អាជ្ញាធរ​​នឹង​បញ្ចេញ​ឈ្មោះ​​ជា​​សាធារណៈ​​តាម​​បណ្ដាញ​​សង្គម​​ បើ​ពលរដ្ឋ​នៅតែ​មិនព្រម​បង់​ថ្លៃសេវា​ប្រមូលសំរាម​

//s5.kh1.co/22/226bb38c7468f9467ba86d6d3ffdd8df8f3c821d.jpg
សង្គម

 ២៤-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

រដ្ឋបាលរាជធានីភ្នំពេញថ្មីៗ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការប្រមូលថ្លៃសេវា​ប្រមូល​សំរាម និងសំណល់រឹង​នៅរាជ​ធានី​ភ្នំពេញ សម្រាប់ខែមិថុនា ឆ្នាំ២០២០

រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែកក្កដា ម្សិលមិញនេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការប្រមូលថ្លៃសេវា​ប្រមូលសំរាម និងសំណល់រឹងនៅរាជធានីភ្នំពេញ សម្រាប់ខែមិថុនា ឆ្នាំ២០២០។ សេចក្ដីជូនដំណឹងនេះ ត្រូវរដ្ឋបាល​រាជ​ធានី​ភ្នំពេញអះអាងថា ធ្វើឡើងក្រោយរកឃើញថា ប្រជាពលរដ្ឋមួយចំនួនតូចមិនទាន់បានបំពេញ​កាតព្វកិច្ចបង់​ថ្លៃសេវា​ប្រមូលសំរាមឲ្យបានទាន់ពេលវេលានៅឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងសេចក្ដីជូនដំណឹងរដ្ឋបាលរាជធានីភ្នំពេញបានសង្កត់ធ្ងន់ថា ចំពោះប្រជាពលរដ្ឋម្ចាស់អាជីវកម្ម សេវាកម្ម និង​ស្ថាប័នឯកជន ដែលពុំទាន់បានទូទាត់បំណុលសរុបថ្លៃសេវាប្រមូលសំរាម និងសំណល់រឹងនៅឡើយ រដ្ឋបាលរាជធានី​ភ្នំពេញនឹងចេញលិខិតអញ្ជើញរំលឹកជាថ្មីម្ដងទៀត ឲ្យទូទាត់បំណុលរួម។

ហើយប្រសិនបើនៅតែមិនព្រមបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹងទៀត រដ្ឋបាលរាជធានីភ្នំពេញ នឹងអនុវត្ត​ន៍​វិធានការមួយចំនួនដូចខាងក្រោម៖

១. បញ្ចេញបញ្ជីឈ្មោះ ជាសាធារណៈតាមបណ្ដាញសង្គម ឬតាមប្រព័ន្ធផ្សព្វផ្សាយនានា

២.​ កត់ត្រាជាបំណុល ហើយអនុវត្តវិធានការរដ្ឋបាល ដោយបិទអាជីវកម្ម ឬសេវាកម្មជាបណ្ដោះអាសន្ន

៣. អនុវត្តវិធានការផ្សេងៗទៀតតាមការចាំបាច់។

សូមបញ្ជាក់ថា កន្លងទៅរដ្ឋបានរាជធានីភ្នំពេញបង្ហើបថា ខ្លួនបានផ្តល់ព័ត៌មានឲ្យពលរដ្ឋម្ចាស់អាជីវកម្ម សេវាកម្ម និងស្ថាប័នឯកជនទាំងអស់ ដែលប្រើប្រាស់សេវាប្រមូលសំរាម និងសំណល់រឹងក្នុងរាជធានីភ្នំពេញតាំងពីថ្ងៃទី ២៥ ឧសភាម្តងរួចមកហើយ ស្តីពីការជំរុញការបង់ថ្លៃសេវាប្រមូលសំរាម។​ ក្នុងនោះរដ្ឋបានរាជធានីភ្នំពេញថា ពលរដ្ឋជា​ច្រើនបានរួសរាន់មកបំពេញកាតព្វកិច្ច ប៉ុន្តែមានពលរដ្ឋមួយចំនួនតូចមិនទាន់បានបំពេញទាន់ពេលកំណត់នៅឡើយ​ ទើបអាជ្ញាធរត្រូវចាត់វិធានការបែបនេះ៕

សេចក្តីជូនដំណឹងពីរដ្ឋបាលរាជធានីភ្នំពេញ
សេចក្តីជូនដំណឹងពីរដ្ឋបាលរាជធានីភ្នំពេញ
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T