អង់គ្លេស៖ អ្នកចាត់ការទូទៅក្រុមបិសាចក្រហម Manchester United លោក Ole Gunnar Solskjaer ជឿជាក់ថា កីឡាករវ័យក្មេង Mason Greenwood អាចលេងក្នុងតំណែងអាវលេខ៩ (ប្រយុទ្ធកណ្ដាល) បាន ប៉ុន្តែរូបគេត្រូវហ្វឹកហាត់ការតែតឲ្យបានល្អជាមុនសិន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Greenwood ត្រូវបានគេមើលឃើញថា ជាកីឡាករវ័យក្មេង ដែលពោរពេញទៅដោយទេពកោសល្យក្នុងការបញ្ចប់ទី ជាពិសេសមួយរយៈចុងក្រោយ គេបានបង្ហាញទម្រង់យ៉ាងលេចធ្លោឲ្យ Man UTD ។ ជាក់ស្ដែងខ្សែប្រយុទ្ធស្លាបវ័យ១៨ឆ្នាំ រកបាន១៧គ្រាប់ គិតរាល់ព្រឹត្តិការណ៍ទាំងអស់ កាលពីរដូវកាល២០១៩/២០ កន្លងទៅ ។

មិនត្រឹមតែប៉ុណ្ណោះ កាលពីពេលថ្មីៗ Greenwood ក៏ត្រូវបានលោក Gareth Southgate កោះហៅឲ្យចូលក្រុមជម្រើសជាតិអង់គ្លេសឈុតធំផងដែរ នៅព្រឹត្តិការណ៍ Nation League។ ហើយកាលពីយប់មិញនេះ គេក៏បានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយក្រុម Man UTD យកឈ្នះក្រុម Luton Town ៣-០ នៅជុំទី៣ ពានរង្វាន់ Carabao Cup ដោយក្នុងប្រកួតនោះ គេស៊ុតបាន១គ្រាប់ និងបោះបាល់ឲ្យ Rashford បញ្ចប់ទីបាន១គ្រាប់។

យ៉ាងណាមិញ ទាក់ទងនឹងទម្រង់លេងរបស់ Greenwood លោក Solskjaer បានលើកឡើងបែបនេះថា៖
ខ្ញុំគិតថាគាត់អាចលេងតំណែងលេខ៩បាន គាត់ល្អទាំងជើងឆ្វេងនិងជើងស្ដាំ ដូច្នេះហើយគាត់អាចប្រយុទ្ធពីឆ្វេង ពីស្ដាំ ឬកណ្ដាលក៏បាន។ សម្រាប់គាត់បើចង់លេងក្នុងតំណែងលេខ៩ ទាល់តែគាត់រៀនពីរបៀបនៃការតែតបាល់។ ហើយខ្ញុំក៏តែងតែប្រាប់គាត់ដែរ ប្រសិនបើគាត់ចង់រៀន គាត់ស្វាគមន៍ជានិច្ចក្នុងការមកហ្វឹកហាត់ជាមួយខ្ញុំ៕

ប្រភព៖ goal.com