ពេល​ឈឺ គួរជ្រើសរើស​របបអាហារបែបណាទើប​ល្អ អាច​ជាសះស្បើយបានលឿន?

//s5.kh1.co/24/243cee6e00f130e8cd9f3df4400be27cdd0810cb.jpg
នារី

 ១៩-មិថុនា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

សារធាតុចិញ្ចឹម​បាន​ពី​ការ​ទទួលទាន​អាហារគឺមាន​សារសំខាន់​សម្រាប់​សុខភាពរាងកាយ​របស់​យើង។

សារធាតុចិញ្ចឹម​បាន​ពី​ការ​ទទួលទាន​អាហារគឺមាន​សារសំខាន់​សម្រាប់​សុខភាពរាងកាយ​របស់​យើង។ ដូចគ្នា​ដែរ​​របប​អាហារ​ល្អ​អាច​ជួយ​ឲ្យ​ដំណើរការ​ជា​សះស្បើយពីជំងឺ​​កាន់​តែ​លឿន​ជាង​ធម្មតា​ផង​ដែរ​។ ប៉ុន្តែ​តើ​ត្រូវ​ញ៉ាំ​អាហារ​អ្វី​ខ្លះ​នៅ​ពេលយើង​​ឈឺ​​ដើម្បី​ជួយ​ដល់​ការ​ជា​សះស្បើយបាន​លឿន​?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. មើម​ខ្ញី

នៅ​ពេល​មាន​ឆ្លង​ជំងឺ​ផ្ដាសាយ ផ្ដាសាយធំ ឬ​អាលែកហ្សី យើង​តែង​គិត​ដល់មើម​ខ្ញី​មុន​គេ។ ការ​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា​ខ្ញី​គឺ​មាន​ប្រយោជន៍​ក្នុង​ការ​បន្ធូរ​អាការៈ​មួយ​ចំនួន​ដូចជា​អាការៈ​ចង្អោរ និង​ក្អួត។

២. ផ្លែ​ចេក

នៅ​ពេល​យើង​ឈឺ រាងកាយ​យើង​នឹង​ប្រើ​ថាមពល​ច្រើន​ក្នុងការ​​ជា​សះស្បើយ​ដែល​នេះ​អាច​ធ្វើ​ឲ្យ​យើង​បាត់បង់​ចំណង់​អាហារ។ អាហារ​ដែល​ទន់​ងាយស្រួល​ញ៉ាំ​ពេល​ឈឺ​គឺ​ផ្លែ​ចេក​ ហើយ​ផ្លែ​ចេក​សម្បូរ​ដោយ​ជាតិសរសៃ ប៉ូតាស្យូម និង​ជាតិស្ករ​ល្អ​។ ផ្លែ​ចេក​ផ្តល់​ថាមពល​ដល់​រាងកាយ​ដើម្បី​ប្រឆាំង​នឹង​ជំងឺ​ផ្សេងៗ​ដូចជា​ជំងឺ​ផ្ដាសាយ​ជាដើម។ ផ្លែ​នេះ​ក៏​ល្អ​សម្រាប់​បញ្ហា​ទល់លាមក​ និង​បញ្ហា​ក្នុងការ​រំលាយអាហារ។

៣. ដំណាប់​ផ្លែឈើ

នៅ​ពេល​យើង​ឈឺ​ យើង​នឹង​មិន​ចង់​ញ៉ាំ​អ្វី​ទាំងអស់ ប៉ុន្តែ​ដំណាប់​ផ្លែឈើ​គឺ​ជា​ជម្រើស​ដ៏​ល្អ​ព្រោះ​សម្បូរ​ដោយ​សារធាតុចិញ្ចឹម និង​ផ្តល់​ថាមពល​ដល់​រាងកាយ។ គេ​តែង​ណែនាំ​ឲ្យ​ញ៉ាំ​ដំណាប់​ផ្លែឈើ​ពេល​យើង​ជួប​ប្រទះ​បញ្ហា​ទល់លាមក និង​ផ្ដាសាយ។

៤. ទឹកដូង

ការ​រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ​គឺ​សំខាន់​ណាស់​ពេល​យើង​ឈឺ​ជាពិសេស​ពេល​គ្រុនក្ដៅ បែក​ញើស​ច្រើន មាន​អាការៈ​ចង្អោរ ឬ​ក្អួត​ដែល​ធ្វើ​ឲ្យ​យើង​បាត់បង់​ជាតិ​ទឹក។ ទឹកដូង​មាន​ផ្ទុកគ្លុយកូស និង​អេឡិចត្រូលីត​ដែល​រាងកាយ​ត្រូវការ​ដើម្បី​បំពេញ​ជាតិទឹក​ឡើង​វិញ។

៥. ខ្ទឹមស

ខ្ទឹមសមានប្រយោជន៍​​ល្អ​សម្រាប់​ការ​ឆ្លង​ជំងឺ​ផ្សេងៗ និង​អាលែកហ្សី​ព្រោះ​ខ្ទឹមស​សម្បូរ​ជាតិរ៉ែ វីតាមីន និង​សារធាតុallicin​ដែល​មាន​ប្រយោជន៍​ខាង​ឱសថ។ ខ្ទឹមសប្រើ​​ដើម្បី​បញ្ចុះ​សម្ពាធឈាម រក្សា​សីតុណ្ហភាព​ក្នុង​រាងកាយ​ពេល​គ្រុនក្ដៅ ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ និង​បញ្ចុះ​កម្រិត​ជាតិស្ករ​ក្នុង​ឈាម។

៦. ផ្លែ​ក្រូច

ផ្លែ​ក្រូច​សម្បូរ​ដោយ​ជាតិ​សរសៃfructose និង​វីតាមីនC។ ជាទូទៅ គេ​ណែនាំ​ឲ្យ​ញ៉ាំ​ផ្លែ​ក្រូច​សម្រាប់​អ្នក​មាន​ជំងឺ​ផ្ដាសាយ​។

៧. នំប៉័ង​អាំង​

នំប៉័ង​អាំង​មាន​ជាតិ​សរសៃ កាបូអ៊ីដ្រាត និង​ងាយស្រួល​ក្នុង​ការ​រំលាយ​ដែល​ជា​អាហារ​ពេល​ព្រឹក​ដ៏​ល្អ​នៅ​ពេល​យើង​ឈឺ។ នំប៉័ង​អាំង​គឺ​ល្អ​សម្រាប់​អ្នក​ពុល​អាហារ រាករូស ចង្អោរ និង​ផ្ដាសាយ។

៨. Oatmeal

អាហារ​ពេល​ព្រឹក​ដ៏​ល្អ​មួយ​ទៀត​គឺOatmeal ព្រោះ​Oatmeal ទន់ និង​ងាយ​រំលាយ​ហើយ​មាន​ជាតិសរសៃ​ច្រើន។ ម៉្យាងទៀត អាហារ​នេះ​សម្បូរ​ដោយ​កាបូអ៊ីដ្រាតcomplex ដែល​ធ្វើ​ឲ្យ​យើង​ឆ្អែត​ និង​ជួយ​រាងកាយ​របស់​យើង​ក្នុង​ការ​ជាសះស្បើយ​ពី​ជំងឺ​ដូចជា​ជំងឺ​ផ្ដាសាយ និង​ជំងឺ​បង្ក​ដោយ​បាក់តេរី​ជាដើម។

៩. តែ​បៃ​តង

មុស្សជា​ច្រើន​ផឹក​តែបៃតង​ដើម្បី​សម្រួល​ការ​ឆ្លង​មេរោគ​នៅ​បំពង់ក ប្រព័ន្ធ​ផ្លូវដង្ហើម​ផ្នែក​ខាងលើ និង​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ ​ដូចជា​ទល់លាមក និង​រាករូស​ជាដើម។ បន្ថែម​ពី​នេះ​ទៀត ​ក៏មាន​ដែរ​ការ​ផឹក​តែ​បៃតង​ដើម្បី​បញ្ចុះ​សម្ពាធឈាម និង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​។ តែបៃតង​មិន​មាន​ជាតិ​ស្ករ​ទេ ប៉ុន្តែ​សម្បូរ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ការ​រលាក បាក់តេរី និង​ផ្សិត​ជាដើម ហើយ​ក៏​អាច​ជួយ​បន្ថយ​ស្ត្រេស និង​ជួយ​ឲ្យ​គេង​លក់​ស្រួល។

១០. ក្រូចឆ្មារ

ក្រូចឆ្មារ​សម្បូរ​សារធាតុ​សម្លាប់​មេរោគ ប្រឆាំង​នឹង​ផ្សិត បាក់តេរី និង​ការ​រលាក ហើយ​ក្រូចឆ្មារ​ក៏​ផ្ទុក​ជាតិ​រ៉ែ និង​វីតាមីន​ច្រើន​ដែរ​ ជាពិសេស​វីតាមីនC។ ក្រូចឆ្មារ​គឺ​ជា​គ្រឿង​ផ្សំ​ដែល​ចាំបាច់​នៅ​ពេល​យើង​ឆ្លង​ជំងឺ​ផ្ដាសាយ ជំងឺ​បង្ក​ដោយ​បាក់តេរី និង​ជំងឺ​រលាក​បង្ហួរ​នោម។ បន្ថែម​ពី​នេះ​ទៀត ក្រូចឆ្មារ​ក៏​ជួយ​រក្សា​លំនឹង​សម្ពាធឈាម​ និង​ជួយ​ដល់​ការ​រំលាយ​អាហារ​។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T