ម៉ូស្គូ៖ ថ្លែងនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ ប្រធានាធិបតីរុស្ស៊ី លោក វ៉ា្លឌីមៀរ ពូទីន បានអំពាវនាវឱ្យមានកិច្ចប្រជុំកំពូលមួយ ស្តីពីការអភិវឌ្ឍរួមគ្នានៃវ៉ាក់សាំងកូវីដ១៩។ បន្ថែមពីនេះលោក ពូទីន ក៏បានប្រកាសថានឹងផ្តល់ជូនបុគ្គលិកអង្គការសហប្រជាជាតិនូវរូបមន្តនិងវ៉ាក់សាំងកូវីដ១៩ឈ្មោះថា Sputnik V របស់រុស្ស៊ីដោយឥតគិតថ្លៃផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងមហាសន្និបាត ដែលត្រូវបានរៀបចំឡើងកាលពីថ្ងៃអង្គារតាមរយៈវីដេអូសន្ទនា ប្រធានាធិបតីរុស្ស៊ីរូបនេះ បានលើកឡើងដូច្នេះថា៖
យើងទាំងអស់គ្នាកំពុងប្រឈមជាមួយនឹងបញ្ហាដ៏ធំមួយ គឺការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ ជំងឺកាចសាហាវនេះ បានឆក់យកជីវិតមនុស្សរាប់សែននាក់ ក្នុងចំណោមអ្នកឆ្លងរាប់លាននាក់។ មិនតែប៉ុណ្ណោះ វាក៏បានបង្កជាបញ្ហារាប់មិនអស់ដល់មនុស្សនៅទូទាំងពិភពលោក។ ហើយដោយសារសម្លឹងឃើញបុគ្គលិកអង្គការសហប្រជាជាតិជាច្រើនបានឆ្លងជំងឺនេះ ទីក្រុងមូស្គូក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការចាក់វ៉ាក់សាំង Sputnik V ដោយឥតគិតថ្លៃ ដល់បុគ្គលិកអង្គការសហប្រជាជាតិ ដែលមានបំណងចង់ការចាក់វ៉ាក់សាំងនេះ។
គួរឱ្យដឹងដែរថា បើទោះបីវ៉ាក់សាំង Sputnik V របស់រុស្ស៊ីទទួលបានអនុម័តជាផ្លូវការមុនគេនៅលើពិភពលោកយ៉ាងក្តី ប៉ុន្តែក៏វានឹងនៅតែបន្តឆ្លងកាត់ការធ្វើតេស្តសាកល្បងលើមនុស្សរាប់ពាន់នាក់ទៀតត ដែលជាអ្នកស្ម័គ្រចិត្តទាំងជនជាតិរុស្ស៊ី និងជនជាតិផ្សេងទៀត៕

