អង់គ្លេស៖ ក្រុមការពារតំណែងជើងឯក ហង្សក្រហម Liverpool នៅតែធ្វើបានល្អសម្រាប់រដូវកាលថ្មីនេះ ជាក់ស្ដែងកាលពីរាត្រីថ្ងៃអាទិត្យម្សិលមិញ ដែលជាការប្រកួតក្របខណ្ឌ Premier League សប្ដាហ៍ទី២ ពួកគេបានទៅបំបាក់ក្រុមតោខៀវ Chelsea ដល់ក្នុងដី នៅកីឡដ្ឋាន Stamford Bridge ក្នុងលទ្ធផល២ទល់នឹង០។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្នុងការប្រកួតដ៏ជក់ចិត្តនេះ គិតត្រឹមតង់ទី១មិនមានគ្រាប់បាល់កើតឡើងនោះទេ ខណៈនៅនាទទី៤៥ក្រុមម្ចាស់ផ្ទះ Chelsea បានបាត់បង់សមាជិក១រូប គឺកីឡាករ Andreas Christensen ក្រោយខ្សែការពាររូបនេះ បង្ករកំហុសទៅលើខ្សែប្រយុទ្ធក្រុម Liverpool កីឡាករ Sadio Mane ត្រូវអាជ្ញាកណ្ដាលពិន័យកាតក្រហម បណ្ដេញចេញពីការប្រកួត។


លុះឈានចូលដល់តង់ទី២ Liverpool កាន់តែមានភាពងាយស្រួលក្នុងការសម្រុកទៅលើក្រុមលោក Lampard ដែលមានគ្នាត្រឹម១០នាក់ ជាលទ្ធផលនៅនាទី៥០ Mane បំបែកពងបាន តាមរយៈការតែតយ៉ាងល្អ ក្រោមការបញ្ជូនរបស់កីឡាករ Roberto Firmino ។

យ៉ាងណាមិញ រំលងបានត្រឹម៤នាទី អ្នកចាំទីក្រុម Chelsea កីឡាករ Kepa Arrizabalaga បានបញ្ជូនបាល់ឲ្យមិត្តរួមក្រុមមិនបានល្អ ត្រូវ Mane ថ្ពក់យកបានស៊ុតសម្រេចគ្រាប់ទី២ ធានា៣ពិន្ទុឲ្យ Liverpool តែម្ដង។ ដោយឡែកនៅពាក់កណ្ដាលតង់ទី២ នាទីទី៧៥ក្រុម Chelsea ក៏មានឱកាសទទួលបានបាល់ពិន័យ១១ម៉ែត្រ១គ្រាប់ដែរ ប៉ុន្តែខ្សែបម្រើ Jorginho មិនអាចស៊ុតទម្លុះដៃអ្នកចាំទី Alisson Becker បាន៕

បើចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូសង្ខេបនៃការប្រកួតខាងក្រោមនេះ៖