បរទេស៖ ខ្សែប្រយុទ្ធក្រុមអធិរាជស Real Madrid កីឡាករ James Rodriguez បានលើកឡើងថា ខ្លួនធ្លាប់មិនចិត្តចង់ផ្លាស់មកក្លិប Manchester United ដោយសារតែពេញចិត្តនឹងអតីតកីឡាករក្រុមបិសាចក្រហម២រូប រួមមានខ្សែបម្រើ Ryan Giggs និង Paul Scholes។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សមត្ថភាពរបស់ James បានទាក់ចិត្តក្លិប Man UTD កាលពីគេជួយក្រុម Porto លើកពានបានចំនួន៨ រយៈពេល៣ឆ្នាំ។ យ៉ាងណាមិញនៅកាលនោះ ខ្សែប្រយុទ្ធសញ្ជាតិកូឡុំប៊ី បានបោះបង់ឱកាសផ្លាស់មកកីឡដ្ឋាន Old Trafford ដោយចុះកុងត្រាលេងឲ្យក្លិបអ្នកមាននៅបារាំង Monaco ក្នុងតម្លៃផ្ទេរ ៣៨,៥លានផោន (ឬប្រមាណ ៤៧លានដុល្លារ)។

ជាមួយគ្នានេះ នៅពេល James ជ្រើសរើស Monaco មិនមែនមានន័យថា រូបគេមិនពេញចិត្ត Man UTD នោះទេ ដោយរូបគេ បានសារភាពថា គេក៏ជាអ្នកគាំទ្រ១រូបរបស់ក្លិបយក្សអង់គ្លេសមួយនេះផងដែរ ជាពិសេសគេតែងទស្សនា Giggs និង Scholes លេង។ ហើយសម្រាប់មូលហេតុដែលគេ មិនផ្លាស់មក Old Trafford ដោយសារតែគេគិតថា ជាពេលវេលាមិនត្រឹមត្រូវ ក្នុងការហក់មកប្រឡូកក្នុងក្របខណ្ឌ Premier League ។

James បាននិយាយលម្អិត ក្នុងកម្មវិធី The Locker Room យ៉ាងដូច្នេះថា៖
ពួកយើងតែងតែមានក្ដីសុបិន ក្នុងការចូលរួមជាមួយក្លិបធំមួយ។ តាំងពីខ្ញុំនៅក្មេង ខ្ញុំតែងតែស្ញើចសរសើរក្រុម Manchester United ខ្ញុំតែងតែមើល Rio [Ferdinand] លេងជាមួយ Giggs និង Scholes ។ នៅមានកីឡាករឆ្នើមៗច្រើនទៀត ហើយខ្ញុំពិតជាចង់ផ្លាស់ទៅទីនោះ (Old Trafford) នៅពេលនោះ ប៉ុន្តែអ្វីៗមិនបានកើតឡើង។ ដោយសារតែខ្ញុំគិតថា ខ្ញុំត្រូវលេងឲ្យក្លិបដែលមិនសូវធំ ហើយខ្ញុំក៏បានផ្លាស់ទៅបារាំងមុនពេលការប្រកួត World Cup សម្រាប់គម្រោងរបស់ខ្ញុំគឺការបង្ហាញខ្លួនក្នុងព្រឹត្តិ្កការណ៍ World Cup រួមចំណែកអស្ចារ្យនៅទីនោះ រកគ្រាប់បាល់ និងធ្វើយ៉ាងម៉េចឲ្យឈានដល់កម្រិតល្អមួយ ហើយចាប់ពីពេលនោះមក ការផ្ទេរទៅ Real Madrid ក៏បានកើតឡើង។

គួររម្លឹកផងដែរថា James បានផ្លាស់ទៅកាន់ Real Madrid កាលពីឆ្នាំ២០១៤ អមជាមួយតម្លៃផ្ទេរ ៧៥លានអឺរ៉ូ។ ជាមួយគ្នានេះ រយៈពេល៦ឆ្នាំនៅទឹកដី Bernabeu ខ្សែប្រយុទ្ធ វ័យ២៨ឆ្នាំ បង្ហាញខ្លួនបាន១២៥ប្រកួត ស៊ុតបញ្ចូលទីបាន៣៧គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន៤២ដង៕

ប្រភព៖ AF