ការកម្សាន្តតាមឆ្នេរសមុទ្រ គឺអាចជួយឲ្យអារម្មណ៍ស្រស់ស្រាយ រំសាយភាពតានតឹងក្នុងអារម្មណ៍ និងជួយសុខភាពផ្លូវចិត្តបានច្រើនណាស់។ លើសពីនេះ ការសិក្សាជាច្រើនសុទ្ធតែរកឃើញថា ការងូតទឹកសមុទ្រ កាន់តែល្អចំពោះសុខភាពថែមទៀត ហើយគុណប្រយោជន៍សំខាន់ៗ គឺមានលម្អិតក្នុងអត្ថបទនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១- ជួយសុខភាពស្បែក
ទឹកសមុទ្រ សម្បូរទៅដោយវីតាមីន និងជាតិរ៉ែ ដូចជា ម៉ាញ៉េស្យូម សូដ្យូម កាល់ស្យូម ក្លរីត និងស៊ុលផាត ដែលសុទ្ធតែមានមុខ ងារជាគ្រឿងសម្អាងធម្មជាតិ ល្អខ្លាំងចំពោះសុខភាពស្បែកយើង។ កាន់តែពិសេសទៀត ងូតទឹកសមុទ្រក៏អាចជួយព្យាបាលជំងឺសើស្បែក ដូចជា ជំងឺស្បែកក្រហម (psoriasis) និងត្រអក (eczema) បានទៀតផង។
ចំណុចគួរឲ្យចាប់អារម្មណ៍ ជាតិម៉ាញ៉េស្យូមក្នុងទឹកសមុទ្រ គឺអាចកាត់បន្ថយកម្រិតអ័រម៉ូនករទីស៊ុលក្នុងរាងកាយ អាចជួយរម្ងាប់ប្រព័ន្ធប្រសាទ កាត់បន្ថយបញ្ហាស្បែកដែលបង្កឡើងដោយសារស្ត្រេស។
២- ជួយប្រព័ន្ធភាពស៊ាំ
តាមរយៈការជ្រមុជខ្លួនចូលទៅក្នុងទឹកសមុទ្រ ជាមួយសីតុណ្ហភាពត្រជាក់ មានន័យថា យើងកំពុងតែប្រយុទ្ធប្រឆាំងនិងមេរោគជាច្រើន។ លើសពីនេះ ការមុជជ្រៅទៅក្នុងទឹកត្រជាក់ អាចជួយរាងកាយរៀបចំសកម្មភាពប្រឆាំងអុកស៊ីតកម្មបានយ៉ាងល្អ ជួយកាត់បន្ថយហានិភ័យជំងឺបេះដូង និងមហារីកថែមទៀត។
សរីរាង្គតូចៗដែលគេរកឃើញក្នុងទឹកសមុទ្រ អាចមានសកម្មភាពប្រឆាំងពពួកបាក់តេរីយ៉ាងមានប្រសិទ្ធភាព ហើយក៏អាចបញ្ចេញសកម្មភាពស្មើទៅនឹងថ្នាំផ្សះធម្មជាតិ ដែលវានឹងជួយដល់សុខភាពស្បែក ធ្វើឲ្យជីវិតរស់នៅកាន់តែមានសុខភាពល្អ។
៣- ជួយសុខភាពផ្លូវចិត្ត និងរស់នៅប្រកបដោយផាសុកភាព
ដូចបានរៀបរាប់ពីខាងលើ ទឹកសមុទ្រជួយសុខភាពផ្លូវចិត្តយើងបានយ៉ាងច្រើន វាស្មើនិងការព្យាបាលជំងឺបែបធម្មជាតិទៅលើសុខភាពផ្លូវចិត្តជាច្រើន រាប់បញ្ចូលទាំងកាត់បន្ថយស្ត្រេស ថប់បារម្ភ បាក់ទឹកចិត្ត និងជំងឺផ្លូវចិត្តផ្សេងៗរហូតដល់ទៅ ៤៣%។
ហែល ឬមុជទឹកសមុទ្រ ដូចជាការព្យាបាលដោយប្រើទឹក (Hydrotherapy) ជាវិធីព្យាបាលទៅលើគ្នាយើងឈឺសន្លាក់រ៉ាំរ៉ៃ ដែលត្រូវគេជឿថា ល្អបំផុតដើម្បីកាត់បន្ថយកម្រិតថប់បារម្ភ និងបាក់ទឹកចិត្ត។ ការសិក្សាជាច្រើនបង្ហាញដែរថា ការព្យាបាលដោយប្រើទឹក អាចជួយបង្កើនកម្រិតអ័រម៉ូនបែតា-អង់ដូហ្វីន ធ្វើឲ្យមានអារម្មណ៍ល្អ។ ការសិក្សាផ្សេងទៀត រកឃើញថា វិធីព្យាបាលប្រភេទនេះ អាចជួយឲ្យគ្នាយើងដែលមានបញ្ហាផ្លូវចិត្ត មិនសូវជាចាំបាច់ទៅជួបអ្នកជំនាញផ្លូវចិត្តច្រើនដងដូចមុនដែរ។
ការមុជជ្រៅក្នុងទៅក្នុងទឹកសមុទ្រ ធ្វើឲ្យរាងកាយទទួលបានភាពត្រជាក់ នាំឲ្យយើងមានអារម្មណ៍ល្អ មិនខ្វាយខ្វល់ពីរឿងផ្សេងក្រៅពីការមុជទឹកនេះឡើង។
៤- ជួយផ្លូវដង្ហើម
ដោយសារតែទឹកសមុទ្រមានរសជាតិប្រៃ វាក្លាយជាគុណសម្បត្តិដ៏ល្អសម្រាប់គ្នាយើងមានបញ្ហាប្រហោងឆ្អឹងច្រមុះ អាចជួយធ្វើឲ្យការតឹងច្រមុះ អាចធូរស្បើយតាមដោយជាតិអំបិលធម្មជាតិពីទឹកសមុទ្រនេះឯង ព្រោះជាតិអំបិលទាំងនោះ មានសមត្ថភាពបណ្តេញសំបោរ និងសម្អាតប្រហោងឆ្អឹងច្រមុះបាន។
៥- ជួយរក្សាទម្ងន់
ក្នុងរាងកាយយើង មានខ្លាញ់ ២ប្រភេទខុសគ្នា គឺខ្លាញ់ពណ៌ត្នោត និងខ្លាញ់ស ខណៈគ្នាយើងភាគច្រើន សម្បូរទៅដោយខ្លាញ់ស ហើយការសិក្សាបង្ហាញថា ទឹកត្រជាក់ គឺអាចជួយឲ្យរាងកាយបង្កើតខ្លាញ់ពណ៌ត្នោតបាន។ ខ្លាញ់នេះ មិនត្រឹមតែអាចជួយឲ្យរាងកាយមានកម្តៅប៉ុណ្ណោះទេ ប៉ុន្តែការងាររបស់វា គឺធ្វើឲ្យរាងកាយកើនកម្តៅ ជួយដុតកាឡូរីបានកាន់តែឆាប់ មានន័យថា គឺជាផ្នែកមួយជួយឲ្យយើងរក្សាទម្ងន់បានល្អ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet