បង់​ថ្លៃ​​ទឹក​មិន​ទាន់​ពេល​៖ តើអាចទេ បើរដ្ឋាករ​ទឹក​ចេញ​លិខិត​ព្រ​មាន​​ជា​មុន​សិន​ មុន​នឹង​ផ្តាច់​ទឹក​?​ (មានវីដេអូ)

//s9.kh1.co/af/af25bfd92075441b404154693eaa626c8117ece8.jpg
សង្គម

 ២៥-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

បញ្ហាទឹកជារឿងមួយសំខាន់សម្រាប់ពលរដ្ឋក្នុងក្រុងភ្នំពេញ បើករណីពលរដ្ឋ​មានការធ្វេសប្រហែសលើការបង់ថ្លៃទឹក ដូចជាមាន​ការយឺតយ៉ាវរឿងបង់វិក័យប័ត្រទឹក ឬភ្លេចបង់ថ្លៃទឹកជាដើម តើរដ្ឋាករទឹកស្វយ័តភ្នំពេញអាចនឹងចេញលិខិតព្រមានជាមុនទេ មុន​នឹងផ្តាច់ទឹក?

ទឹកចាត់ថាជាតម្រូវការចាំបាច់ណាស់សម្រាប់ពលរដ្ឋក្នុងក្រុង ដោយស្ថានភាពមានលក្ខណៈខុសពីជនបទ។ និយាយដល់រឿងទឹក បច្ចុប្បន្នពលរដ្ឋក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅពឹងផ្អែកលើសេវាផ្គត់ផ្គង់​ទឹកពីរដ្ឋស្ទើរ​ទាំងស្រុង ខណៈកំណើនប្រជាជនក្នុងក្រុងកាន់តែច្រើន តម្រូវការនៃបរិមាណទឹកក៏កើនទៅតាមនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សម្រាប់អ្នកប្រើប្រាស់សេវាទឹកដែលនិយមប្រើបណ្តាញសង្គមមួយចំនួនអះអាងថា គ្រាន់តែដាច់ទឹកដោយសារកត្តា​នានាជាក់ស្តែងដូចជា នៅពេលដែលរដ្ឋាករទឹកផ្អាកការផ្គត់ផ្គង់ទឹកនៅតំបន់ណាមួយ​ជាបណ្តោះអាសន្ន​ដើម្បីត​បណ្តាញ ឬជួសជុលប្រព័ន្ធ វាក៏បានប៉ះពាល់ដល់ជីវភាព រាំងស្ទះដល់អាជីវកម្ម និងការរកស៊ីរបស់គេគួរសមដែរ។ ក្រៅពីនេះ នៅមានចំណុចមួយគួរឲ្យកត់សម្គាល់ នោះគឺនៅពេលដែលអ្នកប្រើសេវាមិនបានបង់ថ្លៃទឹកទាន់ពេលកំណត់ នោះរដ្ឋាករទឹកនឹងពិចារណាផ្តាច់ទឹកនៅសប្តាហ៍បន្ទាប់។

ទន្ទឹមនឹងសកម្មភាពរបស់រដ្ឋាករទឹកបែបនេះ មានមតិមួយចំនួនបានលើកឡើងថាក្នុងសង្គមដ៏មមាញឹក ពលរដ្ឋកាន់តែប្រើប្រាស់ពេលវេលាច្រើនជាងមុន ការយកចិត្តទុកដាក់ទៅលើសេវាកម្មផ្សេងៗក៏កាន់តែកើនឡើង។ បញ្ហាទឹកជារឿងមួយសំខាន់សម្រាប់ពលរដ្ឋក្នុងក្រុងភ្នំពេញ បើករណីពលរដ្ឋមានការធ្វេសប្រហែសលើការបង់ថ្លៃទឹក ដូចជាមានការយឺតយ៉ាវរឿងបង់វិក្កយបត្រទឹក ឬភ្លេចកាលបរិច្ឆេទជាដើម អ្នកទាំងនោះចោទជាសំណួរឡើងថា តើអាចទេ បើរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញចេញលិខិតព្រមានជាមុនៗនឹងផ្តាច់ទឹក? ហើយ ថាតើសកម្មភាព​នៃការ​ទាមទារប្រាក់ពិន័យជាថ្នូរនឹងការតបណ្តាញទឹកជូនអតិថិនជនវិញចាត់ទុកថាជាការកេងប្រវ័ញ្ចលើអតិថិជនទេ?

តបនឹងចម្ងល់ទាំងនោះ Khmerload បានជួបសម្ភាសផ្ទាល់ជាមួយលោក សោម សុវណ្ណ ប្រធាននាយកដ្ឋាន​អាជីវកម្មនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដល់ទីតាំងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញតែម្តង។ លោក សោម សុវណ្ណ មានតួនាទីគ្រប់គ្រងសេវាតបណ្តាញទឹក និងគ្រប់គ្រងការចេញវិក្កយបត្រទឹក។ មន្ត្រីជាន់ខ្ពស់រដ្ឋាករទឹករូបនេះ បានបញ្ជាក់ដោយឥតស្ទាក់ស្ទើរតបនឹងសំណួររបស់អ្នកសារព័ត៌មាន៖

ខ្មែរឡូត៖ ក្នុងសង្គមដ៏មមាញឹក ពលរដ្ឋកាន់តែប្រើប្រាស់ពេលវេលាច្រើនជាងមុន ការយកចិត្តទុកដាក់ទៅលើ​សេវាកម្មផ្សេងៗក៏កាន់តែកើនឡើង។ បញ្ហាទឹកជារឿងមួយសំខាន់សម្រាប់ពលរដ្ឋក្នុងក្រុងភ្នំពេញ បើករណីពលរដ្ឋ​មានការធ្វេសប្រហែសលើការបង់ថ្លៃទឹក ដូចជាមានការយឺតយ៉ាវរឿងបង់វិក័យប័ត្រទឹក ឬភ្លេចបង់ថ្លៃទឹកជាដើម តើរដ្ឋាករទឹកស្វយ័តភ្នំពេញអាចនឹងចេញលិខិតព្រមានជាមុនទេ មុននឹងផ្តាច់ទឹក?

លោក សោម សុវណ្ណ៖ បច្ចុប្បន្នរដ្ឋាករទឹកមិនមានការចេញលិខិតបន្ថែមទេ ព្រោះក្នុងវិក្កយបត្រយើងបានកំណត់ និងបញ្ជាក់នូវថ្ងៃខែផុតកំណត់សម្រាប់ការបង់នេះរួចហើយ។ យោងតាមកិច្ចសន្យានៃច្បាប់ជាតិទឹក យើងបាន​ចែងពីប្រការកាតព្វកិច្ចនៃការបង់ថវិកាឲ្យទាន់ពេលវេលា និងការទទួលខុសត្រូវ​ បើមិនដូច្នេះទេ យើងនឹងពិចារណា​ផ្អាកការផ្គត់ផ្គង់ទឹកទៅកាន់អតិថិជនរូបនោះ និងមានការពិន័យទៅតាមការកំណត់។ បែបនេះក្តី ករណីអតិថិជន​ពុំបានបង់ថ្លៃទឹកតាមថ្ងៃកំណត់ យើងមិនបានទៅបិទទឹកភ្លាមទេ ពោលគឺយើងពន្យារពេលខ្ទង់មួយសប្តាហ៍សិន។ សប្តាហ៍​បន្ទាប់ យើងមានក្រុមការងារដែលទៅសាកសួរអតិថិជន ហើយស្តាប់ហេតុផលរបស់ពួកគាត់ ទើប​សម្រេច​ថាគួរផ្អាកបណ្តោះអាសន្ន ឬអត់។

ខ្មែរឡូត៖ ប្រជាជនកាន់តែរវល់រឿងជីវភាព ខណៈដែលប្រទេសនេះកំពុងអភិវឌ្ឍទៅមុខ ហើយមានវិក្កយ​បត្រជាច្រើនត្រូវបង់។ ការយកចិត្តទុកដាក់ត្រូវបានបែងចែកកាន់តែច្រើន។ ប្រជាជនកាន់តែពឹងផ្អែក​លើ​ប្រសិទ្ធភាពនៃសេវាកម្មសាធារណៈ។ មានការលើកឡើងពីអ្នកប្រើប្រាស់បណ្តាញសង្គមជាហូរហែថា៖ «ការកាត់ផ្តាច់ទឹកដោយគ្មានការព្រមានត្រឹមត្រូវ គឺមិនបានជួយដល់សាធារណជនឡើយ តែវាគឺជាការរំខាន។ ហើយអ្នកប្រើប្រាស់ទឹកចាត់ទុកថា នេះជាការកេងប្រវ័ញ្ចពីរដ្ឋផងដែរ ពោលដូចជាថវិកាពិន័យដើម្បីភ្ជាប់ទឹក​ឲ្យពលរដ្ឋវិញជាដើម»។ អ្វីជាការឆ្លើយតបរបស់អាជ្ញាធរ?

លោក សោម សុវណ្ណ៖ នេះជាការយល់ច្រឡំ។ ការដែលយើងតម្រូវឲ្យបង់ប្រាក់ពិន័យ មិនមែនជាការកេង​ប្រវ័ញ្ចអតិថិជនទេ តាមពិតយើងអនុវត្តន៍ទៅតាមគោលការណ៍​ និងយោងតាមកិច្ចសន្យានៃច្បាប់ជាតិទឹក ដោយអតិថិជនត្រូវទទួលខុសត្រូវ។ ហើយការប្រើប្រាស់ទឹកនេះ ជាការប្រើប្រាស់ជាប្រចាំសម្រាប់ពួកគាត់។ យើងមានអតិថិជនជាង ៤៦៥០០គ្រួសារ ឬខ្ទង់២លាន ៥សែននាក់ និងកិច្ចការច្រើនដែលត្រូវយកចិត្តទុកដាក់ ហើយយើងមិនមែនពិន័យដើម្បីចង់បានប្រាក់បន្តិចបន្តួចនេះពីអតិថិជនទេ តែយើងធ្វើដើម្បីឲ្យពលរដ្ឋ​មានការទទួល​ខុសត្រូវលើការប្រើប្រាស់របស់ខ្លួន។

ខ្មែរឡូត៖ ករណីពលរដ្ឋមានមន្ទិល ឬការមិនពេញចិត្តលើសេវាកម្មរបស់រដ្ឋាករទឹក តើពួកគាត់អាចផ្តល់​ដំណឹង​តាមមធ្យោបាយណាខ្លះ ដែលទទួលបានដំណោះស្រាយលឿងបំផុត?

លោក សោម សុវណ្ណ៖ បើមានចម្ងល់ ឬបញ្ហានានា អតិថិជនអាចទាក់ទងតាមលេខទូរស័ព្ទលើវិក័យប័ត្រទឹកភ្លាមៗ អតិថិជនអាចទាក់ទងដើម្បីសួរព័ត៌មានតាមរយៈហ្វេសប៊ុកផ្លូវការរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ ក្នុងនោះយើងមានអ្នកជំនាញតាមនាយកដ្ឋានទទួលបន្ទុកនីមួយៗចាំឆ្លើយជូន។ ខ្ញុំសំណូមពរឲ្យអតិថិជនដែល​មានចម្ងល់ទាក់ទងមកក្រុមការងារយើងផ្ទាល់ជាជាងបង្ហោះបញ្ហាលើហ្វេសប៊ុកផ្ទាល់ខ្លួន។

ខ្មែរឡូត៖ តើអ្វីជាបញ្ហាប្រឈមធំៗដែលរដ្ឋាករទឹកកំពុងជួបប្រទះក្នុងស្ថានភាពបច្ចុប្បន្ន?

លោក សោម សុវណ្ណ៖ បញ្ហាប្រឈមគឺ៖ ទី១ តម្រូវការពង្រីកផ្ទៃដីសម្រាប់ប្រពន្ធទឹក និងទី២ យើងត្រូវការត​បណ្តាញទឹក បែបនោះយើងត្រូវការការកាយផ្លូវជាដើម ដែលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ និងចរាចរណ៍​របស់ពលរដ្ឋទូទៅ។

ខ្មែរឡូត៖ អ្វីដែលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ រំពឹងថានឹងកែប្រែមុខមាត់ថ្មីលើសេវាកម្មរបស់ខ្លួន?

លោក សោម សុវណ្ណ៖​ យើងបានអភិវឌ្ឍពីការចុះទៅកត់លេខកុងទ័រផ្ទាល់មកជាការប្រើវិក្កយបត្រចល័ត។ បែបនេះ វាមានភាពសុក្រឹត្រ មិនភាពលម្អៀង​ ហើយត្រឹមត្រូវតាមនាឡិកាទឹក ហើយអាចទូទាត់ប្រាក់ភ្លាមៗ។ ហើយយើងកំពុងពង្រឹងដោយថតរូបលើនាឡិកាដើម្បីជាភស្តុតាងឲ្យបានត្រឹមត្រូវស្វ័យប្រវត្តិសម្រាប់សហគ្រាស និងអាជីវកម្មធំៗជាដើម។ យើងនៅតែរក្សាគុណភាពទឹកស្អាតស្របតាមស្តង់ដារទឹកជាតិ និងអង្គការសុខភាពពិភាពលោក។

ខ្មែរឡូត៖ តើអ្វីជាគោលនយោបាយបន្ថែមរបស់រដ្ឋាករទឹកក្រៅពីការរៀបរាប់ខាងលើ?

លោក សោម សុវណ្ណ៖ ក្នុងគោលនយោបាយផ្សេងមួយទៀត គឺយើងមានផែនការពង្រីក​ការផ្គត់ផ្គង់ទឹក​ដល់ពលរដ្ឋក្រីក្រ ដោយឧបត្ថម្ភដល់ពួកគាត់នូវសេវាកម្មចំនួយ ៥០%, ៧០% ជាដើម និងមានកញ្ចប់​មូនិធិស្ម័គ្រចិត្តពីមន្ត្រីរបស់រដ្ឋាករទឹកសម្រាប់ពលរដ្ឋដែលពុំមានលទ្ធភាពបង់វិក្កយបត្រទឹក។ យើងមើលតាមស្ថានភាពជាក់ស្តែង ដោយមិនផ្អាកការប្រើប្រាស់សម្រាប់ពលរដ្ឋដែលមានជីវភាពលំបាកឡើយ។ ហើយយើងតាំងចិត្តថា នឹងជួយផ្គត់ផ្គត់ទឹកស្អាតដល់ពលរដ្ឋក្នុងក្រុងឲ្យបានគ្រប់គ្រាន់តាមតម្រូវការតាមស្ថានភាព។

ខ្មែរឡូត៖ លោកមានអ្វីជម្រាបបន្ថែមទៅកាន់អតិថិជន?
លោក សោម សុវណ្ណ៖ មួយទៀតដើម្បីឲ្យសេវាកម្មកាន់តែងាយស្រួល យើងសំណូមពរឲ្យអតិថិជនមានប្រអប់​សំបុត្រនៅតាមផ្ទះ ព្រោះតាមបទពិសោធន៍កន្លងមកពេលក្រុមការងារយកវិក្កយបត្រជូន គឺជួនកាលម្ចាស់ផ្ទះមិននៅ ដែលតម្រូវឲ្យភ្នាក់ងារសៀតវិក្កយបត្រតាមចន្លោះទ្វារជាដើម ហើយពេលខ្លះងាយនឹងបាត់។

ខ្មែរឡូត៖ តើអតិថិជនអាចបង់វិក្កយបត្រទឹកនៅទីណាខ្លះ?

លោក សោម សុវណ្ណ៖ យើងមានបញ្ជរបង់ថ្លៃទឹក ៦កន្លែង៖ នៅតាខ្មៅ, នៅមុខប្រលានយន្តហោះពោធិចិនតុង, សង្កាត់និរោធ, ចាក់អង្រែ, ម្តុំត្រពាំងថ្លឹងជាដើម។​ អតិថិជនក៏អាចបង់តាមសេវាកម្មរបស់ FTB, ABA, smart វេលុយ, លីហួរវេលុយ, ស្ថាបនា, ធនាគារជីបម៉ុង​ និងដៃគូសហការមួយចំនួនទៀតរបស់រដ្ឋាករទឹក៕

សូមស្តាប់ការបកស្រាយរបស់លោក សោម សុវណ្ណ ប្រធាននាយកដ្ឋានអាជីវកម្មនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ តាមរយៈបទសម្ភាសជាមួយខ្មែរឡូត៖

បទសម្ភាសទាំងស្រុង

លោក សោម សុវណ្ណ
ប្រធាននាយកដ្ឋាន​អាជីវកម្មនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
លោក សោម សុវណ្ណ ប្រធាននាយកដ្ឋាន​អាជីវកម្មនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
វិក្កយបត្រទឹក
វិក្កយបត្រទឹក
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T