គ្នាយើង​មួយ​ចំនួន​អាច​នឹង​ជួបបញ្ហា​សក់​ឡើង​ប្រេង​ ហើយ​តែង​ចំណាយ​លុយ​ទៅ​លើ​សាប៊ូ ឬ​កក់​សក់​ញឹកញាប់។ ក្រៅ​ពី​វិធីទាំងនេះ របប​អាហារ​ក៏​អាច​ជា​ចំណែក​មួយ​បង្ក​បញ្ហា​សក់​ឡើង​ប្រេង និងដោះស្រាយ​បញ្ហានេះ​ដែរ។ការ​ញ៉ាំ​អាហារ​ខ្លះ​ក៏​អាច​​បង្កើន​ការ​ផលិត​ប្រេង ឬ​ខ្លាញ់ និង​អាហារ​មួយ​ចំនួន​ជួយ​បន្ថយ​ការ​ផលិត​ប្រេង ឬ​ខ្លាញ់​វិញ​ដែរ​។

អាហារ​ធ្វើឲ្យ​សក់ឡើង​ប្រេង​

១. ស្ករ

អ័រម៉ូន​ក្នុង​រាងកាយ​គឺ​ជួយ​រាងកាយ​ក្នុង​ការគ្រប់គ្រង​ដំណើរការ​ទាំងអស់​ដែល​មាន​ក្នុង​រាងកាយ​របស់​យើង។ ហេតុ​នេះ​ហើយ​ទើប​ការ​រក្សា​តុល្យភាព​អ័រម៉ូន​សំខាន់ណាស់។ ដោយឡែក​ស្ករ​គឺ​អាហារ​ដែល​មិន​ជួយ​ដល់​ការ​រក្សា​តុល្យភាព​អ័រម៉ូន​តែ​បែរ​ជា​បង្ក​ឲ្យ​មាន​អតុល្យភាព​អ័រម៉ូន​ទៅ​វិញ​ ព្រោះ​ស្ករ​មាន​ឥទ្ធិពល​ទៅ​លើ​ដំណើរ​នៃ​ការ​រលាក​ក្នុង​រាងកាយ និង​បង្កើន​កម្រិត​ជាតិស្ករ​ក្នុង​ឈាម​ដែល​ជំរុញ​ដល់​ការ​ផលិត​ប្រេង​បន្ថែម។

២. កាបូអ៊ីដ្រាត​សាមញ្ញ(Refined carbs)

កាបូអ៊ីដ្រាត​មាន​កាបូអ៊ីដ្រាតល្អ(Complex)និង​កាបូអ៊ីដ្រាតអាក្រក់(simple)។ កាបូអ៊ីដ្រាត​សាមញ្ញ​គឺ​ជា​កាបូអ៊ីដ្រាត​អាក្រក់។ អាហារ​ដែល​មាន​កាបូអ៊ីដ្រាត​សាមញ្ញ​គឺ​នំប៉័ង​ដែល​ធ្វើ​ពី​គ្រាប់ធញ្ញជាតិ​ចម្រាញ់​។ គ្រាប់ធញ្ញជាតិ​ចម្រាញ់​គឺជា​គ្រាប់​ធញ្ញជាតិ​ដែល​គេ​កែច្នៃ​ដើម្បី​ឲ្យ​ទន់ និង​ស្រាល​ជាមុន។ កាបូអ៊ីដ្រាត​សាមញ្ញ​ទាំងនេះ​ធ្វើ​ឲ្យ​រាងកាយ​ធ្វើ​ការ​ធ្ងន់​ក្នុង​ដំណើរការ​បំបែក​កាបូអ៊ីដ្រាត។ ដំណើរការនេះដែរ​ធ្វើ​ឲ្យ​ក្រពេញ​ប្រេង​ផលិត​ប្រេង​ច្រើន ហើយ​ស្បែកក្បាល​យើង​មាន​ប្រេង​ច្រើន។

៣. អាហារ​បំពង

ប្រភេទ​អាហារ​បំពង ឬ​ប្រភេទអាហារFast foods ផ្សេងទៀត​អាច​ធ្វើ​ឲ្យ​រាងកាយ​យើង​មាន​ប្រេង​ច្រើន​ព្រោះ​តែ​មាន​ការ​ជំរុញ​ដល់​ក្រពេញ​ប្រេង​ហួស​ហេតុ។ ប្រេង​ដែល​ផលិត​មក​មាន​នៅ​លើ​ស្បែក​រួមទាំង​ស្បែក​ក្បាល។ ដូចនេះ ការ​ញ៉ាំ​បឺរហ្គឺរ​នៅ​ពេល​ល្ងាច​អាច​នឹង​ធ្វើឲ្យ​សក់​យើង​ស្អិត​ក្នុង​ពេល​មួយ​យប់។ ការ​ចៀសវាង​អាហារ​ប្រភេទ​នេះ​មិនត្រឹម​តែ​ជួយ​ដល់​សុខភាព​ទេ​ នៅ​ធ្វើ​ឲ្យ​សក់​មើល​ទៅ​ស្អាត​ផង​ដែរ។

៤. ផលិតផល​ទឹកដោះគោ

ផលិតផល​ទឹកដោះគោ​អាច​បង្ក​ឲ្យ​មាន​ការ​ផលិត​ខ្លាញ់​បន្ថែម នេះ​មក​ពី​ផលិតផល​ទឹកដោះគោដូចជា​ទឹកដោះគោ បឺរ និង​ឈីស​នឹង​ត្រូវរាងកាយ​​រំលាយ​ជា​ប្រេង និង​ខ្លាញ់។ ដូចនេះ​ហើយ​ធ្វើ​ឲ្យ​សក់​យើង​មាន​ភាព​ស្អិត និង​ធ្វើ​ឲ្យ​មុខ​ឡើង​មុន​ដែរ។ ម៉្យាងទៀត​ផលិតផល​ទឹកដោះគោ​ផ្ទុក​សារធាតុ​ទាក់ទង​ទៅ​នឹង​អ័រម៉ូន​តេស្ដូស្តេរ៉ូន​ដែល​មាន​ឥទ្ធិពល​លើ​ការ​ផលិត​ខ្លាញ់​បន្ថែម។ ការ​ផឹក​ទឹកដោះគោ​ក្ដៅ​ឧណ្ហៗ ឬ​ទឹកដោះគោស្រស់​មួយ​​កែវ​នៅ​ពេល​ល្ងាច​អាច​តម្រូវ​ឲ្យ​យើង​កក់សក់​នៅ​ព្រឹក​បន្ទាប់។

៥. អំបិល

ការ​ញ៉ាំ​អំបិល​ហួស​កំណត់​អាច​បណ្ដាល​ឲ្យ​មាន​អាការៈ​ហើម ស្នាមដក់​ក្រោយ​ភ្នែក អង្គែ និង​បាត់បង់​ជាតិ​ទឹក​ក្នុង​រាងកាយ។ ក្រៅពីនេះ​ក៏​បង្ក​ឲ្យ​រាងកាយ​ផលិត​ប្រេង​ច្រើន​ដើម្បី​ប្រឆាំង​នឹង​ការ​ខ្វះ​ជាតិទឹក។ ទាំងអស់នេះ​បង្ក​ឲ្យ​សក់​ឡើង​ប្រេង និង​ស្អិត ជាពិសេស​សម្រាប់​អ្នក​ដែល​ងាយ​ប្រឈម​នឹង​បញ្ហា​នេះ។ ដូចនេះ​យើង​គួរ​យកចិត្តទុកដាក់​បន្ថែម​ទៅ​លើ​ការបន្ថយ​ការ​ញ៉ាំ​អាហារ​មួយ​ចំនួន​ដូចជា​នំ​ស្រួញ នំ​ដំឡូងកញ្ចប់ ដំឡូងបារាំង​បំពង និង​គ្រាប់ធញ្ញជាតិ​មាន​ប្រឡាក់​អំបិល​។

អាហារ​គួរ​ញ៉ាំ

១. អាហារ​សម្បូរ​ដោយ​វីតាមីនB និង E

វីតាមីន B និង E គឺ​ជា​វីតាមីន​សំខាន់​ដល់​រាងកាយ និង​សក់ ។ មិនត្រឹមតែ​ជួយ​សក់​ឲ្យ​រឹងមាំ និង​ស្អាត​ទេ នៅ​រក្សា​លំនឹង​នៃ​ការ​ផលិត​ប្រេង​ទៀត​ផង​ដែល​នេះ​អាច​ជួយ​ឲ្យ​សក់​កាន់តែ​ស្អាត។ អាហារ​សម្បូរ​ដោយ​វីតាមីនBមាន​ដូចជា​ពពួក​សណ្ដែក បន្លែ និង​ផ្លែឈើ។ រីឯ​អាហារ​សម្បូរ​ដោយ​វីតាមីនE មាន​បន្លែ​ស្លឹក​ពណ៌​បៃតង គ្រាប់​ផ្កាឈូក​រ័ត្ន និងគ្រាប់ធញ្ញជាតិ។

២. អាហារ​សម្បូរ​ដោយ​ស័ង្កសី

រាងកាយ​យើង​ត្រូវ​ការ​ជាតិ​ស័ង្កសី​ក្នុង​បរិមាណ​តិច​តួច ហើយ​ជាតិ​រ៉ែ​នេះ​គឺ​មិន​ស្តុក​ទុក​ក្នុង​រាងកាយ​ទេ។ ប្រសិនជា​យើង​អាច​បង្កើន​ការ​ញ៉ាំ​អាហារ​មាន​ជាតិ​ស័ង្កសី រាងកាយអាច​ប្រឆាំង​នឹង​ការ​ផលិត​ប្រេង​បាន។ យើង​អាច​រក​អាហារ​បំប៉ន​ដែល​មាន​ជាតិ​ស័ង្កសី ឬ​ញ៉ាំ​អាហារ​ដូចជា ​oat ពពួក​សត្វ​មាន​សំបក​ និង​ស៊ុត។

៣. អាហារ​មាន​ខ្លាញ់​ល្អ

គ្នាយើង​ដែល​ងាយ​ប្រឈម​នឹង​បញ្ហា​សក់​ឡើង​ប្រេង​មិន​មែន​មាន​ន័យ​ថា​ត្រូវ​ឈប់​ញ៉ាំ​អាហារ​មាន​ខ្លាញ់​ទាំង​ស្រុង​ទេ។ ខ្លាញ់​គឺ​ជា​សារធាតុ​សំខាន់​ដើម្បី​ឲ្យ​រាងកាយ​ដំណើរការ​បាន​ត្រឹមត្រូវ។ យើង​គ្រាន់​តែ​រក្សា​លំនឹង​រវាង​ការញ៉ាំTrans fats (ខ្លាញ់​មិន​ឆ្អែត)និងSaturated fats (ខ្លាញ់​ឆ្អែត)។ ពពួក​បឺរម៉ាការីន(Margarine) បឺរ និង​ខ្លាញ់​សត្វ​គឺជា​ខ្លាញ់​មិន​ឆ្អែត​ដែល​យើង​គួរ​ជំនួស​ដោយ​ ខ្លាញ់​ល្អ​មាន​ដូចជា​គ្រាប់ធញ្ញជាតិ ប្រេង​បន្លែ និង​ប្រភេទ​ត្រី​មួយចំនួន​រួមមាន​ត្រីសាល់ម៉ុន ត្រីធូណា និង​ត្រី​សាឌីន​ជាដើម។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សម្រស់ & សុខភាព និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]