ក្រសួង​សុខាភិបាល​​៖ ​ការមិន​ផ្សាយ​រឿង​បុរស​លាប់​​​​កូ​វីដ​១៩ នៅ​ត្បូង​ឃ្មុំ​​ ដោយសារ​​មិនចង់ឲ្យមាន​ការ​ភាន់​ច្រឡំ

//s4.kh1.co/fe/fefcb9ebfbcf89e3a617c4b8343034e7418e7d7f.jpeg
សង្គម

 ១១-សីហា-២០២០ ៨ល្ងាច · ៤ ឆ្នាំមុន

អ្នកស្រី ឱ វណ្ណឌីន ប្រាប់ Khmerload ថា បុរសម្នាក់​នៅ​ត្បូងឃ្មុំ​ពិតជាលាប់កូវីដ១៩ ពិតមែន។

អ្នកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល នៅល្ងាចថ្ងៃទី ១១ សីហានេះ បានប្រាប់ Khmerload ថា បុរសម្នាក់​នៅ​ត្បូងឃ្មុំ​ពិតជាលាប់កូវីដ១៩ ពិតមែន។ អ្នកស្រីបន្តថា៖ «ការដែលក្រសួងសុខាភិបាលមិនចេញផ្សាយ​ព័ត៌មានពីរឿងលាប់នេះ គឺមិនមែនជាការលាក់បាំងទេ តែដោយសារ​មិនចង់​ឲ្យ​សាធារណៈជនមាន​ការភាន់ច្រលំរឿង​តួលេខនៃករណីថ្មី»។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រដ្ឋលេខាធិការរូបនេះប្រាប់ថា កាលពីករណីលាប់តាំងពីប៉ុន្មានខែមុននោះ ក្រសួងសុខាភិបាលបានផ្សាយម្តង ស្រាប់តែមានអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបានរាប់យកតួលេខលាប់កូវីដ១៩ យកទៅបូកបន្ថែមលើករណីថ្មី ដែលជាហេតុធ្វើឲ្យយល់ថាមានតួលេខបន្ថែម។

ក្រៅពីនេះអ្នកស្រីថា បណ្តាប្រទេសលើពិភពលោក គេរាប់តែករណីថ្មី មិនមានរាប់ករណីលាប់ឡើយ ព្រោះដើម្បីកុំ​ឲ្យសាធារណៈជនយល់ច្រលំលើករណីថ្មីពិតប្រាកដ និងចំនួនអ្នកដែលបានព្យាបាលហើយ។

អ្នកនាំពាក្យសុខាភិបាលរូបនេះថា៖ «ការលាប់បែបនេះ អ្នកជំនាញបញ្ជាក់ថា អាចជាករណីសេសសល់សំណល់​វីរុសនៅក្នុងសរីរាង្គនៃបុគ្គលនោះ។ យើងមិនដឹងថាតើកូវីដ១៩ នឹងមានអត្តចរិតបែបណានោះទេ? សូម្បីអង្គការ​សុខភាព​ពិភពលោកក៏មិនដឹងដែរ»។

ជាមួយគ្នាដែរ អ្នកស្រីបានសង្កត់ធ្ងន់ថា សម្រាប់អ្នកជាសះស្បើយដែលបានត្រឡប់ទៅផ្ទះវិញផ្សេងទៀត ក្រុមជំនាញ​នៅតែបន្តតាមដានដដែល ដើម្បីពិនិត្យករណីលាប់ឡើងវិញនេះ។

អ្នកស្រី វណ្ណឌីន បញ្ជាក់ថា៖«បើតាមគោលការណ៍ធ្វើតេស្តរបស់អង្គការសុខភាពពិភពលោក បើធ្វើតេស្តចំនួន ២ ដងឃើញអវិជ្ជមាន គឺចាត់ទុកថាពួកគាត់ជាសះស្បើយ ហើយអនុញ្ញាតឲ្យចេញទៅផ្ទះរបស់គាត់វិញ ប៉ុន្តែការចេញ​ទៅវិញនេះ ក៏យើងមិនដើរទៅណាផ្ដេសផ្ដាសដែរ គឺមានការណែនាំឲ្យបន្តដាក់នៅដោយឡែក ១៤ថ្ងៃបន្តទៀតនៅផ្ទះ ដើម្បីតាមដាន»។

គួររំឭកថា ថ្មីៗ វេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានអះអាងថា រកឃើញករណី​លាប់ឡើង​វិញ​នៃជំងឺកូវីដ-១៩ លើបុរសខ្មែរម្នាក់ ដែលមានទីលំនៅក្នុងឃុំគរ ស្រុកត្បូងឃ្មុំ កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០។

បុរសវ័យ២៩ឆ្នាំ ដែលលាប់ជំងឺកូវីដ-១៩ឡើងវិញនោះ គឺជាអ្នកដំណើរមកពីប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាលពីថ្ងៃទី ១០ កក្កដា ហើយបានសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។ ដល់ថ្ងៃទី២៨ ខែកក្កដា ក្រុមគ្រូពេទ្យ បានអនុញ្ញាតឲ្យបុរសនោះ ចេញពីមន្ទីរពេទ្យ ត្រឡប់ទៅទីលំនៅឋានវិញក្រោយ​ពីធ្វើតេស្តរកឃើញថា​គ្មានមេរោគកូវីដ-១៩។ 

ក្រោយទៅដល់ផ្ទះបាន ១៤ថ្ងៃ គឺនៅថ្ងៃទី៧ ខែសីហា ក្រុមគ្រូពេទ្យខេត្តត្បូងឃ្មុំ បានយកសំណាកបុរសរូបនោះ ទៅពិនិត្យ និងធ្វើតេស្តឡើងវិញ ដោយនៅថ្ងៃទី៨ ខែក៏ចេញលទ្ធផលវិជ្ជមាន (លាប់កូវីដ ១៩)។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃ ១១ សីហា ​២០២០នេះ អ្នកឆ្លងកូវីដ-១៩សរុបមាន ២៦៦ករណី ដែលសុទ្ធតែជា​ករណី​​នាំចូល​ពីក្រៅប្រទេស។ ក្នុងចំណោមអ្នកឆ្លងទាំង ២៦៦នាក់នោះ មាន២២០នាក់បានជាសះស្បើយ និង៤៦នាក់ទៀតកំពុងសម្រាកព្យាបាល៕

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T