប្អូនកម្មករប្រមូលសំរាមដែលកំពុងធ្វើកូដកម្ម សូមភ្ញាក់រលឹក និងបញ្ឈប់សកម្មភាព ទាមទារខុសច្បាប់ការងារ។ ជឿជាក់ថា បងប្អូននឹងវិលត្រឡប់មកធ្វើការបំពេញ​តួនាទីរៀង​ៗ​ខ្លួនឡើងវិញ ដើម្បីទីក្រុងយើងទាំងអស់គ្នាស្អាត» ហើយសូមបញ្ឈប់ការយកសំរាម ជាចំណាប់ខ្មាំងទៀតទៅ»។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានលើកឡើងទៀតថា ទោះឈរលើស្មារតីយោគយល់ចំពោះ​អាកប្បកិរិយា​រឹងរូសទាំងនេះក៏ដោយ ក៏ស្ថានភាពមិនអំណោយផលដល់ការបន្តរង់ចាំ ហើយជម្រើសនៃការប្រើកម្លាំងពលកម្មថ្មី ត្រូវតែបង្ខំចិត្តអនុវត្ត ដើម្បីកែប្រែស្ថានការណ៍ នៃការសំអាតទីក្រុងឡើងវិញ។ ហេតុដូច្នេះបានជា សាលារាជធានី​ភ្នំពេញ ប្រកាសជ្រើសរើសកម្មករដើម្បីប្រមូលសំរាមក្នុងរយៈកាលនេះ។

គួរបញ្ជាក់ថា តាំងពីល្ងាចថ្ងៃទី ០២ តុលា រហូតមកដល់ពេលនេះ កម្មករប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ិនទ្រី បាន​ធ្វើ​កូដកម្ម ដោយមិនចេញប្រមូលសំរាម ដែលធ្វើឲ្យមានសំរាមកកស្ទះនៅតាមដងផ្លូវនានា​ក្នុង​រាជធានីភ្នំពេញ។ ការធ្វើកូដកម្មនេះ កម្មករបានទាមទារឲ្យក្រុមហ៊ុន ស៊ិនទ្រី ដោះស្រាយនូវ៖ «ប្រាក់បំណាច់អតីតភាពកាងារ ប្រាក់​សំណង​ជំងឺចិត្ត ប្រាក់ជួសការជូនដំណឹងមុន ​ប្រាក់ខែចុងក្រោយ ការឈប់សម្រាកប្រចាំឆ្នាំដែលនៅសេសសល់»។ យ៉ាងណា មន្ត្រីសាលារាជធានីភ្នំពេលើកឡើងថា កម្មករប្រមូល​សម្រាមទាំងនោះកំពុងទាមទារនូវ​លក្ខខណ្ឌ​មិន​សមស្របមួយចំនួន៕  

រូបភាពពីទំព័រហ្វេសប៊ុក លោក Somethearith Din
រូបភាពពីទំព័រហ្វេសប៊ុក លោក Somethearith Din
រដ្ឋបាលរាជធានីភ្នំពេញ
រដ្ឋបាលរាជធានីភ្នំពេញ
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T