កូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី ២៣ ខែកញ្ញា ក្រុមចម្រៀង Kpop ដ៏មានឥទ្ធិពល BTS បានចែករំលែកសារនៃក្តីសង្ឃឹម ដែលជាផ្នែកមួយនៃកិច្ចប្រជុំកម្រិតខ្ពស់ របស់ក្រុមមិត្តភាពសាមគ្គីភាព ដើម្បីសន្តិសុខ សុខភាពសកល (Group of Friends of Solidarity for Global Health Security) ដែលត្រូវបានបង្កើតឡើង ដោយប្រទេសកូរ៉េខាងត្បូង ក្នុងឆ្នាំ ២០២០ ដើម្បីពិភាក្សាអំពីបញ្ហាសន្តិសុខសុខភាព។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រុមមិត្តភាពសាមគ្គីភាព ដើម្បីសន្តិសុខសុខភាពសកល មានការចូលរួមពីរដ្ឋជាសមាជិក នៃអង្គការសហប្រជាជាតិ ចំនួន ៤០ប្រទេស ដែលក្នុងនោះមាន កូរ៉េខាងត្បូង Denmark Sierra Leone Qatar និង Canada ជាសហប្រធាន។
គួររម្លឹកផងដែរថា នេះជាលើកទី ២ ហើយដែល BTS បានឡើងមកថ្លែងសុន្ទរកថា នៅក្នុងមហាសន្និបាត របស់អង្គការសហប្រជាជាតិបែបនេះ។ ជាក់ស្ដែងពួកគេ ធ្លាប់បានថ្លែងសុន្ទរកថា នៅក្នុងពិធីបើកសម្ពោធ UNICEF’s Generation Unlimited នៅឯមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៣ ក្នុងឆ្នាំ ២០១៨ រួចមកហើយ ជាមួយនឹងយុទ្ធនាការ Love Myself ដើម្បីបញ្ចប់អំពើហិង្សាលើយុវជន។

សុន្ទរកថារបស់ BTS លើកនេះ នៅឯមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៥ មានគោលបំណងផ្សព្វផ្សាយសារថា Let’s live on in a new world ដើម្បីលើកទឹកចិត្តឲ្យមនុស្សគ្រប់គ្នា អាចរួចផុតពីភាពអស់សង្ឃឹម ផ្ទុយទៅវិញ បែរជាត្រលប់មកគាំទ្រគ្នាទៅវិញទៅមក ក្នុងសាមគ្គីភាពដ៏កក់ក្តៅ។

សមាជិកក្រុមបានចាប់ផ្តើម ដោយនិយាយអំពីរបៀបដែល ជំងឺរាតត្បាត កូវីដ-១៩ បានជះឥទ្ធិពលដល់ពួកគេ ធ្វើឲ្យដំណើរកម្សាន្តតន្រ្តីទេសចរណ៍ពិភពលោក និងផែនការផ្សេងទៀតរបស់ពួកគេជាមួយនឹងហ្វេនៗ ត្រូវបានលុបចោល ដែលវាពិតជាធ្វើឲ្យពួកគេមានអារម្មណ៍ថា ពិភពលោកទាំងមូលរបស់ពួកគេ ស្ថិតនៅក្នុងបន្ទប់ គ្មានការជួបជុំ គ្មានភាពរីករាយដូចមុន។

ខ្ញុំបានក្រឡេកមើលទៅលើមេឃ តែខ្ញុំមិនអាចមើលឃើញផ្កាយទៀតនោះទេ នៅពេលយប់។

ខ្ញុំអស់សង្ឃឹមហើយ។! មើលទៅអ្វីៗទាំងអស់ បានបែកបាក់គ្នាអស់ហើយ! ខ្ញុំអាចត្រឹមតែមើលទៅតែខាងក្រៅបង្អួចរបស់ខ្ញុំ តែប៉ុណ្ណោះ។
Jimin បានចែករំលែកថា បន្ទាប់ពីការរំសាយចោល ការប្រគុំតន្រ្តី និង World Tour ផ្សេងៗ ពិភពលោករបស់លោក រួញតូចជាងមុន លោកមិនអាចធ្វើអ្វីបាន ក្រៅពីឈរមើលទៅក្រៅបងង្អួច។
Jimin បន្តថា ៖
បន្ទាប់មកមិត្តភក្តិខ្ញុំបានចាប់ដៃខ្ញុំ។ យើងបានលួងលោមគ្នា ហើយនិយាយពីអ្វីដែលយើងអាចធ្វើបាន ជាមួយគ្នា។
Suga បានពិពណ៌នាអំពី របៀបដែលជីវិតរបស់លោក ក្លាយទៅជាជីវិតដ៏សាមញ្ញ ដែលវាជាលើកដំបូងហើយ ចាប់តាំងពីលោកបានបង្ហាញខ្លួនជាតារា។
Suga ហៅវាថាជា ពេលវេលាដែលលោកមិនចង់បាន ប៉ុន្តែវាមានតម្លៃ។

Suga បានពន្យល់ពីរបៀបដែលពិភពលោក រួញតូចជាងមុន ៖
ពេលខ្ញុំធ្វើការប្រគុំតន្រ្តី World Tour ខ្ញុំបានឈរនៅកន្លែងដែលពន្លឺភ្លឺ ចំពេលដែលអ្នកគាំទ្រស្រែកអបអរ និងយំ ដោយក្ដីរំភើប និងភាពរីករាយ។ ប៉ុន្តែនៅពេលយប់ ខ្ញុំត្រលប់មកបន្ទប់វិញ វាដូចជាពិភពលោករបស់ខ្ញុំ រួមតូចជាងមុន។ តាមពិតទៅ បន្ទប់មានទំហំតូចមែន ប៉ុន្តែពិភពរបស់ខ្ញុំ និងពិភពលោករបស់យើង គឺធំទូលាយ ដែលយើងអាចទៅបានឆ្ងាយជាងនេះ ព្រោះនៅលើពិភពលោកនេះ យើងមានឧបករណ៍ជាច្រើន ដែលអាចភ្ជាប់ទំនាក់ទំនងបាន ដូចជាទូរស័ព្ទ និងអ្នកគាំទ្ររបស់យើងផងដែរ។

V បានបន្តថា ៖
ប៉ុន្តែពេលនេះ យើងមានអារម្មណ៍ខុសគ្នា។ មានអារម្មណ៍ថា ដូចជាឯកាជាងមុន ដូចជាតូចជាងមុន។ ខ្ញុំខកចិត្ត និងធ្លាក់ទឹកចិត្ត ប៉ុន្តែខ្ញុំបានសរសេរវាទុក ខ្ញុំបាននិពន្ធបទចម្រៀង និងគិតអំពី តើខ្ញុំជាអ្នកណា? ខ្ញុំបានគិតថា ប្រសិនបើខ្ញុំបោះបង់វាចោលពេលនេះ នោះបានន័យថា ខ្ញុំមិនមែនជាផ្កាយ នៃជីវិតរបស់ខ្ញុំទេ។ នេះហើយគឺជាអ្វី ដែលមនុស្សអស្ចារ្យគួរតែធ្វើ។

J-Hope បានចែករំលែកថា បន្ទាប់ពីសមាជិកក្នុងក្រុម ទទួលយកអារម្មណ៍ទាំងនោះហើយ ពួកគេទាំង ៧នាក់ ក៏បានចាប់ផ្តើមបង្កើតតន្ត្រីជាមួយគ្នា។
នេះជាពេលដែលតន្ត្រីថ្មី បានបង្កើតចេញមក ហើយវាធ្វើឲ្យយើង មានភាពស្មោះត្រង់។ ជីវិតរបស់យើង មិនអាចទាយដឹង ទុកជាមុនបានទេ។ យើងមិនអាចដឹងចម្លើយទាំងអស់បាននោះទេ។ ខ្ញុំដឹងពីកន្លែងដែលខ្ញុំចង់ទៅ ប៉ុន្តែខ្ញុំមិនដឹង ពីរបៀបដែលខ្ញុំអាចទៅដល់ទីនោះបានទេ។ អ្វីដែលខ្ញុំត្រូវធ្វើនៅទីនេះ គឺជឿជាក់លើខ្លួនឯង ធ្វើអស់ពីសមត្ថភាព និងស្រឡាញ់នូវអ្វីដែលខ្ញុំបានធ្វើ។

Jin បាននិយាយថា ៖
ខ្ញុំបានជួបនឹងមនុស្សដែលខ្ញុំស្រលាញ់ម្តងទៀត មានសមាជិកក្រុម គ្រួសារខ្ញុំ និងមិត្តភក្តិរបស់ខ្ញុំ។ ខ្ញុំបានរកឃើញ តន្ត្រីដែលខ្ញុំស្រលាញ់ ហើយខ្ញុំបានរកឃើញខ្លួនឯង។ គិតអំពីអនាគត និងការព្យាយាម គឺសំខាន់ណាស់ ប៉ុន្តែការស្រលាញ់ខ្លួនឯង លើកទឹកចិត្តខ្លួនឯង និងធ្វើឲ្យខ្លួនឯងរីករាយ គឺជាអ្វីដែលសំខាន់បំផុត។
Jin បានពន្យល់ថា វាជាការសំខាន់ណាស់ ដែលត្រូវយកចិត្តទុកដាក់ ពីសារៈសំខាន់នៃ «ខ្ញុំ អ្នក និងពួកយើង» នេះគឺជាសារនៃយុទ្ធនាការ Love Myself របស់ពួកគេ ជាមួយនឹងយូនីសេហ្វ ក៏ដូចជាបទចម្រៀងថ្មីចុងក្រោយបង្អស់របស់ពួកគេគឺ Dynamite។

Jungkook បាននិយាយថា ៖
នៅយប់មួយ យើងបានធ្វើការជាមួយគ្នា។ RM បាននិយាយថា គាត់មិនអាចមើលឃើញផ្កាយទៀតទេ ប៉ុន្តែខ្ញុំបានឃើញមុខរបស់ខ្ញុំ ឆ្លុះបញ្ចាំងតាមបង្អួច។ ខ្ញុំបានឃើញ មុខរបស់យើងទាំងអស់។ ចម្រៀងរបស់យើង បានក្លាយជារឿង ដែលយើងចង់ប្រាប់គ្នាទៅវិញទៅមក។ យើងរស់នៅ ក្នុងភាពមិនប្រាកដប្រជា ប៉ុន្តែមិនមានអ្វីផ្លាស់ប្តូរនោះទេ។ ប្រសិនបើមានអ្វីមួយដែលខ្ញុំអាចធ្វើបាន ប្រសិនបើសម្លេងរបស់យើង អាចផ្តល់កម្លាំងដល់មនុស្ស នោះគឺជាអ្វីដែលយើងចង់បាន ហើយនោះជាអ្វីដែលយើងនឹងធ្វើ។
RM បាននិយាយថា ៖
នៅពេលដែលខ្ញុំចាប់ផ្តើម មានអារម្មណ៍ថាបាត់បង់ ខ្ញុំចងចាំមុខរបស់ខ្ញុំនៅតាមបង្អួច ដូចដែល Jungkook បាននិយាយ។ ខ្ញុំចាំពាក្យដែលខ្ញុំបាននិយាយនៅទីនេះ កាលពី ២ឆ្នាំមុន។ «Love yourself, speak yourself» ជាងនេះទៅទៀត យើងត្រូវតែព្យាយាមចងចាំថា យើងជាអ្នកណា? យើងត្រូវតែព្យាយាមស្រលាញ់ខ្លួនឯង និងស្រមៃមើលអនាគត។
BTS នឹងនៅទីនោះជាមួយអ្នក។ ថ្ងៃស្អែករបស់យើងប្រហែលជាងងឹត ប្រហែលជាឈឺចាប់ ប្រហែលជាពិបាក ហើយយើងអាចនឹងជំពប់ជើងដួល នៅកន្លែងណាមួយ។ ប៉ុន្តែផ្កាយរះភ្លឺបំផុត តែនៅពេលយប់ ដែលងងឹតបំផុតប៉ុណ្ណោះ មែនទេ? ហើយប្រសិនបើផ្កាយមិនរះទេ យើងនឹងអនុញ្ញាតឲ្យពន្លឺព្រះចន្ទ ដឹកនាំយើងវិញម្ដង។ តែបើទោះបីជាព្រះចន្ទងងឹតក៏ដោយ សូមអនុញ្ញាតឲ្យមុខរបស់យើង ជាពន្លឺជួយឲ្យយើងរកផ្លូវរបស់យើង។
RM បន្តថា ៖
ចូរពិចារណាឡើងវិញ អំពីពិភពលោករបស់យើង។ យើងហត់នឿយជាមួយគ្នា ប៉ុន្តែសូមចាប់ផ្ដើមក្ដីសុបិន្តម្តងទៀត។ សូមសុបិន្តអំពីអនាគត នៅពេលដែលពិភពលោករបស់យើង អាចបំបែកចេញពីបន្ទប់តូចៗរបស់យើង ទៅជាពិភពលោកដ៏ធំធាង សារជាថ្មីម្តងទៀត។ វាអាចនឹងធ្វើឲ្យយើង មានអារម្មណ៍ថា វាតែងតែយប់ ហើយយើងនឹងនៅតែឯង ប៉ុន្តែពេលយប់តែងតែមានភាពងងឹតបំផុត ហើយពេលដែលងងឹតបំផុតនោះ វាជាពេលដំបូង មុនពេលដែលមានថ្ងៃរះ ត្រូវទេ?
សមាជិកទាំងអស់ បានបញ្ចប់ខ្សែវីដេអូនោះ ដោយនិយាយថា «ជីវិតបន្តទៅមុខទៀត តោះយើងរស់នៅបន្តទៀត!»៕
ទស្សនាវីដេអូ សុន្ទរកថាដ៏មានឥទ្ធិពលរបស់ BTS ខាងក្រោមនេះ ៖