វិធី ៨ ​យ៉ាង​ ជួយ​សម្រួល​ដល់អ្នក​មាន​បញ្ហាគេងមិនលក់​

//s6.kh1.co/e7/e7e654c84bcab785968268a29f3620fe18b19109.jpg
នារី

 ៣១-សីហា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

គ្នា​យើង​ខ្លះ​​ប្រហែល​ជា​មាន​បញ្ហា​គេងមិនលក់​ឬមាន​ជំងឺ​គេងមិន​លក់ (Insomnia) ហើយ​មែន​ទេ ហើយ​មិន​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ខ្លះដើម្បី​ដោះស្រាយបញ្ហា​នេះដូច​គ្នា​? ក្រៅពី​ការ​ប្រឹក្សាជាមួយ​គ្រូពេទ្យ​ជំនាញ ក៏​មាន​វិធី​ព្យាបាលបែប​ធម្មជាតិ​​មួយ​​ចំនួន​ដែល​គ្នា​យើង​អាច​សាកល្បង​បាន។​

គ្នា​យើង​ខ្លះ​​ប្រហែល​ជា​មាន​បញ្ហា​គេងមិនលក់​ឬមាន​ជំងឺ​គេងមិន​លក់ (Insomnia) ហើយ​មែន​ទេ ហើយ​មិន​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ខ្លះដើម្បី​ដោះស្រាយបញ្ហា​នេះដូច​គ្នា​? ក្រៅពី​ការ​ប្រឹក្សាជាមួយ​គ្រូពេទ្យ​ជំនាញ ក៏​មាន​វិធី​ព្យាបាលបែប​ធម្មជាតិ​​មួយ​​ចំនួន​ដែល​គ្នា​យើង​អាច​សាកល្បង​បាន។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ហាត់ប្រាណ

ការសិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា​អ្នក​ដែល​ហាត់ប្រាណ​ជា​ប្រចាំ​គឺ​គេង​លក់​ស្រួល​ជាង​អ្នក​មិន​ហាត់ប្រាណ​។ អ្នកជំនាញ​ណែនាំ​ថា​អាច​ហាត់ប្រាណ​ដូចជា​ការ​ដើរ ឬ​ជិះកង់​ក៏​បាន សុទ្ធតែ​ជួយ​ឲ្យ​យើង​ឃ្លាតឆ្ងាយពី​បញ្ហា​គេង​មិនលក់​នេះ។ ការ​ហាត់ប្រាណ​នៅ​ពេល​ព្រឹក​គឺ​មានគុណ​ប្រយោជន៍​ល្អ​ជាងគេ ប៉ុន្តែ​ក្នុង​ករណី​មិន​មាន​ពេល​យើងអាច​ហាត់ប្រាណ​ពេល​ថ្ងៃក៏​បាន។ យ៉ាង​ណា​មិញ បើ​យើង​ហាត់ប្រាណ​នៅ​ពេល​ល្ងាច​ពេក​​ រាងកាយ​អាច​មាន​អ័រម៉ូន adrenalin ច្រើន​ដែល​អាច​បន្ត​មាន​ដល់​ពេល​គេង។ នេះ​អាច​បណ្ដាល​ឲ្យ​ខួរក្បាល និង​រាងកាយ​នៅ​តែ​ដំណើរការ​ ទោះជាយើង​ព្យាយាម​គេង​យ៉ាងណាក៏ដោយក៏​នៅ​គេង​អត់លក់។​

២. ទទួលបាន​ពន្លឺថ្ងៃ

មូលហេតុ​មួយ​ទៀត​ដែល​ហាត់ប្រាណ​ពេល​ព្រឹក​ល្អ​ជាង​ពេល​យប់​គឺ​យើង​អាច​ទទួល​បាន​ពន្លឺថ្ងៃនៅពេល​ព្រឹក​ ​ដែល​​សំខាន់​ក្នុង​ការ​បង្កើន​ថាមពល​ពេញ​មួយ​ថ្ងៃ និង​ជួយ​ឲ្យ​គេង​លក់​ស្រួល​ពេល​យប់។ ពន្លឺ និង​ភាព​ងងឹត​អាច​ជួយ​ដល់​នាឡិកា​ក្នុង​រាងកាយ​ឲ្យ​ដឹង​ថា​ពេល​ណា​គួរ​ចូល​គេង និង​ពេល​ភ្ញាក់។ ដោយ​ឡែក​ការ​សិ្ថត​ក្នុង​បរិយាកាស​ដែល​មាន​ពន្លឺ​នៅ​ពេល​យប់​ដូចជា​ពន្លឺ​ពី​អំពូល​ភ្លើង ទូរទស្សន៍ និង​ទូរសព្ទ​អាច​ប៉ះពាល់​ដល់​នាឡិកា​ក្នុង​រាងកាយ​បាន។ ដូចនេះ​អំឡុងពេល​ថ្ងៃ​គួរ​ទទួល​ពន្លឺ​ថ្ងៃ​ធម្មជាតិ និង​កាត់​បន្ថយ​ពន្លឺ​ផ្សេងៗ​នៅ​ពេល​ល្ងាច។

៣. ត្រាំ​ទឹក​ក្ដៅ​ឧណ្ហៗ

អ្នកវិទ្យាសាស្ត្រ​នៅ​សាកលវិទ្យាល័យ Kyushu នៅ​ប្រទេស​ជប៉ុន​បាន​រកឃើញ​ថា​ការ​ត្រាំ​ទឹកក្ដៅ​ឧណ្ហៗ​អាច​ធ្វើ​ឲ្យ​យើង​ងងុយ​គេង និង​ងាយស្រួល​គេង​លក់​ផង​ដែរ។ នៅ​ពេល​សីតុណ្ហភាព​ចុះ​ក្រោយ​ពេល​ងូត​ទឹក​ក្ដៅ​ឧណ្ហៗ​ នាឡិកា​ក្នុង​រាងកាយ​នឹង​បញ្ជូន​សញ្ញា​ថា​ដល់​ពេល​សម្រាក​ហើយ។ មិន​មែន​តែ​ត្រាំ​ទឹក​ក្ដៅ​ឧណ្ហៗ​​ទេ​ដែល​មាន​អត្ថប្រយោជន៍​បែបនេះ ការ​ងូតទឹក និង​ការ​លាង​សម្អាត​ជើង​ក៏​ជួយ​ដល់​ដំណេក​ដែរ។

៤. ធ្វើ​សមាធិ

សម្រាប់​គ្នា​យើង​មួយ​ចំនួន ការ​ថប់បារម្ភ និង​ការ​ព្រួយ​បារម្ភ​អាច​ជា​មូលហេតុ​ធ្វើ​ឲ្យ​គេង​មិន​លក់ ហើយ​ការ​ធ្វើ​សមាធិ​អាច​ជួយ​ដោះស្រាយ​បញ្ហា​នេះ​បាន។ យើង​អាច​ផ្ដោត​អារម្មណ៍​ទៅ​លើ​ដង្ហើម​របស់​យើង និងសមាធិ​ដោយ​ប្រមូល​អារម្មណ៍​ឲ្យ​មូល​ដើម្បី​បន្ធូរ​អារម្មណ៍ កាត់បន្ថយ​ស្ត្រេស និង​ការ​ឈឺចាប់​ផ្លូវកាយ​ផ្សេងៗ។

៥. សរសេរ​កំណត់​ហេតុ​មុន​ចូល​គេង

ប្រសិន​ជា​គ្នាយើង​បារម្ភ​ថា​ការ​គិត​ផ្សេងៗ​អាច​រំខាន​ដល់​ដំណេក យើង​អាច​សាកល្បង​សរសេរ​កំណត់ហេតុ​បាន។ ការ​សរសេរ​កំណត់​ហេតុ​អាច​បញ្ចេញ​ការ​គិត​ទាំង​នោះ​ដោយ​ខួរក្បាល​មិន​ចាំ​បាច់​គិត​ពេល​ចូលគេង។ ម៉្យាងទៀត​ការ​សរសេរ​កំណត់ហេតុ​ក៏​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ និង​ធូរស្រាលជាង​មុន ហើយ​រាងកាយ​ក៏​សម្រាក​បាន។

៦. ផឹក​ទឹកដោះគោ​ក្ដៅ​ឧណ្ហ​ៗលាយ​ជាមួយ​នឹង​ទឹកឃ្មុំ

ទឹកដោះគោ​មាន​ផ្ទុក​អាស៊ីតអាមីណូ tryptophan ដែល​បំលែង​ទៅជា​អ័រម៉ូន serotonin។ អ័រម៉ូន serotonin គឺ​ជា​ថ្នាំ​សណ្ដំ​ធម្មជាតិដែល​​ជួយ​ដល់​ដំណេក។ ទឹកដោះគោ​នៅពេល​លាយ​ជាមួយ​នឹង​ទឹក​ឃ្មុំ​គឺ​ជួយ​បញ្ជូន​អ័រម៉ូន serotonin ទៅ​កាន់​ខួរក្បាល​លឿន​ជាងមុន​ដែល​នេះ​ជួយ​ឲ្យ​យើង​គេង​លក់​លឿន។

៧. ហាត់​យ៉ូហ្គា

ការ​ហាត់​យ៉ូហ្គា​មិន​ត្រឹម​តែ​ជួយ​ដល់​រាងកាយ​ទេ​នៅ​អាច​កាត់បន្ថយ​ស្ត្រេស​បាន​ទៀត។ ស្ត្រេស​គឺ​មូលហេតុ​មួយ​ដែល​បង្ក​រោគ​គេង​អត់​លក់​។ ដូចនេះ​ហើយ​ការ​ហាត់​យ៉ូហ្គា​ជួយ​ដល់​ការ​គេង​បាន។

៨. ញ៉ាំ​គ្រាប់​អាល់ម៉ុង និង​ផ្លែ​ចេក

យើង​អាច​ញ៉ាំ​គ្រាប់​អាល់ម៉ុង និង​ផ្លែចេក​ជំនួស​ឲ្យ​ទឹកដោះគោ និង​ទឹក​ឃ្មុំ​ ហើយ​ទទួល​បាន​អាស៊ីតអាមីណូ tryptophan ដូចគ្នា។ គ្រាប់អាល់ម៉ុង និង​ផ្លែ​ចេក​ផ្ទុក​អាស៊ីតអាមីណូ​នេះ​ និង​ម៉ាញ៉េស្យូម​ច្រើន។ កង្វះ​ម៉ាញ៉េស្យូម​ក៏​អាច​បង្ក​បញ្ហា​ដំណេក​បាន​ដែរ​ ដូចគ្នា​ទៅ​នឹង​កាល់ស្យូម​ដែល​មាន​ក្នុង​គ្រាប់អាល់ម៉ុន និង​ទឹកដោះគោ។ រីឯ​ផ្លែ​ចេក​ក៏​មាន​ប៉ូតាស្យូម​ជួយ​ឲ្យ​សាច់ដុំ​សម្រាក​ដែល​នេះ​ក៏​ជួយ​ឲ្យ​គេង​លក់​ស្រួល​ដែរ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet 

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T