រដ្ឋ​លេខា​ធិការ​ក្រសួង​បរិស្ថាន​៖ ចំនួន​សត្វ​ត្មាត​នៅ​កម្ពុជា​មាន​ការ​ធ្លាក់​ចុះ​ខ្លាំង​ ដោយ​សារ​ការ​បំពុល​របស់​មនុស្ស​

//s5.kh1.co/8a/8a4284559109431398f9bbe7e3f6b8a348113519.jpg
សង្គម

 ១២-មិថុនា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា មូលហេតុដែលនាំឱ្យសត្វត្មាតនៅកម្ពុជាមានការធ្លាក់ចុះខ្លាំង ដោយសារការគំរាមកំហែងខ្លាំងបំផុតពីការបំពុលរបស់មនុស្ស

រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា មូលហេតុដែលនាំឱ្យសត្វត្មាតនៅកម្ពុជាមានការធ្លាក់ចុះខ្លាំង ដោយសារការគំរាមកំហែងខ្លាំងបំផុតពីការបំពុលរបស់មនុស្ស ការបាត់បង់ជម្រក ការខ្វះខាតចំណីអាហារ ការបរបាញ់តាមរយៈការដាក់អន្ទាក់ និងការបំពុល។ នេះបើតាមការផ្សាយផ្លូវការពីក្រសួងបរិស្ថាននៅថ្ងៃ ១១​មិថុនា មិ្សលមិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក នេត្រ ភក្ត្រា និងក្រុមការងារ 
លោក នេត្រ ភក្ត្រា និងក្រុមការងារ 

លោកបន្ថែមថា ប្រជាសហគមន៍នៅតាមតំបន់មួយចំនួនបាន ប្រើប្រាស់ថ្នាំពុលដាក់ទៅក្នុង ឬជុំវិញត្រពាំងដើម្បីចាប់សត្វស្លាប និងថនិកសត្វផ្សេងៗ ហើយការបំពុលនេះក៏ជាមូលហេតុចម្បងដែលបណ្ដាលឱ្យសត្វត្មាតស្លាប់ដែរ ដោយសារតែសត្វត្មាតទាំងនោះស៊ីសាកសពសត្វស្លាប់ដែលពុលថ្នាំ។

ជាការកត់សម្គាល់សត្វត្មាតជាសត្វកម្រជិតផុតពូជអស់ពីលើពិភពលោក ហើយកម្ពុជាមានត្រូវបានគេដឹងថានៅមានសល់សត្វត្មាតច្រើនជាងគេនោះ រដ្ឋលេខាធិការក្រសួងបរិស្ថានបានឱ្យដឹងថា ក្រសួងបរិស្ថានបានសហការជាមួយអង្គការសមាគមអភិរក្សសត្វព្រៃ WCS បានអនុវត្តសកម្មភាពអភិរក្សនៅតាមតំបន់ការពារធម្មជាតិនានាតាមរយៈការផ្តល់ចំណីបន្ថែម និងការពារសំបុកពងកូន បង្កើនការយល់ដឹងស៊ីជម្រៅនៃកត្តាប្រឈមដល់សត្វត្មាត។

ត្មាតនៅកម្ពុជា
ត្មាតនៅកម្ពុជា

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឲ្យចូលរួម អភិរក្ស និងការពារសត្វត្មាតដោយបញ្ឈប់សកម្មភាពបរបាញ់ ឬការជួញដូរសត្វព្រៃ។ ដោយលោកអះអាងថា សត្វត្មាតជាសត្វស្លូត និងជាអ្នកដែលសម្អាតបរិស្ថានដោយស៊ីគម្រង់សាកសពសត្វផ្សេងទៀតជាអាហារ។

ដូច្នេះហើយលោកបញ្ជាក់ថា ការការពារ និងអភិរក្សសត្វត្មាតបានគង់វង្ស វាជាការថែរក្សាមរតកធម្មជាតិដ៏មានតម្លៃមហាសាលសម្រាប់កម្ពុជា និងពិភពលោកទាំងមូល ជាតម្លៃសម្រាប់ការអភិរក្សជីវៈចម្រុះ និងការទាក់ទាញភ្ញៀវទេសចរសម្រាប់ទេសចរណ៍​​ធម្មជាតិ បង្កើតមុខរបរ ផ្តល់ចំណូលជូនប្រជាពលរដ្ឋ។

ត្មាតនៅកម្ពុជា
ត្មាតនៅកម្ពុជា

បើតាមការបញ្ជាក់ រដ្ឋលេខាធិការក្រសួងរូបនេះថា​ ចំនួនសត្វត្មាតនៅឆ្នាំ ២០២០ នេះមានចំនួន ១១៩ ក្បាល មានការថយចុះចំនួន ១៨ ក្បាលបើប្រៀបធៀបនឹងលទ្ធផលនៃការជំរឿននៅឆ្នាំ ២០១៩។ លោកបង្ហើបថា​ លទ្ធផលជំរឿនសត្វត្មាតនៅឆ្នាំ ២០១៩ កន្លងទៅបង្ហាញថាកម្ពុជាមានសត្វត្មាតទាំង ៣ ប្រភេទ មានចំនួន ១៣៧ ក្បាល ហើយតំបន់ដែលមានសត្វត្មាតច្រើនជាងគេគឺនៅដែនជម្រកសត្វព្រៃសៀមប៉ាងក្នុងខេត្តស្ទឹងត្រែង និងដែនជម្រកសត្វព្រៃឆែបក្នុងខេត្តព្រះវិហារ៕

ត្មាតនៅកម្ពុជា
ត្មាតនៅកម្ពុជា
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T