ស្នាមជាំនៅលើរាងកាយអាចបណ្ដាលមកពីរបួស ឬប៉ះទៅនឹងរបស់អ្វីមួយដែលធ្វើឲ្យសរសៃឈាមបែក។ ស្នាមជាំមួយចំនួនគឺមិនធ្ងន់ធ្ងរទេ ប៉ុន្តែយើងអាចនឹងមានការឈឺចាប់ ឬហើមប៉ុន្មានថ្ងៃ។ ប្រសិនជាគ្នាយើងចង់បំបាត់ស្នាមជាំ អាចសាកល្បងប៉ុន្មានវិធីនេះនៅផ្ទះដោយខ្លួនឯងបាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. ប្រើទឹកកក
យើងអាចស្អំទឹកកកភ្លាមៗក្រោយពីរងរបួសដើម្បីកាត់បន្ថយលំហូរឈាមជុំវិញកន្លែងរបួស។ ការធ្វើឲ្យសរសៃឈាមត្រជាក់អាចកាត់បន្ថយបរិមាណឈាមដែលជ្រាបចេញទៅក្នុងជាលិកាជុំវិញនោះបាន។ នេះអាចបង្ការការជាំ និងកាត់បន្ថយអាការៈហើមបាន។ យើងអាចស្អំទឹកកករយៈពេល១០នាទី និងរង់ចាំរយៈពេល២០នាទីមុននឹងស្អំម្ដងទៀត ហើយគួរចៀសវាងការប្រើទឹកកកស្អំលើស្បែកដោយផ្ទាល់ ដោយយើងអាចយកកូនកន្សែង ឬក្រណាត់ទ្រាប់បាន។
២. ប្រើកម្ដៅ
កម្ដៅអាចធ្វើឲ្យកាន់តែហើម ដូចនេះគួរប្រើបន្ទះកម្ដៅក្រោយពេលអាការៈហើមមានការស្រកចុះសិន។ យើងអាចប្រើបន្ទះកម្ដៅ ឬកន្សែងជ្រលក់នឹងទឹកក្ដៅឧណ្ហៗរយៈពេល១០ ទៅ១៥នាទី។ យើងអាចធ្វើបែបនេះច្រើនដងក្នុងមួយថ្ងៃដើម្បីបន្ថយការឈឺចាប់។
៣. ការសង្កត់
ការប្រើបង់រុំរបួសរុំជុំវិញកន្លែងជាំជាវិធីមួយដែរ។ វិធីនេះអាចរឹតជាលិកា និងបង្ការឈាមជ្រាបចេញពីសរសៃឈាម។ ការរឹតបែបនេះអាចបន្ថយភាពធ្ងន់ធ្ងរនៃអាការៈជាំ ហើយកាត់បន្ថយការឈឺចាប់ និងការហើមបានទៀតផង។ ជាទូទៅគេកម្រនឹងប្រើវិធីនេះទៅលើស្នាមជាំតូចៗណាស់។
៤. ដាក់កន្លែងជាំឲ្យខ្ពស់
ការដាក់កន្លែងដែលមានស្នាមជាំឲ្យខ្ពស់ជាងបេះដូងគឺអាចជួយបន្ថយការឈឺចាប់ និងគ្រប់គ្រងបរិមាណឈាមក្នុងការហូរទៅក្នុងជាលិកាដែលជាំ។ ការលើកឲ្យខ្ពស់ក៏កាត់បន្ថយសម្ពាធ និងជាឱកាសឲ្យយើងបានសម្រាកដែលជួយដល់ដំណើរការនៃការជាសះស្បើយ។
៥. ប្រើប្រទាលកន្ទុយក្រពើ
ប្រទាលកន្ទុយក្រពើអាចកាត់បន្ថយការឈឺចាប់ និងការរលាកបាន។ យើងអាចលាបជែលប្រទាលកន្ទុយក្រពើទៅលើកន្លែងជាំតែម្តង។ យកល្អគួរប្រើជែលប្រទាលកន្ទុយក្រពើសុទ្ធ។
៦. ញ៉ាំវីតាមីន C
វីតាមីន C មានសារធាតុប្រឆាំងការរលាក និងអាចប្រើដើម្បីជួយដល់ការជាសះស្បើយរបួស។ យើងអាចញ៉ាំអាហារសម្បូរដោយវីតាមីន C ដូចជាពពួកផ្លែក្រូច ស្ត្របឺរី ម្ទេសប្លោកពណ៌ក្រហម និងផ្កាខាត់ណាខៀវ។ ក្នុងមួយថ្ងៃគួរទទួលវីតាមីន C ឲ្យបាន ៦៥ទៅ៩០មិល្លីក្រាម និងមិនគួរញ៉ាំហួសកំណត់ដល់២ក្រាម ក្នុងមួយថ្ងៃទេ ព្រោះយើងអាចនឹងទទួលរងផលប៉ះពាល់ដូចជាក្អួត និងចង្អោរ។
៧. ផ្លែម្នាស់
ផ្លែម្នាស់មានផ្ទុក bromelain ដែលអាចជួយបន្ថយភាពធ្ងន់ធ្ងរនៃការជាំ និងការរលាកបាន។ យើងអាចញ៉ាំផ្លែម្នាស់ ឬអាហារបំប៉ន bromelain ក៏បាន។
គួរបញ្ជាក់ថាយើងគួរទៅពិគ្រោះជាមួយគ្រូពេទ្យ ប្រសិនជាកន្លែងជាំមានការឈឺចាប់ ហើមខ្លាំង មានដុំពក និងមិនជាសះស្បើយក្នុងអំឡុងពេល២សប្ដាហ៍។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet