ទម្លាប់ចូលគេងទាំងសក់សើម អាចបង្កឲ្យ​មាន​បញ្ហាទាំង ៧ យ៉ាងនេះ!

//s5.kh1.co/55/55eb69222b8e16a31707174091ee4aa41c88c17a.jpg
នារី

 ២៦-មិថុនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ទម្លាប់​នៃ​ការ​ចូល​គេង​ទាំង​សក់​សើម​ មាន​ផល​ប៉ះពាល់​ច្រើន​ ជាពិសេស​សម្រាប់​អ្នក​ចូលចិត្ត​ងូតទឹក​ពេល​យប់។ ប្រសិនជាគ្នា​យើង​មាន​ទម្លាប់​គេងទាំងសក់សើម គួរ​ដឹង​ពី​ផល​ប៉ះពាល់​ទាំង​នេះ ដូចរៀបរាប់ខាងក្រោម៖

ទម្លាប់​នៃ​ការ​ចូល​គេង​ទាំង​សក់​សើម​ មាន​ផល​ប៉ះពាល់​ច្រើន​ ជាពិសេស​សម្រាប់​អ្នក​ចូលចិត្ត​ងូតទឹក​ពេល​យប់។ ប្រសិនជាគ្នា​យើង​មាន​ទម្លាប់​គេងទាំងសក់សើម គួរ​ដឹង​ពី​ផល​ប៉ះពាល់​ទាំង​នេះ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. រលាក​ស្បែក​ក្បាល

តើ​គ្នាយើង​ធ្លាប់​មាន​បញ្ហា​រមាស់​ និង​រលាក​ស្បែក​ក្បាល​ទេ? ភាគច្រើននៅ​ពេល​មាន​បញ្ហា​នេះ​​យើង​បន្ទោស​ទៅ​លើ​សាប៊ូ​កក់​សក់ ប៉ុន្តែ​តាមពិត​ទៅ​នេះក៏អាច​បណ្ដាល​មក​ពី​ ទម្លាប់​នៃ​ការ​ចូល​គេង​ទាំង​សក់​សើមដែរ។ ជំងឺ​ស្បែក​ក្បាល​ដូចជា​ការ​ឡើង​អង្គែ​ អាច​កើត​មាន​នៅ​ពេល​យើង​គេង​លើ​ស្រោម​ខ្នើយ​ដែល​សើម។ នៅ​ពេល​យើង​គេង​ទាំង​សក់សើម សភាពក្ដៅ និង​សំណើម​​អាច​បង្កើន​ការ​លូតលាស់​នៃ​បាក់តេរី​បាន។

២. ធ្វើ​ឲ្យ​សក់​ដាញ់

សក់សើម​ គឺ​មាន​ភាព​ផុយស្រួយ​ងាយ​នឹង​ខូចណាស់។ នៅ​ពេល​យើង​ចូល​គេង​ទាំង​សក់​សើម នោះ​សក់​អាច​នឹង​ជំពាក់​គ្នា​អំឡុង​ពេល​គេង​។ នៅ​ពេល​ព្រឹក សក់​របស់​យើង​នឹង​រញ៉េរញ៉ៃ ហើយ​ពិបាក​សិត​។

៣. ឈឺក្បាល

ប្រសិនជា​យើង​ចូល​គេង​ទាំង​សក់​សើម ពេល​ភ្ញាក់​ឡើង​យើង​អាច​នឹង​មាន​អាការៈ​ឈឺក្បាល។ អ្នក​ជំនាញ​ថែទាំ​សក់​បាន​លើក​ឡើង​ថា​ ការ​គេង​ទាំង​សក់​សើម​បញ្ចុះ​សីតុណ្ហភាព​ក្នុង​រាងកាយ​ ដែល​បង្ក​ឲ្យ​មាន​អាការៈឈឺក្បាល​ ដោយ​សារ​តែ​រាងកាយ​ព្យាយាម​តំឡើង​សីតុណ្ហភាព​ក្នុង​រាងកាយ។ អ្នកឯកទេស​ថែទាំ​សក់​ផ្សេង​ទៀត​ជឿ​ថា​ ការ​ចូល​គេង​ដោយ​រុំ​សក់​នឹង​កន្សែង​ ក៏​អាច​បង្ក​ការ​ឈឺចាប់ និង​រំខាន​ដល់​ដំណេក​ទៀត។

៤. សក់​រួញ និង​ខ្វះ​សំណើម

ការ​ចូល​គេង​ទាំង​សក់សើម​​មិន​បង្ក​បញ្ហា​សុខភាព​ធ្ងន់ធ្ងរមែន ប៉ុន្តែ​អាច​ប៉ះពាល់​ដល់​ទម្រង់​សក់។ សក់សើម​បង្កើត​ឲ្យ​មាន​ការ​កកិត​ខ្លាំង​ជាមួយ​នឹង​ស្រោម​ខ្នើយ​ ដែល​ធ្វើ​ឲ្យ​សក់​រួញ និង​ខ្វះ​សំណើម។ ដូចនេះ​យក​ល្អ​គួរ​ចំណាយ​ពេល​ជូត​សក់​ឲ្យ​ស្ងួត​មុន​ចូល​គេង​​ ដើម្បី​កាត់បន្ថយ​ការ​ចំណាយ​ទៅ​លើ​ផលិតផល​ថែទាំ​សក់​សម្រាប់​បញ្ហា​សក់​នេះ។

៥. សក់​មិន​មាន​ទម្ងន់

សក់​ស្តើង​ គឺ​មក​ពី​សក់​មិន​មាន​ទម្ងន់។ ការ​គេង​ទាំង​សក់សើម​គឺ​អាច​ធ្វើ​ឲ្យ​សក់​ខូច​សម្រាប់​ប្រភេទ​សក់​ស្តើង។ ប្រសិន​ជា​យើង​ទម្លាប់​គេង​ទាំង​សក់​សើម នោះ​សក់​នឹង​​មើល​ទៅ​កាន់តែ​​ស្តើង​ជាង​មុន។

៦. សក់​បែក​ចុង

ទម្លាប់​គេង​ទាំង​សក់​សើម​គឺ​ជា​មូលហេតុ​ដែល​បង្ក​ឲ្យ​សក់​បែក​ចុង​ ព្រោះ​សក់​សើម​គឺ​មាន​ភាព​ផុយ​ស្រួយ ហើយ​ការ​រើចុះរើឡើង​ពេល​គេង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​សក់បែក​ចុង។

៧. រលាក​ស្បែក

ការ​គេង​ទាំង​សក់​សើម​ មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ស្បែកក្បាល​ទេ ប៉ុន្តែ​នៅ​ប៉ះពាល់​ដល់​ស្បែក​ទៀត។ នៅ​ពេល​យើង​គេង​រើ​ចុះ​រើ​ឡើង​ សក់​អាច​មក​នៅ​លើ​មុខ។ សក់សើម និង​សីតុណ្ហភាព​នៅ​ក្នុង​បន្ទប់​គេង​ជា​លក្ខខណ្ឌ​ដ៏​ល្អ​មួយ​ សម្រាប់​ការ​លូតលាស់​នៃ​បាក់តេរី​ដែល​បង្ក​ការ​រលាក​លើ​ស្បែក៕

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T