ការព្យួរសេរ៉ូមពេញនិយមខ្លាំងណាស់ មិនថាជំងឺស្រាល ធ្ងន់ ក្មេងឈឺ ឬមនុស្សចាស់ឈឺនោះទេ។ ពេលឈឺ តើការព្យួរសេរ៉ូមជួយបានអ្វីខ្លះ? ការព្យួរសេរ៉ូមពិតជាចាំបាច់គ្រប់ស្ថានភាពជំងឺមែនទេ?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើតាមការអះអាងរបស់ឱសថការី គីម កាណែល សេរ៉ូមជាល្បាយសូលុយស្យុងផលិតឡើងសម្រាប់បំពេញជាតិទឹក ជាតិស្ករ និងបន្ថែមជីវជាតិ ឬសារធាតុថ្នាំដែលចាំបាច់ទៅឲ្យអ្នកជំងឺ ដែលមិនអាចទទួលយកសារធាតុទាំងនោះតាមរយៈការញ៉ាំតាមមាត់ ដោយចាក់បញ្ចូលតាមសរសៃ។ ដូច្នេះហើយយើងមិនអាចយកសេរ៉ូមឲ្យដាក់អ្នកជំងឺគ្រប់ប្រភេទនោះទេ។
ជាទូទៅការចាក់សេរ៉ូម គឺតម្រូវចំពោះអ្នកជំងឺមិនអាចញ៉ាំ ឬពិបាកញ៉ាំ និងអ្នកជំងឺដែលមានអាការៈធ្ងន់ធ្ងរប៉ុណ្ណោះ។ ការដែលសេរ៉ូមពេញនិយម អាចមកពីកង្វះការយល់ដឹងរបស់អាណាព្យាបាល ឬគ្រូពេទ្យមួយចំនួន ហើយការបន្តោងសេរ៉ូមខ្លះត្រូវបានចាក់បញ្ចូលថ្នាំវីតាមីនក្នុងនោះ។
ចំណែកលោកសាស្ត្រាចារ្យ តាន់ តឹកស្រេង វិញ បានលើកឡើងក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា ទឹកសេរ៉ូមមិនអាចជំនួសបាយ និងសាច់បានទេ សេរ៉ូមគ្រាន់តែជាទឹកធម្មតា ដែលគេសម្អាតឲ្យអស់មេរោគ ហើយលាយជាមួយស្ករ ឬអំបិល ដែលអាចនៅជាមួយឈាមបានតែប៉ុណ្ណោះ។
“ខ្ញុំជាគ្រូពេទ្យ ខ្ញុំសូមប្រាប់ថា ទឹកសេរ៉ូម ដែលបងប្អូនកូនក្មួយខំព្យួររណេងរណោង រួចជិះម៉ូតូពេញថ្នល់នោះ មិនអាចជំនួសបាយ និងសាច់បានទេ។ បើអាចផឹកបាន ផឹកទៅ! មិនបាច់ព្យួរសេរ៉ូមនាំគ្រោះថ្នាក់អីទេ!”។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet