គ្នាយើងទំនងជាបានដឹងពីប្រភេទបន្លែក្លាសេហើយមែនទេ? បន្លែប្រភេទនេះអាចទុកបានយូរ និងអាចថាមានតម្លៃធូរថ្លៃជាងបន្លែស្រស់ទៀតផង ពិសេសគ្នាយើងដែលរវល់ច្រើន គឺពិតជាគិតថាបន្លែនេះជាជម្រើសល្អមិនខាន។ ប៉ុន្តែគ្នាយើងអាចនឹងមានចម្ងល់ ថាតើបន្លែក្លាសេល្អសម្រាប់សុខភាពឬយ៉ាងណា?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. សារធាតុចិញ្ចឹម
ជាធម្មតាបន្លែដែលយកទៅក្លាសេ គឺជាបន្លែដែលបេះភ្លាមៗ ដូចនេះហើយគេជឿថាបន្លែទាំងនោះអាចនៅរក្សាសារធាតុចិញ្ចឹមបានដដែល។ ការសិក្សាមួយបានបង្ហាញថា បន្លែក្លាសេត្រឹមរយៈពេល២ខែ មិនមានការប្រែប្រួលសារធាតុ phytochemical ខ្លាំងទេ។ ដោយឡែក ការសិក្សាជាច្រើនបានឲ្យដឹងថា ការក្លាសេអាចនឹងប៉ះពាល់ដល់បរិមាណសារធាតុចិញ្ចឹម នៃប្រភេទបន្លែមួយចំនួន។
ការសិក្សាមួយបានរកឃើញថា ផ្កាខាត់ណាខៀវក្លាសេ គឺមានសារធាតុ riboflavin ខ្ពស់បើធៀបនឹងផ្កាខាត់ណាខៀវស្រស់ ខណៈដែលគ្រាប់សណ្ដែក pea ក្លាសេមានវីតាមីនទាបជាងគ្រាប់សណ្ដែកស្រស់។ បន្ថែមពីនេះទៀត ការ៉ុត និងស្ពៃពួយឡេងក្លាសេ មានសារធាតុ beta-carotene ទាប។
យ៉ាងណាមិញ ការក្លាសេអាចនឹងបន្ថយបរិមាណសារធាតុចិញ្ចឹមដូចជាវីតាមីន C និងវីតាមីន B1 (Thiamine)។ ការសិក្សាមួយបង្ហាញថាវីតាមីន C នៃបន្លែមួយចំនួនមានការថយចុះចន្លោះពី១០ ទៅ៨០% អំឡុងពេលក្លាសេ ដោយជាមធ្យមបាត់បង់សារធាតុចិញ្ចឹមប្រហែល ៥០%។ គួរចងចាំផងដែរថា វិធីចម្អិនដូចជាស្ងោរ ឆា និងដុត ក៏អាចធ្វើឲ្យបាត់បង់សារធាតុចិញ្ចឹមដូចគ្នា មិនថាបន្លែនោះជាបន្លែស្រស់ ឬបន្លែកំប៉ុងក៏ដោយ។
២. សារធាតុបន្ថែម និងសារធាតុរក្សាទុកឲ្យបានយូរ
យកល្អពេលជ្រើសរើសបន្លែក្លាសេ គួរពិនិត្យមើលគ្រឿងផ្សំឲ្យបានម៉ត់ចត់។ ទោះបីជាភាគច្រើនបន្លែក្លាសេមិនមានសារធាតុបន្ថែមផ្សេងៗ និងសារធាតុរក្សាឲ្យបានយូរ ប៉ុន្តែបន្លែក្លាសេមួយចំនួនអាចនឹងមានបន្ថែមជាតិស្ករ អំបិល ទឹកជ្រលក់ និងគ្រឿងផ្សំផ្សេងទៀត ដែលបន្ថែមរសជាតិ។ ការបន្ថែមរសជាតិអាចបង្កើនបរិមាណសូដ្យូម ជាតិខ្លាញ់ ឬកាឡូរី។
សម្រាប់គ្នាយើងដែលចង់បន្ថយកាឡូរី និងសម្រកទម្ងន់ យកល្អគួរចៀសវាងបន្លែក្លាសេដែលមានគ្រឿងផ្សំ ដូចជាប៊ឺខ្ទឹមស ឬទឹកជ្រលក់ឈីស។ រីឯអ្នកមានសម្ពាធឈាមខ្ពស់ គួរពិនិត្យមើលសារធាតុសូដ្យូមនៃបន្លែក្លាសេឲ្យបានដិតដល់ និងជ្រើសរើសផលិតផលណាដែលមិនមានបន្ថែមអំបិល។ ការសិក្សាបានបង្ហាញថា ការបន្ថយការញ៉ាំជាតិសូដ្យូមអាចបន្ថយកម្រិតសម្ពាធឈាម។
៣. អត្ថប្រយោជន៍ផ្សេងទៀត
បន្លែក្លាសេ គឺមានភាពងាយស្រួល និងចំណាយពេលតិចក្នុងរៀបចំ និងចម្អិនជាងបន្លែស្រស់។ ម៉្យាងទៀតបន្លែក្លាសេមានតម្លៃសមរម្យ និងអាចរក្សាទុកបានយូរទៀត។ យើងក៏អាចញ៉ាំបន្លែដែលយើងចូលចិត្តបានគ្រប់រដូវផងដែរ។
ការបន្ថែមបន្លែក្លាសេទៅក្នុងរបបអាហារ អាចបង្កើនសារធាតុចិញ្ចឹមផ្សេងៗដូចជាជាតិសរសៃ សារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន និងជាតិរ៉ែ។ ការសិក្សាជាច្រើនបានឲ្យដឹងថា ការបង្កើនការញ៉ាំបន្លែអាចនឹងបន្ថយហានិភ័យជំងឺបេះដូង ជំងឺមហារីក និងជំងឺទឹកនោមផ្អែមប្រភេទ២។
ជារួម ទោះបីជាមានភាពខុសគ្នាបន្តិចបន្តួចរវាងបន្លែស្រស់ និងបន្លែក្លាសេ ទៅលើសារធាតុចិញ្ចឹមមួយចំនួនក៏ដោយ បន្លែក្លាសេជាទូទៅនៅតែរក្សាបរិមាណសារធាតុចិញ្ចឹមបានភាគច្រើន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet