ក្តោបក្តាប់ជោគវាសនាខ្លួន អ្នកគួររៀនវិធីដោះស្រាយបញ្ហាទាំងបីសំខាន់ៗនេះ!

//s6.kh1.co/ef/ef8897b295a5964336e3db45ec70e3099729274e.png
យល់ដឹង

 ០៦-សីហា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ស្វាគមន៍ជាថ្មីមកកាន់កម្រងអត្ថបទតស៊ូ! ក្នុងភាគទីមួយ យើងបានដឹងហើយថា ភាពតស៊ូជាអ្វីឲ្យពិតប្រាកដ ហើយថាបើយើងចង់មានជីវិតដែលជោគជ័យ និងមានក្តីសុខ គឺទាល់តែយើងមានចរិតតស៊ូខានមិនបាន!

ស្វាគមន៍ជាថ្មីមកកាន់កម្រងអត្ថបទតស៊ូ! ក្នុងភាគទីមួយ យើងបានដឹងហើយថា ភាពតស៊ូជាអ្វីឲ្យពិតប្រាកដ ហើយថាបើយើងចង់មានជីវិតដែលជោគជ័យ និងមានក្តីសុខ គឺទាល់តែយើងមានចរិតតស៊ូខានមិនបាន! 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅភាគពីរ យើងបានរៀនពីស្ទីលនៃការបកស្រាយខុសៗគ្នារបស់មនុស្សយើង និងដឹងថាស្ទីលមួយណាដែលល្អបំផុតសំរាប់បណ្តុះចរិតតស៊ូ។ ឯក្នុងភាគបី វិញ យើងបានអនុវត្តជំហានទាំងបី​ និងរៀនប្រើវិធីទាំងបួនក្នុងការវាយបកគំនិតអវិជ្ជមានរបស់យើងផងដែរ។

ចុះភាគថ្មីនេះវិញ? យើងនឹងមករៀនពង្រឹងបំណិនថ្មីមួយ នោះគឺរៀនក្តោបក្តាប់ជោគវាសនារបស់យើងក្នុងដៃខ្លួនឯងផ្ទាល់! 

ម្ចាស់ជោគវាសនាជាយើងឬជាគេ? 

សួរមួយ! ពេលដែលអ្នកអានហើយធ្វើកិច្ចការផ្ទះក្នុងអត្ថបទភាគពីរ តើអ្នករកឃើញថាខ្លួនជាមនុស្សដែលមានស្ទីលបកស្រាយ ខ្ញុំ ឬមិនមែនខ្ញុំ? តើអ្នកចូលចិត្តគិតថាអ្វីគ្រប់យ៉ាង មិនថារឿងល្អរឿងអាក្រក់សុទ្ធតែកើតឡើងដោយសារអ្នកមែនអត់? ឬក៏ឲ្យតែមានបញ្ហា គឺដឹងតែអ្នកបន្ទោសវាថាបណ្តាលមកពីរឿងខាងក្រៅ មកពីនរណាម្នាក់ មកពីសង្គម និយាយទៅគឺមិនដែលជាកំហុសអ្នកទេនោះ?

ប្រាកដណាស់ ស្មេរជឿថា កម្រមាននរណាជឿជ្រុលថាខ្លួនខុសគ្រប់បែប ឬមិនខុសគ្រប់បែបណាស់។ ស្ទីលបកស្រាយ ខ្ញុំ/មិនមែនខ្ញុំហ្នឹងគឺដូចជាបន្ទាត់មួយអ៊ីចឹង នៅចុងខាងឆ្វេងបំផុតគឺខ្ញុំ នៅចុងខាងស្តាំបំផុតគឺមិនមែនខ្ញុំ។ ហើយយើងគ្រប់គ្នាគឺស្ថិតនៅចន្លោះពីរហ្នឹង គ្រាន់តែយើងងាករេទៅស្តាំ ឬទៅឆ្វេងជាងតែប៉ុណ្ណឹងឯង។ 

អ្នកដែលងាកទៅរកខាងស្ទីល មិនមែនខ្ញុំ (Not Me) ​ គឺជាមនុស្សដែលជឿថាជោគវាសនាបណ្តាលមកពីកត្តាដែលនៅក្រៅពីខ្លួនគាត់ (external locus of control)។ បើជោគជ័យក៏ជឿថាមកពីសំណាង បើបរាជ័យក៏បន្ទោសព្រះ បន្ទោសទេវតា ឬបន្ទោសក្រុមការងារជាដើម។ និយាយទៅគឺគាត់មិនដែលជាមូលហេតុដែលរឿងអីមួយកើតឡើងទេ តែងតែទំលាក់កំហុសលើមិត្តភក្តិ គ្រួសារ លុយកាក់ សង្សារ ចៅហ្វាយនាយ រដ្ឋ សង្គម ឬវប្បធម៌ជាដើម។ អ្នកដែលរឹតតែចូលចិត្តគិតដូចនេះ​ គាត់នឹងរឹតតែជឿច្បាស់ថាខ្លួនជាជនរងគ្រោះជាមិនខាន។ ហើយពេលមានបញ្ហាកើតទុក្ខមិនសុខចិត្តអី គឺមិនព្យាយាមដោះស្រាយវាទេ បែរជាចូលចិត្តដេកអាណិតខ្លួន ដោយសារគិតថា ទោះខំធ្វើអីក៏អត់បានការដែរ!

ផ្ទុយទៅវិញ អ្នកដែលងាកមកជឿលើស្ទីលបកស្រាយ ខ្ញុំ  (Me) ខ្លាំងនោះ ជាមនុស្សដែលគិតថាជោគវាសនាគាត់គឺនៅក្នុងដៃគាត់ផ្ទាល់ (internal locus of control)។ តែបើងាករេទៅខាងហ្នឹងជ្រុលពេកក៏មិនសូវល្អដែរ។ វាអាចធ្វើឲ្យអ្នកសកម្មខ្លាំងក៏ពិតមែន តែបើទៅជ្រុលពេក អ្នកនឹងអាចក្លាយជាមនុស្សដែលរមែងទើសគេទើសឯង ទើសរឿងគ្រប់បែបដែលខុសពីចិត្តរបស់អ្នក។

បើទើសរបៀបនេះ ហើយហ៊ានបញ្ចេញមតិមកខាងក្រៅ អ្នកនឹងក្លាយជាមនុស្សម្នាក់ដែលគេផ្សេងមិនសូវចូលចិត្តរាប់រកនោះទេ ដោយសារចូលចិត្តចាប់កំហុស បង្ខំឲ្យគេដូរពេក។ តែបើទើសហើយមិនហ៊ាននិយាយចេញមកក្រៅនោះ គឺហាក់ដូចជាបៀមភ្លើងក្នុងមាត់ ពិបាកទ្រាំតែឯងអត់ប្រយោជន៍អ៊ីចឹង! 

តើហេតុអ្វីបានជាខ្ញុំហ៊ានរ៉ាយរ៉ាប់ក្បោះក្បាយម៉្លេះ?  គឺដោយសារខ្ញុំផ្ទាល់ធ្លាប់ជឿជ្រុលទៅពីរខាងហ្នឹងដូចគ្នា ធ្លាប់ទៅទើសគេទើសឯងចង់ឲ្យគេកែឲ្យល្អជាងមុន ហើយក៏ធ្លាប់ជឿថាខ្លួនជាជនរងគ្រោះ មិនអាចផ្លាស់ប្តូរអ្វីបានដែរ! ហើយបើនិយាយតាមត្រង់ទៅ ជំនឿជ្រុលទាំងពីរហ្នឹងគឺនាំទុក្ខដល់ខ្ញុំដូចគ្នា។ បើចង់រស់នៅដោយមានក្តីសុខ និងក្តីសង្ឃឹមជាប់លាប់ ទាល់តែយើងរកចំណុចតុល្យភាពរវាងជំនឿទាំងពីរនេះឲ្យបាន!

អ្នកអាចគ្រប់គ្រងបានតែខ្លួនឯងមួយគត់!

រូបភាពបានមកពី៖ ជីលាន លឺវីន<br>(Gillian Levine)
រូបភាពបានមកពី៖ ជីលាន លឺវីន
(Gillian Levine)

អ៊ីចឹងចំណុចតុល្យភាពហ្នឹងនៅត្រង់ណាទៅ? គឺត្រង់ជឿថា ដៃយើងក្តាប់ជោគវាសនាក៏ពិតមែន តែក្តាប់បានតែជោគវាសនាយើងផ្ទាល់ទេ ពោលគឺយើងអាចគ្រប់គ្រងបានតែកាយ វាចារ ចិត្ត និងប្រតិកម្មរបស់យើងតែម្នាក់ប៉ុណ្ណោះ! 

អ្នកមិនអាចក្តោបក្តាប់ជោគវាសនាគេផ្សេង ទៅបញ្ជាឲ្យគេប្តូរកាយ វាចារ ចិត្ត និងប្រតិកម្មរបស់គេទេ ជីវិតគេគឺគេជាអ្នករស់នៅ យើងគ្មានសិទ្ធិ ក៏គ្មានកាតព្វកិច្ចទៅកែគេឲ្យល្អជាងមុនដែរ។ បើទោះជាយើងឃើញផ្ទាល់ភ្នែកថា ម្នាក់ហ្នឹងកំពុងកំទេចជីវិតខ្លួនឯងទាំងស្រស់ៗហើយក៏ដោយ បើទោះជាយើងចង់ឲ្យគេល្អយ៉ាងណា ក៏ត្រូវចាំថា ជីវិតគេមិនស្ថិតក្រោមការកំណត់របស់យើងទេ! ទុកឲ្យគេរកផ្លូវដើរខ្លួនឯងទៅ បើគេមិនរកហ្នឹងជារឿងរបស់គេ ចាំគេសុំយើងជួយ ចាំយើងហុចដៃជួយគេតាមហ្នឹង។  

ដូចគ្នាដែរ ពេលឃើញបញ្ហាក្នុងសង្គម ត្រូវដឹងថា បញ្ហាមួយៗគឺមានឬសចាក់ស្រេះរាប់សិបជំនាន់ រាប់សិបនាក់មកហើយ! យើងម្នាក់ មិនអាចផ្លាស់ប្តូរចលករសង្គមទាំងមូលក្នុងរយៈពេលខ្លីនោះទេ។ អ្វីដែលយើងធ្វើបានគឺត្រឹមតែប្តូរកាយ វាចារ ចិត្ត និងប្រតិកម្មរបស់យើងផ្ទាល់ កុំឲ្យក្លាយជាកត្តាមួយដែលពង្រីកបញ្ហាហ្នឹងឲ្យចោទជាមុនតែប៉ុណ្ណឹងឯង។ 

របៀបដែលយើងរស់នៅផ្ទាល់ អាចជះឥទ្ធិពលដល់អ្នកជុំវិញខ្លួនយើង និងសង្គមជាតិយើង តែចាំថា ឥទ្ធិពលនោះតិចតួច ហើយត្រូវការពេលយូរគ្រាន់បើទំរាំយើងឃើញប្រសិទ្ធិភាពវាពេញតួ។ ដូច្នេះបើអ្នករវល់ចំណាយពេលទៅព្យាយាមកែប្រែអ្នកផ្សេង ឬបញ្ហាសង្គមឲ្យបត់ទៅតាមចិត្តអ្នកនោះ ភាគច្រើនគឺចុងក្រោយអ្នកនឹងហត់ អស់ខ្យល់ អស់សង្ឃឹម ហើយធ្វើមិនចេញអីជាដុំកំភួនទៀតផង! បើអ្នកធ្លាប់ព្យាយាមកែប្រែនរណាម្នាក់នោះអ្នកដឹងហើយថា វាពិបាកដល់ថ្នាក់ណា សឹងតែមិនអាចទៅរួចតែម្តង! 

ដូច្នេះ យកល្អគឺគួរចំណាយពេល និងកំលាំងដ៏មានតម្លៃរបស់អ្នក មកគ្រប់គ្រងជីវិតខ្លួនឯងផ្ទាល់វិញទៅ! រស់នៅឲ្យបានល្អ ដើរតាមផ្លូវដែលអ្នកចង់ឲ្យគេផ្សេងដើរ ហើយទុកឲ្យជីវិតអ្នកផ្ទាល់ ជាភុស្តតាងបង្ហាញផ្លូវឲ្យគេផ្សេងដើរតាម ក្នុងករណីដែលគេសំរេចចិត្តដើរតាមយើងនោះ! 

ចុះធ្វើយ៉ាងណាដើម្បីក្តោបក្តាប់ជីវិតយើងឲ្យស៊ប់ជាប់ក្នុងដៃយើងនោះ? ងាយស្រួលទេ គឺយើងត្រូវរៀនដោះស្រាយបញ្ហា និងរើសផ្លូវដើរដោយខ្លួនឯង បើទោះជាខុសត្រូវយ៉ាងណាក៏ដោយ! 

ស្ទីលដោះស្រាយបញ្ហាបីសំខាន់ៗ

តាមពិតទៅ គេមានរកឃើញទ្រឹស្តីនៃស្ទីលដោះស្រាយបញ្ហាច្រើនប្រភេទណាស់ តែស្មេរមិនចង់សរសេរអត្ថបទវែងអន្លាយបកស្រាយតែពីទ្រឹស្តីនោះទេ។ ដូច្នេះ ក្នុងអត្ថបទនេះផ្ទាល់ ខ្ញុំសុំលើកឡើងតែស្ទីលដោះស្រាយបីសំខាន់ៗ ដែលខ្ញុំផ្ទាល់ប្រើរាល់តែដងនោះឯង! 

របៀបដោះស្រាយបញ្ហាទាំងនេះ គឺខ្ញុំបានដកស្រង់មកពីសៀវភៅ ប្រយោជន៍នៃភាពតស៊ូ និពន្ធដោយ បណ្ឌិត អាល់សៃបឺត (The Resiliency Advantage by Dr. Al Seibert) និងបទពិសោធន៍ខ្ញុំផ្ទាល់ផងដែរ។          

រូបភាពបានមកពី៖ចាស្ទីន ត្រាន (Justin Tran)
រូបភាពបានមកពី៖ចាស្ទីន ត្រាន (Justin Tran)

នេះជាការពន្យល់សង្ខេបខ្លីៗ៖​

ដោះស្រាយដោយការពិនិត្យវែកញែក (analytical problem solving) ៖ ប្រើតក្កវិទ្យា (logic) មូលហេតុ និងការគិតវែកញែក ដើម្បីដោះស្រាយបញ្ហាដែលអ្នកធ្លាប់ឃើញពីមុនមកហើយ។ ភាគច្រើនគឺវាត្រូវឆ្លងកាត់ជំហានទាំងនេះ

១. យល់ដឹងពីបញ្ហាឲ្យបានច្បាស់លាស់ ដោយព្យាយាមរកឲ្យឃើញថា តើកំពុងមានអ្វីកើតឡើង ហើយមូលហេតុអ្វីបានជារឿងហ្នឹងកើតឡើង?

២. កំណត់ថាអ្នកចង់ឲ្យលទ្ធផល ចុងក្រោយទៅជាយ៉ាងណា

៣. សាកគិតរកមធ្យោបាយពីរបី ដើម្បីទៅដល់លទ្ធផលដែលអ្នកចង់បាន

៤. រើសយកមធ្យោបាយដែលល្អបំផុតមកសាកល្បង

៥. តាមដានមើលតើវាមានប្រសិទ្ធភាពឬអត់? ប្រសិនបើអត់ទាន់ពេញចិត្តទេ ក៏ត្រឡប់ទៅធ្វើពីជំហានទីមួយមកវិញ។ សាកមធ្យោបាយថ្មីៗរហូតដល់ទទួលបានលទ្ធផលដែលល្អគាប់ចិត្ត! 

ដោះស្រាយបញ្ហាដោយការច្នៃប្រតិដ្ឋ (creative problem solving) ៖ គឺច្នៃរកដំណោះស្រាយថ្មីៗសំរាប់បញ្ហាដែលអ្នកមិនធ្លាប់ជួប។ ភាគច្រើនគឺវាត្រូវឆ្លងកាត់ជំហានទាំងនេះ 

១. បើកដៃឲ្យខួរក្បាលអ្នកទទួលព័ត៌មានគ្រប់បែបយ៉ាងទាក់ទងនឹងបញ្ហាហ្នឹង ត្រូវបើកចិត្តឲ្យទូលាយស្តាប់គ្រប់ជ្រុងគ្រប់ជ្រោយទាំងអស់។ 

២. បណ្តោយឲ្យចិត្តអ្នកហោះហើរ ហើយស្រមៃពីដំណោះស្រាយថ្មីៗ ទោះជាវាចំឡែកយ៉ាងណាក៏ដោយ

៣. កត់ទុកដំណោះស្រាយដែលអ្នករកឃើញទាំងអស់នោះ

៤. ទុកពេលឲ្យខួរក្បាលអ្នកសំរាកជារឿយៗផង ជាពិសេសពេលដែលអ្នកគិតលែងចេញហើយនោះ។ ពេលសំរាកនេះ គឺដូចជាទុកពេលឲ្យអឌ្ឍសម្បជញ្ញៈ (subconscious mind) របស់យើងដោះស្រាយបញ្ហាហ្នឹងនៅពីក្រោយខ្នងយើងអញ្ចឹង។ ព្យាយាមកុំបង្វែរអារម្មណ៍ខ្លួនឯង ដោយទៅមើល ឬអានអីថ្មីៗច្រើនពេក។ អ្នកអាចអានអត្ថបទនេះ ដើម្បីយល់បន្ថែមពីឥទ្ធិពលអាក្រក់របស់ការលេងអុីនធឺណែតទៅលើសមត្ថភាពច្នៃប្រតិដ្ឋរបស់មនុស្សយើង។          

៥. រើសយកដំណោះស្រាយល្អបំផុតហើយសាកវាទៅ! តាមដានប្រសិទ្ធិភាពរបស់វា ហើយផ្លាស់ប្តូរយុទ្ធសាស្ត្រតាមការគួរ។ បើសាកទៅមិនបានផលដូចចិត្ត ក៏ចាប់ផ្តើមពីជំហានទីមួយវិញមក!  

ដោះស្រាយបញ្ហាដោយមើលលើធាតុពិតជាក់ស្តែង (practical problem solving) ៖ គឺប្រើប្រាស់បញ្ញាអ្នកក្នុងការដោះស្រាយបញ្ហាក្នុងជីវិតពិត ក្នុងសង្គមពិតជាក់ស្តែងតែម្តង។ សំខាន់បំផុត ដើម្បីប្រើស្ទីលនេះគឺអ្នកត្រូវទទួលស្គាល់ការពិតជាមុនសិន។ ចង់ស្រែកបែកមេឃត្អូញថារឿងហ្នឹងមិនគួរកើតឡើងក៏បាន តែធ្វើបែបនេះគ្មានប្រយោជន៍ដោះស្រាយបញ្ហាអីចេញទេ! ។ ការពិតជាការពិត រឿងហ្នឹងវាកើតឡើងបាត់ទៅហើយ មនុស្សដែលពូកែប្រតិបត្តិ គឺមានចំណេះធ្វើ ពូកែទទួលស្គាល់ការពិត ហើយរកវិធីដោះស្រាយភ្លាមៗ! 

ច្របាច់បីស្ទីលនេះចូលគ្នា!

ពេលដែលយើងដោះស្រាយបញ្ហាណាមួយ កំរណាស់ដែរថាយើងនឹងប្រើប្រាស់តែស្ទីលណាមួយដាច់តែឯងនោះ! ស្មេរផ្ទាល់គឺប្រើទាំងបីប្រភេទនេះច្របល់ចូលគ្នា ដើម្បីដោះស្រាយបញ្ហាសឹងគ្រប់រឿង។ ខាងក្រោមនេះជា ជំហានដែលខ្ញុំបានប្រើសំរាប់ដោះស្រាយបញ្ហាទាក់ទងនឹងការអភិវឌ្ឍន៍ខ្លួនយ៉ាងមានប្រសិទ្ធិភាពជិត ១០ ឆ្នាំមកហើយ! 

៥ ជំហានក្នុងការដោះស្រាយបញ្ហារបស់សុខចេង៖ 

ជំហានទី ១៖ ចោទសំណួរដើម្បីយល់ពីបញ្ហា 

នៅត្រង់នេះ ខ្ញុំនឹងសួរខ្លួនឯងថា តើបញ្ហាពិតប្រាកដជាអី? កំពុងមានរឿងអីកើតឡើង? ហេតុអីបានជារឿងហ្នឹងកើតឡើង? ប្រសិនបើបញ្ហាហ្នឹងសាមញ្ញៗទេ ត្រឹមជំហាននេះគឺរកបានដំណោះស្រាយដែលអាចយកទៅសាកល្បងក្នុងជំហានទី ៤ ទៅហើយ! 

ជំហានទី ២៖ ស្រាវជ្រាវបន្ថែមទាក់ទងនឹងប្រធានបទនៃបញ្ហា

ប្រសិនបើបញ្ហានោះរាងសាំញ៉ាំចាក់ស្មុគ ហើយខ្ញុំគិតរកមិនឃើញដំណោះស្រាយល្អទេនោះ ខ្ញុំនឹងឆែកអុីនធឺណែត អានរបាយការណ៍ស្រាវជ្រាវ និងសៀវភៅទាក់ទងនឹងប្រធានបទហ្នឹង។ ដើម្បីស្រាវជ្រាវបានជ្រៅ ខ្ញុំចូលចិត្តអានសៀវភៅពីប្រធានបទអភិវឌ្ឍន៍ខ្លួនជាងគេ ព្រោះថា សៀវភៅមួយៗ គឺអ្នកនិពន្ធតែងមុជជ្រៅ ហើយតែងមានគន្លឹះ និងព័ត៌មានជាច្រើនដែលខ្ញុំយកមកសាកធ្វើខ្លួនឯងបាន! 

ជំហានទី ៣៖ រៀបយុទ្ធសាស្ត្រប្រយុទ្ធថ្មី! 

ខ្ញុំជាមនុស្សដែលចូលចិត្តអនុវត្តជាក់ស្តែង មិនចូលចិត្តមានតែទ្រឹស្តីយកមកជជែក តែអត់បានការក្នុងជីវិតផ្ទាល់នោះទេ! ដោយហេតុនេះហើយ ទើបខ្ញុំចូលចិត្តយកទ្រឹស្តីដែលរៀនបានពីការស្រាវជ្រាវ យកមកកែតំរូវឲ្យត្រូវជាមួយជីវិតខ្ញុំផ្ទាល់។ ចំណុចនេះគឺតម្រូវឲ្យយើងមានភាពច្នៃប្រតិដ្ឋ និងយល់ពីខ្លួនឯងច្រើន ហើយបើយើងរឹតតែធ្វើវា យើងនឹងរឹតតែពូកែច្នៃ និងពូកែយល់ពីខ្លួនឯងទៅតាមហ្នឹងឯង! 

ជំហានទី ៤៖ ពិសោធ ហើយកែតំរូវ 

យកយុទ្ធសាស្ត្រក្នុងជំហានមុនមកពិសោធជាមួយការពិតទៅ!​ ជាធម្មតាទេ ទ្រឹស្តីល្អប៉ុណ្ណាក៏ដោយ ក៏តែងតែត្រូវការកែតំរូវម្តងជាពីរដងដើម្បីឲ្យវាស៊ីជាមួយជីវិតយើងម្នាក់ៗដែរ! ខ្ញុំចូលចិត្តជំហាននេះ ព្រោះថា ពេលកែតំរូវយុទ្ធសាស្ត្រម្តងៗគឺខ្ញុំរៀនដឹងអ្វីថ្មីពីខ្លួនឯងជានិច្ច។ ចំណេះដឹងរបៀបនេះ គឺគ្មានសាលា ឬគ្រូណាអាចឲ្យដល់អ្នកបានទេ ដោយសារវាជាចំណេះធ្វើ និងបទពិសោធន៍ជីវិតសុទ្ធសាធតែម្តង! 

ជំហានទី ៥៖ អបអរសាទរខ្លួនឯង!

 ប្រសិនបើសាកហើយ មិនបានលទ្ធផលដូចចិត្តនោះ ខ្ញុំនឹងចាប់ផ្តើមពីជំហានទីមួយមកវិញ ដោយធ្វើការសាកសួរខ្លួនឯង ស្រាវជ្រាវ និងពិសោធឡើងវិញទាំងអស់។ តែបើលទ្ធផលចេញមកគាប់ចិត្តហើយ ខ្ញុំនឹងអបអរសាទរខ្លួនឯង ដោយសរសេរក្នុងសៀវភៅកំណត់ហេតុ ឬនិយាយលើកទឹកចិត្តអរគុណខ្លួនឯងតែម្តង! 

រូបភាពបានមកពី៖&nbsp;VectorStock
រូបភាពបានមកពី៖ VectorStock

ឧទាហរណ៍មួយក្នុងការដោះស្រាយបញ្ហាអភិវឌ្ឍន៍ខ្លួន

ឥលូវខ្ញុំឲ្យឧទាហរណ៍ជាក់ស្តែងមួយចុះ។ និយាយដោយមិនលាក់តែម្តង ខ្ញុំផ្ទាល់គឺស្អប់ មិនចូលចិត្តធ្វើការងារផ្ទះតាំងពីកើតចេញពីពោះម៉ែមកម៉្លេះ! ស្អប់ជាងគេគឺលាងចាន ដោយសារទឹកវាគគ្រិច មានខ្លាញ់ មានសំណល់បាយអណ្តែតពេញហ្នឹង ធ្វើឲ្យខ្ញុំខ្ពើមរអើមខ្លាំងតាំងពីដើមមក។ 

ក្តីស្អប់នេះនាំឲ្យមានបញ្ហាមួយ ដោយសារក្នុងផ្ទះខ្ញុំ អត់មាននរណាព្រមលាងចានក្រៅពីម៉ាក់ខ្ញុំទេ។ កាលមុនគឺខ្ញុំចេញទៅធ្វើការក្រៅបាត់ៗ ដូច្នេះចង់ជួយក៏មិនដឹងជួយយ៉ាងម៉េច។ តែឥលូវដោយសារសំងំធ្វើការនៅផ្ទះបានច្រើន ធ្វើឲ្យខ្ញុំចាប់ផ្តើមរអៀសខ្លួន ចង់ជួយសំរាលបន្ទុកគាត់ដោយលាងចានហ្នឹងឯង។ ដូច្នេះ ដើម្បីដោះស្រាយបញ្ហានេះ ខ្ញុំបាន 

ជំហានទី ១៖ យល់ពីបញ្ហានេះ 

តាមពិតបញ្ហានេះសាមញ្ញៗងាយស្រួលយល់ទេ។ ម៉ាក់ខ្ញុំលាងចានដោយសារគ្មានអ្នកជួយលាង។ ប្រសិនបើខ្ញុំជឿថា រឿងហ្នឹងគឺជាកំហុសគេផ្សេង ម៉្លេះខ្ញុំនឹងទៅខឹង ទៅរអ៊ូដាក់បងប្អូន ឬប៉ាខ្ញុំដែលមិនជួយលាងហើយ! តែខ្ញុំដឹងថា ដូរខ្លួនឯងមិនពិបាកដូចដូរគេទេ ម៉្យាងខ្ញុំក៏ធ្លាប់បានដាក់កាលវិភាគដូរវេនគ្នាលាងចានដែរ តែប្អូនៗខ្ញុំធ្វើមិនបានខ្ជាប់ខ្ជួន ធ្វើឲ្យខ្ញុំខឹងសម្បារ ពិបាកជាងធ្វើខ្លួនឯងទៀត។! ដូច្នេះ ខ្ញុំសំរេចចិត្តថា មានតែខ្ញុំទេដែលអាចលាងចានហ្នឹងបាន។ ខ្ញុំចាប់ផ្តើមសួរខ្លួនឯងថា ហេតុអីបានជាខ្ញុំស្អប់ការលាងចានហ្នឹងម៉េះ? ទីមួយគឺដោយសារទឹកលាងចានវាគគ្រិចគួរឲ្យខ្ពើម ជាពិសេសគឺពេលដែលយើងទុកវាពីថ្ងៃដល់យប់ ឬពីយប់ដល់ព្រឹកទើបលាងសរុប។ ទីពីរនោះគឺ ខ្ញុំអត់ចូលចិត្តឈរលាងចាន ដោយសារកន្លែងហ្នឹងងងឹតហើយមូសខាំខ្ញុំរាល់តែដង។ ទីបីគឺពេលលាងចានជាពេលគួរឲ្យធុញ ហើយចុងក្រោយនោះគឺ ពេលដែលខ្ញុំចំណាយពេលលាងចាន ចេះតែស្ត្រេសដោយនឹកគិតថា ខាតពេលច្រើន នឹងទៅធ្វើការយឺតជាមិនខាន។ 

ជំហានទី ២៖ ស្រាវជ្រាវ

ជាធម្មតា សំរាប់បញ្ហាតូចប៉ុណ្ណឹង គឺខ្ញុំមិនទៅអានសៀវភៅស្រាវជ្រាវអីទេ តែចៃដន្យអី កាលហ្នឹងចំពេលដែលខ្ញុំកំពុងអានសៀវភៅ ទំលាប់តូចៗ (Tiny Habits)  ដែលសន្យាថានឹងបង្រៀនឲ្យអ្នកអានចូលចិត្តធ្វើកិច្ចការដែលខ្លួនស្អប់ពីដើមមក! ខ្ញុំបានអានវាចប់ ហើយសាកល្បងតាមវិធីគេទៅ (កុំភ័យ បន្តិចទៀតនឹងមានកំរងអត្ថបទថ្មីបកស្រាយពីវាហើយ!)

ជំហានទី ៣៖ បង្កើតយុទ្ធសាស្ត្រថ្មី

ក្រោយពេលដែលបានសួរខ្លួនឯង និងស្រាវជ្រាវហើយនោះ ខ្ញុំបានបង្កើតយុទ្ធសាស្ត្រថ្មី៖ 

– ខ្ញុំរាប់បញ្ចូលការលាងចានក្នុងកាលវិភាគខ្ញុំ ដើម្បីធានាថា រាល់ពេលញ៉ាំបាយហើយ គឺមានពេល ១៥ នាទីដើម្បីលាងចានដោយមិនបាច់ស្ត្រេស។ 

– ឲ្យតែញ៉ាំបាយហើយ ត្រូវលាងចានភ្លាម ដើម្បីកុំឲ្យចានគរទុកយូរក្លាយជាទឹកគគ្រិច។ 

– មុននឹងលាងគឺដើរឆក់មូសចេញមួយដងចេញសិន។ ពេលលាង គឺដាក់ប្រដាប់ឆក់មូសនៅជិតខ្លួន ដើម្បីប្រហារពួកមូសដែលនៅហ៊ានមករំខានខ្ញុំទៀត។ 

– ពេលលាងចាន ខ្ញុំចាក់ Podcast ស្តាប់ ឬ ស្តាប់យូធូប។ 

– ក្រោយពេលលាងចប់ ខ្ញុំអបអរសាទរខ្លួនឯងដោយទះដៃហើយស្រែក «យ៉េ!!» (Yus, bitchhhhhh) រាល់ដង។ 

ជំហានទី ៤៖ សាកល្បង ហើយកែតំរូវ

ពីរខែក្រោយពេលបានសាកធ្វើតាមយុទ្ធសាស្ត្រខាងលើ លទ្ធផលគឺ ចាន ៧០ ភាគរយគឺខ្ញុំជាអ្នកលាង!  បានត្រឹមនេះគឺហៅថាជោគជ័យហើយសំរាប់ខ្ញុំ។ មិនត្រឹមតែប៉ុណ្ណឹងទេ ខ្ញុំថែមទាំងចាប់ផ្តើមចូលចិត្តលាងចាន ជាពិសេសគឺពេលយប់ស្ងាត់ លាងចប់ទៅជូតលាងឡាបូ ជូតតុឲ្យស្អាតអស់ ធ្វើឲ្យមានអារម្មណ៍ស្អាតបាតណាស់! 

រូបភាពបានមកពី៖&nbsp;WSJ
រូបភាពបានមកពី៖ WSJ

ជំហានទី ៥៖ អបអរសាទរខ្លួនឯង! 

ដោយសារយុទ្ធសាស្ត្រខាងលើមានប្រសិទ្ធិភាពល្អគ្រប់គ្រាន់ហើយនោះ បេសសកម្មខ្ញុំចប់ត្រឹមនេះ! ដល់ពេលអបអរសាទរខ្លួនឯង ដែលខំប្រឹងកែទំលាប់និងដោះស្រាយបញ្ហាមួយនេះបានដោយខ្លួនឯងហើយ!  

មានអីដោះឲ្យអស់! 

ជំហានទាំង ៥ ខាងលើនេះមិនត្រឹមតែធ្វើឲ្យខ្ញុំលែងស្អប់ទឹកលាងចាននោះទេ តែវាជាស្ពានជួយអភិវឌ្ឍន៍ខ្លួនខ្ញុំជាងដប់ឆ្នាំមកហើយ វាបានជួយឲ្យខ្ញុំយកឈ្នះជំងឺ depersonalization/derealization ដែលជាវិបត្តិផ្លូវចិត្តម៉្យាង ហើយក៏បានជួយលើកខ្លួនឯងពីទំលាប់គិតតែគំនិតអវិជ្ជមាន ដែលជិតវិវត្តក្លាយទៅជាវិបត្តិបាក់ទឹកចិត្តឆ្នាំមុននេះឯង។ ដោយសារជំហានទាំង ៥ នេះ ខ្ញុំបានរៀនចេះទំនាក់ទំនងជាមួយមនុស្សល្អជាងមុន ក្លាយខ្លួនជាមិត្តល្អ និងសង្សារល្អជាងមុន។ ដោយសារវា ខ្ញុំបានបង្កើតជីវិតដែលមានពេលសំរាកច្រើន បានរៀនចេះគ្រប់គ្រងលុយកាក់ខ្លួនឯង បានធ្វើឲ្យខ្លួនមានសុខភាពល្អជាងមុន និងកាត់បន្ថយសំណល់ប៉ះពាល់ដល់ភពផែនដីផងដែរ! វាបានជួយឲ្យខ្ញុំក្លាយជាមនុស្សដែលមានចិត្តល្អជាងមុន មានស្មារតីច្រើនជាងមុន និងមានភាពតស៊ូជាងមុនទៀតផង! 

តែសំខាន់បំផុតនោះគឺ ពេលដែលខ្ញុំបន្តដោះស្រាយបញ្ហាផ្ទាល់ខ្លួនបែបនេះ ធ្វើឲ្យខ្ញុំរឹតតែចេះគ្រប់គ្រងជោគវាសនា ក្លាយជាម្ចាស់ជីវិតខ្លួនឯងទៅៗ។ ជោគជ័យលើបញ្ហាទាំងនេះ ធ្វើឲ្យខ្ញុំឃើញថា ខ្លួនអាចយកឈ្នះរបួសពីអតីតកាល ហើយប្រឈមមុខនឹងបញ្ហាថ្មីៗក្នុងអនាគតកាលបាន មិនអន់ទេ! បើខ្ញុំមិនចូលចិត្តផ្នែកណានៃជីវិតខ្ញុំ គឺខ្ញុំអាចដូរវាបាន។ បើមានបញ្ហាអីថ្មីចេញមុខមក ក៏ខ្ញុំអាចដោះវាបាន។ សំខាន់នោះគឺខ្ញុំជាអ្នកសំរេចចិត្តថា ចង់ដូរអី ដូរពេលណា ហើយដូររបៀបណា។ នេះហើយជាអានុភាពនៃការកំណត់ជោគវាសនារបស់ខ្លួនឯង! 

កិច្ចការផ្ទះ

ឥលូវដល់វេនអ្នកដោះស្រាយបញ្ហាខ្លួនឯងវិញហើយ! ក្នុងរយៈពេលពីរអាទិត្យខាងមុខនេះ​អ្នកសាក

១. រកមើលរឿងមួយដែលកំពុងធ្វើឲ្យអ្នកតប់ប្រមល់ មិនសប្បាយចិត្ត ឬខ្លាច។ 

២. ដោះស្រាយបញ្ហាហ្នឹងដោយប្រើប្រាស់ស្ទីលវែកញែក ច្នៃប្រតិដ្ឋ និងជាក់ស្តែង។ ប្រសិនបើអ្នកមិនដឹងធ្វើយ៉ាងណា អាចសាកជំហានទាំងប្រាំរបស់ខ្ញុំបាន (អត់គិតថ្លៃខ្ចីនោះទេ)! ត្រូវចាំថា យុទ្ធសាស្ត្រអ្នកគួរទាក់ទងនឹងអ្វីដែលអ្នកធ្វើបាន កុំព្យាយាមទៅដូរអ្នកជុំវិញខ្លួនឲ្យសោះ! 

៣. សាកល្បងហើយកែតំរូវរហូតដល់អ្នកពេញចិត្តនឹងលទ្ធផល ហើយអបអរសាទរ អរគុណដល់ខ្លួនឯងផង!

៤. បន្តដោះស្រាយបញ្ហាផ្សេងទៀតដោយប្រើប្រាស់រូបមន្តដូចគ្នា! 

អានកំរងអត្ថបទ «បង្កើនភាពជាអ្នកតស៊ូ» ទាំងអស់៖

1. ណែនាំពីការតស៊ូ តើការតស៊ូជាអ្វី?

2. អានុភាពនៃរបៀបបកស្រាយរបស់យើង៖ មិនមែនខ្ញុំ/ មិនជារហូត/ មិនគ្រប់រឿង ផ្ទុយនឹង ខ្ញុំ/ជារហូត/គ្រប់រឿង

3. បីជំហានដើម្បីវាយបកគំនិតអវិជ្ជមានឲ្យចាស់ដៃ!

4. ផ្តោតលើអ្វីដែលអ្នកអាចគ្រប់គ្រងបាន៖ រៀនដោះស្រាយបញ្ហាដែលអ្នកអាចដោះបាន

រូបភាពពីដើមអត្ថបទបានមកពី៖ ស្ទីវ ស្កត (Steve Scott)

Seang​ Sokcheng
Wapatoa (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T