ការហែលទឹកមានប្រយោជន៍ដល់សុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត មិនថាយើងស្ថិតក្នុងវ័យណានោះទេ។ ការហែលទឹកមិនត្រឹមតែជួយរាងកាយបានធ្វើលំហាត់ប្រាណទេ ប៉ុន្តែនៅជួយដល់អ្នកមានជំងឺបាក់ទឹកចិត្តដោយបញ្ចេញនូវអ័រម៉ូន endorphins ដែលជួយឲ្យមានអារម្មណ៍ល្អទៀតផង។ ការហែលទឹកជាប្រចាំ អាចជះឥទ្ធិពលច្រើនដល់សុខភាព ហើយខាងក្រោមនេះគឺជាអ្វីដែលយើងបានពីការហែលទឹក៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. ដំណើរការរបស់សួតល្អជាងមុន
ការហែលទឹកជាប្រចាំ គឺជាមធ្យោបាយដ៏ល្អមួយក្នុងការពង្រឹងដំណើរការរបស់សួត។ ការសិក្សាបានឲ្យដឹងថាការហែលទឹកល្អជាងការហាត់យ៉ូហ្គា បើយើងចង់ឲ្យដំណើរការរបស់សួតមានភាពប្រសើរជាងមុន។ នេះមកពីការហែលទឹកអាចជួយបង្កើនភាពយឺតរបស់សាច់ដុំ (muscle elasticity) សួត និងទ្រូង។
២. សន្លាក់នឹងរឹងមាំជាងមុន
ការហែលទឹកជួយទ្រទម្ងន់របស់យើងបានរហូតដល់៩០% ហេតុនេះហើយទើបការហែលទឹកជាលំហាត់ប្រាណដ៏ល្អបំផុតសម្រាប់គ្នាយើងដែលមានការឈឺចាប់នៅសន្លាក់បង្កដោយជំងឺរលាកសន្លាក់ (arthritis )។ ការហែលទឹកជាប្រចាំអាចជួយកាត់បន្ថយហានិភ័យជំងឺរលាកសន្លាក់ ដោយសាច់ដុំរបស់យើងបានធ្វើលំហាត់ប្រាណជាប្រចាំ និងជួយឲ្យសាច់ដុំជុំវិញសន្លាក់មានភាពរឹងមាំ។
៣. ជួយឲ្យខ្នងរឹងមាំ
សម្រាប់គ្នាយើងដែលមានបញ្ហាឈឺខ្នងរ៉ាំរ៉ៃដូចជា sciatica (ការឈឺសរសៃ Sciatic ដែលជាសរសៃធំបំផុតនៅជើងរបស់យើង ដោយវាចាប់ឈឺពីខ្នងខាងក្រោមហូតដល់ជើង) ការហែលទឹកអាចជួយបង្កើនសាច់ដុំខ្នង និងបន្ថយការឈឺចុកចាប់ទៀតព្រោះរាងកាយរបស់យើងអណ្ដែតក្នុងទឹក។
៤. ជួយដុតបំផ្លាញកាឡូរី
ការហែលទឹក៣ដងក្នុងមួយសប្ដាហ៍អាចដុតបំផ្លាញកាឡូរីបានយ៉ាងល្អ ស្របពេលដែលការហែលទឹកក៏ជួយពង្រឹងសាច់ដុំដែរ។ នៅពេលហែលទឹក៣០នាទី យើងអាចដុតកាឡូរីបានរហូតដល់ ៣០០កាឡូរី។
៥. ពន្យឺតភាពចាស់
ការសិក្សាមួយបានលើកឡើងថា ចំពោះអ្នកដែលអាចហែលទឹកបានចម្ងាយ៣២០០ ទៅ៤៥០០ម៉ែត្រ និងធ្វើបានពី៣ទៅ៥ដងក្នុងមួយសប្ដាហ៍ អាចពន្យារភាពចាស់របស់ខ្លួនឲ្យនៅក្មេងជាងវ័យមិនតិចជាង១០ឆ្នាំនោះទេ។ ការសិក្សានេះនិយាយថានេះមកពីសាច់ដុំរបស់អ្នកហែលទឹកជាប្រចាំកាន់តែមានភាពរឹងមាំ ដែលសាច់ដុំនេះជាចំណុចសំខាន់នៃការថយចុះនៃដំណើរការភាពចាស់ និងសុខភាពផ្លូវកាយ។
៦. គេងលក់ស្រួល
ការហែលទឹកជួយដល់ផ្លូវចិត្ត និងការគេង។ ការសិក្សាខ្លះបានបង្ហាញថាការហែលទឹកជាលំហាត់ប្រាណសំខាន់ជួយដល់ការគេងមិនលក់។ នេះជាដំណឹងល្អសម្រាប់គ្នាយើងដែលមានបញ្ហាគេងមិនលក់ អាចសាកល្បងជ្រើសយកការហែលទឹកជាលំហាត់ប្រាណវិញបាន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet