៣ វិធីក្នុងការបញ្ចេញស្ត្រេស ដើម្បីបង្កើនឆន្ទៈលើសកម្មភាពថ្មី!

//s4.kh1.co/04/042c80611fadf7036924a3701b26acc3bb460612.png
យល់ដឹង

 ០២-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

មនុស្សជាច្រើន រួមទាំងស្មេរផ្ទាល់ធ្លាប់ជឿថា ដើម្បីជំរុញទឹកចិត្តឲ្យយើងឈប់ខ្ជិល ហើយបំពេញការងារបានល្អនោះ គឺយើងអាច​ប្រើ​ប្រាស់ស្ត្រេស អាចដាក់សំពាធលើខ្លួនឯងដោយ ដាក់ថ្ងៃបញ្ចប់ការងារឲ្យមុនថ្ងៃពិត ឬធ្វើការងារបន្ទាន់​ពីរបីក្នុងពេលតែមួយជាដើម

សួស្តី! ស្វាគមន៍ជាថ្មីមកកាន់កំរងអត្ថបទ #ឆន្ទៈ របស់យើង ដែលយើងព្យាយាមយល់ថាឆន្ទៈគឺជាអ្វី ហើយធ្វើម៉េចទើប​មានវា! ក៏គួរដឹងផងដែរថា ស្មេរអាចសរសេរកំរងអត្ថបទនេះបានក៏ដោយសារមានគុណបុណ្យ​ពីសៀវភៅ​ សភាវគតិ​នៃ​ឆន្ទៈ និពន្ធដោយអ្នកនាងខេលី មីកហ្គនីហ្គល (The Willpower Instinct by Kelly McGonigal)!

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងវគ្គ ១ យើងបានរៀនច្បាស់ណាស់ថាឆន្ទៈជាអ្វី ហើយតើវាមានឥទ្ធិពលយ៉ាងម៉េចខ្លះលើខ្លួនប្រាណ និង​ខួរក្បាល​យើង ក៏ដូចជាមូលហេតុអ្វីបានជាពេលខ្លះយើងហាក់ដូចជាគ្មានវាក្នុងខ្លួនសោះនោះ!

វគ្គ ២វិញ  យើងបានរៀនបំពាក់អាវុធទីមួយដើម្បីប្រហារភាពខ្ជិល នោះគឺការដឹងខ្លួន ដោយរៀនផ្តោតអារម្មណ៍ និងពង្រឹងស្មារតី។

នៅវគ្គ ៣ យើងបានងាកមកមើលខ្លួនយើងវិញម្តង ហើយបានដឹងថាការញ៉ាំ ការដេក និងការហាត់ប្រាណមានឥទ្ធិពល​ខ្លាំងប៉ុណ្ណាក្នុងការពង្រឹងឆន្ទៈរបស់យើង!

ក្នុងវគ្គនេះផ្ទាល់ យើងនឹងក្រឡេកភ្នែកមកមើលក្នុងចិត្តយើងវិញម្តង ថាតើអារម្មណ៍អវិជ្ជមានដូចជាស្ត្រេស​និងការព្រួយបារម្ភ អាចបំបាក់ឆន្ទៈយើងដល់កំរិតណា ហើយយើងអាចធ្វើអ្វីខ្លះដើម្បីអាចបន្ថយវាបាន?

ស្ត្រេស៖ ឈ្មោះជាមិត្ត តែជាតិជាមារ

មនុស្សជាច្រើន រួមទាំងស្មេរផ្ទាល់ធ្លាប់ជឿថា ដើម្បីជំរុញទឹកចិត្តឲ្យយើងឈប់ខ្ជិល ហើយបំពេញការងារបានល្អនោះ គឺយើងអាចប្រើប្រាស់ស្ត្រេស អាចដាក់សំពាធលើខ្លួនឯងដោយ ដាក់ថ្ងៃបញ្ចប់ការងារឲ្យមុនថ្ងៃពិត ឬធ្វើការងារបន្ទាន់​ពីរបីក្នុងពេលតែមួយជាដើម។

ធ្វើអញ្ចឹងដូចមានអារម្មណ៍ថាត្រូវ ព្រោះគ្រាន់តែភ័យជិតដល់ថ្ងៃដែលគេមកយកភ្លាម យើងតែងឈប់ដេក ឈប់​ដើរលេង សុខចិត្តអត់ងងុយបញ្ចប់បង្ហើយទាំងយប់រាល់តែដង។ ក្នុងថ្នាក់នីមួយៗ  គ្មានអ្វីជំរុញឲ្យសិស្សៗ​សាមគ្គីគ្នាធ្វើការសស្រាក់ដើម្បីបញ្ចប់ការងារក្រុម ជាងពេលដែលគ្រូត្រូវប្រមូលការងារថ្ងៃស្អែកនោះទេ។ តាមពិតទៅ​ យុទ្ធសាស្ត្រដាក់សម្ពាធលើខ្លួនឯងនេះ អាចនឹងមានប្រសិទ្ធិភាពក្នុងរយៈពេលខ្លីក៏ពិតមែន តែបើយើងប្រើវាជាប្រចាំ​នោះ វាអាចបំផ្លាញឆន្ទៈរបស់យើង ក៏ដូចជាអំពល់ទុក្ខដល់សុខភាពខ្លួនប្រាណយើងផងដែរ!

រូបភាពបានមកពី៖ ហ្គូស្តាវ ហ្សាមបេលី (Gustavo Zambelli)
រូបភាពបានមកពី៖ ហ្គូស្តាវ ហ្សាមបេលី (Gustavo Zambelli)

មានដឹងអត់ថា តាមពិតការកើតស្ត្រេសជាប្រចាំហ្នឹង ជះផលអាក្រក់សំរាប់រាងកាយយើងច្រើនជំពូកណាស់! ស្ត្រេសឬប្រព័ន្ធវាយឬរត់ (fight-or-flight) គឺជាប្រព័ន្ធមួយដែលបង្វែរកំលាំងកាយ និងកំលាំងចិត្តរបស់យើង។​ ពេលយើងនៅសុខៗនៅធម្មតាៗ កំលាំងក្នុងរាយកាយយើង គឺយើងប្រើដើម្បីគិត និងចែកចាយឲ្យគ្រឿងក្នុង​ផ្សេងៗក្នុងកាយាយើង ដើម្បីឲ្យពួកវាធ្វើការបានតាមធម្មតា។

តែដល់ពេលប្រព័ន្ធវាយឬរត់នេះចេញមុខ ខួរយើងក៏ប្រឹងប្រមែប្រមូលយកកំលាំងទាំងអស់ពីការគិត និងពីគ្រឿងក្នុងផ្សេងៗ មកបំប៉នសាច់ដុំយើងក្នុងពេលបច្ចុប្បន្នទៅវិញ! ឧបមាថាយើងជិតត្រូវគេវាយបែកមាត់ ឬជិតដល់វេនយើងឡើងថ្លែងសន្ទរកថាក្នុងថ្នាក់ នោះប្រព័ន្ធវាយឬរត់នឹងចេញមុខជួយបង្វែរកំលាំង ឲ្យយើងអាចទប់ទល់ជាមួយអ្នកចង់វាយយើង (ឬដាក់មេប្រ៉ូចបានលឿន) និងអាចគិតវាសវៃ និងនិយាយក្នុងសន្ទរកថាបានឲ្យ អស់ពីកំលាំងក្នុងខ្លួនយើងនោះអី។

តែប្រសិនបើយើងបន្តប្រើប្រាស់ប្រព័ន្ធនេះគ្មានពេលឈប់សំរាកនោះ បានន័យថាគ្រឿងក្នុងយើងមិនបានទទួលថាមពលពេញលេញដើម្បីដំណើរការនោះទេ។ ដោយហេតុនេះហើយទើបគេបានស្រាវជ្រាវឃើញថា មនុស្សដែលមានស្ត្រេសជាប្រចាំ មិនមានថាមពលគ្រប់គ្រាន់សំរាប់ការកិនរំលាយអាហារ ការបង្កើតកូន ការព្យាបាលរបួស និងការវាយសំអាតបាក់តេរីក៏ដូចជាវីរសក្នុងខ្លួននោះទេ។

អញ្ចឹងហើយបានជាអ្នកខ្លះតែងសង្កេតឃើញថា ខ្លួនងាយនឹងធ្លាក់ខ្លួនឈឺក្រពះ ហើមពោះ និងងាយផ្តាសាយជាងធម្មតា ពេលដែលគាត់ស្ត្រេសជាប់គ្នាអស់ប៉ុន្មានអាទិត្យមក។ លើសពីនេះទៅទៀត អ្នកវិទ្យាសាស្ត្រក៏បានរកឃើញថា មនុស្សដែលបន្តកើតស្ត្រេសរ៉ាំរ៉ៃមិនបាត់អស់ដល់រាប់ឆ្នាំនោះ ងាយនឹងប្រឈមជាមួយជំងឺសាហាវជាច្រើនដូចជា ជំងឺគាំងបេះដូង ស្ទះសសៃឈាម ទឹកនោមផ្អែម ឈឺចុករោយខ្នងជាប្រចាំ គ្មានកូន ហើយថែមទាំងឧស្សាហ៍ធ្លាក់ខ្លួនឈឺផ្តាសាយញឹកញយជាងគេឯងទៀតផង!

ស្ត្រេសក៏ធ្វើឲ្យយើងពិបាកគ្រប់គ្រងខ្លួនឯងជាងមុនលើគ្រប់វិស័យផងដែរ

មានការពិសោធន៍មួយនោះ គេឲ្យអ្នកញៀនបារីមួយក្រុម សាកស្រមៃថាខ្លួនជិតត្រូវទៅជួបពេទ្យធ្មេញ (អារឿងទៅជួបពេទ្យធ្មេញហ្នឹងហើយ ជារឿងដែលមនុស្សគ្រប់រូបខ្លាច ទោះអាយុប៉ុន្មានក៏ដោយ)។ ឯអ្នកញៀនបារីមួយក្រុមទៀត គេឲ្យអង្គុយលេង មិនគិតពីរឿងនេះទេ។ គ្រាន់តែចំណាយពេលប៉ុន្មាននាទីស្រមៃសោះ អ្នកញៀនបារីមួយក្រុមដំបូងក៏ចាប់ផ្តើមឡើងស្ត្រេសបន្តិចៗ ហើយចង់ជក់បារីខ្លាំងទៅៗ បើប្រៀបធៀបជាមួយក្រុមដែលអង្គុយលេង។  

ដូចគ្នាផងដែរ មានការពិសោធន៍មួយទៀត គេបានបោកមនុស្សមួយក្រុមដែលញៀនអាហារចូលចិត្តញ៉ាំច្រើនលើសធម្មតា ថាបន្តិចទៀត ពួកគាត់ត្រូវទៅឡើងថ្លែងសន្ទរកថានៅមុខមនុស្សម្នាជាច្រើនជាមិនខាន។ គ្រាន់តែលឺអញ្ចឹងភ្លាម ពួកគាត់ក៏ចាប់ផ្តើមភ័យ ហើយឃ្លានកូរពោះចង់ញ៉ាំអាហារផ្អែមៗច្រើនជាងក្រុមដែលគេមិនបានបោក។
បើចង់បានព័ត៌មានបន្ថែម អាចអានរបាយការណ៍ពិសោធន៍នៅទីនេះ ទីមួយ និងទីពីរ

ឃើញអត់? បើយើងចូលចិត្តដាក់សម្ពាធខ្លួនឯងដើម្បីបញ្ចប់ការងារណាមួយនោះ វាអាចនឹងជំរុញឲ្យយើងខំធ្វើការងារនោះក៏ពិតមែន តែវាក៏នឹងបំបាត់កំលាំងឆន្ទៈយើង ធ្វើឲ្យយើងគ្មានថាមពលក្នុងការលុបបំបាត់ទំលាប់អាក្រក់  ឬ ក្នុងការថែរក្សាចិត្ត និងរាងកាយយើងដោយការញ៉ាំអាហារល្អ ហាត់ប្រាណទៀងទាត់ និង រៀបគំរោងជីវិតឲ្យបានត្រឹមត្រូវនោះទេ!

ការរស់នៅដោយពឹងលើស្ត្រេសនិងសម្ពាធ គឺប្រៀបបានដូចជាយើងជិះលើកូនទូកមួយនៅកណ្តាលមហាសមុទ្រ មានព្យុះរលកបក់បោកជាប់លាប់រហូតអញ្ចឹង គឺចប់រលកមួយ នឹងមានរលកថ្មីមួយមកបោកអង្រួនទូកតូចកំសត់របស់យើងជាមិនខាន។ រវល់តែរត់ពីរលកមួយទៅរលកមួយ គ្មានកំលាំងឯណាទៅតំរង់ទូកឲ្យវាបរទៅតាមផ្លូវដែលយើងប្រាថ្នានោះទេ។ រស់នៅដោយសារស្ត្រេសអាចជួយយើងបានទទួលបានជោគជ័យរឿងតូចៗក្នុងរយៈពេលខ្លីក៏ពិតមែន តែយើងនឹងគ្មានកំលាំងឆន្ទៈនៅសល់ដើម្បីទៅផ្លាស់ប្តូររឿងធំៗ និងទៅរស់នៅជីវិតដែលយើងកំណត់ដោយខ្លួនឯងបានឡើយ។

តើអ្នកចង់រស់នៅមួយជីវិតនេះ ជាកូនទូកតូចកំសត់រសាត់អណ្តែតតាមរលកជីវិត ឬអ្នកចង់ក្លាយជាទូកធំរឹងមាំអាចបង្វិលចង្កូតទៅផ្លូវមួយដែលអ្នកអាចក្លាយជាមនុស្សដែលមានចរិតល្អ ចិត្តមេត្តា និងសុខភាពល្អ?

រូបភាពបានមកពី៖ ស្ទីវ ប៊ីចឺ (Steve Bidger)
រូបភាពបានមកពី៖ ស្ទីវ ប៊ីចឺ (Steve Bidger)

ម៉េចបានស្ត្រេសអាក្រក់អីអាក្រក់ដល់ម្លឹង?

ដូចដែលស្មេរបាននិយាយពីខាងលើអញ្ចឹង តាមពិតស្ត្រេសពេលខ្លះក៏មានប្រយោជន៍គ្រាន់បើដែរ។ ខួរក្បាលយើងនៅតែរក្សាវាក៏ដោយសារ ស្ត្រេសគឺជាយុទ្ធសាស្ត្រការពារខ្លួនមួយរបស់យើង។ ជាពិសេសគឺវាមានប្រយោជន៍ខ្លាំងណាស់ ពេលដែលយើងជួបគ្រោះថ្នាក់ផ្លូវកាយ។ ឧទាហរណ៍ដូចជា ពេលយើងមើលតាមកញ្ចក់ឃើញដូចជាម៉ូតូពីក្រោយបំរុងចង់ឆក់កាបូបយើង ឬពេលដើរៗ ស្លុយផុងជើងប៊ិះដួលពីលើជណ្តើរជាដើម។ ស្ត្រេសនឹងចេញមុខមកភ្លាម មិនបាច់យើងប្រាប់នោះទេ វានឹងធ្វើឲ្យភ្នែកយើងមុតជាងមុន ត្រចៀកវៃ ដៃត្រៀមមូរហ្គាសរត់ពីចោរ ឬវានឹងធ្វើឲ្យសាច់ដុំជើងយើងរឹងមាំទប់លំនឹងមិនឲ្យធ្លាក់ពីលើជណ្តើរបាន។

តែស្ត្រេសមិនចេញមុខតែពេលយើងមានគ្រោះថ្នាក់ផ្លូវកាយនោះទេ ពេលយើងមានរបួសផ្លូវចិត្តក៏វាចេញមុខមកអន្តរគមជួយយើងដែរ! ជាក់ស្តែងពេលយើងពិបាកចិត្ត ថប់អារម្មណ៍ ខឹងជ្រួលច្រាលនោះ ខួរក្បាលយើងព្យាយាមចង់បង្វែរអារម្មណ៍យើង កុំឲ្យយើងគិតតែពីមូលហេតុដែលនាំឲ្យយើងពិបាកចិត្តខឹងមួម៉ៅនោះទេ។ អញ្ចឹងហើយបានជាវាព្យាយាមជំរុញឲ្យយើងឃ្លានញ៉ាំ ឃ្លានផឹក ឃ្លានជក់ ចង់មើលនេះមើលនោះ ចង់ដើរទិញអីវ៉ាន់នោះអី!

វាអាចនឹងគិតថា ៖ «ហេ៎! មានរឿងធំហើយ! មិនបាច់អង្គុយគិតហើយសឹមគូរទេ។ បើប៉ិនេះនៅតែពិបាកចិត្តដូចនេះទៀត តិចចង់សំលាប់ខ្លួនទៅ មិនងាប់ទាំងឯងហើយ? អញ្ចឹងទាល់តែបញ្ជាឲ្យគាត់ទៅលេងហ្គេម ទៅទិញខោអាវ និងញ៉ាំបង្អែមបន្តិចសិន។ នែមនុស្ស! កុំគិតពីរឿងកើតទុក្ខពេក! នោះន៎ មើលវីដេអូឆ្កែដេញមនុស្សហ្អ៎ សប្បាយអត់!?»

គិតទៅខួរក្បាលយើង គ្នាចិត្តល្អខំជួយដែរ តែយុទ្ធសាស្ត្រនេះមិនសូវជាមានប្រសិទ្ធិភាពខ្លាំងនោះទេ។ ដោយសារ ខួរក្បាលយើងមិនអាចឲ្យកំលាំងឆន្ទៈមកខ្លួនយើង ដើម្បីឲ្យយើងអាចងើបឡើងទៅដោះស្រាយបញ្ហាឈប់ពិបាកចិត្តនោះទេ។ ផ្ទុយទៅវិញ វាធ្វើឲ្យយើងរត់ចេញពីបញ្ហាតាមរយៈអាហារ បារី ស្រា និងអុីនធឺណែតទៅវិញ។

ឧទាហរណ៍ដូចពេលយើងបានផុងខ្លួនពន្យារការងារសាលា ដល់ពេលទឹកឡើងជិតដល់ច្រមុះ សល់តែពីរបីថ្ងៃទៀតទេ គ្រូប្រមូលហើយនោះ! ប្រាកដណាស់ យើងតែងមានអារម្មណ៍ស្ត្រេស ហើយអាចខឹងខ្លួនឯងទៀតក៏ថាបាន។ តែដើម្បីបន្ថយស្ត្រេស ខួរក្បាលយើងមិនបានឲ្យកំលាំងឆន្ទៈយើងដើម្បីចាប់ប៊ិចសរសេរបញ្ចប់ការងារនោះទេ វាបែរជាជំរុញយើងឲ្យបិទភ្នែកដេកថ្ងៃទៅវិញ ព្រោះពេលយើងបិទភ្នែកដេកលក់បាត់ទៅ នោះយើងនឹងមិនដឹងខ្លួនថាយើងពិបាកចិត្តទៀតឡើយ!

ឧទាហរណ៍មួយទៀតនោះគឺ សំរាប់អ្នកដែលចូលដេកខុសម៉ោង ហើយក្រោកយឺតជានិច្ច  ពួកគាត់ប្រាកដជាខឹងខ្លួនឯងជាមិនខាន។ តែខួរក្បាលយើងមិនដឹងធ្វើម៉េចឲ្យយើងឈប់ខឹងខ្លួនឯងទេ  មានតែជំរុញឲ្យយើងបើកមើលយូធូប ហើយផឹកកូកាទាំងយប់រហូតដល់ម៉ោង ២។ យ៉ាងហោចណាស់ ពេលដែលព្រលឹងយើងរវល់ហោះហើរទៅតាមយូធូប យើងនឹងមិនមានពេលទៅពិបាកចិត្តពីរឿងដេកមិនគ្រាន់របស់យើងទេ ទោះជាបញ្ហានេះអាចដោះស្រាយបានស្រួលក៏ដោយចុះ!

តែអ្នកខ្លះប្រហែលជាកំពុងឆ្ងល់ថា តើមាននរណាភ្លើដល់ថ្នាក់សុខចិត្តដេក ក៏មិនបង្ហើយការងារ សុខចិត្តមើលយូធូបដល់យប់ជ្រៅទាបភ្លឺ ក៏មិនរៀនចូលដេកឲ្យបានទៀងម៉ោងនោះ? ស្មេរសុំសួរសិនថា ហ៊ានស្បថអត់ថាអ្នកអានផ្ទាល់មិនដែលធ្វើរឿងទាំងនេះ? អត់ដែលសំងំដេកពេលមានការងារត្រូវធ្វើច្រើន ឬលេងអុីនធឺណែតទល់យប់ជ្រៅទោះដឹងថាខ្លួនគួរដេក?

រូបភាពបានមកពី៖ អ៊ីអូណា សូប៉ូវ (Iona Sopov)
រូបភាពបានមកពី៖ អ៊ីអូណា សូប៉ូវ (Iona Sopov)

ពេលយើងសប្បាយចិត្ត មិនមានស្ត្រេស នោះជំរើសទាំងនេះមើលទៅជាជំរើសភ្លីភ្លើ ជាអ្វីដែលយើងមិនគួរធ្វើនោះទេ។ តែនរណាក៏ដូចនរណាដែរ ឲ្យតែចាប់ផ្តើមពិបាកចិត្ត កើតស្ត្រេស ខឹងច្រឡោតភ្លាម នោះរឿងមិនសមយ៉ាងណាក៏ធ្វើចេញដែរ។

អានដល់ត្រឹមនេះ អាចនឹងមានអារម្មណ៍ថា ហាក់ដូចជាខួរក្បាលយើងហ្នឹងចង់ដាក់បណ្តាសាឲ្យយើងញ៉ាំច្រើន ខ្ជិលច្រអូសខ្នងវែង និងធ្វើតែរឿងអត់ប្រយោជន៍អញ្ចឹង។ តែតាមពិតទៅ គ្នាគ្រាន់តែចង់ឲ្យយើងសប្បាយចិត្ត កុំសោកាពេក កុំឲ្យដល់ថ្នាក់យើងលែងចង់រស់តែប៉ុណ្ណឹងឯង។

ដូច្នេះ យើងមិនគួរស្តីថាឲ្យ ឬតូចចិត្តដោយសារធម្មជាតិរបស់មនុស្សយើងនោះទេ។ តែយើងត្រូវទទួលស្គាល់ថា យុទ្ធសាស្ត្ររបស់ខួរក្បាលយើងនេះមិនសូវជាមានប្រសិទ្ធិភាពប៉ុន្មាននោះទេ។ ជាក់ស្តែង មានសំរង់មតិមួយធ្វើឡើងដោយសមាគមចិត្តវិទ្យាអាមេរិក (American Psychology Association) បានរកឃើញថា ពេលដែលមនុស្សយើងបង្វែរអារម្មណ៍ពីការដោះស្រាយបញ្ហា ហើយបែរជាចង់សប្បាយតែមួយពេល ដោយការញ៉ាំ ផឹក ជក់ លេងហ្គេម ឬលេងអុីនធឺណែតនោះ ក្រោយមក គាត់នៅតែស្ត្រេស ហើយថែមទាំងអាចស្ត្រេសនិងស្តាយក្រោយជាងមុនទៀតផង។

តែផ្ទុយទៅវិញ ពេលដែលមនុស្សយើងព្យាយាមបំបាត់ស្ត្រេស និងអារម្មណ៍ទុក្ខសោកកំហឹងផ្សេងៗដោយតាំងសមាធិ ហាត់ប្រាណ អានសៀវភៅ ស្តាប់ចំរៀង ដើរលំហែរកាយយឺតៗនៅខាងក្រៅ ហាត់យោគៈ និយាយលេងជាមួយមិត្តភក្តិឬគ្រួសារ ឬធ្វើការងារអីមួយលេងនោះ ស្ត្រេសរបស់គាត់ពិតជាបាត់អស់ជាច្រើនពិតមែន។ មិនត្រឹមតែប៉ុណ្ណឹង ក្រោយពីធ្វើសកម្មភាពទាំងអស់នេះរួច គាត់ថែមទាំងមានអារម្មណ៍ជ្រះថ្លាជាងមុន រៀបចំខ្លួនរួចរាល់ក្នុងការដោះស្រាយបញ្ហាដែលនាំឲ្យមានស្ត្រេសនោះទៀតផង។

រូបភាពបានមកពី៖ សារ៉ា សូដាណូ (Sara Sodano)
រូបភាពបានមកពី៖ សារ៉ា សូដាណូ (Sara Sodano)

អញ្ចឹងតើយើងធ្វើយ៉ាងណាទើបដឹងថា សកម្មភាពមួយណាមានប្រសិទ្ធិភាព ហើយមួយណាអត់?

សំខាន់ត្រូវចាំថា សកម្មភាពដូចជាការញ៉ាំ ជក់ ផឹក លេងហ្គេម និងមើលរឿងនោះ​ វានាំឲ្យតែខួរក្បាលយើងបង្កើតតែជាតិដូប៉ាមីន (dopamine) តែប៉ុណ្ណោះ។ ជាតិដូប៉ាមីនគ្រាន់តែធ្វើឲ្យចិត្តយើងរំជើបរំជួលចង់ញ៉ាំ ចង់ផឹក ជក់ និងលេង មើលបន្ថែមតែប៉ុណ្ណោះ។ តែវាមិនធ្វើឲ្យខួរក្បាល និងខ្លួនយើងលំហែរអារម្មណ៍បាត់ស្ត្រេសពិតប្រាកដនោះទេ។

ផ្ទុយទៅវិញ បើសកម្មភាពនោះអាចនាំឲ្យខួរក្បាលយើងបញ្ចេញជាតិសេរ៉ូតូនីន (serotonin) ហ្គាម៉ា អាមីណូប៊ូទីរីក អាស៊ីដ (gamma-aminobutyric acid) និង អុកស៊ីតូស៊ីន (oxytocin) គឺវាអាចធ្វើឲ្យយើងសប្បាយ អាចលំហែរអារម្មណ៍ និងថែមទាំងមានកំលាំងចិត្តបន្ថែមក្នុងការរស់នៅទៀតផង។  ដូចដែលបានបកស្រាយខាងលើអញ្ចឹង ការពិសោធន៍វិទ្យាសាស្ត្របានរកឃើញថា ការហាត់ប្រាណ តាំងសមាធិ ដើរលំហែរអារម្មណ៍ជាមួយធម្មជាតិ និយាយលេងជាមួយមិត្តភក្តិ និងការបង្កើតអីលេងដូចជាគូររូប ថតរូប លេងតន្ត្រី សុទ្ធតែជួយបញ្ចេញសារជាតិសំខាន់ៗបីនេះចូលក្នុងខួរក្បាលយើងទាំងអស់!

សារជាតិបីនេះមិននាំឲ្យយើងរំជើបរំជួលដូចដូប៉ាមីនទេ តែវាធ្វើឲ្យយើងសប្បាយរបៀបស្ងប់ស្ងាត់ទៅវិញ។ ពេលធ្វើសកម្មភាពប្រភេទទីពីរចប់ បេះដូងយើងលោតញាប់ ផឺតពោះនោះទេ តែយើងនឹងធូរស្បើយក្នុងអារម្មណ៍ សប្បាយងំក្នុងចិត្តទៅវិញ។  

អញ្ចឹងសំណួរចុងក្រោយនោះគឺ ពេលយើងមានស្ត្រេសម្តងៗ យើងគួរធ្វើយ៉ាងណាអាចកាត់បន្ថយវាបានដោយមានប្រសិទ្ធិភាព? សំណួរល្អ! ហើយយើងមានចំលើយបីដែលអ្នកអាចចាប់ផ្តើមធ្វើពីពេលនេះតទៅតែម្តង!

វិធីប្រល័យស្ត្រេស ទី១៖ ឈប់ធ្វើសកម្មភាពបង្វែរអារម្មណ៍អត់ប្រយោជន៍

លើកក្រោយពេលអ្នកមានអារម្មណ៍ពិបាកចិត្ត ឬស្ត្រេស ហើយនឹកគិតចង់ដើរលេងទិញអីវ៉ាន់ ឬផឹកស្រាបំបាត់ទុក្ខនោះ គួរឈប់សិន ហើយងាកមកសាក៖

  • តាំងសមាធិ
  • ហាត់ហោគៈ
  • ដើរលំហែរលេងនៅខាងក្រៅ បើបានដើរនៅកន្លែងដែលមានធម្មជាតិទៀតរឹតតែល្អ
  • ហាត់ប្រាណ៖ ហាត់ប្រាណតិចៗក៏បាន ដូចជារត់ក្នុងសាលា ឬនៅជុំៗផ្ទះក៏មានប្រសិទ្ធិភាពដែរ!
  • បង្កើតអ្វីមួយ៖ អាចសាកគូររូប ផាត់ពណ៌ ធ្វើឈើ សរសេររឿង សរសេរប្លុក ឬតែងកំណាព្យ ច្រៀងចំរៀង លេងតន្រ្តី កាត់ដេរ តែងខ្លួនធ្វើតួតុក្កតាដែលអ្នកស្រឡាញ់ (cosplay) និយាយទៅធ្វើអ្វីក៏បាន ឲ្យតែអ្នកអាចប្រើបញ្ញាក្នុងការបង្កើតអ្វីដែលអ្នកចូលចិត្ត!
  • អានសៀវភៅ (ឬអានវប្បធម៌ ហេហេ)
  • និយាយលេងជាមួយមិត្តភក្តិ ឬសមាជិកគ្រួសារដែលអ្នកចូលចិត្ត
រូបភាពបានមកពី៖ ចេមស៍ ហ្វឺណាបឺ (James Firnhaber)
រូបភាពបានមកពី៖ ចេមស៍ ហ្វឺណាបឺ (James Firnhaber)

វិធីប្រល័យស្ត្រេសទី ២៖ រលឹកដល់វត្ថុដែលធ្វើឲ្យអ្នកមានក្តីសុខ

អាចកត់ក្នុងទូរស័ព្ទ ឬក្នុងសៀវភៅកំណត់ហេតុអ្នកនូវអ្វីទាំងអស់ដែលធ្វើឲ្យអ្នកសប្បាយចិត្ត និងមានសេចក្តីសុខ។ ពេលណាពិបាកចិត្ត ឬកើតស្ត្រេស អ្នកអាចត្រឡប់មកធ្វើសកម្មភាពទាំងនេះវិញ។

នេះជាសំរង់ខ្លះៗពីកំណត់ត្រារបស់ស្មេរ ដែលស្មេរបានផ្តើមសរសេរប្រហែលជាបានពីរឆ្នាំមកហើយ។

វត្ថុដែលធ្វើឲ្យខ្ញុំសប្បាយចិត្ត៖

  • ជិះម៉ូតូមកផ្ទះវិញយឺតៗពេលយប់ មានខ្យល់ត្រជាក់បក់លើមុខ
  • ស្រោចទឹកដើមឈើ
  • ចេញទៅជួបនិយាយលេងជាមួយបងឃៀង បងរ័ត្ន និងរីតា
  • អានកំណាព្យរបស់ អុីរីនហេនសិន (Erin Hanson)
  • ស្តាប់ចំរៀងរបស់ ហល់ស៊ី (Halsey)
  • ទៅលេងឆ្នេរសមុទ្រ ឬទៅដើរព្រៃក្នុងប្រទេស
  • ដេកលើឥដ្ឋ ដកដង្ហើមលេង

វិធីប្រល័យស្ត្រេសទី ៣៖ រៀនសំរាកបន្ធូរខ្លួន

មានការស្រាវជ្រាវមួយនោះបានរកឃើញថា គ្រាន់តែមនុស្សយើងយកពេលសំរាកតែប៉ុន្មាននាទីប៉ុណ្ណោះ អាចធ្វើឲ្យភាពប្រែប្រួលនៃអត្រាចង្វាក់បេះដូង (heart rate variability) របស់យើងឡើងខ្ពស់ជាងមុន (ហើយនេះជារឿងដ៏ល្អមួយ)។ បន្ថែមពីលើហ្នឹងទៅទៀត គ្រាន់តែយើងសំរាកខ្លួនតែប៉ុន្មាននាទីហ្នឹង អាចធ្វើឲ្យរាងកាយយើងចាប់ផ្តើមផ្សះខ្លួនឯង អាចបង្កើនកំលាំងរបស់ប្រព័ន្ធស៊ាំយើង ហើយថែមទាំងបន្ថយកំរិតអម៉ូនស្ត្រេសក្នុងខ្លួនយើងទៀតផង!

សំរាប់មនុស្សដែលតែងមានពេលសំរាកជាប្រចាំជារៀងរាល់ថ្ងៃ ពេលដែលគាត់ត្រូវធ្វើលំហាត់ដែលពិបាកគិត និងពេលគាត់ត្រូវទទួលរងការឈឺចាប់ផ្លូវកាយ គាត់តែងពូកែអត់ធន់ ហើយមិនសូវស្ត្រេសខ្លាំងដូចអ្នកដែលដែលមិនបានសំរាកជាប្រចាំនោះទេ។  ដូចគ្នាផងដែរ កីឡាករដែលយកតែងពេលសំរាក ដោយធ្វើការដកដង្ហើមវែងៗ តែងងាយផ្សះរបួសជាងកីឡាករធម្មតា។ ពួកគាត់ក៏មានអម៉ូនស្ត្រេសតិចជាងគេ ហើយកោសិការគាត់ថែមទាំងអាចកាត់បន្ថយការខូចខាតដោយសារការហាត់ប្រាណច្រើនពេក ជាងកីឡាករផ្សេងទៀតផង!
អ្នកអាចអានរបាយការណ៍ស្រាវជ្រាវនៅទីនេះ

រូបភាពបានមកពី៖ ឌុយ តាំង (Duitang)
រូបភាពបានមកពី៖ ឌុយ តាំង (Duitang)

អញ្ចឹងតើយើងសំរាកតាមរបៀបណា?

មុនដំបូងអ្នកត្រូវដឹងច្បាស់សិនថា ការដេកអង្អែលពោះមើលទូរទស្សន៍បណ្តើរ ផឹកស្រាបណ្តើរ មិនរាប់ជាការសំរាកនោះទេ។ ការសំរាកពិតប្រាកដ ទាល់តែបេះដូងយើងដើរយឺតជាងមុន សំពាធឈាមយើងធ្លាក់ុចះ ហើយគ្រប់សាច់ដុំក្នុងខ្លួនយើងបន្ធូរខ្យល់ស្ពេតអស់។ មិនត្រឹមតែប៉ុណ្ណឹង ខួរក្បាលយើងក៏ត្រូវឈប់គិតពីរឿងអតីតកាល ឬអនាគតកាលក្នុងពេលសំរាកនោះទៀតផង។ សួរថាពេលមើលទូរទស្សន៍ និងផឹកស្រាអាចបណ្តាលឲ្យរឿងទាំងនេះកើតឡើងឬអត់? អត់ទេ!

អញ្ចឹង ដើម្បីសំរាកបន្ធូរខ្លួនឲ្យបានពិតប្រាកដនោះ យើងគួរធ្វើតាមតិចនិចដ៏សាមញ្ញមួយនេះ។ ស្មេរបានសាកធ្វើវាជាងកន្លះឆ្នាំមកហើយ ហើយឥលូវតែងបុណ្យឲ្យតែការងារចប់ឆាប់ៗ បានទៅផ្ទះដេកសំរាក ព្រោះធ្វើទៅវាពិតជាស្រួល និងនាំឲ្យចិត្តសប្បាយខ្លាំងមែនទែនតែម្តង!

ចាប់ផ្តើមដោយដេកនៅលើគ្រែឬលើឥដ្ឋតែម្តងក៏បាន។ ដេកឲ្យត្រង់ មិនគួរមានខ្នើយ ឬខ្នើយឱបនៅពីក្រោមខ្លួនឬក្រោមក្បាលទេ ព្រោះវាបង្អាក់ចង្វាក់ដង្ហើមរបស់យើង។ បិទភ្នែកសន្សឹមៗ ហើយដកដង្ហើមចេញ ចូល ចេញ ចូលឲ្យបានបីដង្ហើម។ ផ្តោតអារម្មណ៍ទៅលើចលនារបស់ក្បាលពោះយើង ពេលដកដង្ហើមចូល វានឹងប៉ោងឡើង ពេលដកដង្ហើមចេញ វានឹងផតចុះ។ ប្រសិនបើអ្នកមានអារម្មណ៍ថា មានកន្លែងណាមួយក្នុងខ្លួនអ្នកដូចជាស្ត្រេសតឹងពេកនោះ ចាប់ផ្តើមរឹតវាបន្ថែមទៀតឲ្យបានពីរបីដង្ហើម ហើយទើបបន្ធូរវាឲ្យអស់តែម្តង។

ឧទាហរណ៍ បើមានអារម្មណ៍ថាស្មាយើងតឹងណែន នោះអាចរឹតវា បង្រួញវាដោយលើកវាឲ្យមកជិតត្រចៀកយើងបន្ថែម នៅស្ងៀមអញ្ចឹងឲ្យបានពីរបីដង្ហើម។ ក្រោយមកទើបបន្ធូរសាច់ដុំស្មាឲ្យអស់តែម្តង ដើម្បីឲ្យវាធ្លាក់មកជាធម្មតាវិញ នោះយើងនឹងមានអារម្មណ៍ថាធូរស្មាជាងមុនជាមិនខាន។

ធ្វើបែបនេះនៅលើខ្លួនប្រាណយើងទាំងមូលតែម្តងពីក្បាល ត្រចៀក មាត់ ភ្នែក ថ្គាម បន្ទាប់មកធ្លាក់មកក ស្មា ដៃ ទ្រូង មកដល់ពោះ ត្រគៀក ជើង និងបាតជើងទៀតផង!

ធ្វើតិចនិចនេះរាល់ដងគឺអាចនឹងអស់ពី ៥ ទៅ ១០ ឬ ២០ នាទី តាមដែលចិត្តយើងចង់។ ពេលស្មេរធ្វើចប់ម្តងៗ គឺមានអារម្មណ៍ថាខ្លួនយើងធូរស្ពេត អស់ស្ត្រេស អស់ភាពតឹងណែន ធ្វើឲ្យយើងមានខ្លួនស្រាលនិងចិត្តស្រស់ថ្លារាល់តែដងមិនដែលខានឡើយ!

Seang​ Sokcheng
Wapatoa (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T