រៀនពង្រឹងទំលាប់អ្នកជារៀងរាល់ថ្ងៃ ដោយប្រើតារាងតាមដាន​ទំលាប់​!

//s5.kh1.co/90/9037f1baa7b38ec5a082db6cd4f33a3b72f3f67b.png
យល់ដឹង

 ៣០-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ក្រោយពេលអានចប់អត្ថបទបកស្រាយពីដំណើរការរបស់ទំលាប់ និងបួនជំហានក្នុងការផ្លាស់ប្តូរទំលាប់គ្រប់យ៉ាងហើយនោះ អ្នកក៏មាន​កំលាំងចិត្តព្រឺសតែម្តង

ក្រោយពេលអានចប់អត្ថបទបកស្រាយពីដំណើរការរបស់ទំលាប់ និងបួនជំហានក្នុងការផ្លាស់ប្តូរទំលាប់គ្រប់យ៉ាងហើយនោះ អ្នកក៏មានកំលាំងចិត្តព្រឺសតែម្តង។ មានអារម្មណ៍ថាខ្លួនយល់ដឹងច្រើនហើយ អាចនឹងបង្កើតទំលាប់​តាំងសមាធិ ​ចង់តាមដានចំណាយរបស់អ្នកឲ្យបានរាល់ថ្ងៃ ចង់ទៅហាត់ប្រាណ ហើយសរសេរកំណត់ហេតុទៀតផង!

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែយើងក៏ដឹងហើយថា បើសិនជាមនុស្សយើងអាចបង្កើតទំលាប់មួយដោយស្រួលនោះ មិនមែននៅមានមនុស្ស​ខ្ជិលឡើយ។ ជាពិសេស គឺប៉ុន្មានអាទិត្យដំបូងដែលយើងព្យាយាមបង្កើត​ទំលាប់មួយហ្នឹងតែម្តង… គឺវាពិបាកណាស់!

ឧទាហរណ៍ថា យើងចង់ចាប់ផ្តើមមានទំលាប់តាមដានចំណាយយើងឲ្យបានរាល់ថ្ងៃ ព្រោះចង់ដឹងថាខ្លួន​ហូរលុយ​ចេញ​ពីដៃ​ដូចទឹកហ្នឹងគឺមកពីអី។ ថ្ងៃទីមួយ យើងមានកំលាំងចិត្តពេញបរិបូណ៍តែម្តង ហើយបានកត់ចំណូលចំណាយ​យ៉ាងប្រិតប្រៀង។ ថ្ងៃទីពីរ ក៏នៅមានកំលាំងនៅសល់ មិនភ្លេចកត់វានោះឡើយ។ ដល់ថ្ងៃទីបី ស្រាប់តែមិត្តភក្តិហៅ​ចេញញ៉ាំអី​ក្រៅដល់យប់ ដោយមិនបានព្រាងទុកជាមុន ទំរាំមកដល់ផ្ទះក៏ភ្លេចកត់ចំណាយចំណូលស្អីអស់រលីង។ ថ្ងៃទីបួន ដោយសារពិបាកចិត្តមិនបានធ្វើថ្ងៃទីបីផង ដោយសារត្រូវធ្វើការបន្ថែមពេលយប់ផងក៏ភ្លេច​រឿងហ្នឹងបាត់​ទៀត… ថ្ងៃទីប្រាំ ប្រាំមួយ ប្រាំពីរក៏បន្តភ្លេច ដូច្នេះសកម្មភាពនេះមិនដែលបានក្លាយជាទំលាប់ឡើយ!

សួរថា ពេលយើងបរាជ័យក្នុងការបង្កើតទំលាប់ថ្មីអញ្ចឹង ជាកំហុសរបស់យើងមែនទេ? អត់ទេ! អត់ទាល់តែសោះ​តែម្តង! ធម្មតាទេដែលយើងភ្លេចធ្វើវាក្នុងរយៈពេលប៉ុន្មានអាទិត្យដំបូងនោះ ព្រោះវាមិនទាន់ក្លាយជាទំលាប់យើង​នោះអី! មនុស្សឆ្លាតគេមិនពិបាកចិត្តរឿងធម្មជាតិចារមកអញ្ចឹងទេ តែគេព្យាយាមរកមើលវិធីសាស្ត្រដើម្បីជួយគេយក​ឈ្នះ​ធម្មជាតិ​បាន ហើយនោះគឺតារាងទំលាប់យើងនេះឯង!

តើតារាងតាមដានទំលាប់គឺជាអ្វី?

វាជាតារាងធម្មតាមួយ ដែលមានថ្ងៃខែ ក៏ដូចជាមានទំលាប់ដែលអ្នកចង់ធ្វើឲ្យបានទៀងទាត់ក្នុងនោះផងដែរ។

រូបភាពបានមកពី៖  Natalia Bdf
រូបភាពបានមកពី៖  Natalia Bdf

តើបង្កើតតារាងតាមដានទំលាប់តាមណា?

ជំហានទី ១៖​ រើសទៅថាចង់សរសេរវានៅឯណា
ស្រួលទេ! ប្រសិនបើអ្នកជាមនុស្សចូលចិត្តបច្ចេកវិទ្យា ក៏អាចបង្កើតតារាងនេះក្នុងកម្មវិធី​ Note ក្នុងទូរស័ព្ទ ឬក៏អាចប្រើប្រាស់កម្មវិធីផ្សេងៗដូចជាអេវឺណូត (Evernote) ជាដើម។

តែប្រសិនបើអ្នកដូចស្មេរដែរ មិនសូវចូលចិត្តសរសេរក្នុងទូរស័ព្ទទេនោះ គឺគ្រាន់តែមានក្រដាសមួយ និងប៊ិចមួយក៏រួចជាស្រេច។ សំខាន់គឺអ្នកត្រូវរើសថា តើចង់សរសេរតារាងទុកនៅទីណា តើចង់សរសេរក្នុងសៀវភៅកំណត់ហេតុរបស់អ្នក? ឬក្នុងសៀវភៅប្រតិទិនផែនការប្រចាំថ្ងៃរបស់អ្នក? ប្រសិនបើអត់ទាំងពីរ ក៏អាចគ្រាន់តែបិតក្រដាសនោះនៅលើជញ្ជាំងរបស់អ្នកក៏បាន! និយាយទៅឲ្យតែអ្នកអាចរើសកន្លែងណាដែលអ្នកអាចបើកមើលឃើញរាល់ថ្ងៃ អាចគូសរាល់ថ្ងៃទៅបានហើយ!

ជំហានទី​ ២៖ ជ្រើសរើសទំលាប់ដែលអ្នកចង់បានសំរាប់ខែនេះ
សូមហាមទុកជាមុន ពេលធ្វើដំបូងកុំព្យាយាមដាក់ទំលាប់ចូលគ្នាច្រើនពេក ព្រោះខួរក្បាលយើង និងឆន្ទៈយើងក៏មានកំណត់ដែរណា! ខ្ញុំវិញ ក្នុងមួយខែខ្ញុំចូលចិត្តរៀនធ្វើតែពីរ ទៅបីទំលាប់ថ្មីប៉ុណ្ណោះ! ធ្វើយ៉ាងនេះ ខ្ញុំមិនសូវស្ត្រេសខ្លួនឯងខ្លាំងពេក ហើយក៏ធានាថានឹងអាចទទួលបានជោគជ័យខ្ពស់ជាងមានទំលាប់ដប់ម្ភៃតែគ្មានពេលធ្វើដែរ!

ឧទាហរណ៍ ខែនេះជាខែឧសភា ឆ្នាំ២០១៩ ហើយដែលស្មេរកំពុងតាក់តែងអត្ថបទនេះឡើង។ ក្នុងខែនេះផ្ទាល់ ទំលាប់ពីរថ្មីៗដែលខ្ញុំចង់បាននោះគឺ៖ ចង់ក្រោកម៉ៅង ៥៖៣០ ហើយចង់រៀនភាសាជប៉ុនប្រហែលឲ្យបានម្តងក្នុងរយៈពេលពីពីរទៅបីថ្ងៃ។ ដូច្នេះហើយក្នុងតារាងរបស់ខ្ញុំ គឺមានទំលាប់ថ្មីពីរនេះ ក៏ដូចជាបូករួមជាមួយនឹងទំលាប់ចាស់ៗប៉ុន្មានទៀតផងដែរ។

ជំហានទី ៣៖ សំរេចចិត្តថាចង់អាប់ដេតវាយ៉ាងម៉េច
តាមពិតទៅ ខ្ញុំទើបបានចាប់ផ្តើមប្រើតារាងតាមដានទំលាប់នេះប្រហែលជាប្រាំបីខែមុននោះទេ។ ពេលចាប់ផ្តើមដំបូង ដោយសារមិនចង់ខាតទំព័រសៀវភៅ ខ្ញុំបានដាក់ ១៤ ថ្ងៃ​ក្នុងមួយតារាង។ តែមិនដឹងជាយ៉ាងម៉េចទេ ពេលដាក់ច្រើនថ្ងៃពេកអញ្ចឹងទៅ ខ្ញុំបែរជាមិនចង់ប្រើវាទៅវិញ។ ប្រហែលជាដោយសារ ប្រើតែតារាងដដែលដល់ទៅពីរអាទិត្យ គឺវាគួរឲ្យធុញសំរាប់ខ្ញុំហើយមើលទៅ។ ណាមួយ តារាងដែលមានថ្ងៃច្រើនដូចនេះ បានន័យថាយើងនឹងឃើញស្នាកស្នាមបរាជ័យ ពោលគឺថ្ងៃដែលយើងមិនបានបំពេញទំលាប់នេះជាយូរ ដែលអាចជាមូលហេតុនាំឲ្យយើងធ្លាក់ទឹកចិត្ត មិនចង់បន្តផងដែរ។

ដូច្នេះហើយខ្ញុំក៏បានផ្លាស់ប្តូរវាឲ្យទៅជាតារាង ៧ ថ្ងៃម្តងទៅវិញ។ គ្រប់តារាងគឺផ្តើមឡើងនៅថ្ងៃច័ន្ទ ហើយបញ្ចប់នៅថ្ងៃអាទិត្យ។ ទោះជាក្នុងមួយសប្តាហ៍នេះ មិនបានបំពេញទំលាប់ណាច្រើនដងប៉ុណ្ណាទេ ខ្ញុំដឹងថា ឲ្យតែសប្តាហ៍ថ្មីចូលមក ខ្ញុំនឹងគូរតារាងថ្មីមួយ ហើយអាចចាប់ផ្តើមពង្រឹងទឹកចិត្ត ខំសាកធ្វើឲ្យល្អជាងមុនជាមិនខាន! ធ្វើដូចនេះ ហាក់ដូចជាយើងលាងបំណុលគេរាល់អាទិត្យម្តង ដើម្បីអាចឈានជើងចូលទៅសប្តាហ៍ថ្មីពោរពេញដោយភាពស្រស់ស្រាយ ហើយឥតជំពាក់គេអញ្ចឹង!

ម៉្យាងក៏វាត្រូវនឹងទំលាប់ក្នុងការរៀបគោលដៅជីវិតរាល់អាទិត្យម្តងរបស់ខ្ញុំដែរ!

https://s5.kh1.co/__image/w=650,h=867,q=100/e8/e8b7fa1062dee8e0fb75846a404a5fe402a32207.jpg

ជំហានទី ៤៖ ទុកពេលមួយឲ្យជាក់ច្បាស់សំរាប់ការតាមដានទំលាប់
នេះហើយជាកន្លែងដែលរាងពិបាកបន្តិចដោយសារ ដើម្បីឲ្យតារាងនេះមានប្រសិទ្ធិភាពបាន លុះត្រាតែយើងក៏មានទំលាប់ក្នុងការតាមដានទំលាប់យើងផងដែរ! ដូច្នេះ សំរាប់អ្នកដែលទើបចាប់ផ្តើមដំបូង ខ្ញុំគិតថា រាល់ថ្ងៃគួរលៃលកទុកពេលណាមួយជាក់លាក់ដើម្បីសំរាប់បំពេញតារាងតាមដានទំលាប់តែម្តង។ ធ្វើម្តងៗ ប្រហែលជា ៥ នាទីក្នុងមួយថ្ងៃអីហ្នឹង!

ឧទាហរណ៍ខ្ញុំផ្ទាល់ គឺខ្ញុំតែងកត់វារាល់ព្រឹក នៅរវាងពេលដែលខ្ញុំស្តាប់ធម៌ និងតាំងសមាធិ ប្រហែលជាម៉ោង ៦៖៣០ រាល់ថ្ងៃ!

ជំហានទី ៥ (មិនបាច់ធ្វើក៏បានដែរ)៖ មានថ្ងៃមួយដែលយើងមិនធ្វើវាសោះ
និយាយទៅជំហាននេះគឺស្រេចតែលើអ្នកទេ ចង់ធ្វើក៏បាន មិនចង់ក៏បាន គ្រាន់តែតាមបទពិសោធន៍ស្មេរគឺគួរតែធ្វើ។ ដោយសារ ពេលស្មេរបានព្យាយាមតាមដានទំលាប់ជារៀងរាល់ថ្ងៃ បានប៉ុន្មានអាទិត្យដំបូង ឃើញថាពេលខ្លះមានសម្ពាធខ្លាំងហើយយើងហត់ណាស់!

រូបភាពបានមកពី៖ pinimg
រូបភាពបានមកពី៖ pinimg

ដំបូងៗ គឺធ្វើតាមគោលដៅបានតែប៉ុន្មានថ្ងៃទេ តែដល់ពីរបីថ្ងៃក្រោយក៏អស់កំលាំង ធុញថប់ក្នុងចិត្ត មិនចង់អនុវត្តតាមទំលាប់ដែលបានជ្រើសរើសនោះឡើយ ចង់តែដេក ចង់តែមើលរឿង និងធ្វើអ្វីផ្សេងៗដែលអត់ប្រយោជន៍!  វាហាក់ដូចជាយើងអស់ថ្ម អស់ឆន្ទៈក្នុងការរៀបឬក ដូច្នេះខ្លួនដ៏ខ្ជិលរបស់យើងក៏ចេញមុខមក ចូលចិត្តតែផឹកគ្រឿងមិនល្អ ហើយដេកមើលរឿងមិនដាក់ភ្នែក!

ដោយសារវាបានកើតឡើងដដែលៗច្រើនដងពេក ខ្ញុំក៏សំរេចចិត្តថា បើវាជ្រុលជាកើតឡើងរារាំងមិនឈ្នះហើយ ចុះម៉េចមិនទទួលស្គាល់វាតែម្តងទៅ? រាល់អាទិត្យក្រោយៗមក ខ្ញុំក៏បានចាត់តាំងថ្ងៃសុក្រជា «ថ្ងៃខ្ជិល» ជាថ្ងៃដែលខ្ញុំមានសិទ្ធិធ្វើអ្វីគ្រប់យ៉ាងដែលខ្ញុំ«មិនគួរធ្វើ»! ខ្ញុំរៀបផែនការយ៉ាងណា មិនឲ្យមានកាតព្វកិច្ចត្រូវធ្វើការ ឬមានប្រជុំក្នុងថ្ងៃនោះទេ។

អញ្ចឹង ឲ្យតែដល់ថ្ងៃសុក្រម្តងៗ គឺខ្ញុំគ្មានកាតព្វកិច្ចអ្វីត្រូវបំពេញចំពោះគេខាងក្រៅ ឬចំពោះខ្លួនឯងនោះទេ មិនបាច់ឆ្លើយតបសារ មិនបាច់ធ្វើខ្លួនចេញទៅក្រៅ និងមិនបាច់ «អភិវឌ្ឍខ្លួន» នោះឡើយ។ ចង់លេងហ្គេមពេញមួយថ្ងៃក៏បាន ចង់ដេកងើបៗដល់យប់ក៏បាន ចង់សំអាតផ្ទះ អានសៀវភៅក៏មិនខុស និយាយទៅធ្វើអ្វីតាមតែចិត្ត! និយាយទៅគឺថ្ងៃសុក្រជាថ្ងៃដែលខ្ញុំចូលចិត្តជាងគេតែម្តង! នរណាមិនចូលចិត្ត ពេលយើងគ្មានភារកិច្ចអ្វីត្រូវបំពេញ គ្មានសម្ពាធអ្វីពីក្រៅ ឬក្នុងនោះ?

សួរថាធ្វើអញ្ចឹងអត់ខាតពេលទេហ្អី? បើប្រៀបធៀបទៅគឺមិនខាតទេ ព្រោះភាគច្រើនឲ្យតែបានសំរាករបៀបនេះពេញមួយថ្ងៃមក គឺខ្ញុំមានភាពស្រស់ស្រាយអាចធ្វើការ អាចរៀន និងបន្តអភិវឌ្ឍខ្លួនបានដោយមានកំលាំងខ្លាំងជាងមុន ហើយវាក៏ធ្វើឲ្យខ្ញុំស្រឡាញ់ជីវិតនេះខ្លាំងជាងមុនផងដែរ! ណាមួយបើប្រៀបធៀបពីកាលពីមុន ពេលដែលខ្ញុំព្យាយាមរៀបឬកពេញមួយអាទិត្យឥតឈប់ ខ្ញុំតែងបាក់កំលាំង ធ្វើការមិនចេញផ្លែផ្កាដល់ទៅពីរបីថ្ងៃក្នុងមួយអាទិត្យដដែលហ្នឹង! តែឥលូវត្រូវការពេលសំរាកតែមួយអាទិត្យ គឺអាចបញ្ចូលភ្លើងពេញវិញបានហើយ!

រូបភាពពីដើមបានមកពី៖ Jasmine Love

Seang​ Sokcheng
Wapatoa (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T