៧ ​សំណួរ​​ទៅ​​កាន់​​លោក​​ Sai ​ពី​​ហេតុ​​ផល​​​ដែល​ជ្រើស​​យក​​​វិធី​​​រត់​​​មួយ​​​ជុំ​​​កម្ពុជា​​ដើម្បី​​សប្បុ​​រស​​ធម៌​ (មាន​វី​ដេ​អូ)

//s9.kh1.co/44/44495d6afa51c22503f5e09964fa83f1ec715cad.jpg
សង្គម

 ០២-តុលា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

មានចម្ងល់មួយចំនួនពីទស្សនិកជន ថាតើហេតុអីលោកសម្រេចចិត្តរត់ដោយថ្មើរជើង (ដូចជាការធ្វើបាបខ្លួនឯង) ដើម្បីរក​ថវិកា​ជួយពេទ្យ?

លោក អ៊ួន បឋម មានឈ្មោះក្រៅហៅថា សាយ (Sai)។ លោកជាកូនប្រុសពៅក្នុងគ្រួសារខ្មែរកាត់ឡាវ និងមានស្រុក​កំណើតនៅឯខេត្តរតនគិរី។ លោកជានិស្សិតបញ្ចប់ការសិក្សាជំនាញសេដ្ឋកិច្ច-អភិវឌ្ឍន៍ នៅសាកលវិទ្យាល័យ​ភូមិន្ទនីតិ​សាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។​​ ជាការកត់សម្គាល់ ទស្សនិកជនចាប់ផ្តើមស្គាល់លោក តាមរយៈ​ការ​ប្រឡូកក្នុងវិស័យសិល្បៈ​ និងការងារសង្គម។ និយាយដល់រឿងការងារសង្គម​ លោក សាយ បានបង្ហើបពីគម្រោង​រៀបចំកម្មវិធីសប្បុរសធម៌មួយដោយរត់ជុំវិញកម្ពុជា ក្នុងន័យស្វែងរកថវិកាសប្បុរសធម៌ទៅជួយមន្ទីរពេទ្យ «កុមារ​អង្គរ» នៅខេត្តសៀមរាប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តបនឹងការបង្ហើបទាំងនេះ មានចម្ងល់មួយចំនួនពីទស្សនិកជន ថាតើហេតុអីលោកសម្រេចចិត្តរត់ដោយថ្មើរជើង (ដូចជាការធ្វើបាបខ្លួនឯង) ដើម្បីរកថវិកាជួយពេទ្យ? ម៉េចមិនប្រើវិធីផ្សេង? ហេតុអ្វីមិនធ្វើកម្មវិធី​សប្បុរសធម៌​ដូចជា​ការច្រៀងជាដើមដើម្បីរកថវិកាទាំងនោះវិញ?

តាមរយៈបទសម្ភាសឆ្លងឆ្លើយផ្ទាល់ជាមួយ ខ្មែរឡូត លោក Sai បានលម្អិតពីហេតុផលសំខាន់ៗដោយតបនឹង​សំណួរដូច្នេះថា៖

ខ្មែរឡូត៖ មានលេចឮព័ត៌មានខ្លះពីគម្រោងរបស់លោក ដូច្នេះសូមជួយរៀបរាប់ពីកម្មវិធីដែលលោកគ្រោងនឹងរៀបចំ។

សាយ៖ «ខ្ញុំបានរៀបចំគម្រោង និងបង្កើតកម្មវិធីមួយដែលមានឈ្មោះថា “រត់ដើម្បីសប្បុរសធម៌ជាមួយសាយ ឬ Run For Charity With Sai”។ តាមពិតគម្រោងនេះ ខ្ញុំគិតទុកតាំងពីឆ្នាំ ២០១៧ មកម្ល៉េះ។ ហើយ Project នេះ ខ្ញុំរំពឹងថា នឹងរៃអង្គាសថវិកាឲ្យបាន ១០០០លានរៀល ឬស្មើនឹង ២៥ម៉ឺនដុល្លារ សម្រាប់ជាថវិកាសប្បុរសធម៌ទៅជួយ​មន្ទីរពេទ្យកុមារអង្គរនៅខេត្តសៀមរាប»។

ខ្មែរឡូត៖ ហេតុអីជ្រើសយកមន្ទីរពេទ្យកុមារអង្គរសម្រាប់ផ្តល់ជំនួយសប្បុរសធម៌នេះ?

សាយ៖ «មូលហេតុដែលជ្រើសយកពេទ្យនេះ គឺដោយសារឃើញថាពេទ្យខាងលើមានការខ្វះខាតលទ្ធភាពទ្រទ្រង់លើការព្យាបាលកុមារ។ ហើយមួយទៀតខ្ញុំចង់សងគុណដល់ពេទ្យមួយនេះ ដែលបានជួយព្យាបាលសាច់ញាតិរបស់ខ្ញុំជាច្រើននាក់ឲ្យជាសះស្បើយ។ តាមពិតខ្ញុំបានរៀបគម្រោងថានឹងធ្វើកម្មវិធីនេះតាំងពីមិនទាន់មានកូវីដ១៩មកម្ល៉េះ »។​

ខ្មែរឡូត៖ តើចម្ងាយផ្លូវសម្រាប់រត់ខ្ទង់ប៉ុន្មានគីឡូម៉ែត្រដែរ? ហើយចំណាយពេលយូរប៉ុណ្ណា?

សាយ៖ «ខ្ញុំនឹងរត់ឆ្លង ២១ខេត្ត-ក្រុង បើតាមការស្មានចម្ងាយសរុបប្រមាណ ២៤០០ ទៅ ២៥០០ គីឡូម៉ែត្រ និងចំណាយពេល មិនក្រោម ៩៩ថ្ងៃ»។

ខ្មែរឡូត៖ តើលោកយល់យ៉ាងណាខ្លះទើបសម្រេចចិត្តជ្រើសយកវិធីរត់ដើម្បីរកថវិកាសប្បុរសធម៌? ហេតុអីជ្រើសយកវិធីរត់ដើម្បីសប្បុរសធម៌? ហេតុអីមិនជ្រើសយកវិធីច្រៀង ឬសកម្មភាពសិល្បៈជំនួសវិញ?

សាយ៖ «ខ្ញុំជឿថា មានមនុស្សមិនតិចទេ ដែលគេយល់ថាការសម្រេចចិត្តធ្វើបែបនេះគឺជារឿងប្លែក ព្រោះការរត់រាប់ខែអ៊ីចឹងដូចជាការធ្វើបាបខ្លួនឯង។ តែខ្ញុំជឿជាក់លើការសម្រេចចិត្តមួយនេះ​ ហើយរំពឹងថា នឹងប្រើជើង២រត់ជុំវិញកម្ពុជា ដើម្បីរកថវិកាសប្បុរសធម៌។ មែនទែនទៅ ការច្រៀងមើលទៅមិនសូវវេទនា ស្លៀកពាក់ស្អាត នៅតែមួយកន្លែង និងមិនប្រថុយជីវិតឡើយ ពោលគឺសាមញ្ញ។ ពីមុនខ្ញុំច្រៀងដើម្បីសប្បុរសធម៌ដែរ និងជួយកុមារកំព្រាបានខ្លះ។ យ៉ាងណាក៏មានអារម្មណ៍ថាហាក់តិចតួច ហើយចង់ធ្វើអីឲ្យចេញជាលទ្ធផលធំជាងនេះ។ គោលដៅគឺ ខ្ញុំចង់ឲ្យគេឆ្ងល់ថា ហេតុអីខ្ញុំជ្រើសយកវិធីហ្នឹង? ខ្ញុំមិនអាចជួយពេទ្យដោយផ្ទាល់ តែអាចជួយដោយប្រយោល។ ខ្ញុំចង់ឲ្យភាពល្បីល្បាញតិចតួចរបស់ខ្ញុំ បានចូលរួមជាផ្នែកនៃការចែករំលែក និងជួយសង្គមក្នុងអំឡុងភាពលំបាកនៃកូវីដ១៩នេះ»។

ខ្មែរឡូត៖ ហេតុអីជ្រើសយកថ្ងៃកំណើតជាថ្ងៃចាប់ផ្តើមរត់?

សាយ៖ «ថ្ងៃទី ០៦ តុលា ជាថ្ងៃខួបកំណើតខ្ញុំគម្រប់ ៣០ឆ្នាំ។ ចំពោះមនុស្សដែលខ្ញុំស្គាល់ គេប្រារព្ធខួបកំណើតដោយជួបជុំ ញាំអីជាមួយគ្នា កម្សាន្តសប្បាយអ៊ឹចឹងទៅ។ បើនិយាយពីខ្ញុំវិញ គឺមិនដែលធ្វើខួបខ្លួនឯងសោះ ធ្លាប់តែគេធ្វើឲ្យតិចតួច មិនដែលធ្វើដោយខ្លួនឯងទេ។ តែបើធ្វើ ខ្ញុំចង់ធ្វើខួបដោយការជួយអ្នកដទៃ និងចែករំលែក គឺចង់ជួយជីវិតក្មេងនៅពេទ្យ។ ខ្ញុំចាំបានថា ពីតូចពេលនៅរតនគិរី ខ្ញុំឈឺច្រើនណាស់។ ខ្ញុំធ្លាប់ឈឺធ្ងន់ស្ទើរស្លាប់ច្រើនដង បើពេទ្យជួយមិនទាន់ប្រហែលជាស្លាប់ហើយ មែនទែនទៅបានរស់ដល់ថ្ងៃនេះក៏ដោយសារពេទ្យ។ ពីតូចគឺកើតជំងឺហឺត អារម្មណ៍ពេលឈឺគឺត្រូវការពេទ្យ។ សកម្មភាពរបស់ខ្ញុំ គឺចង់បញ្ជាក់ថា ខ្ញុំយល់ពីអារម្មណ៍គាត់។ ពេទ្យគឺហត់ជាងខ្ញុំជាអ្នករត់ទៀត។ សម្រាប់ខ្ញុំពេទ្យគឺជាទេវតាដែលជប់ជីវិតទើបមានខួបគម្រប់ ៣០ឆ្នាំនេះ»។

ខ្មែរឡូត៖ តើចំនួនអ្នករត់ប៉ុន្មាននាក់?

សាយ៖ «រត់តែខ្ញុំម្នាក់ឯងទេ ព្រោះវាជាខួបកំណើតរបស់ខ្ញុំ។ បើសិនមានអ្នកផ្សេងគាត់ចង់ចូលរួមរត់ដែរ យើងសុំឲ្យគាត់ទទួលខុសត្រូវលើខ្លួនឯង។យើងនឹងរត់ ហើយសុំស្នាក់នៅតាមផ្ទះប្រជាជន អាចនឹងបោះតង់ ឬស្នាក់នៅផ្ទះសំណាក់ និងសណ្ឋាគារអាស្រ័យទៅតាមស្ថានភាពជាក់ស្តែង។ យើងមានពេទ្យម្នាក់នៅជាមួយយើង និងមានលេខមន្ទីរពេទ្យបង្អែកក្នុងករណីមានបញ្ហាសុខភាព»។

ខ្មែរឡូត៖ អ្វីជាការលើកទឹកចិត្ត ដែលលោកចង់បញ្ជាក់ទៅកាន់ទស្សនិកជនដើម្បីឲ្យពួកគាត់ចូលរួមចែករំលែកជាមួយលោកក្នុងកម្មវិធីនេះ?

សាយ៖ «ខ្ញុំចង់លើកទឹកចិត្តឲ្យពលរដ្ឋខ្មែរចូលរួមជាមួយខ្ញុំ មិនថា ៥០០រៀលក្តី ឬ​១០០០រៀលក្តី និងអាចជួយលើកទឹកចិត្តខ្ញុំតាមផ្លូវក៏បាន ដើម្បីជាផ្នែកដែលធ្វើឲ្យគម្រោងនេះជោគជ័យ។ ខ្ញុំជឿថាអ្នកធ្វើការសង្គមគាត់ពិតជាយល់ ព្រោះតម្លៃនៃការចែករំលែកនឹងធ្វើឲ្យយើងមានសេចក្តីសុខក្នុងជីវិត។ ទង្វើដែលយើងធ្វើប្រាកដជាជះឥទ្ធិពលតិច ឬច្រើនដល់អ្នកផ្សេង។ ជីវិតយើងម្នាក់ៗមិនអមតៈទេ បែបនេះទើបខ្ញុំតែងតែរំឭកខ្លួនឯង​ថា ពេលនេះខ្ញុំកំពុងរស់នៅឯណា? ក្នុងស្ថានភាពណា? ហេតុអីគួរជួយអ្នកជុំវិញខ្លួន? ហើយខ្ញុំជឿជាក់ថា មានមនុស្សមិនតិចទេដែលចង់ចែករំលែកទៅកាន់សង្គមដូចដែលខ្ញុំកំពុងធ្វើ»៕

សូមទស្សនាវីដេអូទាំងស្រុងរវាងខ្មែរឡូត និងលោក សាយ៖

វីដេអូទាំងស្រុង
លោក អ៊ួន បឋម មានឈ្មោះក្រៅហៅថា សាយ (Sai)
លោក អ៊ួន បឋម មានឈ្មោះក្រៅហៅថា សាយ (Sai)
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T