ការតស៊ូជាអ្វីឲ្យប្រាកដ? មកស្វែងយល់​ពីអាថ៌កំបាំង​​ដើម្បី​​​​ក្លាយ​ជា​អ្នក​តស៊ូ​មួយ​រូប (ភាគ១)

//s5.kh1.co/ca/caac7f5c4fbba1b5dae3e440423cc412a2c56d07.png
យល់ដឹង

 ២៥-ឧសភា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ការតស៊ូ (resilience) ជាចរិតមួយ ដែលជួយឲ្យអ្នកមានភាពក្លាហានអាចប្រឈមមុខនឹងបញ្ហា ការបរាជ័យ និងភាពឈឺ​ចុក​ចាប់ (ទាំងផ្លូវកាយ និងផ្លូវចិត្ត) ម្តងហើយម្តងទៀត

សួស្តីអ្នកទាំងអស់គ្នា! ឥលូវសុខសប្បាយយ៉ាងណាដែរ? តើរស់នៅក្នុងស្ថានភាពកូវីដ១៩ ដូចនេះស្រួល ឬលំបាក? មានអារម្មណ៍ថាពិបាកសំរបខ្លួនជាមួយនឹងការផ្លាស់ប្តូរថ្មីៗ? ឬក៏អ្នកបានតាំងចិត្តទទួលស្គាល់ការផ្លាស់ប្តូរ ហើយបាន បង្កើតទំលាប់ថ្មីៗដើម្បីសំរបខ្លួន រកក្តីសុខក្នុងជីវិត ទោះត្រូវនៅផ្ទះច្រើនជាងមុន ហើយមិនសូវបានជួបមិត្តភក្តិ​ឬសង្សារក៏ដោយ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តើអ្នកពិបាកនឹងធ្វើឲ្យខ្លួនឈប់បារម្ភខ្លាចថាគ្រួសារ ឬខ្លួនអ្នកនឹងឆ្លងជំងឺមែនទេ?  ឬក៏អ្នកបានតាំងចិត្តថានឹង​ធ្វើអ្វីគ្រប់យ៉ាង​ដើម្បីបង្ការមិនឲ្យរឿងហ្នឹងកើតឡើង ហើយបន្តរស់នៅដោយមានក្តីសុខទៅមុខទៀត? 

និយាយឲ្យពិតមែនទៅ ក្នុងអំឡុងពេលចលាចលនេះ ស្មេរសប្បាយនឹងសង្កេតមើលពីរបៀបដែល​មនុស្សយើង​ឆ្លើយតបនឹងស្ថានភាពថ្មីណាស់ រួមទាំងប្រតិកម្មរបស់ស្មេរខ្លួនឯងផងដែរ។ ហើយខ្ញុំបានសង្កេតឃើញថា មនុស្សយើងមានរបៀបឆ្លើយតបពីរប្រភេទខុសៗគ្នា សំរាប់ពេលកូវីដនេះ ក៏ដូចជាសំរាប់ពេលដែលយើងជួប​បញ្ហាផ្សេងៗក្នុងជីវិតផងដែរ នោះគឺអ្នកខ្លះបាក់ស្បាត (helpless) ឯអ្នកខ្លះតស៊ូប្រយុទ្ធ (resilient)!

តើចរិតតស៊ូមានន័យថាម៉េច? 

ការតស៊ូ (resilience) ជាចរិតមួយ ដែលជួយឲ្យអ្នកមានភាពក្លាហានអាចប្រឈមមុខនឹងបញ្ហា ការបរាជ័យ និងភាពឈឺចុកចាប់ (ទាំងផ្លូវកាយ និងផ្លូវចិត្ត) ម្តងហើយម្តងទៀត។ 

មនុស្សដែលមានការតស៊ូ គឺច៉ែមួយនៅក្នុងថ្នាក់អ្នក ដែលប្រឡងធ្លាក់ម្តងជាម្តង ទោះអន់ចិត្តប៉ុណ្ណា ក៏ចុងក្រោយ​មិនដែលបោះបង់ចោលការសិក្សាដែរ។ គាត់នៅតែខំរៀន ខំសូត្រ ខំសួរគេសួរឯង ដោយសារគាត់ដឹងថា ឲ្យតែ​បន្តខំអញ្ចឹង គង់តែមានថ្ងៃប្រឡងបានពិន្ទុល្អជាងមុនទេ!

មនុស្សដែលមានការតស៊ូ​ គឺអ្នកដែលសុខចិត្តឲ្យខ្លួនឯងយំស្រែកពិបាកចិត្តមួយពេល ក្រោយពេលសង្សារសុំបែក។ តែពេលយំអស់ចិត្តហើយ នាយក៏យកដៃជូតទឹកភ្នែក ដោយសារគាត់ដឹងថា ក្រោយពេលភ្នែកយើងត្រូវ​បានលាង​ដោយទឹកភ្នែក យើងនឹងមើលឃើញពិភពលោកស្រស់ថ្លាជាងមុន គាត់ដឹងថា ប្រសិនបើគាត់រៀន​ពីកំហុស​នៃ​ស្នេហាលើកនេះ គាត់នឹងអាចមានស្នេហាលើកក្រោយដែលល្អជាងនេះ​ មិនសូវតុកសិចដល់ថ្នាក់នេះទៀតទេ។ 

មនុស្សដែលមានការតស៊ូ គឺជាអ្នកដែលអាចញញឹមក្រោយពេលគេដេញចេញពីការងារ ដោយសារគាត់ដឹងថា ឲ្យតែគាត់ប្រឹងស្វះស្វែង គាត់នឹងអាចរកបានការងារថ្មីមួយ ដែលអាចនឹងប្រសើរជាងការងារចាស់នេះទៀតផង!

និយាយឲ្យខ្លីទៅ អ្នកដែលតស៊ូមិនមែនថាជីវិតគាត់មិនជួបបញ្ហា ការឈឺចាប់ដូចអ្នកបាក់ស្បាតទេ គឺជួប​ស្មើតែគ្នាហ្នឹង។ គាត់ដឹងថាខ្លួនមិនមែនជាមនុស្សឆ្លាតជាងគេ ស្អាតជាងគេ មានទេពកោសល្យជាងគេ ឬចិត្តល្អជាងគេនោះទេ តែគាត់ដឹងច្បាស់ណាស់ថា ទោះមានអីកើតឡើងក៏ដោយ ទោះមេឃរលំ ភ្នំរលាយ គាត់គង់នឹងរកវិធីដោះស្រាយវាបាន អាចរៀនពីវាបាន ហើយប្រើប្រាស់វាឲ្យមានប្រយោជន៍នៅថ្ងៃ​អនាគតជាមិនខាន។ 

រូបភាពបានពី៖ គ្រីស្នាម៉ានី (Krishnaman)
រូបភាពបានពី៖ គ្រីស្នាម៉ានី (Krishnaman)

សារៈសំខាន់នៃការតស៊ូ

ស្មេរសូមនិយាយម្តងហើយម្តងទៀតថា ចរិតតស៊ូនេះជាចរិតមួយដែលមានសារៈសំខាន់មែនទែន​តែម្តង!​ មនុស្សម្នាក់ជោគជ័យឬមិនជោគជ័យ គឺមិនមែនដោយសារទេពកោសល្យគាត់សុទ្ធនោះទេ សំខាន់ជាងនេះទៅទៀតនោះគឺ ថាតើគាត់តស៊ូឬអត់! 

គិតមើលទៅមើល មនុស្សយើងម្នាក់ៗមានកំណើតមកមានការចូលចិត្ត និងដុងខុសៗគ្នា។ អ្វីដែលរឹតតែមានឥទ្ធពលលើសមត្ថភាពយើងទៀតនោះគឺជីវិតគ្រួសារពេលយើងនៅតូច! ជាធម្មតាទេ មានអ្នកខ្លះកើតមកក្នុងគ្រួសារដែលមានចំណេះ មានលុយ មានការប្រដៅល្អ បានរៀនសាលាថ្លៃជាង ធ្វើឲ្យគាត់មានឱកាសរៀនសូត្រ អភិវឌ្ឍខ្លួនបានច្រើន ធ្វើឲ្យគាត់មានសមត្ថភាពខ្លាំងទាំងនៅក្មេង។ 

ឯអ្នកខ្លះកើតមកក្នុងគ្រួសារអវិជ្ជា ក្រ មិនមានឱកាសចូលសាលាល្អ មិនបានជួបជាមួយមនុស្សល្អ ធ្វើឲ្យគាត់មិនមានឱកាសបានអភិវឌ្ឍខ្លួន ហើយដល់ធំហើយក៏មិនសូវមានសមត្ថភាពខ្លាំងដូចអ្នកប្រភេទ​ទីមួយដែរ។  

អារឿងជីវិតគ្រួសារពេលយើងនៅតូចហ្នឹង យើងមិនអាចគ្រប់គ្រងវាបានទេ តែឥលូវយើងធំហើយ យើងអាច​មានឱកាសក្តាប់ជីវិតយើងពីពេលនេះតទៅហើយ! ពិតណាស់ យើងមិនអាចបកក្រោយ​ទៅផ្លាស់ប្តូរអតីតកាល តែយើងអាចចាប់ផ្តើមផ្លាស់ប្តូរបច្ចុប្បន្នកាល និងអនាគតកាលយើងបានពីពេលនេះតទៅ! 

ឲ្យតែយើងខិតខំបន្តធ្វើ មិនបោះបង់ចោលក្តីស្រមៃ ទោះជាយើងភ្លើប៉ុណ្ណា ខ្វះទេពកោសល្យប៉ុណ្ណា មានបញ្​ហាផ្លូវចិត្តច្រើនប៉ុណ្ណា គង់តែមានថ្ងៃណាយើងនឹងឆ្លាតជាងមុន មានទេពកោលសល្យជាងមុន និងមានបញ្​ហាផ្លូវចិត្តតិចជាងមុនជាមិនខាន! 

ហេតុអ្វីបានជាស្មេរហ៊ានអះអាងដល់ថ្នាក់នេះ? មកពីខ្ញុំផ្ទាល់ជាភុស្តតាងបញ្ជាក់ថាការតស៊ូពិតជាមាន​ប្រសិទ្ធិភាពល្អពិតមែន! និយាយតាមត្រង់ទៅ ខ្ញុំកើតមកមិនមែនជាក្មេងឆ្លាតជាងគេ មានទេពកោសល្យអស្ចារ្យ ឬ ពូកែនិយាយពូកែចុះសំរុងជាមួយគេនោះទេ។

ខ្ញុំចាំច្បាស់ណាស់ថា នៅត្រឹមអាយុ ១៤ ឆ្នាំ ជាពេលដែលខ្ញុំចាប់ផ្តើមយល់ដឹងពីអារម្មណ៍ខ្លួនឯងច្រើនជាងមុន ហើយក៏ប្រទះឃើញថា ខ្លួនពិតជាគ្មានរបស់ទាំងអស់នោះមែន! កាលនោះខ្ញុំអត់មានជំនាញអីយកជាការបាននោះទេ ហើយក៏មិនពូកែនិយាយ មិនចេះមើលកាលៈទេសៈ មិនចេះយល់ពីមនុស្ស ហើយមិនយល់ពីការ​រាប់អាន​មិត្តភក្តិឲ្យបានជាប់លាប់នោះទេ។ ឯបញ្ហាផ្លូវចិត្តក៏មានច្រើនរាប់មិនចង់អស់ អត់មានភាពជឿជាក់លើខ្លួនឯង គិតថាខ្លួនឯងអន់ជាងគេ គិតថាខ្លួនឯងខ្លាំងជាងគេ មិនយល់ហើយក៏មិនចេះដោះស្រាយកំហឹងខ្លួនជាដើម ហើយសំខាន់កាលនោះគ្រួសារខ្ញុំក្រទៀតផង! 

រូបភាពបានមកពី៖ លូកាណា (LOOKarna)
រូបភាពបានមកពី៖ លូកាណា (LOOKarna)

មកដល់ពេលនេះ ១០ ឆ្នាំបានកន្លងផុតទៅហើយ បកក្រោយទៅមើលនិងវិភាគពីជំនាន់ហ្នឹងវិញ ក៏ឃើញថា​សំណាងខ្លាំងណាស់ ដែលទោះគ្មានអីក្នុងខ្លួន ក៏ខ្ញុំនៅមានចរិតមួយនោះគឺចរិតតស៊ូ ដោយសារខ្ញុំតែងជឿថា ឲ្យតែខ្ញុំខំប្រឹងស្រាវជ្រាវ និងអនុវត្ត គង់តែមានថ្ងៃដែលខ្ញុំអាចអភិវឌ្ឍខ្លួន សប្បាយចិត្តជាងមុន និងដោះស្រាយ​បញ្ហាទាំងអស់ហ្នឹងបានជាមិនខាន!

ដូច្នេះ ពីមួយថ្ងៃទៅមួយថ្ងៃ ខ្ញុំតែងខំរកវិធីថ្មីៗដើម្បីចំរើនចំណេះ និងការយល់ដឹងពីខ្លួនឯង ខំរៀនបំណិនក្នុងការ​ទំនាក់ទំនងជាមួយអ្នកដទៃ រៀនភាសាផ្សេងៗ រៀនពីចិត្តវិទ្យា និងការពង្រឹងសុខភាពផ្លូវចិត្ត ដោយការអានវ៉ិបសាយ អានសៀវភៅ ស្តាប់វីដេអូ សួរគេសួរឯង ហើយសាកល្បងគ្រប់វិធីដែលគេបានលើកឡើងហ្នឹងឯង។ 

ឧទាហរណ៍ជាក់ស្តែងមួយគឺបំណិនសរសេរ។ ប្រសិនបើអ្នកធ្លាប់អានអត្ថបទមុនៗ ប្រហែលដឹងហើយថា ខ្ញុំគិតថាទឹកដៃខ្លួនផ្ទាល់បានត្រឹម ៦ ទៅ ៧ ពិន្ទុលើ ១០ ប៉ុណ្នោះ។ តែទោះបានតែប៉ុណ្ណឹងក៏ខ្ញុំមិនតូចចិត្តដែរ ព្រោះខ្ញុំដឹងច្បាស់ណាស់ថា ឲ្យតែបន្តសរសេរ បន្តអាន បន្តស្រាវជ្រាវ និងសាកល្បងវិធីសរសេរថ្មីៗ គង់មាន​ថ្ងៃវាឡើងជាងហ្នឹងទេ!

ហេតុអីក៏ខ្ញុំជឿច្បាស់ក្នុងចិត្តយ៉ាងនេះ? គឺមកពីពេលដំបូងដែលខ្ញុំចាប់ផ្តើមរៀនសរសេរនៅលើប្លុក MsChengCorner   ប្រហែល ៧ ឆ្នាំមុន ទឹកដៃខ្ញុំគឺត្រឹម ២ ទៅ ៣ ពុងតែប៉ុណ្ណោះ! តែកាលណោះ​ក៏ខ្ញុំអត់តូចចិត្តច្រើនដែរ ដោយសារខ្ញុំដឹងថា ឲ្យតែហាត់សរសេរអត្ថបទថ្មីៗរហូតទៅ ទឹកដៃវានឹងឡើង​តាមហ្នឹងហើយ…

ការពិតគឺត្រូវដូចមាត់ពិតមែន។ មកដល់ពេលនេះ​ ខ្ញុំបានសរសេរប្រហែល ៤០០ អត្ថបទហើយ ទឹកដៃក៏បាន​ឡើងតាមហ្នឹងពិតមែន! ដូច្នេះបំណិនក្នុងការសរសេរនេះគឺខ្ញុំមិនមែនបានដោយ មានដុងពីកំណើត ឬឆ្លាត​ខាងហ្នឹងអីទេ ច្បាស់ណាស់គឺខ្ញុំបានដោយសារការតស៊ូបន្តសរសេរ អានសៀវភៅថ្មីៗ សាកល្បងស្ទីល​សរសេរ​ថ្មីៗជាច្រើនឆ្នាំនេះមក! 

លើសពីនេះទៅទៀត ចរិតតស៊ូនេះមិនមែននាំឲ្យខ្ញុំមានតែបំណិនសរសេរមួយទេ វាបាននាំឲ្យខ្ញុំមាន​អារម្មណ៍​ជឿជាក់លើខ្លួនឯង ការយល់ពីខ្លួនឯង បំណិនជីវិតទាំងអស់ទាំងការបង្រៀន ការបកប្រែ ការសរសេរ ការយល់ពី​ចិត្តវិទ្យា និងប្រាស្រ័យទាក់ទងគ្នាជាមួយអ្នកដទៃល្អ ហើយចំណេះដែលខ្ញុំចែកឲ្យអ្នកតាម​វប្បធម៌នេះ​សុទ្ធតែ​ជាផ្លែផ្កានៃការតស៊ូអាន ស្រាវជ្រាវ និងសាកល្បងសុទ្ធសាធតែម្តង!  បើខ្ញុំចង់យល់ពីអីមួយហើយ គឺ ខ្ញុំមិនងាយ​បោះបង់ទេ នៅតែក្រាញននាលព្យាយាមស្វែងរកចំលើយ ទោះប៉ុន្មានខែ ប៉ុន្មានឆ្នាំក៏នៅតែស៊ូ! 

រូបភាពបានមកពី៖ pinimg
រូបភាពបានមកពី៖ pinimg

ដោយសារបទពិសោធន៍ផ្ទាល់ខ្លួននេះឯង ទើបធ្វើឲ្យខ្ញុំជឿយ៉ាងច្បាស់ថា ចរិតតស៊ូ ជាចរិតដែលមានសារៈ​សំខាន់ខ្លាំងពិតប្រាកដមែន ដែលអាចជួយឲ្យយើងមានជីវិតដែលពោរពេញដោយក្តីសុខ និងជោគជ័យបាន! អ្នកអាចភ្លើ អ្នកអាចមានវិបត្តិផ្លូវចិត្តច្រើន អ្នកអាចនឹងអត់លុយ តែឲ្យតែអ្នកមានការតស៊ូ នោះអ្នកនឹងអាច​លើកខ្លួនឯងចេញពីអណ្តូងទាំងនេះបានម្តងបន្តិចៗជាមិនខាន!

អញ្ចឹងធ្វើយ៉ាងណាទើបខ្ញុំអាចមានការតស៊ូជាងមុន?

សួរបានល្អ! ការតស៊ូគឺមិនមែនកើតមកមានប៉ុណ្ណា វានៅថេរត្រឹមប៉ុណ្ណឹងរហូតទេ។ គ្រប់ចរិតទាំងអស់របស់​មនុស្សយើង គឺដូចជាសាច់ដុំអញ្ចឹង មនុស្សម្នាក់ៗកើតមកមានសាច់ដុំស្មើគ្នាទាំងអស់គ្នា គ្រាន់តែអ្នកខ្លះ​សាច់ដុំខ្សោយ ដោយសារគាត់មិនបានហាត់វា។ តែឲ្យតែយើងយកពេលហាត់វា នោះវានឹងរឹងប៉ឹង​ឡើងខ្លាំង​ម្តងបន្តិចៗជាមិនខាន។ ដូចគ្នាផងដែរ ឲ្យតែយើងយកពេលមកសិក្សា និងអនុវត្តចរិតយើង នោះវានឹងខ្លាំង​ទៅៗជាមិនខាន!

ដូច្នេះ មិនថាឥលូវអ្នកគ្មានការតស៊ូ ឬមានតិចតួចប៉ុណ្ណាទេ ឲ្យតែអ្នកបន្តអានកំរងអត្ថបទនេះ ហើយអនុវត្ត​តាមធីបដែលស្មេរឲ្យ អ្នកអាចហាត់សាច់ដុំតស៊ូ ឲ្យវារីកប៉ោងមានកំលាំងខ្លាំងជាងមុនជាមិនខាន! 

ស្មេរបានសរសេរកំរងអត្ថបទតស៊ូនេះឡើង ដោយការបញ្ចូលគ្នារវាងចំណេះពីសៀវភៅ រៀនសុទិដ្ឋិនិយម និពន្ធដោយលោកម៉ាទីន សេលីកមេន (Learned Optimism by Martin Seligman) ក៏ដូចជា ប្លុក The Art of Manliness (សិល្បៈនៃភាពជាបុរស) និងបទពិសោធន៍ស្មេរផ្ទាល់! កំរងនេះនឹងបកស្រាយជាលំអិតពី ៥ ជំហានដែលអ្នកអាចធ្វើបាន ដើម្បីពង្រឹងការតស៊ូរបស់អ្នក! ជំហាននីមួយៗ នឹងក្លាយជាអត្ថបទមួយ!

អានកំរងអត្ថបទ «បង្កើនភាពជាអ្នកតស៊ូ» ទាំងអស់៖

1. ណែនាំពីការតស៊ូ តើការតស៊ូជាអ្វី?

2. អានុភាពនៃរបៀបបកស្រាយរបស់យើង៖ មិនមែនខ្ញុំ/ មិនជារហូត/ មិនគ្រប់រឿង ផ្ទុយនឹង ខ្ញុំ/ជារហូត/គ្រប់រឿង

3. ផ្តោតលើអ្វីដែលអ្នកអាចគ្រប់គ្រងបាន៖ រៀនដោះស្រាយបញ្ហាដែលអ្នកអាចដោះបាន

4. ឲ្យតម្លៃខ្លួនលើចរិតខាងក្នុងជាជាងរបស់ខាងក្រៅខ្លួន

5. រៀនឈប់បារម្ភហួសហេតុពេក! 

អត្ថបទទីពីរនឹងចេញប្រហែល ២ អាទិត្យក្រោយអត្ថបទនេះ! ត្រៀមខ្លួនក្លាយជាអ្នកប្រយុទ្ធតស៊ូក្នុងជីវិតហើយឬនៅ? 

រូបភាពពីដើមអត្ថបទបានមកពី៖​ CloserAndCloser

Seang​ Sokcheng
Wapatoa (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T