ក្រុមអធិរាជស Real Madrid បានប្រកាសថា ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញ Mariano របស់ខ្លួនបានពិនិត្យឃើញថារូបគេបានឆ្លងវីរុសកូវីដ-១៩។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សReal Madrid បានបើកការពិនិត្យសុខភាពកាលពីថ្ងៃចន្ទនេះដើម្បីត្រៀមឲ្យក្រុមត្រឡប់មកហ្វឹកហាត់វិញនាថ្ងៃអង្គារ។ យ៉ាងណាមិញកីឡាករ Mariano ដែលមានវ័យ ២៦ ឆ្នាំបានពិនិត្យឃើញថា លោកបានឆ្លងវីរុសកូវីដ-១៩ ដោយតម្រូវឲ្យលោកនៅផ្ទះសម្រាកព្យាបាល និងនៅដោយឡែក។
គួរបញ្ជាក់ផងដែរថា នាពេលកន្លងមកនេះ Mariano ពុំបានទាក់ទងជាមួយកីឡាករ និងបុគ្គលិកផ្សេងទៀតឡើយ។ រូបគេនឹងត្រូវខកខានក្នុងការលេងប៉ះជាមួយនឹង Man City សម្រាប់ពានរង្វាន់ UEFA Champion League វគ្គ ១៦ ក្រុមចុងក្រោយនាថ្ងៃទី ០៧ ខែ សីហា ឆ្នាំ ២០២០ នៅកីឡដ្ឋាន Etihad ដោយ Real Madrid ចាំបាច់ត្រូវតែឈ្នះបន្ទាប់ពីចាញ់ Man City ក្នុងលទ្ធផល ២ ទល់នឹង ១ កាលពីជើងទី ១។

ក្លឹប Real Madrid បានចេញសេចក្តីថ្លែងការណ៍ថា៖
បន្ទាប់ពីធ្វើការពិនិត្យវីរុសកូវីដ-១៩ លើកីឡាករទាំងអស់កាលពីថ្ងៃចន្ទយើងបាន រកឃើញថា Mariano ទទួលបានលទ្ធផលវិជ្ជមាន។ ប៉ុន្តែរូបគេគឺមាននៅមានសុខភាពល្អ និងកំពុងតែសម្រាកព្យាបាលនៅផ្ទះផងដែរ។
Mariano ក៏បាន Live លើគណនី Instagram របស់ខ្លួនផងដែរដោយលោកនិយាយថា៖
អរគុណច្រើនចំពោះសាររបស់អ្នកទាំងអស់ដែលបារម្មណ៍ពីខ្ញុំ។ ខ្ញុំនៅតែមានសុខភាពល្អ។ អរគុណព្រះជាម្ចាស់ក៏ដូចជាគ្រួសាររបស់ខ្ញុំផងដែរ។ ពេលនេះខ្ញុំកំពុង តែនៅដោយឡែកនៅផ្ទះរបស់ខ្ញុំ ហើយខ្ញុំសង្ឃឹមថានឹងបានត្រឡប់ទៅកាន់ក្រុមរបស់ខ្ញុំឆាប់ៗនេះផងដែរ។
ប្រភពច្បាស់ការណ៍មួយបានប្រាប់សារព័ត៌មាន ESPN ថា Mariano បានចំណាយពេលវិស្សមកាលរបស់លោកនៅ Marbella ប្រទេសអេស្ប៉ាញ ហើយរូបគេបានទាក់ទងជាមួយអ្នកនៅមជ្ឈដ្ឋានខាងក្រៅ បន្ទាប់ពីគ្រូបង្វឹក Zinedine Zidane បានអនុញ្ញាតឲ្យកូនក្រុមរបស់គាត់សម្រាករយៈពេលមួយសប្តាហ៍៕
