ថ្ងៃថ្មី៖ ក្រោក​ពី​ព្រ​លឹម​ អ្នក​នឹង​ទទួល​បាន​ផល​ប្រ​យោជន៍​ និង​អារម្មណ៍​​ស្រស់​ស្រាយ​បែប​នេះ​

//s5.kh1.co/cd/cda546a182d8538bc89677ea595c78372e6ce4df.png
យល់ដឹង

 ២៩-មិថុនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

តាមពិត​ទៅក្រោកលឿនបានតែជួយយើងឲ្យមានពេលច្រើនជាងមុនប៉ុណ្ណោះ សំខាន់នោះគឺយើងយកពេល​ព្រឹកនេះ​មកធ្វើអ្វីខ្លះ​ទៅ?

ក្នុងបណ្តុំអត្ថបទសួស្តីថ្ងៃថ្មីនេះ យើងទើបបានសរសេរអត្ថបទមួយនិយាយពីការក្រោកពីដំណេកពីព្រលឹម  ហើយ​សង្ឃឹម​ថា អ្នកបានពេញចិត្តធ្វើតាមរួចហើយ។ ឥលូវនេះអ្នកមិនក្រោកយឺតទៀតទេ ម៉ោងប្រាំកន្លះមិនទាន់ទេ អ្នកក៏បើក​ភ្នែក ងើបសម្លឹងមើលមេឃស្រាងៗមិនទាន់ភ្លឺច្បាស់។ តែអ្នកគិតថាគ្រាន់តែក្រោកពីព្រលឹមនឹងទទួលបានផលប្រយោជន៍ដូចដែលបានបកស្រាយក្នុងអត្ថបទមុន ឬមែន? តាមពិតទៅក្រោកលឿនបានតែជួយយើងឲ្យមានពេលច្រើនជាងមុនប៉ុណ្ណោះ សំខាន់នោះគឺយើងយកពេល​ព្រឹកនេះ​មកធ្វើអ្វីខ្លះទៅទៀត។  បើយកពេលនោះ «សម្ងំបិទភ្នែក» នោះយើងគ្មានបានអ្វីមកវិញទេ ហើយថែមទាំងខាត​ពេល​ដេកស្កប់ស្កល់ទៀតផង!

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមពិតទៅ ពេលព្រឹកព្រលឹមមិនទាន់ដល់ម៉ោងរៀនឬធ្វើការនេះហើយ ជាពេលដែលស្ងប់ស្ងាត់បំផុត ដោយ​សារផ្លូវខាង​ក្រៅមិនទាន់សូវមានឡានម៉ូតូថ្លង់ត្រចៀក ទូរស័ព្ទក៏មិនលោតសារភ្លីកផ្លក់ ហើយអ្នកក្នុងផ្ទះនៅដេក​ស្រម៉ុកខុល​ក្នុងភួយខ្លួននៅឡើយ… ពេលព្រឹកនេះហើយជាពេលដែលយើងអាចសន្ទនាជាមួយខ្លួនឯង និងរៀប​ចំទាំងកាយទាំងចិត្តដើម្បីទទួលថ្ងៃថ្មីបាន!

អញ្ចឹងហើយនេះជាទម្លាប់ខ្លះៗដែលអ្នកអាចធ្វើក្រោយពេលភ្ញាក់ពីដេកភ្លាម (និយាយមែន គួរសាកធ្វើវាយ៉ាងហោច​ណាស់បានមួយខែសិនទៅ ដឹងថាវាមានប្រយោជន៍ប៉ុណ្ណាហើយ)៖​

1. ហាត់ចិត្ត៖ តាំងសមាធិមានការស្រាវជ្រាវជាច្រើនដែលបានរកឃើញថាការតាំងសមាធិផ្តល់ផលប្រយោជន៍ល្អៗជាច្រើនដល់​ខួរក្បាល ក៏ដូចជាចិត្តរបស់យើងផងដែរ។ ប្រហែលបន្តិចទៀត យើងនឹងសរសេរអត្ថបទមួយបកស្រាយ​ពីការតាំង​សមាធិឲ្យបានស៊ីជម្រៅជាងនេះ តែឥលូវនេះមានការបកស្រាយខ្លីៗ និងតំណទៅកាន់របាយការណ៍​ស្រាវជ្រាវ​ទាំង​ឡាយ សម្រាប់ឲ្យអ្នកដែលចង់ស្រាវជ្រាវអាចអាចបានដោយខ្លួនឯង៖

– សុខៈ៖ គេបានរកឃើញថា ការតាំងសមាធិជួយឲ្យយើងមានអារម្មណ៍ល្អ (ទីនេះ) បន្ថយអារម្មណ៍បាក់ទឹកចិត្ត (ទីនេះ) ភាពស្លន់តក់ស្លុត (ទីនេះ​ និង នេះ) ក៏ដូចជាកាត់ស្ត្រេសយើងផងដែរ! (ទីនេះ និង ទីនេះ)– ពូកែគ្រប់គ្រងខ្លួន និងផលិតកម្មខ្ពស់៖ វាធ្វើឲ្យយើងពូកែផ្តោតអារម្មណ៍ជាងមុន (ទីនេះ ទីនេះ ទីនេះ​និងទីនេះ ឬអ្នកអាចអាចអត្ថបទយើងនិយាយពីវិធីផ្តោតអារម្មណ៍លើការងារបានល្អជាងមុន) ក៏ដូចជាធ្វើឲ្យយើងពូកែវែកញែកស្គាល់ពីអារម្មណ៍ និងចិត្តគំនិតខ្លួនឯង (ល្អបំផុតសម្រាប់អ្នកដែលចូលចិត្តស្រែកសួរខ្លួនឯងថាខ្លួនជានរណាគេ) (អាចអានការស្រាវជ្រាវនៅទីនេះ)– សុខភាព៖ វាអាចជួយបន្ថយអាការៈឈឺចុកចាប់ (ទីនេះ) ក៏ដូចជាបង្កើនសមត្ថភាពប្រព័ន្ធសុាំរបស់យើងផងដែរ (ទីនេះ និងទីនេះ)– ទំនាក់ទំនងជាមួយអ្នកដទៃ៖ វាជួយឲ្យយើងមានបញ្ញាខាងផ្នែកអារម្មណ៍របស់ខ្លួន និងអ្នកដទៃ (ទីនេះ និងទីនេះ) ហើយក៏ធ្វើឲ្យយើងមានភាពមេត្តាករុណាស្រឡាញ់មនុស្សផងជាងមុនដែរ (ទីនេះ និងទីនេះ)

អ្នកអាចចុចលើអត្ថបទនេះ ដើម្បីអានបន្ថែមពីអត្ថប្រយោជន៍នៃការតាំងសមាធិ!

អញ្ចឹងបានន័យថាយើងត្រូវបួសទាំងអស់គ្នា ឬទៅវិប្បសនានៅវត្តដើម្បីទទួលបានផលប្រយោជន៍ទាំងនេះមែន? តាមពិត គេបានរកឃើញថាគ្រាន់តែយើងតាំងសមាធិខ្លីៗ មួយថ្ងៃតែ ៥ នាទីក៏អាចជួយដល់ខ្លួនប្រាណ និងចិត្តរបស់យើងផងដែរ គ្រាន់តែវាតិចជាងអ្នកដែលគេធ្វើវាយូរៗជាប្រចាំនោះឯង។

//s5.kh1.co/3b/3bcce72f0b8b01eef2a4da6ee8b3575c546aa292.gif

អញ្ចឹងតើសមាធិត្រូវធ្វើយ៉ាងម៉េចខ្លះ?ដំបូងគួរធ្វើខ្លួនឲ្យស្រួល ដោយអាចដេកចុះ (គ្មានកើយខ្នើយ) ឬ អង្គុយពែនភ្នែន ឬលើកៅអីក៏បាន។ មិនបាច់ចាំដល់អង្គុយពែនភ្នែនលើពូក ដាក់បាតដៃលើជង្គង់ទើបអាចតាំងសមាធិបាននោះទេ។

ដូចដែលយើងបាននិយាយជាមួយគ្រូបង្ហាត់យោគៈ និងអ្នករបាំបូរាណខ្មែរអញ្ចឹង ពួកគាត់ថា ទាំងយោគៈ ទាំងរបាំខ្មែរយើងសុទ្ធតែនាំឲ្យអ្នកហាត់មានសមាធិក្នុងចិត្ត។ នោះបានន័យថា សំខាន់គឺការគិតខាងក្នុងរបស់យើងទេ ខ្លួនប្រាណយើងកំពុងធ្វើអ្វី (ទាំងរាំ ទាំងដើរ ដេក ឈរ អង្គុយ ឬជុះ) ក៏យើងអាចសមាធិបានដែរ។ មូលហេតុដែលគេតែងសមាធិដោយអង្គុយពែនភ្នែននោះ​ក៏ព្រោះថាយើងអាចអង្គុយបែបនេះបានយូរ​ដោយមិនចុករោយ​ខ្លួនប្រាណខ្លាំងទេ។

ឥលូវពេលដែលអង្គុយ ឬដេកបានស្រួលខ្លួនហើយ ចាប់ផ្តើមផ្តោតអារម្មណ៍លើដង្ហើមចេញចូលរបស់អ្នកវិញម្តង។ ពេលអ្នកដកដង្ហើមចូល គិតក្នុងចិត្តថា «ខ្ញុំកំពុងស្រូបដង្ហើមចូល» ពេលអ្នកដកដង្ហើមចេញ គិតថា «ខ្ញុំកំពុងដកដង្ហើមចេញ»។ ប្រសិនបើយើងមិនធ្លាប់ហាត់ទេ មិនទាន់បានប៉ុន្មានដង្ហើមទេ ចិត្តយើងនឹងចង់វៀចវេរទៅគិតពីរឿងផ្សេងៗពីអតីតកាល ឬរៀបផែនការសម្រាប់អនាគតជាមិនខាន។ កុំខឹងនឹងវាអី ព្រោះនេះជារឿងធម្មតាទេ គ្រាន់តែរំលឹកខ្លួនឲ្យគិតពីដង្ហើមវិញទៅបានហើយ។ ធ្វើអញ្ចឹងប៉ុន្មាននាទីស្រេចចិត្តអ្នក ៣នាទីក៏បាន ៥ក៏បាន ដល់ ១៥ ក៏រឹតតែបាន! បើយើងធ្វើវាកាន់តែយូរ នោះចិត្តរបស់យើងនឹងកាន់តែនឹងក្នុងថ្ងៃនេះ។

បើចង់ដឹងច្បាស់ជាងនេះទៀត អាចអានអត្ថបទនេះ ដើម្បីរៀនពីលំហាត់សមាធិងាយៗទាំងបួនសំរាប់អ្នកមិនចេះសោះ!​

2.  បង្ហាញការដឹងគុណដល់មនុស្ស ឬរបស់ ឬរឿងណាចំនួនបីស្តាប់ទៅដូចយ៉ាងមេ៉ចមិនដឹងមែន តែវាមានប្រសិទ្ធិភាពខ្លាំងណាស់ ទម្លាប់មួយនេះ។ តាមពិត ពិភពលោកយើងជាពិភពមួយដ៏ស្រស់បំព្រង មានដើមឈើស្កឹមស្កៃ មានខ្យល់ត្រជាក់ស្រួល និងមានសត្វគួរឲ្យស្រឡាញ់ខ្នាញ់ជាច្រើនរាប់មិនអស់។ មិនត្រឹមតែប៉ុណ្ណឹង នៅលើលោកនេះមានមនុស្សជាច្រើនដែលមានចិត្តល្អ ដែលបានលះបង់កម្លាំងកាយចិត្តដើម្បីធ្វើឲ្យសង្គមមនុស្ស និងពិភពលោកល្អជាងមុន ទោះខ្លួនពិបាកយ៉ាងណាក៏ដោយ។ នេះដូចសញ្ញា«យីងយ៉ាង»របស់ចិនអញ្ចឹង (Ying Yang)។ មិនមែនថា នៅលើលោកនេះគ្មានវត្ថុអាក្រក់ គ្មានមនុស្សចិត្តព្រៃផ្សៃសម្លាប់ឈ្នានីសគេនោះទេ តែក៏មានមនុស្សចិត្តស្មោះ មានសត្វចាបហោះហើរ និងពន្លឺព្រះអាទិត្យដ៏កក់ក្តៅបាញ់មកលើស្បែករបស់យើងរៀងរាល់ថ្ងៃផងដែរ។

តែភាគច្រើនពេលថ្ងៃយើងចេញក្រៅទៅ យើងជួបតែរឿងអាក្រក់ហួសចិត្ត (ផ្នែក«យ៉ាង»នៃជីវិតនោះអី)។ ចេញទៅក្រៅមានមនុស្សជិះមិនខ្ចីមើលផ្លាកសញ្ញាប៊ិះស៊ីគូទយើងពីរបីដង លេងហ្វេសប៊ុកឃើញតែរឿងហួសចិត្ត មនុស្សមើលងាយគ្នា ជេរគ្នា ហើយបើអានកាស្សែត ឬមើលព័ត៌មានទៀតក៏មានតែគ្រោះថ្នាក់ចរាចរណ៍ ឬរឿងចម្លែកៗនឹកស្មានមិនដល់។ បើយើងមិនព្យាយាមកំហិតឲ្យចិត្តគិតពីរឿងល្អខ្លះទេ នោះយើងអាចនឹងខ្វាក់ភ្នែកដោយសារភាពងងឹតនៃពិភពលោកនេះឯង! ដោយហេតុនេះ ទើបរៀងរាល់ព្រឹក យើងគួររកពេលពីរបីនាទីអង្គុយគិតពីរឿងល្អៗដែលយើងមានអំណរគុណដល់។ គិតហើយ សរសេរតែ ៣ រឿងសម្រាប់ថ្ងៃនេះទៅបានហើយ។ ស្អែកសឹមរក ៣ រឿងបន្ថែមទៀត បន្តគ្នារហូតទៅ។ កាលដែលយើងកំណត់តែបីរឿងនោះក៏ដោយសារ លេខបី វាមិនច្រើនពេកដល់ថ្នាក់យើងខ្ជិល ហើយក៏មិនតិចពេកដល់ថ្នាក់វាគ្មានប្រសិទ្ធិភាពនោះទេ។

រូបភាពបានមកពី៖ រ៉េនី ហ្គេប្រូវស្កា (Reni Gabrovska)
រូបភាពបានមកពី៖ រ៉េនី ហ្គេប្រូវស្កា (Reni Gabrovska)

តាមពិតខ្ញុំបានប្រកាន់ទម្លាប់នេះជាងបីបួនឆ្នាំមកហើយ ដល់ថ្នាក់ស្រឡាញ់ទម្លាប់នេះ រាល់ថ្ងៃក្រោកមកមិនធ្វើវាមិនបាន ដោយសារពីរបីនាទីនេះ ខ្ញុំបើកភ្នែកឃើញភាពល្អស្រស់បំព្រងរបស់ជីវិត មនុស្ស និងធម្មជាតិជុំវិញនោះឯង។ សម្រាប់អ្នកដែលសរសេរវិញ កុំគម្រិះពេក ដឹងគុណទាំងមនុស្ស ទាំងរឿង ទាំងសត្វ ទាំងហ្គេម ឬដឹងគុណសុបិន្តខ្លួនឯងក៏បានផង! ដូចនៅថ្ងៃមួយណានោះ ខ្ញុំសរសេរដឹងគុណដល់៖ ១. ប៉ិមួយដែលសើចដាក់ខ្ញុំម្សិលមិញទាំងដែលខ្ញុំមិនដែលស្គាល់មុខ ២. ឆ្មាមួយក្បាលដែលកាចឆ្នាស់ប៉ះមិនបាន ដែលចូលចិត្តដើរកាត់ផ្ទះខ្ញុំរាល់ល្ងាច ៣. ខ្យល់ដង្ហើមដែលដករាល់ថ្ងៃ។ និយាយទៅ ដើម្បីយើងរស់រានមានជីវិតដល់ថ្ងៃនេះ តាមពិតមានគេ (ទាំងវត្ថុមានវិញ្ញាណ និងឥតវិញ្ញាណ) ជួយច្រើនណាស់។ ដូច្នេះ ពេលនេះហើយជាពេលដែលយើងអាចរំលឹកដល់ពួកគេ ហើយអរគុណពួកគេបានទៀតផង! ពិភពលោកយើងតាមពិតអស្ចារ្យណាស់ ហើយគ្រាន់តែរាប់គុណរបស់ពិពភលោករាល់ថ្ងៃ យើងក៏អាចមានអារម្មណ៍អស្ចារ្យផងដែរ។

3. គិតដល់ផែនការ និងទិសដៅសម្រាប់ថ្ងៃនេះនេះជាទម្លាប់សាមញ្ញមួយដែលអាចជួយឲ្យអ្នក​ផ្តោតអារម្មណ៍​លើរឿងសំខាន់ៗបំផុតក្នុងថ្ងៃនេះ៖

ជំហានទី 1 ៖  ប្រើវិន័យបីពេលយើងចេញទៅរៀន ទៅធ្វើការ ទៅជួបគេជួបឯង នោះតែងរមែងមានរឿងថ្មីៗកើតឡើងដែលយើងមិនបានគិតដល់។ បើសិនជាយើងមិនតាំងចិត្តផ្តោតអារម្មណ៍លើរឿងសំខាន់ៗ ដូចជាចង់បញ្ចប់ការងារមួយ ឬចង់រៀនអនឡាញ ឬ អានអត្ថបទរបស់វប្បធម៌ (ហេៗ! ប្រូម៉ូតខ្លួនមិនខ្មាសគេបន្តិចហើយ) ឲ្យចប់នោះទេ នោះយើឹងនឹងខ្ជះខ្ជាយពេលវេលាគិតតែធ្វើរឿងថ្មី ដែលមិនសូវសំខាន់ហើយ ហើយមិនមានពេលសម្រាប់ធ្វើរឿងសំខាន់ៗដែលមិនទាន់ដល់ថ្ងៃកំណត់នោះទេ។

អញ្ចឹងមុននឹងចាប់ផ្តើមថ្ងៃថ្មីនីមួយៗ ក្នុងចំណោមការងារទាំងអស់ដែលអ្នកត្រូវ ឬចង់បំពេញ រើសតែបីការងារដែលសំខាន់ជាងគេបានហើយ។ នោះក៏ដោយសារ ភាគច្រើន បយើងរើសច្រើនពេក ចង់ធ្វើច្រើនពេក បែរជាគ្មានពេលធ្វើចប់បានដូចចិត្តនោះទេ។ ហើយពេលខ្លះបើរើសការងារច្រើនពេក យើងបែរជាហត់ចិត្តមិនដឹងចាប់ផ្តើមពីណា ហើយក៏ចុងក្រោយមិនខ្ចីធ្វើ សុខចិត្តបិទភ្នែកដេកទៅវិញ។ ឧទាហរណ៍ សម្រាប់ខ្ញុំថ្ងៃនេះ ការងារសំខាន់ៗដែលខ្ញុំចង់ផ្តោតធ្វើឲ្យចប់នោះគឺ៖ សរសេរអត្ថបទនេះ បកប្រែឯកសារមួយ និង ហាត់ប្រាណសាច់ដុំដៃតែប៉ុណ្ណឹងឯង។

ជំហានទី 2 ៖ កំណត់គោលបំណងរបស់អ្នកក្នុងថ្ងៃនេះនៅក្នុងសៀវភៅ ធ្វើយ៉ាងណាទើបយើងមានថ្ងៃសិរីសួស្តីមួយ អ្នកនិពន្ធ ខារ៉ូលីន វេប (Caroline Webb) បានសរសេរថាបើយើងចង់ឲ្យថ្ងៃយើងជាថ្ងៃល្អ យើងត្រូវដឹងសិនថាតើគោលបំណងយើងថ្ងៃនេះចង់ធ្វើជានរណា។ ស្តាប់ទៅដូចវាទូទៅខ្លាំងណាស់ តែវាសំខាន់ក៏ខ្លាំងណាស់ដែរ។ ពេលខ្លះយើងផ្តោតលើរឿងនេះរឿងនោះលម្អិតពេក ធ្វើឲ្យយើងភ្លេចគិតថា យើងគួរធ្វើអ្វីដើម្បីក្លាយជាមនុស្សដែលខ្លួនប្រាថ្នាបានក្នុងថ្ងៃនេះ? បន្តិចទៀត យើងនឹងចាប់ផ្តើមសរសេរពីវិធីរៀបផែនការជីវិតជាលម្អិតហើយ តែឥលូវនេះគ្រាន់តែស្រម៉ៃមើលថាតើខ្លួនប្រាថ្នាចង់ក្លាយជាមនុស្សយ៉ាងម៉េចសិនទៅ។

ឧទាហរណ៍៖​ ខ្ញុំចង់ក្លាយជាមនុស្សម្នាក់ដែលចង់ចេះចង់ដឹង (តែមិនមែនចង់ដឹងរឿងគេនោះទេ) ចង់ជាមនុស្សម្នាក់ដែលស្រវ៉ាប្រឹងប្រែងរៀនសូត្រពីមនុស្សគ្រប់គ្នានិងរឿងរ៉ាវគ្រប់យ៉ាង ក៏ដូចជាមនុស្សដែលមានភាពមេត្តាស្រឡាញ់ដល់គេគ្រប់គ្នាផងដែរ។ ដូច្នេះ រាល់ថ្ងៃខ្ញុំរំលឹកខ្លួនឯងពីគោលបំណងទាំងនេះ ថាថ្ងៃហ្នឹង ធ្វើយ៉ាងណាឲ្យបើកចិត្តបើកកាយទទួលចំណេះដឹងពីអ្វីគ្រប់យ៉ាងដែលកើតឡើង ហើយបើកចិត្តចេះយោគយល់ និងស្រឡាញ់គ្រប់គ្នាដែលខ្ញុំជួប។ ទម្លាប់នេះបានដឹកនាំកាយ វាចា ចិត្តរបស់ខ្ញុំបានរាប់ឆ្នាំហើយ! ចុះអ្នកចង់ក្លាយជាមនុស្សបែបណាវិញ? បើមិនចាប់ផ្តើមឥលូវ ចាំដល់ពេលណាបានក្លាយជាម្នាក់ហ្នឹងបាន?

ជំហានទី ៣ ៖ មើលកាលវិភាគខ្លួនឡើងវិញយកពេលពីរបីនាទី ឆែកមើលថាតើខ្លួនត្រូវធ្វើអ្វី ត្រូវជួបនរណាខ្លះ (ហើយការងារសាលាណាមួយជិតដល់ថ្ងៃប្រមូលហើយ) ហើយក៏កុំភ្លេចគិតពីការងារសំខាន់បំផុតទាំងបីដែលយើងប្រុងធ្វើថ្ងៃនេះផងដែរ! មានមនុស្សច្រើនណាស់ដែលចាប់ផ្តើមថ្ងៃថ្មី ទាំងដែលមិនដឹងថាខ្លួនត្រូវធ្វើអ្វីខ្លះនោះ!

4. ហាត់ខួរក្បាល៖ អានសៀវភៅ

រូបភាពបានមកពី៖  អេឡាណា (Ellanaa)
រូបភាពបានមកពី៖  អេឡាណា (Ellanaa)

អ្នកខ្លះដឹងថាខ្លួនគួរអានសៀវភៅ តែដូចមិនដែលរកពេលឆ្លៀតអានឲ្យបានតាមចិត្តសោះ! ចុះម៉េចមិនក្រោកលឿនហើយទម្លាប់អានសៀវភៅពី ៣០ ទៅ ៦០ នាទីជារៀងរាល់ព្រឹកទៅ? ខ្ញុំចូលចិត្តអានសៀវភៅដែលពិបាកយល់ជាងគេរាល់ព្រឹកក៏ដោយសារ៖១. តែអានហើយ ពេលថ្ងៃនិងយប់មិនបាច់គិតដល់វាទៀត២. សៀវភៅពិបាកយល់តែងត្រូវការពេលឲ្យយើងគិត ទោះចង់ញាត់ច្រើនពេកក៏មិនបានផលដែរ៣. ក្រោកភ្លាមមានអារម្មណ៍ស្រស់ថ្លា ខួរក្បាលដាក់ចូលៗតែម្តង

តាមពិតទៅ ខ្ញុំទើបអានចប់សៀវភៅពុម្ពទស្សនវិទ្យាកម្រាស់ដល់ទៅ ៦០០ ទំព័រ ដោយខំប្រឹងអានវាតែ៤៥ នាទីប៉ុណ្ណោះក្នុងមួយថ្ងៃដល់ទៅ ៨ ខែឯណោះ! ចំណុចល្អនៃទម្លាប់នេះគឺថា ខ្ញុំនៅមានពេលរៀន ធ្វើការ សរសេរអត្ថបទ ជួបមិត្តភក្តិ និងអានពីប្រធានបទផ្សេងៗដូចធម្មតា តែស្របពេលនោះដែរ ខ្ញុំនៅតែអាចអានបញ្ចប់ ហើយស្វែងយល់បានច្រើនពីសៀវភៅក្រាស់មហាក្រាស់នេះបានផងដែរ។

5. ហាត់ប្រាណហ្នឹងឯង! កុំភ្លេចហាត់ប្រាណឲ្យបេះដូងយើងដើរញាប់បានប៉ុន្មាននាទីរាល់ព្រឹកឲ្យសោះ! ហេតុអ្វីបានហាត់ប្រាណ? ខ្ញុំជឿថាយើងទាំងអស់គ្នាដឹងពីសារៈប្រយោជន៍របស់វាហើយ អញ្ចឹងមិនបាច់រ៉ាយរ៉ាប់ច្រើនទៀតទេ។ តែសំខាន់អ្នកគួរហាត់ពេលព្រឹក ក៏ដោយសារវាងាយស្រួលនោះឯង។ ភាគច្រើនពីម៉ោង ៨ ដល់ ម៉ោង ៥ យើងនៅធ្វើការ ឬនៅរៀន ហើយពេលល្ងាចក៏ជួបមិត្តភក្តិផឹកស៊ី ឬអង្គុយមើលត្រីមាត់ម្ហបៗម្នាក់ឯង (មានតែខ្ញុំទេធ្វើអញ្ចឹងមែន? អូខេ…) ភាគច្រើនមិនងាយអូសខ្លួនទៅហាត់ប្រាណទេពេលល្ងាច ដោយសារហត់ពេញមួយថ្ងៃទៅហើយ ដូច្នេះមួយថ្ងៃចេះតែតដល់មួយថ្ងៃ។ ដោយហេតុនេះហើយ យកល្អហាត់ពេលព្រឹកឲ្យហើយតែម្តងទៅ! ណាមួយ ពេលហាត់ហើយយើងនឹងសប្បាយចិត្តជាងមុន ដោយសាររលំហាត់ប្រាណធ្វើឲ្យខ្លួនយើងបញ្ចេញសារជាតិដូផាមីន (dopamine) ដែលធ្វើឲ្យយើងរីករាយ ក៏ដូចជាដាស់កាយា និងខួរក្បាលយើងឲ្យរវាសផងដែរ! អញ្ចឹងចាំអង្កាល់ទៀត?

6. ញ៉ាំអាហារពេលព្រឹកដែលជម្រុញឲ្យយើងមានថាមពល! ដូចនិយាយកាលមុនក្នុងអត្ថបទក្រោកលឿនអញ្ចឹង ដើម្បីឲ្យខ្លួន និងចិត្តយើងស្រស់ស្រាយ អ្នកវិទ្យាសាស្ត្របានរកឃើញថាយើងមិនគួរមើលរំលងអាហារពេលព្រឹកទេ (ទោះជាញ៉ាំតែបាយកក និងពងទាក៏ដោយ)។ អាទិត្យក្រោយ យើងនឹងសរសេរអត្ថបទលម្អិតទាក់ទងនឹងមូលហេតុ ក៏ដូចជាអាហារបែបណាល្អបំផុតសម្រាប់ឲ្យយើងញ៉ាំពេលព្រឹកហើយ! ឥលូវនេះគ្រាន់ដឹងឲ្យហើយទៅថា កុំភ្លេចបាយពេលព្រឹកឲ្យសោះ!

បើអានម្តងទៀតទៅ ឃើញថាមានទម្លាប់ច្រើនណាស់ ធ្វើយ៉ាងណាធ្វើវាអស់បើពេលមានតែមួយព្រឹកហ្នឹង? សាក ហើយផ្លាស់ប្តូរតាមហ្នឹងទៅ ព្រោះខ្ញុំនិងមានគេផ្សេងជាច្រើនទៀតបានរៀនប្រកាន់ទម្លាប់នេះបានហើយ ព្រមទាំងទៅសាលា ឬកន្លែងការងារមិនដែលយឺតទៀតផង! នេះជាទម្លាប់ពេលព្រឹកប្រចាំថ្ងៃរបស់ខ្ញុំ ជាឧទាហរណ៍៖5:30 ក្រោក សមាធិ រៀបផែនការប្រចាំថ្ងៃ ហើយសរសេរអំណរគុណ6:10 អានសៀវភៅទស្សនវិទ្យា6:55 ញ៉ាំបាយព្រឹក7:20 ហាត់ប្រាណ8:10 អាន និងឆ្លើយតបសារ និងអុីម៉ែល8:30 ចាប់ផ្តើមធ្វើការ!

ទោះជាពេលបីម៉ោងនេះច្រើនក៏ពិតមែន តែវាបានជួយឲ្យខ្ញុំមានពេលហាត់ចិត្ត ហាត់ប្រាណ និងខួរក្បាលជារៀងរាល់ថ្ងៃ មិនថាក្រោយមករវល់ដល់ថ្នាក់ណាទេ! ទៅចាំឲ្យនរណាថែរក្សាយើងទៀត មានតែយើងហ្នឹងដែលអាចថែខ្លួនបាននោះ!

នេះជាអត្ថបទផ្សេងៗដែលនៅក្នុងបណ្តុំអត្ថបទសួស្តីថ្ងៃថ្មីនេះ៖ សួស្តីថ្ងៃថ្មី៖ ក្រោកឡើងឲ្យលឿនសួស្តីថ្ងៃថ្មី៖ កុំភ្លេចបាយព្រឹកឲ្យសោះ

រូបភាពបានមកពី៖ អាដាម វ៉ាន់ វីនដិន (Adam Van Winden)
រូបភាពបានមកពី៖ អាដាម វ៉ាន់ វីនដិន (Adam Van Winden)

រូបភាពពីដើមអត្ថបទបានមកពី៖ ហ្គូដ វ៉ែប្ស ហ្គាឡឺរី  (Good Vibes Gallery)

Seang​ Sokcheng
Wapatoa (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T