អង់គ្លេស៖ អតីតខ្សែប្រយុទ្ធក្រុមបិសាចក្រហម Manchester United លោក Dimitar Berbatov បានលើកឡើងថា ខ្សែបម្រើស្លាបវ័យក្មេង Kai Havertz របស់ក្រុម Bayer Leverkusen អាចមកស្នងតំណែងកីឡាករ Eden Hazard បាន ប៉ុន្តែក៏បានព្រមានថា ការផ្លាស់ទៅក្របខណ្ឌ Premier League ទៅចូលរួមជាមួយ Chelsea ឬ Liverpool នៅរដូវក្ដៅខាងមុខ អាចនឹងលឿនពេកសម្រាប់គេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Havertz ជាកីឡាករដ៏លេចធ្លោមួយរូបនៅក្របខណ្ឌ Bundesliga ក្នុងរដូវកាលនេះ។ ពោលក្នុងចំណោមការបង្ហាញខ្លួន ២៣ប្រកួតក្នុងលីគ គេស៊ុតបាន១២គ្រាប់ និង បញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន៥ដង។
ទន្ទឹមនឹងនេះ ទម្រង់ដ៏លេចធ្លោរបស់ខ្សែបម្រើស្លាបវ័យ២០ឆ្នាំ បានទាក់ចិត្តក្លិបធំៗជាច្រើននៅតំបន់អឺរ៉ុប ឲ្យមកចាប់ចិត្តលើរូបគេ។ ក្នុងនោះក្លិប Liverpool និង Chelsea ត្រូវបានគេរាយការណ៍មកថា ជាបេក្ខភាពឈានមុខគេ ក្នុងការប្រជែងយកម្ចាស់អាវលេខ២៩ ក្រុម Leverkusen រូបនេះ។

យ៉ាងណាមិញ លោក Berbatov យល់ឃើញថាសមត្ថភាពរបស់ Havertz ស័ក្ដិសមក្នុងការជំនួសតំណែង Hazard នៅ Chelsea ប៉ុន្តែការផ្ទេរទៅលេងនៅលីគ ប្រកបដោយការប្រកួតប្រជែងខ្ពស់ដូច Premier League នៅរដូវក្ដៅខាងមុខ ហាក់មិនទាន់ជាពេលវេលាត្រឹមត្រូវសម្រាប់គេ។

អតីតម្ចាស់អាវលេខ៩ ក្រុម Man UTD រូបនេះ បាននិយាយលម្អិតយ៉ាងដូច្នេះថា៖
ក្នុងសប្ដាហ៍នេះ មានដំណឹងលេចឮមកថា Kai Havert របស់ Bayer Leverkusen មានក្លិបនៅ Premier League ចង់បាន ប៉ុន្តែរឿងនេះវាមិនបានធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលទេ។ គាត់ជាកីឡាករមានគុណភាពល្អ ហើយគាត់នឹងកាន់តែប្រសើរជាងនេះទៀតនៅពេលអនាគត។ មានការលើកឡើងមកច្រើនថា Liverpool, Chelsea និងក្លិបផ្សេងៗទៀត ចាប់អារម្មណ៍គាត់ ដូច្នេះគាត់ត្រូវប្រុងប្រយ័ត្ន មិនត្រូវបណ្ដោយអារម្មណ៍របស់គាត់ទៅគិតដំណឹងចចាមអារ៉ាមទាំងនេះទេ គាត់ត្រូវផ្ដោតសំខាន់លើការប្រកួតរបស់គាត់វិញល្អជាង។ ខ្ញុំចង់ឃើញគាត់លេងនៅ Premier League តែក្នុងពេលវេលាស័ក្ដិសមមួយ មិនមែនពេលនេះទេ។ ខ្ញុំគិតថារដូវក្ដៅខាងមុខវាលឿនពេកសម្រាប់គាត់។ ខ្ញុំចង់ឲ្យគាត់លេងឲ្យបានច្រើនប្រកួត រកគ្រាប់បាល់ឲ្យបានច្រើនជាងមុន និងពង្រឹងការជឿជាក់លើខ្លួឯង ក៏ដូចជាធ្វើខ្លួនឲ្យមានភាពចាស់ទុំជាងមុនឲ្យច្រើនបន្តិច សឹមផ្លាស់ទៅ។

Berbatov បានបន្ថែមទៀតថា៖
ខ្ញុំគិតថា គាត់គួរតែបន្តនៅ Leverkusen អភិវឌ្ឍន៍សមត្ថភាព និងបទពិសោធន៍ឲ្យបានច្រើនជាមុនសិន ពីព្រោះអ្វីទាំងអស់នេះ អាចជួយគាត់ ពេលដែលគាត់ផ្លាស់ទៅលេងកន្លែងផ្សេង។ Chelsea មានដំណឹងពាក់ព័ន្ធទៅនឹងការផ្ទេរយកគាត់ ហើយខ្ញុំជឿជាក់ថា Havertz អាចជាជម្រើសល្អសម្រាប់ពួកគេ ក្នុងការជំនួស Hazard៕

ប្រភព៖ AF