ទឹកអំពៅ​ជា​ជម្រើស​ដ៏​ល្អ​មួយ​សម្រាប់​បំបាត់​ការ​ស្រេក​ទឹក ជាពិសេស​ពេល​អាកាសធាតុ​ក្ដៅបែបនេះ​ផង​។ គ្នា​យើងដែលចូល​ចិត្ត​ញ៉ាំមានដឹងទេថា ​​ទឹក​អំពៅ​មិន​ត្រឹម​តែ​ជួយ​បំបាត់​ភាព​ស្រេក​ទឹក​ទេ ប៉ុន្តែ​នៅ​សំបូរ​ដោយ​កាបូអ៊ីដ្រាត ប្រូតេអ៊ីន ពពួក​វីតាមីន និង​ជាតិ​រ៉ែ​ដូចជា​ផូស្វ័រ កាល់ស្យូម ប៉ូតាស្យូម ស័ង្កសី និង​ជាតិដែក​ដែល​មាន​ប្រយោជន៍​ច្រើន​ដល់​សុខភាព។

១. បន្ថែម​ថាមពល

ផឹក​ទឹក​អំពៅ​អាច​បន្ថែម​ថាមពល​ដល់​យើង​ពេល​ដែល​យើង​មាន​អារម្មណ៍​អស់កម្លាំង​។ ជាតិស្ករ sucrose នៅ​ក្នុង​អំពៅ​គឺ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បំពេញ​ថាមពល​ដែល​យើង​បាត់បង់​ព្រោះ​​ងាយ​ស្រួល​រំលាយ។ ដូចនេះ​បើ​យើង​មាន​អារម្មណ៍​អស់​កម្លាំង យើង​អាច​ផឹក​ទឹក​អំពៅ​ដើម្បី​បំពេញ​ថាមពល​ឡើង​វិញ។

២. បង្ការ​ភាព​ចាស់

ប្រសិនជា​យើង​មាន​ស្នាមជ្រួញ​មុន​វ័យ យើង​អាច​ផឹក​ទឹក​អំពៅ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។ នេះ​មក​ពី​ទឹកអំពៅ​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ អាស៊ីត phenolic និងសារធាតុ flavonoids ជួយ​ផ្តល់​សំណើម​ដល់​ស្បែក និង​ធ្វើ​ឲ្យ​ស្បែក​ទន់​រលោង​ពី​ខាង​​ក្នុង​​ដែល​​អាច​​កាត់​​បន្ថយ​​ស្នាម​ជ្រួញ​។​

៣. បំបាត់​ក្លិន​មាត់ និង​បង្ការ​ការ​ពុក​ធ្មេញ

ការ​ពុក​ធ្មេញ​អាច​មក​ពី​អនាម័យ​មាត់​ធ្មេញ​មិន​ល្អ និង​កង្វះ​ជាតិ​រ៉ែ។ ប៉ុន្តែ​ទឹកអំពៅ​អាច​ជួយ​ប្រឆាំង​នឹង​បញ្ហា​ក្លិន​មាត់ និង​ធ្មេញ​ពុក​បាន​ដោយ​សារ​ទឹក​អំពៅ​ផ្ទុក​ជាតិ​រ៉ែ​ដែល​ជួយ​ឲ្យ​ធ្មេញ​រឹងមាំ និង​បំបាត់​ក្លិន​មាត់។​

៤. ជួយ​ដល់​ការ​រំលាយ​អាហារ

គ្នា​យើង​ដែល​មាន​បញ្ហា​ទល់លាមក ទឹក​អំពៅ​អាច​មាន​ប្រយោជន៍​ជួយ​សម្រួល​បញ្ហា​នេះ។ នេះ​មក​ពី​ប៉ូតាស្យូម​មាន​ក្នុង​ទឹកអំពៅ​ដែល​ជួយ​រក្សា​លំនឹង pH នៅ​ក្នុង​ក្រពះ និង​ជួយ​ឲ្យ​ទឹក​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​ហូរ​ដែល​អាច​សម្រាល​បញ្ហា​ទល់​លាមក។

៥. ផ្តល់​ប្រយោជន៍​ដល់​ឆ្អឹង និង​ធ្មេញ

ទឹកអំពៅ​សំបូរ​ដោយ​កាល់ស្យូម​ដែល​អាច​ជួយ​ពង្រឹង​ឆ្អឹង​សម្រាប់​ក្មេង​កំពុង​លូតលាស់ ហើយ​ក៏​ជួយ​ឲ្យ​ធ្មេញ​រឹងមាំ​ដែរ។

៦. បង្ការ​ជំងឺ​មហារីក

ការ​ផឹក​ទឹកអំពៅ​ជា​ប្រចាំ​អាច​បង្ការ​ជំងឺមហារីក​សុដន់ និង​ក្រពេញ​ប្រូស្តាត។ ការសិក្សា​ជា​ច្រើន​បាន​បង្ហាញ​ពី​ផល​ប៉ះពាល់​វិជ្ជមាន​នៃ​ទឹកអំពៅ​ក្នុង​ការ​កាត់បន្ថយ​ និង​ទប់ស្កាត់​ផល​ប៉ះពាល់​នៃ​កោសិកា​មហារីក។

៧. ជួយ​សម្រក​ទម្ងន់

ទឹកអំពៅ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​សម្រក​ទម្ងន់​ព្រោះ​មាន​ជាតិ​សរសៃ​រលាយ​ដែល​ជួយ​គ្រប់​គ្រង​ទម្ងន់ និង​កាត់បន្ថយ​កម្រិត​កូលេស្តេរ៉ូល​អាក្រក់​ក្នុង​រាងកាយ​ដែល​ជា​មូលហេតុ​នៃ​ការ​ឡើង​ទម្ងន់។

៨. ​បំបាត់​អាការៈ​ឈឺក

ទឹកអំពៅ​មាន​វីតាមីន C ច្រើន​ដែល​មាន​ប្រសិទ្ធភាព​បំបាត់​អាការៈ​ឈឺក ហើយ​ក៏​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់​ដែល​អាច​ទប់ស្កាត់​ការ​ឆ្លង​មេរោគ​ដែរ។

៩. ព្យាបាល​របួស

នៅ​ពេល​យើង​មាន​ស្នាម​ជាំ យើង​អាច​ផឹក​ទឹក​អំពៅបាន​ព្រោះ​ទឹកអំពៅ​សំបូរ​ដោយ sucrose ដែល​ជា​ភ្នាក់ងារ​ព្យាបាល​របួស​ធម្មជាតិ និង​ជួយ​ឲ្យ​របួស​ឆាប់​ជា។

១០. ពង្រឹង​ប្រព័ន្ធភាពស៊ាំ

គ្នាយើង​ដែល​មាន​ប្រព័ន្ធ​ភាពស៊ាំ​ខ្សោយ​អាច​ផឹក​ទឹកអំពៅ​ជាប្រចាំ​ដើម្បី​ពង្រឹង​ប្រព័ន្ធភាពស៊ាំ។ នេះ​ដោយសារ​តែ​​សារ​ធាតុ​​ប្រឆាំង​អុកស៊ីតកម្ម​នៅ​ក្នុង​ទឹកអំពៅ​ដែល​ជួយ​រក្សា​លំនឹង​កម្រិត bilirubin ក្នុង​រាងកាយ ហើយ​នេះ​អាច​ពង្រឹង​ប្រព័ន្ធភាពស៊ាំ​តាម​វិធី​ជា​ច្រើន។

១១. ព្យាបាល​អាការៈ​ក្រហាយ​ទ្រូង

នៅ​ពេល​ដែល​ក្រពះ​មាន​អាស៊ីត​ច្រើន​អាច​នឹង​ប្រឈម​អាការៈ​ក្រហាយ​ទ្រូង។ ការផឹក​ទឹក​អំពៅ​មួយ​កែវ​អាច​ជួយ​ឲ្យ​អារម្មណ៍​ប្រសើរ​ឡើង​ ព្រោះ​ទឹក​អំពៅ​មាន​ជាតិ​អាល់កាឡាំង​ដែល​ជួយ​បន្សាប​អាស៊ីត​ក្នុង​ក្រពះ។

១២. ជួយ​ដល់​ក្រចក

សារធាតុ​ចិញ្ចឹម​ក្នុង​ទឹកអំពៅ​អាច​ជួយ​ដោះស្រាយ​បញ្ហា​ក្រចក​ផុយ​ស្រួយ និង​ទន់​។ ការ​ផឹក​ទឹក​អំពៅ​ជា​ប្រចាំ​អាច​ជួយ​ឲ្យ​ក្រចក​​រឹងមាំ និង​ភ្លឺរលោង​ដោយ​ក្រចក​ទទួល​បាន​សារធាតុចិញ្ចឹម​ពី​ខាងក្នុង។

១៣. ព្យាបាល​ការ​ឆ្លង​រោគ​លើ​ផ្លូវ​ទឹកនោម

ការ​ផឹក​ទឹក​អំពៅ​អាច​បន្ធូរ​ភាព​មិន​ស្រួល​បង្ក​ដោយ​ការ​ឆ្លង​រោគ​លើ​ផ្លូវ​ទឹកនោម។ យើង​អាច​លាយ​ទឹក​ដូង និង​ក្រូចឆារ​ជាមួយ​នឹង​ទឹក​អំពៅ​ និង​ផឹក​២ដង​ក្នុង​មួយ​ថ្ងៃ​អាច​បន្ធូរ​អារម្មណ៍​ក្រហាយ​បាន។ ទឹក​អំពៅ​ក៏​មាន​ប្រូតេអ៊ីន​ច្រើន​ដែល​ជួយ​ដល់​សុខភាព​តម្រងនោម។

១៤. ពេល​គ្រុនក្ដៅ

ពេល​រាងកាយ​ឡើង​កម្ដៅ​ខ្លាំង​អាច​ប៉ះពាល់​ដល់​កម្រិត​ថាមពល និង​អាច​បណ្ដាល​ឲ្យ​បាត់បង់​ប្រូតេអ៊ីន។ ការ​ផឹក​ទឹកអំពៅ​អាច​បំពេញ​ប្រូតេអ៊ីន​ដែល​បាត់បង់ និង​កាត់បន្ថយ​អាការៈ​ឈឺចាប់​ដោយ​គ្រុនក្ដៅ។

១៥. បញ្ចេញ​ជាតិពុល

ទឹកអំពៅ​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ ហើយ​ការ​ផឹក​ទឹកអំពៅ​អាច​កម្ចាត់ជាតិពុល​ក្នុង​រាងកាយ​បាន និង​អាច​ជួយ​ដល់​ការ​ធ្វើ​មេតាបូលីស​ដែល​ជួយ​ដល់​ការ​សម្រក​ទម្ងន់។

១៦. បន្ថយ​ភាព​តានតឹង

អាស៊ីត​អាមីណូ ម៉ាញ៉េស្យូម និងtryptophan ក្នុង​ទឹកអំពៅ​មានប្រយោជន៍​ដល់​ការ​រក្សា​លំនឹង​អ័រម៉ូន​ដែល​អាច​បន្ថយ​ភាព​តានតឹង​បាន។

១៧. សុខភាព​បេះដូង

បរិមាណ​ប៉ូតាស្យូម​ច្រើន​ក្នុង​ទឹក​អំពៅ​មាន​ផល​ល្អ​សម្រាប់​សុខភាព​បេះដូង​ព្រោះ​អាច​រក្សា​លំនឹង​សម្ពាធឈាម និង​បន្ថយ​សម្ពាធ​ក្នុង​សរសៃឈាម​ដែល​នេះ​អាច​ជួយ​សម្រាល​បន្ទុក​បេះដូង​បាន។

១៨. បង្កើន​ថាមពល​សាច់ដុំ

ទឹកអំពៅ​អាច​បង្កើន​ថាមពល​សាច់ដុំ​បាន​ព្រោះ​មាន​ជាតិស្ករ (glucose) ដែល​សាច់ដុំ​ត្រូវការ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សម្រស់ & សុខភាព និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ