ស្វាគមន៍ជាថ្មីមកកាន់កំរងអត្ថបទបង្កើតភាពជាអ្នកតស៊ូ! នៅក្នុងភាគទីមួយ ស្មេរបានបកស្រាយជាលំអិតហើយថា ការតស៊ូជាចរិតមួយដែលជួយឲ្យយើងបន្តទៅមុខ មិនបោះបង់ចោលអ្វីដែលយើងចង់សំរេច ហើយវាជាកត្តាដ៏សំខាន់​មួយដែលជួយឲ្យយើងទទួលបានក្តីសុខ និងជោគជ័យគ្រប់យ៉ាងក្នុងជីវិតផងដែរ។  

ក្នុងភាគទីពីរនេះ យើងនឹងរៀនបកស្រាយការពិតឲ្យត្រូវតាមកាលៈទេសៈ ដោយសារស្ទីលបកស្រាយនេះហើយ ជាមូលហេតុធ្វើឲ្យអ្នកខ្លះបាក់ស្បាត ឯអ្នកខ្លះទៀតតស៊ូប្រឹងប្រែង! 

សូម្បីតែសត្វឆ្កែក៏ចេះបាក់ស្បាតដែរ

គ្រប់អត្ថបទក្នុងកំរងតស៊ូនេះ គឺស្មេរសរសេរចេញ ដោយផ្អែកលើលទ្ធផលពិសោធន៍រាប់សិបទសវត្សរ៍កន្លងមកនេះ​ដោយ លោកបណ្ឌិត ម៉ាទីន សាលីកមែន (Martin Saligman) ជាចិត្តវិទូដែលមានឈ្មោះបោះសំលេងខ្លាំង​ក្នុងវិស័យចិត្តវិទ្យា ជាពិសេសផ្នែកចិត្តវិទ្យាវិជ្ជមាន (positive psychology) ។ 

តាំងពីឆ្នាំ ១៩៦៧ មក បណ្ឌិតសាលីកមែន និងក្រុមការងារគាត់ចាប់ផ្តើមឆ្ងល់ថា «ហេតុអីបានជាអ្នកខ្លះបោះបង់​ចោលក្តីស្រមៃខ្លួនលឿនម៉្លេះ?» ដើម្បីឆ្លើយសំណួរមួយនេះ ពួកគាត់បានពិសោធតៗគ្នា ដំបូងគឺធ្វើលើសត្វឆ្កែ ហើយក្រោយមកលើមនុស្សទៀតផង! សំខាន់ រាល់ការពិសោធន៍ទាំងនេះគឺបានផ្តល់ចំលើយដដែលៗដូចៗគ្នា..

អញ្ចឹង ដើម្បីងាយយល់ ស្មេរនឹងបកស្រាយពិសោធន៍ដ៏ល្បីមួយ ដែលក្រុមការងារគាត់បានធ្វើលើសត្វឆ្កែដំបូង​គេនោះ។ កាលមុន វឺរ៉នីកាបានសរសេរបកស្រាយពីការពិសោធន៍នេះម្តងហើយ ដែលក្នុងនោះ គេចែកពិសោធន៍​មួយ​នេះជាបីវគ្គ។ 

វគ្គទី ១៖ ដំបូង គេរើសយកឆ្កែមួយហ្វូងដែលមានចរិត និងប្រវត្តិស្រដៀងៗគ្នា ហើយយកមកចែកជាបីក្រុម។ ក្រុមទីមួយ នឹងក្លាយជាក្រុមបាក់ស្បាត ដោយគេយកពួកវាទៅដាក់ក្នុងប្រអប់មួយដែលមានភ្លើងឆក់បន្តិចៗរហូត។ មិនថាឆ្កែក្រុមទីមួយធ្វើអីនោះទេ មិនថាវាស្រែកព្រូស រត់ទៅរត់មក ឬចុចប៊ូតុងក្នុងប្រអប់ក៏ដោយ ក៏ចរន្តភ្លើង​នៅតែ​បន្តឆក់ពួកវាមិនដាច់ទេ។ គេធ្វើអញ្ចឹងដដែលៗរហូតដល់ឆ្កែក្រុមទីមួយនោះអស់សង្ឃឹម លែងខំរត់គេច​ទៀតហើយ គឺពួកវាដេកទ្រាំឲ្យគេឆក់ ចាំរហូតដល់ចរន្តឈប់ដោយឯកឯង។

ឯឆ្កែក្រុមទីពីរវិញ នឹងក្លាយជាក្រុមដែលតស៊ូ ដោយគេដាក់ពួកវាចូលក្នុងប្រអប់ដែលមានចរន្តឆក់តិចៗដូចគ្នា។ ដូចក្រុមទីមួយអញ្ចឹង ដំបូងគឺវារត់ វាព្រូស តែឲ្យតែវាចុចប៊ូតុងមួយក្នុងប្រអប់នោះ ចរន្តនឹងឈប់ជាមិនខាន។ ពេលធ្វើបានច្រើនដងទៅ ឆ្កែក្រុមទីពីរដឹងថា ខ្លួនអាចគ្រប់គ្រងចរន្តបានដោយគ្រាន់តែប៉ះប៊ូតុងតែប៉ុណ្ណោះ។  ឯក្រុមទីបីវិញ គឺគេដាក់ក្នុងប្រអប់ធម្មតា គ្មានចរន្តឆក់ ក៏គ្មានប៊ូតុងអីដែរ។ 

វគ្គទី ២៖ បន្ទាប់មក គេយកឆ្កែទាំងបីក្រុម ទៅដាក់ក្នុងប្រអប់មួយទៀតដែលមានខណ្ឌជាពីរផ្នែក។  ផ្នែកខាងឆ្វេងមានចរន្តឆក់ ឯផ្នែកខាងស្តាំជាទីទួលសុវត្ថិភាព អត់មានចរន្តឆក់ទេ ដោយនៅកណ្តាលមាន​របងទាបមួយខណ្ឌផ្នែកទាំងពីរពីគ្នា។ គេរចនារបងឲ្យទាបល្មម ដែលឆ្កែគ្រប់ក្រុមហក់ឆ្លងបានដោយស្រួល។ 

បន្ទាប់មកគេដាក់ឆ្កែទាំងបីក្រុមនៅផ្នែកខាងឆ្វេងដែលមានចរន្តឆក់ ហើយក៏ឃើញថា ដំបូងក្រុមទីពីរ និងក្រុមទីបី នៅរត់ចុះឡើង ព្រូសបន្តិច សាកនេះសាកនោះ រហូតដល់ម្នាក់ៗប្រទះឃើញថា ខ្លួនអាចហក់ឆ្លងរបងទៅនឹង​ទៅ​ដល់កន្លែងអត់ឆក់បាន។ ផ្ទុយទៅវិញ ក្រុមទីមួយបែរជានៅដេកស្រប៉ាប មិនខំសាករកវិធីរំដោះខ្លួនពីចរន្តឡើយ បើទោះ​ជារបងទាបក្រញិកៗនៅនឹងមុខក៏ដោយ ក៏វាគ្មានទឹកចិត្តនឹងហក់សាកមើលដែរ។ 

រូបតំណាង

លទ្ធផលពិសោធន៍មួយនេះ បូករួមជាមួយនឹងលទ្ធផលពិសោធន៍ក្រោយៗលើសត្វផ្សេងៗ និងលើមនុស្សទៀត​ផងនោះ បានបង្ហាញឲ្យយើងឃើញយ៉ាងច្បាស់ថា ពេលដែលសត្វឬមនុស្ស ជួបបរាជ័យច្រើនដងៗទៅ ធ្វើឲ្យគាត់អាចនឹងអស់សង្ឃឹមបាក់ស្បាត ចាប់ផ្តើមជឿថា ទោះខ្លួនខំធ្វើអីក៏មិនអាចផ្លាស់ប្តូរបញ្ហាហ្នឹងបានដែរ អញ្ចឹងមានតែដេកចាំឲ្យវាបាត់ឯងតាមដំណើរទៅ មិនចាំបាច់ហត់ទោមនស្ស! 

វគ្គទី ៣៖ តែកុំទាន់អាលនាំគ្នាអាណិតឆ្កែក្រុមទីមួយអី ព្រោះថាគេមិនបានទុកឲ្យពួកវាដេកបាក់ស្បាតអស់សង្ឃឹម​អញ្ចឹងរហូតទេ។ មកដល់វគ្គ ៣ ក្រុមអ្នកវិទ្យាសាស្ត្រចង់ដឹងថា បើឆ្កែវាមានចរិតអស់សង្ឃឹមបាក់ស្បាតចឹងហើយ អាចធ្វើឲ្យវាមានសង្ឃឹមប្រឹងប្រែងតស៊ូវិញទេ? ដូច្នេះគេក៏សាកអូសពួកវាពីប្រអប់ដែលមានចរន្ត លើកវាឆ្លង​របង​មកកន្លែងដែលគ្មានចរន្តវិញ គេធ្វើអញ្ចឹងដដែលជាច្រើនដង រហូតដល់ពេលមួយ ក្រុមឆ្កែទីមួយរៀនដឹងថា សកម្មភាព ពួកវាផ្ទាល់អាចនាំឲ្យខ្លួនឈប់ឈឺដោយសារចរន្ត ហើយពួកវាក៏ចាប់ផ្តើមចេះហក់ឆ្លងរបងដោយខ្លួនឯង មិនបាច់មាន គេអូសទៀតទេ! 

មនុស្សយើងក៏ចេះរៀនអស់សង្ឃឹមនិងបាក់ស្បាតដែរ

ការពិតទៅ មនុស្សយើងក៏មិនខុសពីឆ្កែក្រុមទីមួយប៉ុន្មានដែរ។  ឪពុកម្តាយ ក្រុមគ្រួសារ សង្គម និងវប្បធម៌យើង បានបង្រៀនយើងឲ្យគិត និងតបតជាមួយនឹងភាពជោគជ័យ និងបរាជ័យតាំងពីអើយមកម៉្លេះ! បើសំណាងក៏យើង រៀនចេះតស៊ូ បើមិនសំណាងក៏យើងរៀនចេះអស់សង្ឃឹមអញ្ចឹងទៅ។  

មនុស្សពីរនាក់មានកំរិតចេះដឹងស្មើគ្នា មានសមត្ថភាពប៉ិនគ្នា ជួបបញ្ហាដូចគ្នា តែម្នាក់បោះបង់ចោលគ្រប់បែបយ៉ាង ហើយក្លាយជាមនុស្សអស់សង្ឃឹម ឯម្នាក់ទៀតខំតស៊ូប្រឹងប្រែងរៀនពីកំហុសខ្លួន ហើយសាកវិធីដោះស្រាយថ្មីរហូត ទៅវិញ? ហេតុអីទៅ? 

ដូចឆ្កែក្រុមទីមួយ នៅវគ្គពីរអញ្ចឹង គ្នាយើងខ្លះមានទំលាប់បាក់ស្បាតឆាប់ អស់សង្ឃឹមពេលដែលយើងជួបបញ្ហាអីមួយ ដោយសារយើងធ្លាប់មានប្រវត្តិបរាជ័យ ធ្លាប់សាកច្រើនដងហើយនៅតែមិនអាចដោះស្រាយបញ្ហាបានហ្នឹងឯង! 

តែកុំភ័យ! មិនខុសពីក្រុមឆ្កែទីមួយនៅវគ្គបីទេ  បើយើងចាប់ផ្តើមបង្វឹកខ្លួនឲ្យឈប់អស់សង្ឃឹម ឲ្យចេះតស៊ូ រកផ្លូវថ្មី ពីឥលូវទៅ នោះមិនយូរទេ យើងនឹងឈប់បាក់ស្បាតឆាប់អស់សង្ឃឹមនោះទេ! 

អានុភាពនៃស្ទីលបកស្រាយ

សាកមកមើលសមីការខាងក្រោមនេះទាំងអស់គ្នា៖ 

បញ្ហា → ការបកស្រាយក្នុងចិត្តយើង  → អារម្មណ៍ → សកម្មភាពខាងក្រៅ

ប្រសិនបើមនុស្សពីរនាក់អាចជួបបញ្ហាដូចគ្នា តែបែរជាមានអារម្មណ៍ និងសកម្មភាពខុសគ្នាដាច់ស្រលះនោះ អ្វីដែលខុសគ្នាគឺការបកស្រាយក្នុងចិត្តរបស់គេទាំងពីរហើយ! នេះគេហៅថា ស្ទីលបកស្រាយ (explanation style) ។ 

ស្ទីលបកស្រាយ គឺជាទំលាប់ដែលចិត្តមនុស្សម្នាក់ៗតែងបកស្រាយបញ្ហា ភាពជោគជ័យ និងរឿងផ្សេងៗដែលកើតឡើងក្នុងជីវិតគាត់។ ការបកស្រាយក្នុងចិត្តយើង អាចកើតឡើងលឿនដូចផ្លេកបន្ទោរ ដែលជាហេតុធ្វើឲ្យមនុស្សភាគច្រើនមិនចាប់អារម្មណ៍ដឹងពីវាឡើយ។ 

ជាធម្មតា ពេលមានរឿងអីមួយកើតឡើង មិនថាល្អ ឬអាក្រក់ឡើយ  ចិត្តមនុស្សយើងតែងបកស្រាយវា​ដោយ​មើលលើ​កត្តាបីយ៉ាង៖

បុគ្គល៖ តើនេះជាកំហុសរបស់ខ្ញុំ ឬអត់ទេ? [ខ្ញុំ / មិនមែនខ្ញុំ]

ជានិច្ចកាល៖ តើវានឹងបន្តអញ្ចឹងរហូតទៅឬអត់ ? តើពេលណាទើបវាឈប់? [រហូត / មិនរហូត]

រីករាលដាល៖ តើវានឹងប៉ះពាល់ដល់ផ្នែកផ្សេងៗនៃជីវិតខ្ញុំទេ? [គ្រប់យ៉ាង / មិនគ្រប់យ៉ាង]

រូបភាពបានមកពី៖ Duoergun17

ទីលបកស្រាយសុទិដ្ឋិនិយម

នៅក្នុងសៀវភៅ  រៀនសុទិដ្ឋិនិយម និពន្ធដោយលោកម៉ាទីន សេលីកមេន (Learned Optimism by Martin Seligman) គាត់បានបកស្រាយយ៉ាងលំអិតទាក់ទងនឹងលទ្ធផលនៃការស្រាវជ្រាវជាច្រើនពីសុទិដ្ឋិនិយម ហើយបានអះអាងជាចុងក្រោយថា មនុស្សសុទិដ្ឋិនិយម តែងបកស្រាយបញ្ហាខ្លួន ដោយប្រើស្ទីល មិនមែនខ្ញុំ / មិនរហូត / មិនទាំងអស់។ ឧទាហរណ៍ យើងមានគន្ធា ដែលខំប្រឹងធ្វើការយូរហើយ តែមេបែរជាតំឡើងតំណែងរបស់អ្នកផ្សេងទៅវិញ។ នាងក៏គិតក្នុងចិត្តថា៖ «នេះមិនមែនជាកំហុសខ្ញុំទេ។ ប្រហែលជាក្រុមហ៊ុនចង់បានអ្នកដែលធ្វើការច្រើនឆ្នាំ ហើយមានបទពិសោធន៍ច្រើន [មិនមែនខ្ញុំ]។ ប្រសិនបើខ្ញុំបន្តខំធ្វើការប៉ុន្មានឆ្នាំទៀត គង់តែដល់ពេលខ្ញុំមានបទពិសោធន៍គ្រប់គ្រាន់នឹងទទួលតំណែងហ្នឹងទេ [មិនរហូត]។» ពេលទៅដល់ផ្ទះ នាងមានអារម្មណ៍ស្រង៉ាកចិត្តបន្តិចមែន តែមិនដល់ថ្នាក់អត់ទៅហាត់ប្រាណ ឬមិនចេញទៅជួបមិត្តភក្តិនោះទេ ព្រោះថា ទោះជានាងមិនទាន់មានបទពិសោធន៍គ្រប់គ្រាន់ដើម្បីឡើងតំណែងនៅកន្លែងការងារ ក៏នាងនៅមាន​សមត្ថភាពគ្រប់គ្រាន់សំរាប់ហាត់ប្រាណ និងធ្វើជាមិត្តល្អដែរ [មិនគ្រប់យ៉ាង]។

ផ្ទុយទៅវិញ ពេលដែលមនុស្សសុទិដ្ឋិនិយមទទួលបានជោគជ័យក្នុងជីវិតវិញ ពួកគាត់ចូលចិត្តប្រើស្ទីល ខ្ញុំ/ រហូត/ ទាំងអស់ ទៅវិញ។ ឧទាហរណ៍បើគន្ធាបានឡើងតំណែងវិញ នាងគិតថា៖ «ជយោ! ខិតខំប្រឹងប្រែងច្រើនឆ្នាំមកនេះ ទីបំផុតបានជោគជ័យហើយ [ខ្ញុំ]! បើខ្ញុំនៅបន្តខិតខំធ្វើការងារឲ្យបានល្អទៀតនោះខ្ញុំនឹងឡើងតំណែងរឹតតែខ្ពស់ជាងនេះទៅទៀត [រហូត]។ ហើយដោយសារខ្ញុំពូកែខិតខំធ្វើការដូចនេះ ខ្ញុំក៏ពូកែក្នុងការហាត់ប្រាណ និងធ្វើជាមិត្តល្អដែរ! [គ្រប់យ៉ាង]»

បើយោងតាមការស្រាវជ្រាវរបស់បណ្ឌិតសេលីកមែន មនុស្សសុទិដ្ឋិនិយមដែលគិតរបៀបនេះ តែងមានសុខភាពល្អ មានភាពជោគជ័យក្នុងការងារ ហើយសប្បាយចិត្តជាងអ្នកដែលគិតរបៀបទុទិដ្ឋិនិយម ។ 

រូបភាពបានមកពី៖ ជឺហ្សី វឺហ្សី (Jerzy Werzy)

ស្ទីលបកស្រាយរបៀបទុទិដ្ឋិនិយម

ចុះមនុស្សទុទិដ្ឋិនិយមវិញនោះ? និយាយទៅ ពួកគាត់គឺគិតផ្ទុយពីអ្នកខាងលើតែម្តង!​ ពេលដែលមានបញ្ហាអីមួយកើតឡើង មនុស្សទុទិដ្ឋិនិយមគិតថា៖ ខ្ញុំ/ រហូត/ គ្រប់យ៉ាង។ ឧបមាថាយើង​ងាកទៅមើល លីដែលជាមិត្តរួមការងាររបស់គន្ធាម្នាក់។ ពីរនាក់គេនេះមានកំរិតចំណេះដឹង និងសមត្ថភាព​ស្រដៀងៗគ្នា។ ពេលដែលមេតំឡើងតំណែងឲ្យអ្នកផ្សេងពីខ្លួន លីគិតថា៖ «ហ្នឹងមកពីខ្ញុំកើតមកមិនសំណាងសោះ និយាយទៅគឺខ្ញុំមិនមានដុងជាអ្នកដឹកនាំគេតែម្តង [ខ្ញុំ]។ ដោយគ្មានដុងជាមេគេពីកំណើតទៅហើយ អញ្ចឹងទៅ​ថ្ងៃមុខក៏ពិបាកនឹងឡើងតំណែងដែរ [រហូត]។» គិតដូចនេះ ធ្វើឲ្យលីមានអារម្មណ៍អស់សង្ឃឹម ហើយធ្លាក់​ទឹកចិត្តមែនទែន។ ពេលមកដល់ផ្ទះ គាត់គ្មានកំលាំងទៅហែលទឹក ឬចេញក្រៅលំហែរជាមួយមិត្តភក្តិឡើយ ព្រោះគាត់គិតថា បើធ្វើការអន់យ៉ាងនេះ គាត់ក៏អន់ខាងហែលទឹក និងអន់រឿងធ្វើមិត្តល្អដាក់គេដែរ! [គ្រប់រឿង]

ផ្ទុយទៅវិញ ពេលដែលមានរឿងល្អកើតឡើង មនុស្សទុទិដ្ឋនិយមចូលចិត្តប្រើស្ទីល មិនមែនខ្ញុំ/ មិនរហូត/ មិនគ្រប់យ៉ាង។ ឧបមាថាលីបានឡើងតំណែង គាត់អាចនឹងគិតថា៖ «ហ្នឹងដោយសារខ្ញុំមានសំណាងល្អមួយពេលនោះទេ ដោយសារក្រុមហ៊ុនអស់មនុស្សល្អហ្នឹងបានជាគេរើសខ្ញុំ [មិនមែនខ្ញុំ]។ អញ្ចឹងទៅថ្ងៃមុខ មិនស្រួលនឹងឡើងតំណែងលើនេះ ឬរក្សាតំណែងនេះឡើយ [មិនរហូត]។» លីគិតថាជោគជ័យការងារមួយនេះ ជាសំណាងមួយពេល អញ្ចឹងវាមិនបានបន្ថែមជំនឿទុកចិត្តថាគាត់អាចពូកែហែលទឹក ឬពូកែធ្វើជាមិត្តល្អនោះឡើយ [មិនគ្រប់យ៉ាង]។  ដោយសារស្ទីលបកស្រាយទុទិដ្ឋិនិយមនេះ ធ្វើឲ្យលីមិនបានសប្បាយចិត្ត ឬមានមោទកភាពសោះ បើទោះគាត់ទទួលជោគជ័យក្នុងការងារក៏ដោយ! 

អញ្ចឹងហើយបានជា មនុស្សទុទិដ្ឋនិយមតែងងាយនឹងកើតជំងឺបាក់ទឹកចិត្ត (depression) មិនសូវជាសកម្ម មិនងាយទទួលបានជោគជ័យក្នុងការងារ ឬមានទឹកចិត្តសប្បាយរីករាយដូចមនុស្សសុទិដ្ឋិនិយមឡើយ។ វាត្រូវហើយ! បើពេលជោគជ័យក៏សេដ ពេលបរាជ័យក៏សេដ នរណាមិនបាក់ទឹកចិត្តនោះ?

រូបភាពបានមកពី៖​ ចេ រ៉េមលី Jaie Ramlee)

តថសុទិដ្ឋិនិយម (realistic optimism)

អានមកដល់ត្រឹមនេះ អ្នកខ្លះប្រហែលគិតថា អញ្ចឹងយើងទាំងអស់គ្នាគួរប្រែខ្លួនជាមនុស្សសុទិដ្ឋិនិយម​គ្រប់ពេល​តែម្តងទៅមិនល្អហ្អី? គឹឲ្យតែមានបញ្ហាអីកើតឡើងមក យើងគិតថា៖ «អេ! នេះមិនមែនជាកំហុសខ្ញុំទេ! ហើយវាមិនប៉ះពាល់ដល់រឿងផ្សេងឡើយ តិចទៀតទៅវានឹងបាត់ទៅដោយខ្លួនឯងហើយ!» ស្មេរសូមឲ្យអ្នកឈប់ ដើម្បីគិតពិចារណាបន្តិចសិន…

ឧទាហរណ៍ថាអ្នកកំពុងធ្លាក់ខ្លួនឈឺខ្លាំង តើសមទេដែលអ្នកគិតពោរពេញដោយសុទិដ្ឋិនិយមថា៖ «នេះមិនមែនជា​កំហុសខ្ញុំឡើយ! ជំងឺហ្នឹងមិនមែនកើតឡើងដោយសារខ្ញុំមិនបានដេកពួនគ្រប់គ្រាន់ ញ៉ាំរបស់មិនល្អ ហើយអត់ហាត់​ប្រាណ​ច្រើនខែកន្លងមកហើយនេះទេ។ បញ្ហាសុខភាពដ៏ធ្ងន់ធ្ងរមួយនេះនឹងមិនជះឥទ្ធិពលដល់ផ្នែកផ្សេងៗនៃជីវិតខ្ញុំឡើយ អញ្ចឹងមិនបាច់បារម្ភភ័យ​រកពេទ្យមើលពេកទេ ទុកតិចទៀតទៅ វានឹងបាត់ដោយខ្លួនឯងហើយ!»

បើរស់នៅរបៀបនេះ យើងនឹងងាយប្រឈមមុខនឹងគ្រោះថ្នាក់ដល់ជីវិតច្រើនជាមិនខានឡើយ! ណាមួយ គេក៏ពិសោធន៍ឃើញថា មនុស្សដែលសុទិដ្ឋិនិយមជ្រុលតែងប្រមាណខ្លួនខ្លាំងជាងសមត្ថភាពពិតរបស់ខ្លួន។ និយាយទៅ គឺគាត់មើលមិនឃើញការពិតនោះទេ គាត់តែងបំប្លែងការពិតឲ្យក្លាយជារឿងវិជ្ជមានខ្លាំង ដើម្បីឲ្យវាស៊ីជាមួយនឹងជំនឿដែលជឿថាខ្លួនមានសមត្ថភាពខ្ពស់ ហើយជីវិតពោរពេញដោយរឿងល្អ!

ធ្វើដូចនេះ នាំឲ្យគាត់មានក្តីសុខសប្បាយចិត្ត និងមានទំនុកចិត្តខ្លាំង តែពេលដែលគាត់ចាំបាច់ត្រូវប្រឈមនឹង​ការពិតដែលមានភាពអវិជ្ជមានខុសពីជំនឿខ្លួននោះ គាត់នឹងពិបាកយល់ពីស្ថានការពិតប្រាកដ ហើយពិបាកនឹងទទួលយកចំណុចខ្វះខាតរបស់ខ្លួនឯង របស់មនុស្សជុំវិញ និងសង្គមពិតជាមិនខាន។  

ថាមនុស្សសុទិដ្ឋិនិយមទៅ មើលមិនឃើញការពិត ឯមនុស្សទុទិដ្ឋិនិយមក៏មើលមិនឃើញការពិតទាំងស្រុងដែរ! ពួកគាត់ភាគច្រើនតែងជឿថា ខ្លួនមើលឃើញភាពពិតនៃពិភពលោកដ៏ព្រៃផ្សៃមួយនេះ ថាតាមពិត មនុស្សណា​ក៏អាត្មានិយម ចង់បានតែប្រយោជន៍ខ្លួន ហើយជីវិតគឺពោរពេញដោយភាពអយុត្តិធម៌ ខំប្រឹងធ្វើអីក៏មិនមាន​ប្រយោជន៍អាចផ្លាស់ប្តូរបានដែរ! 

តែការគិតបែបនេះមិនមែនជាតថភាពមួយរយភាគរយនោះទេ! នៅលើលោកនេះក៏មានមនុស្សល្អ ក៏មានបុណ្យ មានសកម្មភាពល្អ និងមានក្តីសង្ឃឹមច្រើនក្រែលផងដែរ។ មនុស្សទុទិដ្ឋិនិយមជ្រុល ក៏មានទំលាប់បំប្លែងការពិតដែរ គឺគាត់ប្តូរវាឲ្យអវិជ្ជមានជ្រុល ដើម្បីតម្រូវតាមការគិតអវិជ្ជមានស្រាប់របស់គាត់។ 

ថភាពជាក់ស្តែងនោះគឺ ក្នុងពិភពលោកទាំងមូល ក្នុងសង្គមយើងនេះ ក្នុងជីវិតម្នាក់ៗ ទាំងពេលមុន ពេលបច្ចុប្បន្ន និងពេលអនាគត គឺតែងមានទុក្ខ និងសុខ មានជោគជ័យ និងបរាជ័យនៅលាយឡំគ្នា មានអំពើអយុត្តិធម៌ ព្រៃផ្សៃ អត្មានិយម តែក៏មានសប្បុរសធម៌ យុត្តិធម៌ និងអំពើល្អចេញពីចិត្តផង​ដែរ។ រឿងខ្លះជាកំហុសយើង ខ្លះក៏មិនមែន។ រឿងខ្លះមានឥទ្ធិពលយូរ ខ្លះក៏ឆាប់បាត់។ ហើយរឿងខ្លះអាចប៉ះពាល់ដល់រឿងគ្រប់យ៉ាង ខ្លះក៏អត់នោះទេ!ពេលដែលយើងចាប់តែម្ខាង មិនថាខាងវិជ្ជមាន ឬខាងអវិជ្ជមានសុទ្ធនោះ យើងមិនអាចឃើញការពិតទាំងស្រុងឡើយ ជាហេតុនាំឲ្យយើងអាចនឹងប្រតិកម្មខ្លាំងជ្រុល ឬតិចជ្រុលចំពោះរឿងខ្លះ។  

ដោយហេតុនេះហើយ បានជាស្មេរគិតថា មនុស្សឆ្លាតគឺគួរដឹងពីសងខាងនៃការពិតនេះ ហើយចេះប្រើប្រាស់​គ្រប់ស្ទីលបកស្រាយផ្សេងៗគ្នាឲ្យត្រូវកាលៈទេសៈ។ រឿងដែលសំខាន់ អាចនឹងយើងគួរប្រើស្ទីលទុទិដ្ឋិនិយមបន្តិច ឯរឿងដែលមិនសូវសំខាន់ ក៏គួរប្រើស្ទីលរាងសុទិដ្ឋិនិយមវិញ។ 

កិច្ចការផ្ទះ៖ វិភាគ និងកត់ត្រាស្ទីលបកស្រាយរបស់អ្នកផ្ទាល់!

ក្រោយពេលអានទ្រឹស្តីឡើងពេញមួយអត្ថបទហើយ ដល់ពេលអ្នកសាកខ្លួនឯងផ្ទាល់ហើយ  បានអាចឃើញថា ស្ទីលបកស្រាយនេះមានអានុភាពខ្លាំងប៉ុណ្ណា!

អញ្ចឹងប្រាំពីរថ្ងៃខាងមុខនេះ ក្នុងមួយថ្ងៃៗ ស្មេរសូមឲ្យអ្នកសាករើសរឿងយ៉ាងហោចមួយរឿង មកវិភាគ ហើយកត់ទុក។ ពេលដែលមានរឿងអីកើតឡើង មិនថាល្អ ឬអាក្រក់ តូចឬធំទេ សាកយកវាមកវិភាគរកស្ទីល​បកស្រាយរបស់អ្នកទៅមើល។ 

ឧបមាថា ថ្ងៃនេះ អ្នកផ្ញើសារអរុណសួស្តីទៅសង្សារអ្នក តែដល់ពេលថ្ងៃត្រង់ហើយ ទើបគាត់ឆ្លើយតបមកវិញ។ សាកវិភាគរបៀបបកស្រាយ អារម្មណ៍ និងសកម្មភាពរបស់អ្នកទៅមើល! សំខាន់ត្រូវចាំថា យើងគ្រាន់តែចង់​ស្គាល់ខ្លួនឯងប៉ុណ្ណោះ ដូច្នេះត្រឹមជំហាននេះ កុំជេរស្តី ឬថាខ្លួនឯងគិតត្រូវឬខុសអី គ្រាន់តែដឹងថាខ្លួនគិតអី មានអារម្មណ៍យ៉ាងណា ធ្វើអ្វីខ្លះទៅបានហើយ។ ចាំទៅអត្ថបទមុខៗ ចាំយើងរៀនបំប្លែងវា តម្រង់វាឲ្យត្រូវ។ នរណាគេក៏ធ្លាប់គិតខុសដែរ អញ្ចឹងកុំជេរស្តីបន្ទោសខ្លួនឯងអីណា! ធ្វើជាមិត្តចាំជួយកែតម្រូវខ្លួនឯងដោយមេត្តាធម៌ទើបឡូយ! 

រូបភាពបានមកពី៖ យ៉ាបូមី (Yabomi)

ថ្ងៃ៖ ២០ ឧសភា ២០២០

រឿង៖ ផ្ញើសារទៅសង្សារ តែទាល់តែ ៥ ម៉ោងក្រោយមកទើបគេឆ្លើយតប

ស្ទីលបកស្រាយ៖ មកពីគាត់លែងស្រឡាញ់ខ្ញុំដូចមុនហើយ។ ឲ្យសមមុខហើយ មនុស្សដូចខ្ញុំអញ្ចឹង នរណាគេស្រឡាញ់បានយូរនោះ? ចរិតក៏អន់ មុខក៏អត់ស្អាត! សង្សារខ្ញុំស្អាតប៉ុណ្ណឹងដែរ… ឆ្ងល់ណាស់ថា ពេលណាទើបគាត់សុំបែកពីខ្ញុំ? ឬក៏គេចាប់ផ្តើមបង្ហើបប្រាប់សញ្ញាថាចង់បែកបន្តិចម្តងៗហើយ? តាំងពីដើមមក មិនដែលមាននរណាស្រឡាញ់ថែរក្សាខ្ញុំបានជាប់លាប់ទេ ទាំងឪពុកម្តាយ បងប្អូន មិត្តភក្តិ និងសង្សារចាស់ជាដើម។ អ្នកដែលនិយាយថាគេចូលចិត្តនៅជាមួយខ្ញុំហ្នឹង តាមពិតគេបោកកុហកខ្ញុំទេ! 

អារម្មណ៍៖ ខ្ញុំខឹងសង្សារខ្ញុំ ហើយតូចចិត្តនឹងខ្លួនឯង

សកម្មភាព៖ ខ្ញុំធ្វើជាព្រងើយកន្តើយ ហើយឆ្លើយតបសារសង្សារខ្ញុំរាងគំហកៗ ឌឺៗពេញមួយថ្ងៃ 

គួរចាំផងដែរថា មនុស្សយើងអាចមានស្ទីលក្នុងការបកស្រាយខុសៗគ្នា នៅក្នុងផ្នែកនីមួយៗនៃជីវិតយើង។ អ្នកអាចនឹងមានស្ទីលសុទិដ្ឋិនិយមក្នុងផ្នែកសិក្សា តែមានស្ទីលទុទិដ្ឋិនិយមក្នុងរឿងស្នេហាទៅវិញ។ ហ្នឹងជារឿងធម្មតាទេ ហើយជំហានទីមួយគឺយើងគ្រាន់តែដឹងពីវា យល់ពីវា ហើយមិនបង្ខំឲ្យវាដូរ ឬជេរស្តីខ្លួន​ឯងសិនទៅល្អបំផុតហើយ!

គិតៗទៅ ទោះអ្នកមានស្ទីលបកស្រាយខុសត្រូវដល់កំរិតណាក៏ដោយ ក៏អ្នកមិនសមនឹងបន្ទោសខ្លួនឯងដែរ។ ប្រាកដជាមានពេលណាមួយក្នុងជីវិតអ្នក មានរឿងអីមួយបានកើតឡើង ឬមាននរណាម្នាក់បាន​បង្រៀនអ្នក​ឲ្យគិតអញ្ចឹង។ ភាគច្រើន គឺយើងរៀនស្ទីលបកស្រាយពីឪពុកម្តាយយើងតាំងពីពេលយើងនៅតូចៗឯណោះ! 

តែក៏មិនអាចបន្ទោសពួកគាត់ដែរ បើស្ទីលខុសហ្នឹងធ្វើឲ្យអ្នកពិបាករស់នៅដល់ថ្នាក់នេះ ចុះទំរាំពួកគាត់​ត្រូវរស់នៅ​ជាមួយវាសឹងពេញមួយជីវិតមកហើយនោះវិញ តើពិបាកប៉ុណ្ណាទៅ? សួរថាគាត់ចង់ធ្វើអញ្ចឹងឬយ៉ាងណា? គ្មាននរណាចង់រស់នៅដោយគ្មានក្តីសុខទេ តែមកពីគាត់មិនបានមានឱកាសរៀនយល់ដឹង និងបំប្លែងវាទេ បានជាគាត់បន្តមានស្ទីលហ្នឹង ហើយបង្រៀនវាមកកូនសំណព្វចិត្តគាត់ដូច្នេះ! ឥលូវនេះ យើងមានឱកាស​អាចរៀនយល់ និងប្តូរវាហើយ នោះ យើងនឹងមិនបន្តបង្រៀនស្ទីលខុសទៅក្មេងជំនាន់ក្រោយទៀតឡើយ! 

ដូច្នេះសូមធ្វើលំហាត់នេះជារៀងរាល់ថ្ងៃឲ្យបាន ៧ ថ្ងៃ អ្នកនឹងចាប់ផ្តើមយល់ពីស្ទីលនៃការបកស្រាយរបស់ខ្លួនជាងមុនជាមិនខាន។ ពេលណាដែលអ្នកយល់ពីខ្លួនឯងជាងមុនហើយ យើងអាចបន្តរៀនបំប្លែងវានៅអត្ថបទក្រោយៗ!

អានកំរងអត្ថបទ «បង្កើនភាពជាអ្នកតស៊ូ» ទាំងអស់៖

1. ណែនាំពីការតស៊ូ តើការតស៊ូជាអ្វី?

2. អានុភាពនៃរបៀបបកស្រាយរបស់យើង៖ មិនមែនខ្ញុំ/ មិនជារហូត/ មិនគ្រប់រឿង ផ្ទុយនឹង ខ្ញុំ/ជារហូត/គ្រប់រឿង

3. ផ្តោតលើអ្វីដែលអ្នកអាចគ្រប់គ្រងបាន៖ រៀនដោះស្រាយបញ្ហាដែលអ្នកអាចដោះបាន

4. ឲ្យតម្លៃខ្លួនលើចរិតខាងក្នុងជាជាងរបស់ខាងក្រៅខ្លួន

5. រៀនឈប់បារម្ភហួសហេតុពេក! 

អានដល់ត្រឹមនេះ គឺជាចុងបញ្ចប់ផ្លូវការនៃអត្ថបទមួយនេះហើយ! ខាងក្រោមនេះ ស្មេរបានសរសេររ៉ាយរ៉ាប់ពីស្ទីលបកស្រាយល្អបំផុត ដែលស្មេរបានជួបប្រទះ។ ប្រសិនបើអ្នកចាប់អារម្មណ៍ចង់ដឹង ក៏អាចអានបន្ត បើអត់ ក៏អត់អីដែរ! 

រូបភាពបានមកពី៖ ហាណា ស្យាប (Hannah Sharp)

ស្ទីលបកស្រាយរបស់ចេង៖ មិនមែនតែខ្ញុំ / មិនរហូត/ មិនមែនគ្រប់យ៉ាង

នៅក្នុងអំឡុងពេល ៨ ឆ្នាំចុងក្រោយនេះ ខ្ញុំបានប្តូរស្ទីលពីម្ខាងទៅម្ខាងទៀតសាហាវម៉្យាងដែរ គឺបានប្តូរពីមនុស្សសុទិដ្ឋិនិយមជ្រុល ទៅជាទុទិដ្ឋិនិយមជ្រុលទៅវិញ! បកក្រោយមើលទៅ ទើបដឹងថា ពេលនៅខាងជ្រុល មិនថាខាងវិជ្ជមាន ឬអវិជ្ជមាន គឺខ្ញុំភ្នែកស្រវាំងមើលមិនឃើញការពិតដូចគ្នា។ 

 កាលនៅត្រឹមអាយុ ១៨ ឆ្នាំ វ័យក្មេងមិនទាន់ដឹងក្តី ខ្ញុំជាមនុស្សសុទិដ្ឋិនិយមជ្រុលខ្លាំង ដោយគិតថា ពិភពលោកគឺពោរពេញដោយមនុស្សចិត្តល្អ ហើយគេចូលចិត្តខ្ញុំគ្រប់ៗគ្នា និងពោរពេញដោយក្រុមការងារជាច្រើនដែលធ្វើការដើម្បីជួយអ្នកដទៃ! ការគិតបែបនេះធ្វើឲ្យខ្ញុំចង់ចេះចង់ដឹង ចង់សាករឿងគ្រប់មុខ ហើយមានភាពក្លាហានយ៉ាងខ្លាំង! វាក៏ធ្វើឲ្យខ្ញុំស្រួលចុះសំរុងជាមួយមនុស្សគ្រប់គ្នា ព្រោះខ្ញុំគិតថា នរណាៗក៏ស្រឡាញ់គោរពខ្ញុំដែរ…

កាលនោះ ខ្ញុំជាមនុស្សដែលមានក្តីសង្ឃឹមខ្ពស់ មានភាពតស៊ូ មិនដែលបោះបង់អីចោលនោះទេ ព្រោះថាមានរឿងអីកើតឡើងក៏ដោយ ក៏ខ្ញុំប្រើស្ទីល មិនមែនខ្ញុំ / មិនរហូត/ មិនគ្រប់យ៉ាង រហូត។ តែពេលដែលខ្ញុំបានជោគជ័យរឿងអី ខ្ញុំបែរជាគិតថា ហ្នឹងមកពីខ្ញុំទាំងស្រុង នាំឲ្យខ្ញុំមានមោទនភាព និងជំនឿទុកចិត្តលើខ្លួនឯងខ្ពស់យ៉ាងខ្លាំង! 

តែការគិតរបៀបសុទិដ្ឋិនិយមជ្រុលដូចនេះ មិនមែនល្អរហូតនោះទេ… ខ្ញុំដូចជាមនុស្សម៉្ញូប មើលមិនឃើញភាពអវិជ្ជមានក្នុងខ្លួនឯង ក្នុងអ្នកដទៃ និងពិភពលោកជុំវិញខ្លួនអញ្ចឹង។ និយាយទៅគឺខ្ញុំមិនដែលគិត មិនដែលជឿថា មានអ្នកខ្លះជាមនុស្សអាត្មានិយម ឬមានមនុស្សដែលស្អប់ជ្រេញខ្ញុំនោះទេ។ ហើយក៏មិនដែលសង្ស័យថា មានស្ថាប័នការងារខ្លះ តាំងខ្លួនថាកំពុងធ្វើល្អជួយសង្គម តែធាតុពិតធ្វើការដើម្បីតែប្រយោជន៍ មុខមាត់ និងចំណូលខ្លួនតែប៉ុណ្ណោះ។ 

ដល់ពេលប្រឡូកចូលសង្គម និងស្គាល់គេឯងច្រើនទៅៗ ខ្ញុំជួបប្រទះភុស្តតាងដែលបញ្ជាក់ យ៉ាងស្រស់ៗតែម្តងថា មានមនុស្សស្អប់ខ្ញុំពិតមែន មានអ្នកមិនខ្វល់ពីខ្ញុំ ហើយក៏មានស្ថាប័នដែលបន្លំខ្លួនថាខ្លួនល្អច្រើនទៅៗដែរ! ពេលនោះ ខ្ញុំចាំថា ខ្ញុំពិបាកនឹងទទួលយកការពិតនេះណាស់ តែងចូលចិត្តគេចវេះមិនគិតពីវាទៅវិញ។ 

រឹតតែធ្វើការ និងជួបមនុស្សច្រើនទៅៗ ជាពិសេសគឺពេលចាប់ផ្តើមបង្កើតវ៉ិបសាយវប្បធម៌នេះឯង ធ្វើឲ្យខ្ញុំឃើញភុស្តតាងនៃភាពអវិជ្ជមានកាន់តែច្រើនទៅៗ ដល់ថ្នាក់ធ្លាក់ក្នុងអន្លង់ងងឹត ក្លាយខ្លួនទៅជាមនុស្សទុទិដ្ឋិនិយមជ្រុលវិញម្តង។ ពេលអវិជ្ជមានបំផុតនោះគឺនៅឆ្នាំ ២០១៩ ហ្នឹងឯង គឺមានពេលមួយនោះ ខ្ញុំដល់ថ្នាក់សង្ស័យមនុស្សគ្រប់គ្នាថា គេនិយាយជាមួយខ្ញុំហ្នឹង តើចង់បានផលប្រយោជន៍អី? ហើយគេសរសើរនេះ មិនមែនចេញពីចិត្តទេ ប្រាកដជាចង់បានអីហើយ! 

រស់នៅដោយការសង្ស័យមនុស្សគ្រប់គ្នាក្នុងក្រសែភ្នែកអវិជ្ជមានរបៀបនេះ គឺធ្វើឲ្យខ្ញុំគ្មានភាពសប្បាយ ឬក្តីសុខក្នុងខ្លួននោះទេ ព្រោះវាហាក់ដូចជាមានកាំបិតមួយចាំចាក់ពីក្រោយ រាល់ពេលខ្ញុំទើបធ្វើអីមួយហើយ មិនថារឿងល្អ ឬរឿងអាក្រក់នោះទេ។ ក្រោយជួបនិយាយលេងជាមួយមិត្តភក្តិថ្មីហើយ? កាំបិតចាក់ច្រូច! ទើបចប់ប្រជុំ? កាំបិតចាក់ច្រូច! ទើបបញ្ចប់គំរោងសហការជាមួយគេហើយ? កាំបិតចាក់ច្រូច!  

ដល់ថ្នាក់ពេលមួយនោះ ខ្ញុំលែងសប្បាយនឹងអ្វីដែលខ្លួនធ្លាប់ចូលចិត្ត លែងមានអារម្មណ៍សរសេរ លែងចង់គូររូប អានសៀវភៅ ចេញជួបគេឯង ឬនិយាយលេងជាមួយមិត្តភក្តិទៀតផង ព្រោះធ្វើអីក៏អារម្មណ៍មិនល្អដែរ ធ្វើអីហើយក៏មានអារម្មណ៍វិជ្ជមាន គិតដល់រឿងអាក្រក់ជានិច្ច! សំខាន់ទៀតនោះ ការគិតសង្ស័យគេអាក្រក់គ្រប់គ្នាយ៉ាងនេះ គឺមិនយុត្តិធម៌សោះតែម្តង ចំពោះមនុស្សល្អៗដែលខ្ញុំបានជួបកន្លងមក ដែលពិតជាចូលចិត្តចង់ស្គាល់ខ្ញុំ ចង់ធ្វើការជាមួយខ្ញុំពិតមែននោះទេ! 

តែចេះសំណាងហើយ ដែលខ្ញុំមិនដែលបោះបង់ចោលឡើយ ចេះតែបន្តស្រាវជ្រាវពីជំងឺបាក់ទឹកចិត្ត និងស្ទីលបកស្រាយ ចេះតែព្យាយាមវិភាគថាហេតុអីខ្លួនឯងអស់ចំណង់ចំណូលចិត្ត អស់ទឹកចិត្តធ្វើអីសោះអញ្ចឹង ហើយសាកនេះសាកនោះរហូតមក ធ្វើឲ្យខ្ញុំរកឃើញស្ទីលបកស្រាយដែលធ្វើឲ្យខ្ញុំមើលឃើញការពិត តែនៅរក្សាសុទិដ្ឋិនិយមក្នុងចិត្តដដែល! ស្ទីលបកស្រាយនោះគឺ៖ មិនមែនតែខ្ញុំ/ មិនរហូត/ មិនមែនគ្រប់យ៉ាង។ 

«បុគ្គល៖ មិនមែនតែខ្ញុំ» ឥលូវនេះ បើមានរឿងអីមួយកើតឡើង មិនថាល្អឬអាក្រក់ទេ ខ្ញុំដឹងថាវាមិនមែនដោយសារខ្ញុំទាំងស្រុងនោះទេ។ សកម្មភាពរបស់ខ្ញុំ គឺគ្រាន់ជាកត្តាមួយក្នុងកត្តាជាច្រើនដែលនាំឲ្យមានរឿងហ្នឹងកើតឡើងនោះទេ។ 

ឧបមាថាខ្ញុំឈ្នះពានរង្វាន់អីមួយចុះ ប្រាកដណាស់ វាមិនមែនមកពីសំណាងខ្ញុំមួយរយភាគរយនោះទេ ខ្ញុំបានខិតខំប្រឹងប្រែងធ្វើការជាយូរឆ្នាំហើយ ទើបមានគេស្គាល់ ហើយលើកសរសើរដល់ថ្នាក់បានពានមួយនេះ។ តែរឿងនេះកើតឡើង ក៏មិនមែនដោយសារតែការខិតខំប្រឹងប្រែងរបស់ខ្ញុំតែម៉្យាងទេ គឺនៅមានកត្តាជាច្រើនទៀតចូលរួមគ្នាផងដែរ។ ប្រហែលជាបេក្ខជន បេក្ខនារីផ្សេងៗមិនសូវជាមានគេស្គាល់ដូចខ្ញុំ ប្រហែលជាពួកគាត់ធ្វើការល្អជាងខ្ញុំ តែមិនសូវចេះនិយាយលើកខ្លួនពេលគេសម្ភាសដូចខ្ញុំ ឬក៏គណៈកម្មការឲ្យពិន្ទុចូលចិត្តខ្ញុំជាងគេ ដោយមូលហេតុអីក៏មិនដឹងជាដើម! 

ចុះពេលដែលខ្ញុំទទួលបរាជ័យ ដូចថាពេលដែលខ្ញុំចង់ទទួលគំរោងមួយមកធ្វើ តែចុងក្រោយមិនបានទៅវិញ? ហ្នឹងជាកំហុសខ្ញុំ តែក៏មិនមែនកំហុសខ្ញុំទាំងស្រុងដែរ… សកម្មភាពខ្ញុំផ្ទាល់ប្រហែលបានជាកត្តាមួយចូលរួមឲ្យបរាជ័យហ្នឹងកើតឡើង ប្រហែលជាខ្ញុំសរសេរពាក្យស្នើរសុំមិនទាន់បានល្អគ្រប់ជ្រុងជ្រោយ ឬក៏ពេលទៅជួបប្រជុំសម្ភាស ខ្ញុំបកស្រាយមិនបានល្អ។ តែបរាជ័យហ្នឹង មិនមែនមកតែពីកំហុសខ្ញុំមួយទេ ប្រាកដជាមានកត្តាផ្សេងៗចូលរួមដែរហើយ!

ប្រហែលជាម្ចាស់គំរោងមានចិត្តចង់ឲ្យគំរោងហ្នឹងទៅគេផ្សេងមុនពេលខ្ញុំដាក់ពាក្យទៅហើយ ឬក៏ប្រហែលជាមានបញ្ហាបច្ចេកទេស ឬផ្នែកច្បាប់ណាមួយដែលរារាំងធ្វើឲ្យគេមិនអាចរើសខ្ញុំ ឬក្រុមហ៊ុនខ្ញុំបាន ឬក៏គំនិតដែលខ្ញុំលើកទៅហ្នឹង គឺមិនត្រូវនឹងអ្វីដែលគេចង់បានតែម្តង! អញ្ចឹង វាមិនមែនជាកំហុសយើង ក៏មិនមែនជាកំហុសគាត់ដែរ គឺដោយសារតែយើងចង់បានរបស់ខុសគ្នាតែប៉ុណ្ណោះ។ 

និយាយមែន ការគិតបែបនេះបានជួយបន្ថយស្ត្រេស កំហឹង និងភាពតូចចិត្តច្រណែនឈ្នានីសពីជីវិតខ្ញុំច្រើនមែនទែន! កាលមុន ខ្ញុំតែងពិបាកចិត្ត ហើយ បាក់ទឹកចិត្តច្រើនដង ដោយសារខ្ញុំគិតថា រឿងអីក៏ជាកំហុសខ្ញុំដែរ មិនថាបញ្ហាខ្លួនឯង បញ្ហាក្នុងសង្គម ឬបញ្ហាក្នុងជីវិតអ្នកដទៃទេ បើចេញមកល្អក៏មានមោទកភាពកប់ពពក តែបើចេញមកអាក្រក់ ក៏ទំលាក់ខ្លួនឯងដូចអាចមន៍ជន្លេន។ ឥលូវគឺមើលឃើញការពិតថា សកម្មភាពយើងគ្រាន់ជាកត្តាមួយក្នុងចំណោមកត្តាជាច្រើនតែប៉ុណ្ណោះ!

ម៉្យាងវិញទៀត ស្ទីលបកស្រាយមួយនេះក៏ជួយលើកទឹកចិត្តខ្ញុំខ្លាំងដែរ! ទោះជាខ្ញុំមិនអាចគ្រប់គ្រងរឿងអីមួយបាន ១០០ ភាគរយក៏ដោយ ក៏សកម្មភាពខ្ញុំតែងមានឥទ្ធិពលមិនថាតិចមិនថាច្រើនលើអនាគតនៃរឿងគ្រប់យ៉ាងទាំងអស់! ដូច្នេះ បើខ្ញុំខំប្រឹងធ្វើឲ្យល្អអស់ពីចិត្តពីកាយក្នុងពេលនេះ ប៉ុណ្ណឹងគឺវាល្អបំផុតហើយ។ លទ្ធផលនៅថ្ងៃមុខ ទោះចេញមកល្អ ឬអាក្រក់ ក៏ខ្ញុំអាចទទួលយកបាន ព្រោះថាវាមិនមែនជាកំហុសខ្ញុំឡើយ ខ្ញុំបានខិតខំប្រឹងប្រែងធ្វើកត្តាខ្ញុំអស់ពីកាយចិត្តហើយ កត្តាគេផ្សេងខ្ញុំមិនអាចប្តូរបានឡើយ! ដូច្នេះ ទោះលទ្ធផលយ៉ាងណា ក៏ខ្ញុំគ្មានការតូចចិត្ត ស្តាយក្រោយ ឬកំហឹងអីច្រើនទេ! 

រូបភាពបានមកពី៖ colorwhistle

«ជានិច្ចកាល៖ មិនរហូត» ខ្ញុំឃើញការពិតច្បាស់តែម្តងថា គ្មានអ្វីដែលមិនផ្លាស់ប្តូរនោះទេ មិនថារឿងល្អ មិនថារឿងអាក្រក់ក៏ដោយ ក៏វានឹងដូរនៅថ្ងៃណាមួយជាមិនខាន។ អ្នកខ្លះថា គិតបែបហ្នឹងទុទិដ្ឋិនិយមណាស់ តែសំរាប់ខ្ញុំ វាបែរជាជួយឲ្យខ្ញុំមានសង្ឃឹមច្រើនទៅវិញទេ ព្រោះថា ទោះជាក្នុងពេលបច្ចុប្បន្ននេះ កំពុងកើតមានរឿងវាអាក្រក់ដុនដាបខ្មៅងងឹតដល់ថ្នាក់ណាទេ គង់មានថ្ងៃណាមួយវានឹងផ្លាស់ប្តូរជាមិនខាន។ 

បើនិយាយពីរឿងល្អវិញ កាលបើយើងដឹងថា វានឹងមិននៅស្ថិតស្ថេរជារៀងរហូតនោះ យើងនឹងមានចិត្តអរគុណដល់វា ហើយព្យាយាមសោយសុខវាទាន់ពេលយើងនៅមានវាជាមិនខាន។  តែល្អមួយទៀត ត្រង់ថាដល់ពេលដែលវាត្រូវផ្លាស់ប្តូរ ឬចាកចេញនោះ យើងក៏មិនពិបាកនឹងទទួលការពិតខ្លាំងដែរ ព្រោះយើងបានតាំងចិត្តរួចជាស្រេចមកហើយ! 

រឿងគ្រប់យ៉ាងនឹងផ្លាស់ប្តូរនៅថ្ងៃអនាគត ហើយសកម្មភាពដែលយើងធ្វើថ្ងៃនេះ អាចនាំឲ្យរឿងមួយហ្នឹងប្តូរទៅខាងនេះ ឬខាងនោះលឿនជាងមុន។ ឧបមាថា យើងចង់ឃើញសង្គមខ្មែរ សំបូរទៅដោយមនុស្សឆ្លាតចេះយល់ខុសត្រូវ ហើយមានចិត្តល្អចេះយកអាសាគ្នាហ្អ៎? អូខេ តែជាក់ស្តែង ទំរាំដូរបានមួយសង្គម ប្រហែលត្រូវការពេល ១០ ជំនាន់អីឯណោះ! តែសកម្មភាពដែលអ្នកធ្វើ របៀបដែលអ្នករស់នៅ របៀបដែលអ្នកនិយាយនិងជួយគេឯង ការងារដែលអ្នកធ្វើក្នុងពេលនេះ ថ្ងៃនេះ ជំនាន់នេះ នឹងជួយនាំឲ្យសង្គមយើងផ្លាស់ប្តូរទៅផ្លូវដែលអ្នកចង់បានហ្នឹងលឿនជាងមុនបន្តិច! 

បើរបៀបដែលអ្នករស់នៅ ប្រាស្រ័យទាក់ទងជាមួយគេឯង និងធ្វើការ ពោរពេញដោយការយល់ខុស កំហឹង និងភាពស្អប់ នោះសកម្មភាពរបស់អ្នក នឹងជួយរុញសង្គមយើងឲ្យចាកឆ្ងាយពីក្តីស្រមៃអ្នកបន្តិច។ តែបើអ្នករស់នៅ ប្រាស្រ័យទាក់ទងជាមួយគេ និងធ្វើការពោរពេញដោយការចេះយល់ខុសត្រូវ និងចេះជួយយកអាសាគ្នានោះ សកម្មភាពអ្នក នឹងជួយរុញសង្គមយើងឲ្យទៅក្តីស្រមៃលឿនជាងមុនបន្តិចផងដែរ! ការយល់ឃើញរបៀបនេះ ធ្វើឲ្យខ្ញុំមានទឹកចិត្តបន្តធ្វើរឿងល្អ និងរស់នៅដោយល្អ បើទោះជាសង្គមយើងមើលទៅសឹងតែកែមិនឡើងក៏ដោយ! 

«រីករាលដាល៖ មិនមែនគ្រប់យ៉ាង» ការពិតទៅ អ្វីៗគ្រប់យ៉ាងគឺជាប់ជំពាក់ពាក់ព័ន្ធគ្នាទាំងអស់! ប្រសិនបើអ្នកបរាជ័យនៅក្នុងផ្នែកណាមួយក្នុងជីវិត អារម្មណ៍អវិជ្ជមានដែលអ្នកមានចំពោះរឿងហ្នឹង អាចទៅ​ប៉ះពាល់ធ្វើឲ្យស្អុយរលួយផ្នែកផ្សេងនៃជីវិតអ្នកផងដែរ។ ឧទាហរណ៍ថា ពេលថ្ងៃអ្នកដឹងថាខ្លួន​ទើបធ្លាក់​អាហារូបករណ៍ដែលអ្នកចង់បានមែនទែន សួរថាពេលយប់អ្នកមានអារម្មណ៍ចេញទៅរាំលេងជាមួយមិត្តភក្តិអត់? 

តែបើយើងចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯង នោះយើងអាចរារាំងមិនឲ្យវាចេញទៅរីករាលដាល បំពុលសកម្មភាពផ្សេងៗនៃជីវិតយើងទេ! បន្ថែមពីលើនេះទៀត បើយើងចេះឲ្យតម្លៃខ្លួនឯងលើចរិតខាងក្នុង ជាជាងផ្អែកលើភាពជោគជ័យ មាសប្រាក់ និងការកោតស្ញប់ស្ញែងពីអ្នកដទៃនោះ (ស្មេរនឹងសរសេរពីរបៀបធ្វើនេះ នៅអត្ថបទក្រោយៗ) ទោះមានរឿងអីកើតឡើងនៅខាងក្រៅខ្លួនអ្នកក៏ដោយ ក៏អ្នកមិនសូវពិបាកចិត្តខ្លាំងទេ ព្រោះតម្លៃខ្លួន និងភាពជឿជាក់ដែលផ្អែកលើចរិតខាងក្នុងគឺនៅថេរដដែល។ 

«អូខេ ខ្ញុំទើបធ្លាក់អាហារូបករណ៍ក៏ពិតមែន តែសញ្ញាប័ត្រមួយសន្លឹក មិនអាចជាសាក្ខីភាពនៃតម្លៃខ្ញុំនោះទេ។ ទោះគ្មានវា ក៏ខ្ញុំអាចនៅអាចយកពេលទៅសប្បាយជាមួយមិត្តភក្តិបាន ព្រោះខ្ញុំស្រឡាញ់ និងអរគុណដែលមានមិត្តដូចពួកវា។ ខ្ញុំនៅតែជាខ្ញុំ ខ្ញុំនៅតែមានតម្លៃ ទោះមានសញ្ញាប័ត្រអាហារូបករណ៍ឬក៏អត់ក៏ដោយ! បើសិនជាពិតជាចង់បានវាមែន ចាំខំធ្វើឲ្យល្អជាងនេះទៀតលើកក្រោយ!»

អញ្ចឹងបានជាស្មេរហៅស្ទីលនេះថា តថសុទិដ្ឋិនិយម គឺយើងមិនបិទភ្នែកមើលរំលងការពិត ឬកុហកខ្លួនឯងទេ តែយើងក៏នៅតែបន្តខិតខំធ្វើការ និងរស់នៅដើម្បីប្រែការពិតនោះឲ្យល្អទៅៗម្តងបន្តិចៗផងដែរ! គិតមើល ជីវិតដែលរស់នៅដោយគិតអញ្ចឹងមិនល្អទេឬ? 

រូបភាពដើមអត្ថបទបានមកពី៖ ណាវលីតូ (Naolito)

                               

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ