យើងដឹងហើយថា ការហាត់ប្រាណ គឺមានអត្ថប្រយោជន៍ច្រើនដល់សុខភាពមានដូចជា ជួយបង្កើនសាច់ដុំ សម្រកខ្លាញ់ ជួយឆ្អឹងរឹងមាំ កាត់បន្ថយស្ត្រេស ជួយឲ្យគេងលក់ស្រួល និងជួយដល់មុខងារខួរក្បាលជាដើម។ ដោយឡែកគ្នាយើងមួយចំនួនអាចនឹងមានចម្ងល់ថាតើការហាត់ប្រាណពេលណាល្អជាពិសេសសម្រាប់គ្នាយើងដែលចង់ហាត់ប្រាណសម្រកខ្លាញ់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការហាត់ប្រាណនៅពេលព្រឹកព្រលឹម គឺមានប្រយោជន៍ដល់យើងច្រើន ជាពិសេសសម្រាប់គ្នាយើងដែលហាត់ប្រាណសម្រកខ្លាញ់។ ការហាត់ប្រាណនៅពេលព្រឹកដោយមិនទាន់ញ៉ាំអីគឺជាវិធីល្អក្នុងការសម្រកខ្លាញ់ដែលអាចជួយសម្រកទម្ងន់បាន។ នេះមកពីអ័រម៉ូនក្នុងរាងកាយនៅពេលព្រឹកត្រូវបានបង្កើតឡើងដើម្បីជួយដល់ការសម្រកទម្ងន់។ ការហាត់ប្រាណនៅពេលព្រឹកក៏ជួយដល់ការធ្វើមេតាបូលីសពេញមួយថ្ងៃដែរ។
ម៉្យាងទៀត ការសិក្សាក៏បានលើកឡើងថាអ្នកហាត់ប្រាណពេលព្រឹកមិនសូវមានចំណង់អាហារទេដែលនេះអាចជួយមិនឲ្យឡើងទម្ងន់ និងជំរុញឲ្យយើងជ្រើសរើសរបបអាហារដែលល្អសម្រាប់សុខភាព។ ក្រៅពីជួយដល់ការសម្រកទម្ងន់ហើយ ការហាត់ប្រាណនៅពេលព្រឹកនៅមានប្រយោជន៍ដល់សុខភាពផ្លូវចិត្ត បញ្ចុះសម្ពាធឈាម និងជួយឲ្យគេងលក់ស្រួល ហើយក៏ជួយដាស់ស្មារតីក្នុងការបំពេញការងារពេញមួយថ្ងៃផងដែរ។
សម្រាប់គ្នាយើងដែលចង់ហាត់ប្រាណបែបលើកសាច់ដុំគួរជ្រើសរើសហាត់ប្រាណពេលរសៀល ឬពេលល្ងាចព្រោះអំឡុងពេលនេះកម្រិតអ័រម៉ូនខ្ពស់ ជាពិសេសអ័រម៉ូនតេស្តូស្តេរ៉ូន ដែលធ្វើឲ្យកម្រិតថាមពលក៏ខ្ពស់ដែរ។ គួរបញ្ជាក់ដែរថាគួរចៀសវាងការហាត់ប្រាណដែលប្រើកម្លាំងខ្លាំងនៅពេលជិតដល់ម៉ោងចូលគេងព្រោះអាចធ្វើឲ្យពិបាកក្នុងការគេង។ ប៉ុន្តែយើងអាចធ្វើលំហាត់ប្រាណមួយចំនួនដូចជាការដើរ ជិះកង់ ឬយ៉ូហ្គាដែលលំហាត់ប្រាណទាំងនេះអាចជួយដល់ដំណេករបស់យើងបានល្អ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet