ម៉ាក់ប៉ាធ្វើ ៥ វិធីនេះអាចជួយកូនមានជំនាញទំនាក់ទំនងកាន់តែល្អ

//s9.kh1.co/51/51557f855bbaa851c16fcb20220c4e4bb61c9558.jpg
នារី

 ១០-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ជំនាញ​ទំនាក់ទំនង​ក្នុង​សង្គម​ល្អ​អាច​ជួយ​ឲ្យ​ក្មេង​មាន​ទំនាក់ទំនង​ល្អ និង​ចេះ​ដោះស្រាយ​បញ្ហា​បាន​ទៀត​ នៅ​ពេល​ពួកគេ​ធំឡើង។ ជំនាញ​ក្នុង​សង្គម​នេះ ​គឺប៉ាម៉ាក់​អាច​បង្រៀន​​កូន​បាន និង​អាច​បង្រៀន​តាម​ប៉ុន្មាន​វិធី​នេះ។

ជំនាញ​ទំនាក់ទំនង​ក្នុង​សង្គម​ល្អ​អាច​ជួយ​ឲ្យ​ក្មេង​មាន​ទំនាក់ទំនង​ល្អ និង​ចេះ​ដោះស្រាយ​បញ្ហា​បាន​ទៀត​ នៅ​ពេល​ពួកគេ​ធំឡើង។ ជំនាញ​ក្នុង​សង្គម​នេះ ​គឺប៉ាម៉ាក់​អាច​បង្រៀន​​កូន​បាន និង​អាច​បង្រៀន​តាម​ប៉ុន្មាន​វិធី​នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ចែករំលែក

ការ​ចែករំលែក​ចំណី​អាហារ ឬ​ប្រដាប់​លេងដល់​ក្មេង​ដទៃ ​អាច​ជួយ​កូន​យើង​​ឲ្យ​ចេះ​បង្កើត​មិត្ត និង​រក្សា​ទំនាក់ទំនង​របស់​ពួកគេ។ ក្មេង​តែង​ចែករំលែក​ចំណី​អាហារ ឬ​ប្រដាប់​លេង​ដល់​ក្មេង​ដទៃ​នៅពេល​ដែល​ចំណី​អាហារ ឬ​ប្រដាប់​លេង​ទាំង​នោះ​មាន​ចំនួន​ច្រើន។ ក្មេង​អាយុ​ចន្លោះ៣-៦​ឆ្នាំ​តែង​មិន​ចង់​ចែករំលែក​ប៉ុន្មាន​ទេ ឬ​បើ​ទោះជា​ពួកគេ​ចែក​រំលែក​ប្រដាប់​លេង​របស់​ពួកគេ​​ក៏​មកពី​គេ​លែង​ចាប់អារម្មណ៍​ទៅ​លើ​ប្រដាប់​លេង​នោះ​ប៉ុណ្ណោះ ប៉ុន្តែ​នៅ​អាយុ​ ៧-៩​ឆ្នាំ​ក្មេង​ភាគច្រើន​តែង​ស្ម័គ្រចិត្ត​ចែក​រំលែក​ទៅ​ក្មេង​ដទៃ​ទៀត។ ម៉ាក់ប៉ា​អាច​នឹង​មិន​ចង់​បង្ខំ​កូន​ឲ្យ​ចែករំលែក​ប្រដាប់​លេង ឬចំណីអាហារ​ជាមួយ​នឹង​ក្មេង​ដទៃ ដូចនេះ​​ពេល​​កូន​ចែករំលែក​អ្វី​មួយ​ដល់​ក្មេង​ដទៃយក​ល្អ​គួរ​សរសើរ​កូន ប្រាប់​កូន​ពី​អារម្មណ៍​របស់​ក្មេង​ដទៃ​​ ថា​ពួកគេ​សប្បាយ​ចិត្ត និងនេះ​ជា​រឿង​ល្អ​ក្នុង​ការ​ចែករំលែក។

២. លេង​ជាមួយ​ក្មេង​ដទៃ

ការ​លេង​ជាមួយ​ក្មេង​ដទៃ​អាច​បង្រៀន​កូន​យើង​​ឲ្យ​ចេះ​គោរពគ្នា​​ នៅ​ពេល​មាន​ការ​ស្នើសុំ​អ្វី​មួយ ហើយ​ក្មេងៗ​ក៏​បាន​ចូលរួម​ចំណែក និង​ផ្តល់​ជំនួយគ្នា​​ផង​ដែរ។ ជំនាញ​ក្នុង​ការ​សហការ​នេះ​សំខាន់​សម្រាប់​ការ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន។ ក្មេង​ត្រូវ​មាន​ការ​សហការ​ជាមួយ​នឹង​មិត្ត​រួម​ថ្នាក់​របស់​គេ​នៅ​ពេល​ចូល​រៀន ហើយ​ពេល​ធំ​ពេញ​វ័យ ជំនាញ​នេះ​អាច​ជួយ​ដល់​ពួក​គេ​ក្នុង​ការ​ធ្វើ​ការ​ជា​ក្រុម​ដែរ។ ម៉ាក់ប៉ា​គួរ​និយាយ​ប្រាប់​កូន​ពី​សារៈសំខាន់​នៃ​ការ​ធ្វើ​ការ​ជា​ក្រុម និង​លទ្ធផល​នៃ​ការ​ធ្វើ​ការ​ជា​ក្រុម​​។ ម៉្យាងទៀត​គួរ​បង្កើត​ឱកាស​ក្នុង​គ្រួសារ​សម្រាប់​ការ​សកម្មភាព​រួម​គ្នាផ្សេងៗ។

៣. ការស្ដាប់

ការ​ស្តាប់​មិន​មែន​នៅ​ស្ងៀម​តែ​ម៉្យាង​ទេ ប៉ុន្តែ​ការ​ស្តាប់​មាន​ន័យ​ថា​យើង​​ត្រូវ​ព្យាយាម​យល់​នូវ​អ្វី​ដែលអ្នក​ណាមួយ​កំពុង​​និយាយ។ ក្នុង​ន័យ​នេះ ការ​ស្តាប់​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​ធ្វើ​ឲ្យ​ទំនាក់ទំនង​កាន់តែ​ល្អដែរ។ ពេល​រៀន​កូន​ត្រូវការ​ស្តាប់​អ្វី​ដែល​គ្រូ​បង្រៀនដើម្បី​ធ្វើ​ការ​គិត​ និង​ស្វែងយល់​។ ពេល​ធំ​ឡើង​ កូន​នឹង​ចេះ​ស្តាប់​ថ្នាក់លើ ឬ​មិត្តភក្ដិ​ពេល​កំពុង​សន្ទនា​ពី​អ្វី​មួយ។ ម៉ាក់ប៉ា​អាច​ជួយ​កូន​អភិវឌ្ឍ​ជំនាញ​នៃ​ការ​ស្តាប់​របស់​កូន​បាន​ដោយ​អាន​សៀវភៅ​ឲ្យ​កូនស្តាប់ រួចឈប់​ និង​សួរ​កូនឲ្យ​និយាយ​ពី​អ្វី​ដែល​ម៉ាក់ប៉ា​បាន​អាន។ ការ​ធ្វើ​បែប​នេះ​អាច​ជួយ​បំពេញ​នៅ​កន្លែង​ដែល​កូន​​រំលង និង​ជំរុញ​ឲ្យ​កូន​​បន្ត​ស្តាប់​ទៀត។ ម៉្យាងទៀត យើង​គួរ​បង្រៀន​កូន​​កុំ​ឲ្យ​កាត់​សម្ដី​ពេល​អ្នក​ដទៃ​កំពុង​និយាយដែរ​។

៤. មើល​ភ្នែក​ពេល​កំពុង​និយាយ​ជាមួយ​នឹង​អ្នក​ដទៃ

ការ​មើល​ភ្នែក​ភាគី​ម្ខាង​ទៀត​ក៏​ជា​ផ្នែក​សំខាន់​មួយ​នៃ​ទំនាក់ទំនង​ដែរ។ ក្មេង​មួយ​ចំនួន​អាច​នឹង​ពិបាក​ក្នុង​ការ​មើល​ភ្នែក​អ្នក​ដទៃ​ដែល​គេ​កំពុង​និយាយ​ជាមួយ។ នេះ​អាច​មក​ពី​ក្មេង​អៀន​ប្រៀន​ច្រើន ឬ​មក​ពី​ក្មេង​ចង់​មើល​ទៅ​ក្រោម​។ ប្រសិនជា​ក្មេង​ពិបាក​ក្នុង​ការ​មើល​ភ្នែក​អ្នកដទៃ ម៉ាក់ប៉ា​អាច​ធ្វើ​ការ​រម្លឹក​កូន​បាន​ដោយ​ប្រើ​សំឡេង​ថ្នមៗ និង​សរសើរ​ពួកគេ​នៅ​ពេល​ពួកគេ​មើល​ភ្នែក​អ្នក​ដទៃ​ពេល​កំពុង​និយាយ​ជាមួយ​។

៥. អត្តចរិត​ល្អ

ការ​មាន​អាកប្បកិរិយា​ល្អ​ដូចជា​ការ​និយាយ​ពាក្យ “សូម” និង “អរគុណ” អាច​ជួយ​ក្មេង​ឲ្យ​យក​ចិត្ត​ទុកដាក់​លើ​ហេតុផល​ត្រឹមត្រូវ ហើយ​គ្រូ ម៉ាក់ប៉ា​ និង​ក្មេង​ផ្សេងៗ​នឹង​មាន​ការ​កោត​សរសើរ​ទៅលើ​ក្មេង​ដែល​មាន​អត្តចរិត​ល្អ​ដែរ។ ប៉ុន្តែ​ការ​បង្រៀន​កូន​ទៅលើ​អត្តចរិត​ល្អ​អាច​នឹង​មាន​ការ​លំបាក​ខ្លះៗ។ ដូចនេះ​ម៉ាក់ប៉ា​ត្រូវ​ធ្វើ​ជា​គំរូ​ដ៏​ល្អ​សម្រាប់​កូន​ និង​ប្រាកដ​ថា​បង្ហាញ​ពី​អត្តចរិត​ល្អ​ពេល​​កំពុង​ប្រាស្រ័យ​ទាក់ទង​នឹង​អ្នក​ដទៃ ហើយ​កុំ​ភ្លេច​សរសើរ​កូន​ពេល​ដែល​ឃើញ​កូន​មាន​អត្តចរិត​ល្អ។​

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T