មានស្នាមមុន និងបញ្ហាស្បែកផ្សេងៗ សាកព្យាបាលតាមវិធីធម្មជាតិទាំងនេះ!

//s5.kh1.co/48/48ad428c7c40e0ed44fc73c71bf3613b8ea4e930.jpg
នារី

 ១៦-មិថុនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

បញ្ហា​មុខ​មុន និង​បញ្ហា​ស្បែក​មុខ​ផ្សេងៗទៀត​ គឺ​អាច​បង្ក​ដោយ​មូលហេតុ​ច្រើន​ដូចជា ​របបអាហារ ឬការ​​ប្រើប្រាស់​ផលិតផល​ខុស​ជាដើម។

បញ្ហា​មុខ​មុន និង​បញ្ហា​ស្បែក​មុខ​ផ្សេងៗទៀត​ គឺ​អាច​បង្ក​ដោយ​មូលហេតុ​ច្រើន​ដូចជា ​របបអាហារ ឬការ​​ប្រើប្រាស់​ផលិតផល​ខុស​ជាដើម។ ប៉ុន្តែ​ក៏មាន​ការ​ព្យាបាល​តាម​បែប​ធម្មជាតិខ្លះ​​​អាច​ជួយ​ឲ្យ​សុខភាព​ស្បែក​កាន់តែ​ល្អ និង​ស្បែក​ភ្លឺ​រលោងបាន​ដែរ​​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. សម្រាប់​ស្នាមខ្មៅ​ក្រោម​ភ្នែក

ល្មៀត​អាច​កាត់បន្ថយ​ស្នាមខ្មៅ​ក្រោម​ភ្នែក​បាន​ដោយ​ផលិត​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​សារធាតុ​ប្រឆាំងការរលាក​ ដែលមាន​ឥទ្ធិពលចំពោះ​ស្បែក​។ ម៉ាសល្មៀត និង​ទឹកម្នាស់ ​​អាច​ធ្វើ​ឲ្យ​ស្បែក​ក្រោម​ភ្នែក​ទន់ និង​រលោង​ជាមុន។

របៀបធ្វើ៖

- លាយ​ម្សៅ​ល្មៀត​២​ស្លាបព្រាកាហ្វេ​ជាមួយ​នឹង​ទឹកម្នាស់​២​ស្លាបព្រាកាហ្វេ​ឲ្យ​ខាប់
- យក​ល្បាយ​នេះ​ទៅ​លាប​ក្រោម​ភ្នែក​ និង​ទុក​ចោល​១០នាទី​
- ជូតចេញ​ដោយ​ប្រើ​កន្សែង​ទន់
- ធ្វើ​បែប​នេះ​រាល់ថ្ងៃ​រហូត​ទាល់​តែ​ឃើញ​លទ្ធផល។

២. សម្រាប់​ការ​រលាកស្បែក​ដោយ​កម្ដៅ​ថ្ងៃ

ផ្លែបឺរ​ផ្ទុក​វីតាមីន A D និងE ដែល​ជួយ​សម្រាល​ការ​រលាក​ស្បែក​ដោយ​កម្ដៅ​ថ្ងៃ ជំរុញ​ការ​ផលិត​ខូឡាជែន និង​បន្ថយ​ការរលាក​ស្បែក​។ ម៉ាសបិទមុខ​ធ្វើ​ពី​ផ្លែ​បឺរ​អាច​ធ្វើតាម​វិធី​ខាងក្រោម៖

- យក​ផ្លែបឺរ​កន្លះ​ផ្លែ​ទៅ​កិន
- ថែម​ទឹក​ក្ដៅ​២​ស្លាបព្រាកាហ្វេ​ទៅ​ក្នុង​ផ្លែ​បឺរ​ដែល​កិន​ហើយ និង​លាយ​ឲ្យ​សព្វ
- យក​ល្បាយ​នេះ​ទៅ​លាប​លើ​កន្លែង​រលាក​ដោយ​ប្រើ​ជក់ និង​ទុក​ចោល​រយៈពេល​១០​នាទី
- លាងសម្អាត​ជាមួយ​ទឹកក្ដៅ​ឧណ្ហៗ។

ប្រសិន​ជា​គ្នាយើង​មាន​ស្បែក​ស្ងួត និង​ងាយ​ប្រតិកម្ម​គួរ​ថែម​ទឹកឃ្មុំ​១​ស្លាបព្រាកាហ្វេ​ទៅ​ក្នុង​ម៉ាស​នោះ។

៣. សម្រាប់​ស្បែក​ឡើង​ពណ៌ (Hyperpigmentation)

ដំឡូងបារាំង​ផ្ទុក​វីតាមីន និង​រ៉ែ​ជាច្រើន​ដែល​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ព្យាបាល​បញ្ហា​ស្បែក​ឡើង​ពណ៌ ស្មាម​ខ្មៅ និង​ស្នាម​មុន​ជាដើម។ រីឯ​ក្រូចឆ្មារ​មាន​អាស៊ីដ​ ស៊ីទ្រិក (Citric Acid) ដែល​គេ​ចាត់​ទុក​ថា​ជា​ភ្នាក់ងារ​ធ្វើ​ឲ្យ​ស​បែបធម្មជាតិ។ យើង​អាច​ធ្វើ​ម៉ាស​ឲ្យ​ស្បែក​ស​ដោយ​ប្រើ​ដំឡូងបារាំង និង​ក្រូចឆ្មារ។

របៀបធ្វើ៖

- យក​ដំឡូងបារាំង​ទៅ​ក្រឡុក​ និង​ត្រង​យក​ទឹក​ដំឡូងបារាំង​
- លាយ​ទឹក​ដំឡូងបារាំង​៤​ស្លាបព្រាកាហ្វេ​ជាមួយ​នឹង​ទឹក​ក្រូចឆ្មារ​២​ស្លាបព្រាកាហ្វេ
- យក​ល្បាយ​នេះ​មកលាប​លើ​កន្លែង​ដែល​ឡើង​ពណ៌​ដោយ​ប្រើ​ជក់ ឬ​សំឡី
- ក្រោយ​ពី​លាប​ម្ដង​ហើយ​ទុក​ឲ្យ​ស្ងួត ហើយ​លាប​ល្បាយ​នេះ​បន្ថែម​ពីរដងទៀត
- ទុក​ម៉ាស​ចោល​មួយ​យប់ និង​លាង​សម្អាត​ជាមួយ​នឹង​ទឹកក្ដៅ​នៅ​ពេល​ព្រឹក
- ធ្វើ​បែប​រាល់ថ្ងៃ​រយៈពេល​មួយ​សប្ដាហ៍។

ប្រសិន​ជា​គ្នាយើង​មាន​ស្បែក​ស្ងួត និង​ងាយ​ប្រតិកម្ម​អាច​ថែម​ទឹកឃ្មុំ​១​ស្លាបព្រា​កាហ្វ និង​ទឹក​កុលាប​១​ស្លាបព្រាកាហ្វេ​ដើម្បី​រក្សា​ជាតិទឹក​នៅ​ស្បែក​កន្លែង​ឡើង​ពណ៌។ សម្រាប់​ទឹក​កុលាប​អាច​យក​ស្រទាប់​ផ្កាកុលាប​ទៅ​រម្ងាស់​ក្នុង​ទឹក។ សម្រាប់​មុខ​ខ្លាញ់វិញ​គួរ​បន្ថែម​ម្សៅ​អង្ករ​២​ស្លាបព្រាកាហ្វេ​ទៅ​ក្នុង​ម៉ាស។ ល្បាយ​នេះ​អាច​រក្សា​ទុក​បាន​ក្នុង​ទូរទឹកកក​រយៈពេល​ពីរ​៣​ទៅ​៤ថ្ងៃ​។​

៤. សម្រាប់​មុខ​មុន

ទឹកខ្មេះ​ផ្លែប៉ោម (Apple cider vinegar) ផ្ទុក​អាស៊ីដអាសេទិក ប៉ូតាស្យូម និង​ម៉ាញ៉េស្យូម​។ ទឹក​ខ្មេះផ្លែប៉ោម​​ជា​ភ្នាក់ងារ​កម្ចាត់​ជាតិពុល ប្រឆាំង​នឹង​បាក់តេរី និង​ផ្សិត​ដែល​បញ្ចប់​​បញ្ហា​មុខមុន​បាន។

របៀបធ្វើ៖

- លាយ​ទឹកខ្មេះផ្លែប៉ោម​១​ស្លាបព្រាកាហ្វេ​ជាមួយ​នឹង​ទឹក​ចម្រោះ​២ទៅ៣​ស្លាបព្រាកាហ្វេ
- លាប​ល្បាយ​នេះ​ទៅ​លើ​ស្បែក​ដោយ​ប្រើ​សំឡី​ក្រោយ​សម្អាត​មុខ
- រង់ចាំ​ទាល់​តែ​ស្ងួត បន្ទាប់ពីនេះ​យើង​អាច​ប្រើ​ផលិតផល​ថែរក្សា​ស្បែក​ផ្សេង​ទៀត​បាន
- ប្រើ​ទឹក​នេះ​ពីរដង​ក្នុង​មួយ​ថ្ងៃ ឬ​រាល់​ពេល​ក្រោយ​ពី​លាង​សម្អាត​មុខរួច។

៥. សម្រាប់​ព្យាបាល​ស្នាម​មុន

តែបៃតង​ផ្ទុក​សារធាតុ phenol ដែល​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​ការរលាក ហើយ​ផ្តល់​ប្រយោជន៍​ក្នុង​ការ​ព្យាបាល​ស្នាមមុន។ វិធី​នេះ​ជួយ​កម្ចាត់​​ស្នាម​មុន​បាន និង​អាច​ប្រើ​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ។

របៀបធ្វើ៖

- ដាក់​កញ្ចប់តែបៃតង​២ កញ្ចប់ ឬ​ប្រើ​ស្លឹកតែ​២​ស្លាបព្រាកាហ្វេ​ទៅ​ក្នុង​ចានគោម
- ដាំ​ទឹក​៥០០​មិល្លីលីត្រ​ និង​ចាក់​ទៅ​ក្នុង​ចាន​នោះ
- ចាំ​មួយ​សន្ទុះ និង​យក​កញ្ចប់​តែ​ ឬ​កាក​តែ​ចេញ
- យក​កន្សែង​ទន់ និង​ស្អាត​ដាក់​ក្នុង​ចាន​នោះ​ ហើយ​រង់ចាំ​ឲ្យ​ទឹក​តែ​ជ្រាប​ចូល​កន្សែង
- យក​កន្សែង​នោះ​មក​គ្រប​លើ​មុខ និង​ទុក​ចោល​រយៈពេល​៥​ទៅ១០​នាទី។

៦. សម្រាប់​កម្ចាត់ស្នាម​ជ្រួញ សូម​ប្រើប្រេងអូលីវ

ប្រេង​អូលីវ​គឺ​ជា​ប្រភព​នៃ​វីតាមីន A និង ​E ដែល​អាច​ប្រឆាំង​នឹង​ការ​ខូចខាត​ស្បែក​បង្ក​ដោយ​ពពួក​រ៉ាឌីកាល់​សេរី និង​ជួយ​បង្កើត​កោសិកា​ស្បែក​ឡើងវិញ។ ដើម្បី​ពន្យារ​ភាព​ចាស់ យើង​អាច​ម៉ាស្សា​ដោយ​ប្រើ​តែ​ប្រេង​អូលីវ ឬ​លាយ​ជាមួយ​ទឹកឃ្មុំ និង​គ្លីសេរីន។

របៀបធ្វើ៖

- លាយ​ប្រេងអូលីវ ២​ទៅ​៣​តំណក់​ជាមួយ​នឹង​ទឹកឃ្មុំ និង​គ្លីសេរីន​២ទៅ​៣​តំណក់
- យក​ល្បាយ​នេះ​ទៅ​ម៉ាស្សា​លើ​ស្បែក​២​ដង​ក្នុង​មួយ​ថ្ងៃ។

ដើម្បី​ការពារ និង​កាត់បន្ថយ​ស្នាមជ្រួញ យើង​អាច​ម៉ាស្សា​ស្បែក​របស់​យើង​ជាមួយ​នឹង​ប្រេងដូង ប្រេង​អាល់ម៉ុង ឬ​ប្រេង​វីតាមីន E។

៧. សម្រាប់បញ្ហា​ស្ទះ​រន្ធញើស សូមប្រើ​អំបិល​សមុទ្រនិង​ទឹក​ឃ្មុំ

អំបិលមាន​ផ្ទុក​រ៉ែ និង​សារធាតុចិញ្ចឹម​ច្រើន​ដូចជា​ម៉ាញ៉េស្យូម កាល់ស្យូម សូដ្យូម និង​ប៉ូតាស្យូម​ដែល​អាច​ជួយ​រក្សា​លំនឹង​ការផលិត​ខ្លាញ់​លើ​មុខ កម្ចាត់​កោសិកា​ស្បែក​ងាប់​ និង​ជំរុញ​ដល់​ការ​ផលិត​កោសិកា​ថ្មី។ យើង​អាច​ធ្វើ​ប្រដាប់​ខាត់​ដោយ​ប្រើ​អំបិល​បាន​តាម​វិធី​ខាងក្រោម៖

- លាយ​អំបិល ២​ស្លាបព្រាកាហ្វេ​ជាមួយ​នឹង​ទឹកឃ្មុំ ៤​ស្លាបព្រាកាហ្វេ
- លាប​ល្បាយ​នេះ​ទៅ​លើ​ស្បែក និងម៉ាស្សា​ថ្នមៗ
- ទុក​ចោល​១៥ នាទី និង​លាងសម្អាត​ចេញ​។
យើង​អាច​ប្រើ​ល្បាយ​នេះ​ច្រើន​ដង​ក្នុង​មួយ​សប្ដាហ៍។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T